អានតួអត្ថបទ
វៀតណាម-អាមេរិក

លោកអូបាម៉ា៖​សិទ្ធិសេរីភាព​បញ្ចេញ​មតិ​មិនមែន​ជា​ការ​គំរាមកំហែង​ដល់​ស្ថិរភាព​ប្រទេស​ទេ

ថ្ងៃ​អង្គារ ទី២៤ ឧសភា​នេះ​ជា​ថ្ងៃ​ទី២ នៃ​ដំណើរ​ទស្សនកិច្ច​រយៈពេល ៣ថ្ងៃ​របស់​លោក​ប្រធានាធិបតី​អាមេរិក​បារ៉ាក់ អូបាម៉ា​ក្នុង​ទឹកដី​វៀតណាម។ បន្ទាប់​ពី​បាន​បំពេញ​ការងារ​ផ្លូវទូត​ពេញ​មួយ​ថ្ងៃ​ចន្ទ​តាម​រយៈ​ការ​លើក​ទ័ណ្ឌកម្ម​ហាម​លក់​អាវុធ​ឲ្យ​វៀតណាម និង​ជំនួប​ជាមួយ​ថ្នាក់ដឹកនាំ​ជាន់ខ្ពស់​វៀតណាម​មក នៅ​ថ្ងៃ​នេះ លោក​អូបាម៉ា​បាន​ជួប​សន្ទនា​ជាមួយ​ក្រុមតំណាងសង្គមស៊ីវិល និង​បាន​ថ្លែង​សុន្ទរកថា​ដែល​ខ្លឹមសារ​ផ្តោត​សំខាន់​លើ​បញ្ហា​សិទ្ធិមនុស្ស​ដែល​ជា​រឿង​ដ៏​រសើប។

លោក​ប្រធានាធិបតី​អាមេរិក ​បារ៉ាក់ អូបាម៉ា​កំពុង​ថ្លែង​សុន្ទរកថា​ក្នុង​ទឹកដី​​វៀតណាម ថ្ងៃទី២៤ ឧសភា ២០១៦
លោក​ប្រធានាធិបតី​អាមេរិក ​បារ៉ាក់ អូបាម៉ា​កំពុង​ថ្លែង​សុន្ទរកថា​ក្នុង​ទឹកដី​​វៀតណាម ថ្ងៃទី២៤ ឧសភា ២០១៦ Reuters
ផ្សាយពាណិជ្ជកម្ម

មាន​ប្រធានបទ​សំខាន់​ចំនួន​ពីរ​នៃ​ដំណើរ​ទស្សនកិច្ច​ក្នុង​ថ្ងៃទី២ របស់​លោក​បារ៉ាក់ អូបាម៉ា​នៅ​វៀតណាម ទី១ គឺ​ប្រធានបទ​ក្តៅ និង​រសើប​ទាក់ទង​នឹង​សិទ្ធិមនុស្ស និង​ប្រធានបទ​ទី២ គឺ​ផ្តោត​សំខាន់​លើ​ការ​រឹតចំណង​ពាណិជ្ជកម្ម និង​សេដកិច្ច​រវាង​អតីត​ប្រទេស​គូសត្រូវ​ទាំង​ពីរ។ ប្រធានបទ​ក្តៅ និង​រសើប​ទាក់ទង​នឹង​សិទ្ធិមនុស្ស​ត្រូវ​បាន​ធ្វើ​ឡើង​តាម​រយៈ​ជំនួប​ជាមួយ​ក្រុមតំណាង​សង្គមស៊ីវិល រួម​ទាំង​ក្រុមអ្នកប្រឆាំង​រដ្ឋាភិបាល​វៀតណាម និង​បន្ត​ដោយ​សុន្ទរកថា​ការពារ​សិទ្ធិសេរីភាព​ក្នុង​ការ​បញ្ចេញ​មតិ។

