អានតួអត្ថបទ
វៀតណាម-សហរដ្ឋអាមេរិក

លោក​ចន ឃែរី ទៅ​វៀតណាម​ រំលឹក​ខួប​២០​ឆ្នាំ​ នៃ​ទំនាក់​ទំនង​ការទូត

នៅ​ថ្ងៃ​សុក្រ​ទី ៧​សីហា ​លោក​ចន ឃែរី ​ប្រមុខ​ការ​ទូត​សហរដ្ឋ​អាមេរិក ​បាន​អញ្ជើញ​ទៅ​ដល់​ទីក្រុង​ហាណូយ ​រដ្ឋធានី​ប្រទេស​វៀតណាម ​ក្នុង​ដំណើរ​ទស្សនកិច្ច​ផ្លូវការ ​ដើម្បី​រំលឹក​ខួប​ ២០​ឆ្នាំ ​នៃ​ការ​ភ្ជាប់​ទំនាក់ទំនង​ការទូត ​រវាង​សហរដ្ឋ​អាមេរិក ​និង​វៀតណាម ​ដែល​ធ្លាប់​ជា​សត្រូវ​ ធ្វើ​សង្រ្គាម​នឹង​គ្នា ​កាល​ពី​ទសវត្ស​ឆ្នាំ​៧០។ ក្រៅ​ពី​អបអរ​ទំនាក់​ទំនង​ល្អ ​តាម​រយៈ​ការ​ផ្លាស់ប្តូរ​ពាណិជ្ជកម្ម​ រវាង​ប្រទេស​ទាំង​ពីរ ​លោក​ចន ឃែរី ​ក៏​បាន​លើកឡើង​ផង​ដែរ ​ពី​បញ្ហា​គោរព​សិទ្ធិ​មនុស្ស ​ដែល​រដ្ឋាភិបាល​វៀតណាម​ ត្រូវ​ខិតខំ​ប្រឹងប្រែង​ ឲ្យ​បាន​ល្អ​ជាង​នេះ។ 

លោក​ ចន ឃែរី និង លោក ជឿង តាន់សាង ប្រធានាធិបតី​វៀតណាម នៅវិមាន​រដ្ឋ​ក្រុង​ហាណូយ ថ្ងៃ​ទី ៧ សីហា ២០១៥
លោក​ ចន ឃែរី និង លោក ជឿង តាន់សាង ប្រធានាធិបតី​វៀតណាម នៅវិមាន​រដ្ឋ​ក្រុង​ហាណូយ ថ្ងៃ​ទី ៧ សីហា ២០១៥ AFP Photo/Brendan Smialowski
ផ្សាយពាណិជ្ជកម្ម

៤០ ឆ្នាំ​ក្រោយ ​សត្រូវ​ក្លាយ​ជា​មិត្ត ​តើអាច​ទៅ​រួច​ទេ?

បើ​យើង​ក្រឡេក​មើល​ទៅ​អតីត​​កាល​ប្រវត្តិសាស្រ្ត ​ប្រទេស​ទាំង​ពីរ ​ធ្លាប់​ជា​សត្រូវ​ ស៊ីសាច់​ហត់​ឈាម​នឹង​គ្នា​ កាល​ពី​ជំនាន់​ទសវត្ស​ឆ្នាំ​៧០ ​ដែល​កាល​ណោះ ​អាមេរិក​ បាន​ចាញ់​សង្រ្គាម ​យ៉ាង​អាម៉ាស ជាទី​បំផុត។ ក្នុង​សង្រ្គាម​វៀតណាម ​ទាហាន​អាមេរិក​ ជាច្រើន​ម៉ឺន​នាក់​បាន​ស្លាប់ ​ហើយ​ប្រជាជន​វៀតណាម ​ជា​ច្រើន​លាន​នាក់ ​ក៏​បាន​បាត់បង់​ជីវិត​ផង​ដែរ។ អតីតកាល​ជា​សត្រូវ​ មនោគមន៍​វិជ្ជា ​ម្ខាង​លោក​សេរី ​ម្ខាង​របប​កុម្មុយនីស្ត ​ប៉ុន្តែ​ឥឡូវ​គេ​បាន​បំភ្លេច​​វា​ចោល ​ហើយ​ងៀក​មក​ចាប់​ដៃ​គ្នា ​នេះ​មាន​ន័យ​ថា​ វា​ជា​ការ​រីក​ចំរើន ​ទៅ​មុខ​ធំ​ណាស់ ​សម្រាប់​ប្រជាជន​ប្រទេស​ទាំងពីរ។

