អានតួអត្ថបទ
បារាំង-ចិន-អឺរ៉ុប

ទស្សនកិច្ច​លោកស៊ី ជីនពីងនៅបារាំង វិលវល់ជុំវិញ​សង្គ្រាម​អ៊ុយក្រែន និងសង្គ្រាមពាណិជ្ជកម្ម

លោក​ប្រធានាធិបតីចិន ស៊ី ជីនពីង បានធ្វើដំណើរមកដល់ទីក្រុងប៉ារីស​ កាលពីរសៀលថ្ងៃអាទិត្យទី​៥​ឧសភា ដើម្បីបំពេញទស្សនកិច្ច​៣ថ្ងៃនៅបារាំង​។ នៅថ្ងៃចន្ទទី​៦ឧសភា​ លោក​ស៊ី ជីនពីង ត្រូវជួបប្រជុំ​ ​ជាមួ​យ​លោក​ប្រធានាធិបតីបារាំង អេម៉ានុយអែល ម៉ាក្រុង និង​លោកស្រីប្រធានគណៈកម្មការអឺរ៉ុប។ សំណុំរឿងធំៗពីរ ដែល​ថ្នាក់ដឹកនាំទាំង៣ នឹងត្រូវលើកមកនិយាយគ្នា​ គឺ​បញ្ហាសង្គ្រាម​នៅអ៊ុយក្រែន និង​រឿងសង្គ្រាមពាណិជ្ជកម្ម​រវាងចិននិងអឺរ៉ុប​។

លោក​ប្រធានាធិបតីចិន ស៊ី ជីនពីង ក្នុងពេលប្រជុំជាមួយ​លោក​ម៉ាក្រុង និង​លោកស្រីវុនដឹលេយេន ប្រធានគណៈកម្មាការអឺរ៉ុប នៅវិមានអេលីហ្សេ ថ្ងៃទី៦ឧសភា ២០២៤
លោក​ប្រធានាធិបតីចិន ស៊ី ជីនពីង ក្នុងពេលប្រជុំជាមួយ​លោក​ម៉ាក្រុង និង​លោកស្រីវុនដឹលេយេន ប្រធានគណៈកម្មាការអឺរ៉ុប នៅវិមានអេលីហ្សេ ថ្ងៃទី៦ឧសភា ២០២៤ AP - Gonzalo Fuentes
ផ្សាយពាណិជ្ជកម្ម

ចុះពីយន្តហោះ លោក​ប្រធានាធិបតីចិន ស៊ី ជីនពីង និងភរិយា ត្រូវបាន​ទទួលស្វាគមន៍ ដោយ​លោក​ហ្កាប្រ៊ីយែល អាតាល់ នាយករដ្ឋមន្ត្រីបារាំង កាលពីរសៀលថ្ងៃអាទិត្យ​ទី​៥ឧសភា។ នៅថ្ងៃចន្ទ លោកស៊ី ជីនពីង បានទៅដល់​វិមាន​អេលីហ្សេ ដើម្បីចូលរួម​ក្នុ​ងកិច្ចប្រជុំពិសេសមួយ ជាមួយលោក​ប្រធានាធិបតីបារាំង អេម៉ានុយអ៊ែល ម៉ាក្រុង និង​លោកស្រី អៀរស៊ូឡា វុនដឹឡេយេន។ វត្តមានរបស់​លោកស្រីប្រធានគណៈកម្មាអឺរ៉ុបនេះ គឺសបញ្ជាក់ថា ការប្រជុំពិភាក្សាជាមួយ​លោកប្រធានាធិបតីចិន គឺ​បារាំងរៀបចំធ្វើ​នៅក្នុង​បរិបទអឺរ៉ុបទាំងមូល​។

បញ្ហាសង្គ្រាម២​ជាសំណុំរឿងធំៗ ដែល​អឺរ៉ុបត្រូវនិយាយ​ជាមួយ​លោក​ប្រធានាធិបតីចិន នោះគឺសង្គ្រាមពាណិជ្ជកម្ម និង​សង្គ្រាម​នៅអ៊ុយក្រែន​។ នៅក្នុងបទសម្ភាសន៍​មួយ ផ្តល់​ឲ្យ​កាសែត La Tribune dimanche លោក​ប្រធានាធិបតី​ម៉ាក្រុងបានទទួលស្គាល់ ថាប្រទេសអឺរ៉ុប​មានការយល់ឃើញមិនដូចគ្នាទេ ទាក់ទិននឹងបញ្ហាពាណិជ្ជកម្មជាមួយ​ចិន។ ប្រទេសខ្លះគិតឃើញត្រឹមថា ចិនជាទីផ្សារដ៏ធំនិង​សំបូរឱកាសជំនួញ។ លោកម៉ាក្រុងបានបន្ថែមថា តែទន្ទឹមនឹងនេះ​ ចូរកុំភ្លេចថា​ចិន ​កំពុងតែសំរុក​នាំចូលទំនិញ​មកជន់ជោរពេញអឺរ៉ុប ឯអឺរ៉ុបវិញត្រូវបិទរោងចក្រ ពឹងផ្អែកលើទំនិញចិន​។ ដូច្នេះ​ អឺរ៉ុបត្រូវតែ​រកវិធីការពារខ្លួន ការពារសន្តិសុខ និង​ផលប្រយោជន៍ ហើយទាមទារឲ្យ​មាន​ភាពយុត្តិធម៌ សមភាពក្នុងទំនាក់ទំនងពាណិជ្ជកម្មជាមួយចិន​។