នៅ​ក្នុង​ជំនួប​ជាមួយ​ក្រុមតំណាង​សង្គមស៊ីវិល រួម​ទាំង​ក្រុមប្រឆាំង​រដ្ឋាភិបាល​វៀតណាម​ដែល​រៀបចំ​នៅ​ក្នុង​ស្ថានទូតអាមេរិក​ប្រចាំ​ក្រុង​ហាណូយ សេតវិមាន​មិន​បាន​ប្រាប់​ឲ្យ​ដឹង​ជា​មុន​ពី​បញ្ជី​ឈ្មោះ​មនុស្ស​ដែល​ត្រូវ​ចូលរួម​ទេ តែ​មាន​សកម្មជន​ប្រឆាំង រួម​ទាំង​មេធាវី​ការពារ​សកម្មជន​ប្រឆាំង​មួយ​ចំនួន​ផង​ត្រូវ​បាន​ប៉ូលិស​វៀតណាម​ចាប់​ខ្លួន និង​រារាំង​មិន​ឲ្យ​ធ្វើ​ដំណើរ​ទៅ​ស្ថានទូត​អាមេរិក។ អ្វី​ដែល​លោក​អូបាម៉ា​ចង់​ឮ​ផ្ទាល់​ត្រចៀក​ពី​ក្រុម​តំណាងសង្គមស៊ីវិល និង​ក្រុមសកម្មជនប្រឆាំង គឺ​បំណងប្រាថ្នា និង​ក្តីបារម្ភ​របស់​ពួក​គេ។

ប៉ុន្មាន​ម៉ោង​ក្រោយ​ពី​ជំនួប​ជាមួយ​ក្រុមតំណាង​សង្គមស៊ីវិល លោក​អូបាម៉ា​បាន​ថ្លែង​សុន្ទរកថា​នៅ​ចំពោះ​មុខ​អ្នក​ចូលរួម​ជាង ២ ០០០នាក់ និង​ដែល​ត្រូវ​បាន​ផ្សាយ​បន្ត​ផ្ទាល់​តាម​ទូរទស្សន៍​ក្នុង​ស្រុក។ នៅ​ក្នុង​សុន្ទរកថា​នោះ លោក​អូបាម៉ា​បាន​សង្កត់​ធ្ងន់​លើ​សិទ្ធិសេរីភាព​ក្នុង​ការ​បញ្ចេញ​មតិ សិទ្ធិសេរីភាព​សារព័ត៌មាន និង​សិទ្ធិសេរីភាព​ក្នុង​ការ​ជួបជុំ។ លោក​អូបាម៉ា​បាន​អះអាង​ថា ការ​ធានា​ឲ្យ​មាន​សិទ្ធិសេរីភាព​ក្នុង​ការ​បញ្ចេញ​មតិ​មិនមែន​ជា​ការ​គំរាមកំហែង​ដល់​ស្ថិរភាព​របស់​ប្រទេស​ឡើយ និង​បន្ថែម​ថា នៅ​ពេល​ដែល​មាន​សិទ្ធិ​សេរីភាព​សារព័ត៌មាន​ពេញ​លេញ នោះ​ប្រជាជន​មាន​ទំនុកទុកចិត្ត​លើ​ប្រព័ន្ធ​ដឹកនាំ។

វៀតណាម​ស្តាប់ តែ​មិន​ភ្ញាក់ផ្អើល​ចំពោះ​ការ​លើក​ឡើង​របស់​លោក​អូបាម៉ា

បញ្ហា​សិទ្ធិមនុស្ស​ជា​បញ្ហា​ដែល​ពិបាក​និយាយ​ចុះ​សម្រុង​គ្នា​រវាង​ប្រទេស​ពីរ​ដែល​មាន​របបដឹកនាំ​ផ្ទុយ​គ្នា​ស្រឡះ។ នៅ​ម្ខាង ជា​ប្រទេស​បិតា​លទ្ធិប្រជាធិបតេយ្យ និង​នៅ​ម្ខាង​ទៀត ជា​ប្រទេស​បិតា​កុម្មុយនិស្ត។ តែ​របប​ក្រុង​ហាណូយ​មិន​សូវ​ជា​ភ្ញាក់ផ្អើល និង​ក៏​មិន​សូវ​ជា​យក​ចិត្ត​ទុក​ដាក់​ប៉ុន្មាន​ទេ ព្រោះ​ថា វា​ជា​ទម្លាប់​ប្រពៃណី​មួយ​ទៅ​ហើយ​របស់​អាមេរិក​ដែល​ទៅ​ទីណា​ត្រូវ​តែ​ឃោសនា​សាបព្រោះ​តម្លៃ​លទ្ធិប្រជាធិបតេយ្យ ពិសេស​នៅ​ក្នុង​ប្រទេស​កាន់​អំណាច​ផ្តាច់ការ។ ចំណែក​រដ្ឋបាល​អាមេរិកាំង​ក៏​បាន​ដឹង​ដែរ​ថា ខ្លួន​ត្រូវ​តែ​និយាយ​ដោយ​ចៀស​មិន​រួច ទោះ​តិច ឬ​ច្រើន និង​ដោយ​ប្រយោល ឬ​ដោយ​ផ្ទាល់​ក្តី ព្រោះ​បើ​ពុំ​នោះ​សោត​ទេ អាមេរិក​ខ្លួន​ឯង​នឹង​ត្រូវ​ទទួល​រង​ការ​រិះគន់​បក​វិញ​ជា​មិន​ខាន។