លោក​ ចន ឃែរី ​ខ្លួន​លោក ​ធ្លាប់​ធ្វើ​ជា​ទាហាន​ មក​ធ្វើ​សង្រ្គាម​នៅ​វៀតណាម​ ប៉ុន្តែ​ថ្ងៃ​នេះ ​លោក​មក​ក្នុង​នាម​ជា​ប្រមុខ​ការទូត ​ដើម្បី​អបអរ​សន្តិភាព​ រវាង​ប្រទេស​ទាំង​ពីរ។ នៅ​ថ្ងៃ​សុក្រ​នេះ ​បន្ទាប់​ពី​បាន​ចាប់​រលាក់​ដៃ ​ជាមួយ​​លោក​ប្រធានាធិបតី​វៀតណាម ​ជឿង តាន់សាង ​លោក​ ចន ឃែរី ​បាន​ថ្លែង ​នៅ​វិមានរដ្ឋ​ក្រុង​ហាណូយ ​ថា ​“ដំណើរ​ឆ្ពោះ​ទៅ​រក​ការ​ផ្សះផ្សារ​គ្នា ​រវាង​វៀតណាម ​និង​សហរដ្ឋ​អាមេរិក ​គឺ​ជា​ទំព័រ​ប្រវត្តិសាស្ត្រ​ដ៏​ធំ ​នឹង​សំខាន់​បំផុត​សម្រាប់​ប្រជាជាតិ​ នៃ​ប្រទេស​ទាំងពីរ”។ លោក​បន្តថា​ “នេះ​គឺ​ជា​សក្ខីភាព ​ដែល​បញ្ជាក់​ថា ​អតីត​សត្រូវ ​គូ​បដិបក្ស ​អាច​នឹង​ក្លាយ​ជា​មិត្ត ​ជា​ដៃគូ​នឹង​គ្នា ​ថ្វី​ត្បិត​តែ​ស្ថិតនៅ​ក្នុង​បរិបទ​នយោបាយ​សកល​លោក ​ដែល​មាន​ភាព​ស្មុគស្មាញ ​ដូច​បច្ចុប្បន្ន​នេះ​ក៏​ដោយ”។

ទំនាក់​ទំនង​រវាង​សហរដ្ឋ​អាមេរិក ​និង​វៀតណាម​ គឺ​ផ្តោត​សំខាន់​ទៅ​លើ​កត្តា​ពីរ ​គឺ​កត្តា​សេដ្ឋកិច្ច ​និង​កត្តា​ស្ថិរភាព​នយោបាយ ​ក្នុង​តំបន់​អាស៊ី​ទាំង​មូល។ ក្នុង​វិស័យ​សេដ្ឋកិច្ច ​សហរដ្ឋ​អាមេរិក ​បាន​ចាប់ផ្តើម​ដក​ទណ្ឌកម្ម​ចេញ​ពី​វៀតណាម ​កាល​ពី​ឆ្នាំ​១៩៩៤​ ម្លេះ ​ហើយ​ការ​ផ្លាស់ប្តូរ​ពាណិជ្ជកម្ម​រវាង​ប្រទេស​ទាំង​ពីរ ​បាន​កើនឡើង​រហូត។ នៅ​ឆ្នាំ​២០១៤ ​ការ​នាំ​ចេញ​ នាំចូល ​រវាង​ប្រទេស​ទាំងពីរ​ បើ​គិត​ជា​ទឹក​ប្រាក់ ​ស្មើ​នឹង ​៣៦ពាន់​លាន​ដុល្លារ។