ដូចគ្នាដែរ មុន​ពេលចូលប្រជុំព្រឹកថ្ងៃចន្ទ លោកស្រី អៀរស៊ូឡា វុនដឹឡេយេន បាន​លើកឡើងថា តាងនាមឲ្យសហភាពអឺរ៉ុប គឺលោកស្រី​នឹង​និយាយដោយ​ត្រង់ៗ ដើម្បីឲ្យ​ភាគីចិនធានាឲ្យ​បាននូវ​ការប្រកួតប្រជែងពាណិជ្ជកម្ម​ ប្រកបដោយភាពស្មោះត្រង់ និងមានសមភាព​។ លោកស្រីប្រធានគណៈកម្មការអឺរ៉ុប បាន​លើកឡើងថា បច្ចុប្បន្ន​រដ្ឋចិនបាន​ចំណាយ​ប្រាក់​ជួយ​ឧបត្ថម្ភដល់​ការផលិត​ទំនិញយុទ្ធសាស្ត្រមួយចំនួន ជាក់ស្តែងរថយន្តអគ្គីសនី និងដែកថែប ដើម្បីសំរុក​យក​មកលក់​នៅអឺរ៉ុបក្នុងតម្លៃថោក។ ទង្វើបែបនេះ វាគឺជា​ការធ្វើពាណិជ្ជកម្ម​បែប​មិនស្មោះត្រង់​​។

ទាក់ទិនបញ្ហាសង្គ្រាមនៅអ៊ុយក្រែនវិញ បើផ្អែកតាមវិមានប្រធានាធិបតីបារាំង គឺលោក​ម៉ាក្រុង មានចេតនា​បញ្ចុះបញ្ចូល​លោក​ស៊ី ជីនពីង ក្នុងនាមជាមហាមិត្តរបស់​លោកពូទីន ឲ្យ​ទៅនិយាយជាមួយភាគីរុស្ស៊ី ដើម្បីរកច្រកផ្លូវបិទបញ្ចប់សង្គ្រាម​។​ លោក​ស៊ី ជីនពីង បាន​ផ្តល់​បទសម្ភាសន៍ឲ្យ​កាសែតបារាំង Le Figaro ដោយ​លោក​បាន​លើកថា ចិនពិតជា​ចង់ចូលរួ​ម​ធ្វើ​ឲ្យ​ស្ថិរភាព និងសន្តិភាពត្រលប់មកវិញនៅអឺរ៉ុប។ លោក​ស៊ី ជីនពីងបន្តថា ចិននឹង​ចាប់ដៃ​គ្នាជាមួយបារាំង និងសហគមន៍អន្តរជាតិ ដើម្បី​រួមគ្នា​ស្វែងរក​ច្រកផ្លូវ ឈានទៅ​ដោះស្រាយបញ្ហាសង្គ្រាមនៅអ៊ុយក្រែន​។

សូមបញ្ជាក់ថា តាមការគ្រោងទុក ចេញពីប៉ារីស នៅថ្ងៃ​អង្គារទី​៧ឧសភា លោក​ម៉ាក្រុង​​និង​លោកស៊ី ជីនពីង នឹងធ្វើដំណើរទៅ​តំបន់ភ្នំ Pyrénées ភាគនិរតីបារាំង។ គូស្វាមីភរិយានៃប្រធានាធិបតីទាំង២ នឹងពិសារអាហារថ្ងៃត្រង់ជុំគ្នា ដែល​ជាឱកាសបង្កើតភាពស្និទ្ធស្នាល ជាលក្ខណៈឯកជន។ នេះក៏ជាឱកាសដ៏ល្អ ដើម្បី​ឲ្យ​លោក​ម៉ាក្រុង អាចនិយាយ​ដោះដូរយោបល់ដោយ​ត្រង់ៗ ទាក់ទិននឹងបញ្ហាសង្គ្រាមអ៊ុយក្រែន​។

គួរកត់សំគាល់ដែរ​ថា​ ស្របពេល​ដែល​លោក​ស៊ី ជីនពីង ធ្វើដំណើរមកដល់ទីក្រុងប៉ារីស ក្រុមសកម្មជនជាច្រើននាក់ បានជួបជុំគ្នាធ្វើបាតុកម្ម នៅទីក្រុងប៉ារីស​ ដើម្បីបរិហារអំពី​ការរំលោភសិទ្ធិមនុស្សធ្ងន់ធ្ងរនៅចិន ធ្វើឡើងក្រោមអំណាច​កណ្តាប់ដៃដែករបស់​ស៊ី ជីនពីង។ ក្បួនបាតុកម្ម​បានស្រែក​ទាមទារ​សិទ្ធិសេរីភាព ជូន​ប្រជាជន​អ៊ុយហ្កួរក្នុងខេត្តស៊ីនជាំង និង​ប្រជាជនទីបេ ​ដែល​ត្រូវអាជ្ញាធរចិន​កៀបសង្កត់​ បំបាត់ប្រពៃណីវប្បធម៌បន្តិចម្តងៗ៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