នៅ​ក្នុង​ជំនួប​ជាមួយ​លោក​ប្រធានាធិបតី​​វៀតណាម Tran Dai Quang លោក​អូបាម៉ា​ក៏​បាន​លើក​យក​បញ្ហា​សិទ្ធិមនុស្ស​ទៅ​និយាយ​ជាមួយ​សមភាគី​វៀតណាម ដោយ​បាន​រម្លឹក​ពី​ទស្សនៈ​ខុស​គ្នា​រវាង​ហាណូយ និង​វ៉ាស៊ីនតោន​នៅ​ក្នុង​រឿង​ដ៏​រសើប​មួយ​នេះ។ ជា​ចម្លើយ​ខ្លី​តប​វិញ​តាម​ភាសា​ទូត លោក Tran Dai Quang បាន​បញ្ជាក់​ដោយ​ធានា​ថា រដ្ឋាភិបាល​មាន​គោលនយោបាយ​សំដៅ​ការពារ និង​គោរព​សិទ្ធិមនុស្ស។ យ៉ាង​ណា​ក៏​ដោយ ក្រុម​អង្គការ​ការពារ​សិទ្ធិមនុស្ស ដូច​យ៉ាង Human Rights Watch បាន​សម្តែង​ការ​សោកស្តាយ​ដែល​លោក​អូបាម៉ា​បាន​និយាយ​សើរៗ និង​លូកដៃ​មិន​សូវ​ជ្រៅ​នៅ​ក្នុង​បញ្ហា​សិទ្ធិមនុស្ស​នៅ​វៀតណាម។

ពី​សត្រូវ​ក្លាយ​ជា​ដៃគូ​មិន​អាច​ខ្វះ​បាន

គេ​អាច​និយាយ​បាន​ថា ការ​ដែល​លោក​អូបាម៉ា​បាន​និយាយ​សើរៗ និង​លូកដៃ​មិន​សូវ​ជ្រៅ​នៅ​ក្នុង​បញ្ហា​សិទ្ធិមនុស្ស គឺ​មក​ពី​ខ្លាច​បាត់បង់​ប្រយោជន៍​សេដ្ឋកិច្ច។ ចូរ​កុំ​ភ្លេច​ថា នយោបាយ​ការបរទេស​អាមេរិក​ក្នុង​ជំនាន់​លោក​ប្រធានាធិបតី​បារ៉ាក់ អូបាម៉ា គឺ​ផ្តោតសំខាន់ និង​ឲ្យ​តម្លៃ​ខ្លាំង​លើ​តំបន់​អាស៊ីប៉ាស៊ីហ្វិក​ជាង​តំបន់​ផ្សេង​ក្នុង​លោក។ ការ​ដែល​លោក​អូបាម៉ា​បាន​ប្រកាស​លើក​ទ័ណ្ឌកម្ម​ហាម​លក់​អាវុធ​ឲ្យ​វៀតណាម​ចេញ​ជា​ភស្តុតាង​មួយ​ដែល​បញ្ជាក់​ថា អាមេរិក​ចង់​ពង្រឹង​បន្ថែម​កិច្ចសហប្រតិបត្តិការ​ពាណិជ្ជកម្ម និង​សេដ្ឋកិច្ច​ជាមួយ​អតីត​ប្រទេស​សត្រូវ​របស់​ខ្លួន។

កាល​ពី​មុន អាមេរិក​បាន​ដាក់​លក្ខខណ្ឌ​ថា បើ​វៀតណាម​គោរព​សិទ្ធិមនុស្ស និង​សិទ្ធិសេរីភាព​សារព័ត៌មាន ទើប​អាមេរិក​យល់​ព្រម​លប់​ការ​ហាម​លក់​អាវុធ​ឲ្យ​វៀតណាម។ តែ​ឥឡូវ​នេះ ស្ថានការណ៍​សិទ្ធិមនុស្ស​នៅ​វៀតណាម​អត់​ចម្រើន​ទៅ​មុខ និង​កាន់​តែ​ដុនដាប ចុះ​ហេតុអ្វី​បាន​ជា​អាមេរិក​បែរ​ជា​សុទ្ធចិត្ត​លប់ចោល។ តើ​ទង្វើ​របៀប​នេះ​មិន​មែន​ដើម្បី​ប្រយោជន៍​សេដ្ឋកិច្ច​ទេ ឬ​យ៉ាង​ណា?។ នៅ​ក្នុង​សុន្ទរកថា​ថ្លែង​ទៅ​កាន់​ពលរដ្ឋ​វៀតណាម លោក​អូបាម៉ា​មិន​ញញើត​នឹង​ប្រើ​ឃ្លា​មួយ​ថា ថ្ងៃនេះ វៀតណាម និង​អាមេរិក​ជា​ប្រទេស​ដៃគូ។