ទាក់ទិន​នឹង​វិស័យ​នយោបាយ​ការបរទេស​ក្នុង​តំបន់​វិញ ​សហរដ្ឋ​អាមេរិក នឹង​វៀតណាម ​ចាប់ដៃ​គ្នា ​ច្រើន​ណាស់​ ជា​ពិសេស​នៅ​ក្នុង​ការ​ប្រជុំ​ចរចា​ផ្សេងៗ ​ក្នុង​តំបន់​អាស៊ាន ​និង​តំបន់​អាស៊ី​ប៉ាស៊ីហ្វិក។ ជា​ពិសេស ​គឺ​គោល​ជំហរ​ជាមួយ​នឹង​ចិន​តែ​ម្តង ​ដែល​កន្លង​មក ​យើង​ឃើញ​យ៉ាង​ច្បាស់​ថា ​វៀតណាម ​ប្រឆាំង​នឹង​ចិន​យ៉ាង​ដាច់​អហង្ការ​ជុំវិញ ​ការ​ឈ្លានពាន​ ដែន​សមុទ្រ ​ដែល​ចិន​បាន​ធ្វើ​ទៅលើ​ប្រទេស​ក្នុង​តំបន់។ សហរដ្ឋ​អាមេរិក​ ក៏​ត្រូវ​ការ​ការ​គាំទ្រ​របស់​វៀតណាម​ផង​ដែរ ​ជុំវិញ​ការ​ចរចារ​លើ​សន្ធិសញ្ញា ​ពាណិជ្ជកម្ម​អន្តរ​ប៉ាស៊ីហ្វិក។

វៀតណាម​ នៅតែ​ប្រយ័ត្នប្រយែង​ជាមួយ​សហរដ្ឋ​អាមេរិក៖
ទំនាក់​ទំនង​រវាង ​សហរដ្ឋ​អាមេរិក ​និង​វៀតណាម ​បោះ​ជំហាន​ទៅ​មុខ​ ដោយ​ប្រុង​ប្រយ័ត្ន ​ដោយ​ឈរ​លើ​ហេតុផល​ច្រើន​ ដែល​ភាគី​ទាំង​សងខាង​សម្លឹង​ឃើញ​ទៅវិញ​ទៅមក។ បើ​យើង​និយាយ​ដោយ​ខ្លី​ទៅ ​ភាគី​ទាំង​ពីរ​មាន​ប្រយោជន៍​ទាំង​សងខាង ​ក្នុង​ការ​ចាប់ដៃ​សាង​មិត្តភាព​នឹងគ្នា។ ក៏​ប៉ុន្តែ​ម្នាក់ៗ​ នៅ​មិន​ទាន់​ដើរ​ស្រប​គ្នា ​ទាំង​ស្រុង​នោះ​ទេ។

បើ​និយាយ​ពី​ជម្លោះ​ជាមួយ​ចិន​ វា​ច្បាស់​ណាស់​ថា ​វៀតណាម ​ប្រឆាំង​នឹង​នយោបាយ​ឈ្លានពាន​ របស់​ចិន ​ប៉ុន្តែ​មិន​មែន​មាន​ន័យ​ថា ​វៀតណាម​សង្ឃឹម​ទាំង​ស្រុង​ លើ​អាមេរិក​ដែរ។ អាមេរិក ​អាច​ជា​បង្អែក​មួយ​របស់​វៀតណាម ​ប៉ុន្តែ​វៀតណាម​នៅ​មិន​ទាន់​ទុកចិត្ត​អាមេរិក​ទាំង​ស្រុង​ទេ ​ព្រោះ​ក្នុង​ចំណោម​ថ្នាក់​ដឹក​នាំ​ធំៗ ​ក្នុង​ជួរ​បក្ស​កុម្មុយនីស្ត​វៀតណាម ​តួយ៉ាង​ដូច​ជា​លោក ​ង្វៀន ភូជុង ​អគ្គ​លេខាបក្ស​ គឺ​លោក​មាន​គោល​ជំហរ ​ប្រយ័ត្ន​ប្រយែង​ណាស់​ ជាមួយ​អាមេរិក។ គេ​ប្រយ័ត្ន​យ៉ាង​ម៉េច ​គឺ​ប្រយ័ត្ន​ខ្លាច ​អាមេរិក​យក​លេស ​ថា​ជា​សម្ព័ន្ធមិត្ត ​ដើម្បី​ដាក់​បញ្ឈរ​មូលដ្ឋាន​ទ័ព​របស់​ខ្លួន ​នៅ​វៀតណាម ​ដូច​ដែល​អាមេរិក​ធ្វើ​ជាមួយ​ប្រទេស​សម្ព័ន្ធមិត្ត​ផ្សេង​ទៀត។ ហើយ​មួយ​វិញ​ទៀត​ បើ​ក្នុង​ករណី​ជម្លោះ​ជាមួយ​ចិន ​ផ្ទុះ​ចេញ​ជា​រូបរាង​មែន ​វៀតណាម​​គេ​មិន​ច្បាស់​ទេ ​ថា​អាមេរិក​ មាន​ឆន្ទៈ​ជួយ​ខ្លួន ​ឲ្យ​ពិត​ប្រាកដ ​ព្រោះ​រវាង​ចិន ​និង​វៀតណាម ​អាមេរិក​អាច​មាន​ផល​ប្រយោជន៍​ ជាមួយ​ចិន​ច្រើន​ជាង។

