អានតួអត្ថបទ
វៀតណាម-អាមេរិក

វៀតណាម-អាមេរិក៖​លោក​អូបាម៉ា​ប្រកាស​លើក​ទ័ណ្ឌកម្ម​ហាម​លក់​អាវុធ​ឲ្យ​វៀតណាម

នៅ​ក្នុង​ថ្ងៃទី១ នៃ​ដំណើរ​ទស្សនកិច្ច​ក្នុង​ប្រទេស​វៀតណាម លោក​ប្រធានាធិបតី​អាមេរិក​បារ៉ាក់ អូបាម៉ា​បាន​ប្រកាស​ឲ្យ​ដឹង​នា​ថ្ងៃ​ចន្ទ ទី២៣ ឧសភា​នេះ​ថា សហរដ្ឋអាមេរិក​លើក​ទ័ណ្ឌកម្ម​ហាម​លក់​អាវុធ​ឲ្យ​វៀតណាម។ សូម​ជម្រាប​ជូន​ថា ទ័ណ្ឌកម្ម​របស់​អាមេរិក​ហាម​លក់​អាវុធ​ឲ្យ​វៀតណាម ជា​ទ័ណ្ឌកម្ម​ចុង​ក្រោយ​សល់​តាំង​ពី​ក្រោយ​ការ​បិទបញ្ចប់​សង្រ្គាម​រវាង​គ្នា​ក្នុង​ឆ្នាំ ១៩៧៥។

លោក​ប្រធានាធិបតី​អាមេរិក ​បារ៉ាក់ អូបាម៉ា និង​សមភាគី​វៀតណាម​លោក Tran Dai Quang
លោក​ប្រធានាធិបតី​អាមេរិក ​បារ៉ាក់ អូបាម៉ា និង​សមភាគី​វៀតណាម​លោក Tran Dai Quang REUTERS
ផ្សាយពាណិជ្ជកម្ម

« សហរដ្ឋអាមេរិក​បាន​លប់​ចោល​ការ​ហាមឃាត់ » នេះ​ជា​ឃ្លា​មួយ​យ៉ាង​ខ្លី​ដែល​លោក​បារ៉ាក់ អូបាម៉ា​បាន​ថ្លែង​នៅ​ក្នុង​សន្និសីទកាសែត​មួយ​នា​ថ្ងៃទី១ នៃ​ដំណើរ​ទស្សនកិច្ច​ក្នុង​ទឹកដី​វៀតណាម​ថ្ងៃ​នេះ។ ការ​ប្រកាស​របស់​លោក​អូបាម៉ា​ក្នុង​ការ​លប់​ចោល​ការ​ហាម​លក់​អាវុធ​ឲ្យ​វៀតណាម​ពេល​នេះ​ជា​សក្ខីកម្ម​ថ្មី​មួយ​ទៀត​ដែល​បញ្ជាក់​ពី​ការ​រំកិល​រក​គ្នា​កាន់​តែ​ខ្លាំង​រវាង​ប្រទេស​អតីត​គូសត្រូវ​ទាំង​ពីរ។

លោក​អូបាម៉ា​បាន​បន្ថែម​នៅ​ក្នុង​សន្និសីទកាសែត​ថា សេចក្តីសម្រេច​ចិត្ត​របស់​អាមេរិក​ក្នុង​ការ​លើក​ទ័ណ្ឌកម្ម​ហាម​លក់​អាវុធ​ឲ្យ​វៀតណាម​មិន​មាន​ជាប់​ទាក់ទង​នឹង​ចិន​ដែល​កំពុង​មាន​ជម្លោះ​ជាមួយ​វៀតណាម​នៅ​ក្នុង​សមុទ្រ​ចិន​ខាង​ត្បូង​ទេ តែ​ជា​ឆន្ទៈ និង​បំណង​ប្រាថ្នា​ពិត​របស់​អាមេរិក​ដែល​ចង់​បំពេញ និង​ចង់​បង្កើន​បន្ថែម​នូវ​ទំនាក់ទំនង​ប្រក្រតី​ជាមួយ​វៀតណាម។

ជា​ការ​ឆ្លើយ​តប​វិញ លោក​ប្រធានាធិបតី​វៀតណាម Tran Dai Quang បាន​ថ្លែង​ដោយ​សាមញ្ញ​ថា វៀតណាម​ពេញចិត្ត​ខ្លាំង​ណាស់​ចំពោះ​សេចក្តីសម្រេចិត្តរបស់​អាមេរិក​ក្នុង​ការ​លប់​ចោល​ទាំង​ស្រុង​នូវ​ការ​ហាម​លក់​អាវុធ​ឲ្យ​វៀតណាម និង​ថា ទង្វើ​បែប​នេះ​ជា​ភស្តុតាង​ដែល​បាន​បញ្ជាក់​កាន់​តែ​ច្បាស់​ថែម​ទៀត​ពី​ទំនាក់ទំនង​ប្រក្រតី​ពេញ​លក្ខណៈ​រវាង​អាមេរិក និង​វៀតណាម។

សូម​រម្លឹក​ជូន​ថា ក្រោយ​ពី​អាមេរិក​បាន​លើក​ទ័ណ្ឌកម្ម​សេដ្ឋកិច្ច​ចេញ​ពី​វៀតណាម​ក្នុង​ឆ្នាំ ១៩៩៤ មក ប្រទេស​អតីត​គូសត្រូវ​ទាំង​ពីរ​ក៏​បាន​ភ្ជាប់​ទំនាក់ទំនង​ផ្លូវទូត​រវាង​គ្នា​ឡើង​វិញ​ក្នុង​ឆ្នាំ ១៩៩៥។ បន្ទាប់​មក​ក្នុង​ឆ្នាំ ២០១៤ រដ្ឋបាល​អាមេរិកាំង​របស់​លោក​អូបាម៉ា​ក៏​បាន​លើក​ទ័ណ្ឌកម្ម​ហាម​លក់​អាវុធ​មួយ​ភាគ​ចេញ​ពី​វៀតណាម ពិសេស​គ្រឿងសព្វាវុធ​សម្រាប់​ការពារ​ផ្លូវសមុទ្រ ដូច​យ៉ាង​នាវាល្បាត​យោធា​ផ្លូវសមុទ្រ​ជា​ដើម៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