ជាមួយ​នឹង​ពលរដ្ឋ​វៀតណាម ៩០លាននាក់ អាមេរិក​ពិត​ជា​យល់​មិន​ច្រឡំ​ទេ​ថា វៀតណាម​ជា​ប្រទេស​ដែល​មាន​សក្តានុពល​សេដ្ឋកិច្ច​ធំ​ណាស់​នៅ​អាស៊ីអាគ្នេយ៍។ គ្រាន់​តែ​ក្នុង​រយៈពេល​ពី​ឆ្នាំ ១៩៩៥ ដល់​ឆ្នាំ ២០១៥ ទំហំ​នៃ​ការ​ដោះដូរ​ពាណិជ្ជកម្ម​រវាង​អាមេរិក និង​វៀតណាម​បាន​កើន​ពី ៤៥០លានដុល្លារ​រហូត​ដល់​ទៅ ៤៥ ០០០លានដុល្លារ។

អាមេរិក និង​វៀតណាម​ត្រូវ​ការ​គ្នា​ទៅ​វិញ ទៅ​មក

ការ​ដែល​អាមេរិក និង​វៀតណាម​បាន​រំកិល​រក​គ្នា​ឆាប់​រហ័ស​ដូច​ផ្លេកបន្ទោរ និង​បាន​ក្លាយ​ជា​ដៃគូ​យ៉ាង​ស្អិតរមួត​ពេល​នេះ មក​ពី​ប្រទេស​អតីត​គូសត្រូវ​ទាំង​ពីរ​ត្រូវ​ការ​គ្នា​ទៅ​វិញ​ទៅ​មក។ អាមេរិក​ត្រូវ​ការ​វៀតណាម​ដើម្បី​ប្រយោជន៍​សេដ្ឋកិច្ច និង​ដើម្បី​បង្កើន​ឥទ្ធិពល​របស់​ខ្លួន​នៅ​ក្នុង​តំបន់​ប្រឈម​នឹង​ឥទ្ធិពល​របស់​ចិន។ ចំណែក​វៀតណាម​ត្រូវ​ការ​អាមេរិក​ដើម្បី​ប្រយោជន៍​សេដ្ឋកិច្ច និង​យក​អាមេរិក​ធ្វើ​ជា​បង្អែក​ដើម្បី​ទប់​នឹង​ចិន​នៅ​ក្នុង​ជម្លោះ​សមុទ្រ​ចិន​ខាង​ត្បូង។

នៅ​ត្រង់​ចំណុច​នេះ លោក​អូបាម៉ា​បាន​យល់ និង​ដឹង​​ច្បាស់​ណាស់​ពី​តម្រូវការ​របស់​វៀតណាម និង​ពី​អ្វី​ដែល​វៀតណាម​ចង់ ឮ​ពី​មាត់​របស់​គាត់។ អ៊ីចឹង​ហើយ​បាន​ជា​នៅ​ក្នុង​សុន្ទរកថា​ថ្ងៃ​នេះ លោក​អូបាម៉ា​មិន​ភ្លេច​និយាយ​ពី​ជម្លោះ​នៅ​ក្នុង​សមុទ្រ​ចិន​ទេ តែ​បាន​ត្រឹម​អំពាវនាវ​ឲ្យ​មាន​ដំណោះស្រាយ​តាម​ផ្លូវសន្តិវិធី និង​ឆ្លៀត​ដាក់​ផ្លែផ្កា​ដាក់​ចិន​ថា ប្រទេស​ធំ​មិន​ត្រូវ​បំភិតបំភ័យ​ប្រទេស​តូច​ទេ។ ចូរ​កុំ​ភ្លេច​ថា អាមេរិក​ដែល​មាន​ប្រយោជន៍​ជា​មួយ​ចិន និង​ត្រូវ​ការ​ចិន​មិន​ទៅ​ល្ងង់​ទាត់​ចិន​ចាប់​វៀតណាម​ទេ គឺ​ព្យាយាម​ឈរ​នៅ​កណ្តាល​ដើម្បី​ស៊ី​ទាំង​សងខាង៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