ប៉ុន្តែ ​បញ្ហា​នេះ ​យើង​ឃើញ​ថា ​វៀតណាម ​បាន​បន្ទន់​ឥរិយាបថ​ច្រើន ​តាម​រយៈ​ទស្សនកិច្ច​ដ៏​កម្រ​របស់​លោក ​ង្វៀន ភូជុង ​អគ្គលេខា​បក្ស​កុម្មុយនីស្ត​វៀតណាម ​នៅ​អាមេរិក​ កាល​ពី​ខែ​មុន ​ព្រោះ​ថា​ចង់​មិន​ចង់ ​វៀតណាម ​ត្រូវតែ​រក​បង្អែក ​ដើម្បី​ទប់ទល់​ជាមួយ​នឹង​ចិន។ ហើយ​យោង​តាម​ទស្សនកិច្ច​របស់​លោក ​ចន ឃែរី ​ក្នុង​ពេល​នេះ​ទៀត​សោត ​ក៏​វា​អាច​បង្ហាញ​ពី​ឆន្ទៈ ​និង​ភាព​ស្មោះត្រង់​ របស់​សហរដ្ឋ​អាមេរិក​ ផង​ដែរ។

ការ​គោរព​សិទ្ធិ​មនុស្ស ​ជា​ចំណុចរសើប​ ដែល​អាមេរិក​ទាមទារ​ឲ្យ​វៀតណាម​ប្រឹងប្រែង៖
ភាព​ប្រុង​ប្រយ័ត្ន​របស់​សហរដ្ឋ​អាមេរិក ​គឺ​ទាក់ទិន​ទៅ​នឹង​ លក្ខខណ្ឌ​នយោបាយ ​ក្នុង​ស្រុក​របស់​វៀតណាម​តែម្តង។ សហរដ្ឋ​អាមេរិក ​តែងតែ​ធ្វើ​ការ​ក្រើន​រំលឹក ​ដាល់​តឿន​វៀតណាម ​ឲ្យ​ធ្វើការ​ផ្លាស់ប្តូរ​ នឹង​ពង្រឹង​ការ​គោរព​សិទ្ធិ​មនុស្ស​ នៅ​វៀតណាម។ ត្រង់​ចំណុច​នេះ​ឯង​ហើយ ​បាន​ជា​មនុស្ស​ចាស់​គំរិល ​ក្នុង​ជួរ​បក្ស​កុម្មុយនីស្ត​វៀតណាម​ ជា​ច្រើន​នាក់ ​នៅ​តែ​មិន​ចង់​ចាប់ដៃ​ ជាមួយ​អាមេរិក ​ព្រោះ​គេ​ខ្លាច​អាមេរិក​ មក​បញ្ជា​ឲ្យ​គេ​គោរព​សិទ្ធិ​មនុស្ស។ ពង្រឹង​ការ​គោរព​សិទ្ធិ​មនុស្ស ​សិទ្ធិ​សេរីភាព​ក្នុង​ការ​បញ្ចេញ​មតិ ​មាន​ន័យ​ថា​ម៉េច ​គឺ​មាន​ន័យ​ថា ​បើក​ផ្លូវ​ឲ្យ​មាន​សម្លេង​រិះគន់ ​សម្លេង​ប្រឆាំង​តវ៉ា។ អញ្ចឹង​មាន​ន័យថា វា​គឺ​ជា​គ្រោះថ្នាក់​ធំ​ណាស់​សម្រាប់ ​បក្ស​កុម្មុយនីស្ត​វៀតណាម ​ ដែល​កាន់​អំណាច​ ឡើង​ដុះស្នឹម​ ជាង​៤០​ឆ្នាំ​មក​ហើយ។

លោក​ ចន ឃែរី ​បាន​ថ្លែង​ដែរ​ ក្នុង​សន្ទរកថា​ របស់​លោក​នៅ​ថ្ងៃ​នេះ​ថា ​“កម្លាំង​ល្បឿន​នៃ​មិត្តភាព​ រវាង​វៀតណាម ​និង​អាមេរិក ​គឺស្ថិត​ក្នុង​កណ្តាប់​ដៃ​របស់​វៀតណាម​ទាំង​ស្រុង”។ លោក​បន្ត​ថា ​“ចង់​ធ្វើ​ជា​មិត្ត​ ជាមួយ​សហរដ្ឋ​អាមេរិក ត្រូវតែ​ជឿ ​នឹង​ផ្តល់​សារៈសំខាន់​ ទៅ​លើ​តំលៃ​សកល​មួយ​ចំនួន ​ដូច​អាមេរិក​ដែរ”។ ក្នុង​ន័យ​នេះ លោក​ ចន ឃែរី ​ចង់​សំដៅ​ដោយ​ចំៗ ​ទៅ​លើ​ស្ថានភាព ​រំលោភ​បំពាន​សិទ្ធិ​មនុស្ស​ នៅ​វៀតណាម ​នេះ​តែ​ម្តង។ តួយ៉ាង ​ទាក់ទិន​នឹង​ការ​បើក​ការ​លក់​អាវុធ ​និង​សម្ភារៈសិក​ ដែល​អាមេរិក​បាន​ចាប់​ផ្តើម ​បើក​ឲ្យ​វៀតណាម​​បន្តិច​ម្តងៗ ​កាល​ពី​ឆ្នាំ​២០១៤ ​អាច​ព្យួរទុក​ រឺ​ក៏​បន្ថយ​ល្បឿន​ បើ​សិន​ជា​វៀតណាម ​មិន​ព្រម​ប្រឹងប្រែង​ គោរព​សិទ្ធិ​មនុស្ស​ ឲ្យ​បាន​ល្អ​ប្រសើរ​ទេ។

វៀតណាម​ ល្បី​ជាង​គេ ​ក្នុង​ចំណោម​ប្រទេស​បំបិទ​សិទ្ធិ​សេរីភាព​បញ្ចេញ​មតិ៖
អង្គការ​អ្នក​យក​ការណ៍​គ្មាន​ព្រំដែន RSF ​បាន​ឆ្លៀត​ឱកាស​នេះ ​ធ្វើ​ញតិ ​មួយ​​បរិហារ​អំពី​ស្ថានភាព​គោរព​សិទ្ធិ​មនុស្ស​នៅ​វៀតណាម ​ជូន​លោក​ ចន ឃែរី ​ផង​ដែរ ​ដោយ​បាន​លើក​ឡើង​ថា ​ក្នុង​នាម​ជា​មហា​អំណាច​ប្រជាធិបតេយ្យ ​ពិភពលោក ​មិន​ថា​តែ​អាមេរិក ​រឺ​ប្រទេស​ធំៗ​ផ្សេង​ទៀត​នោះ​ទេ ​គឺ​មិន​ត្រូវ​បិទ​ភ្នែក ​បំភ្លេច​ស្ថានភាព​រំលោភ​សិទ្ធិ​មនុស្ស​យ៉ាង​ស្រស់ៗ ​នៅ​តាម​ប្រទេស​ដែល​ខ្លួន​អះអាង​ថា ​ជា​ដៃគូ​យុទ្ធសាស្ត្រ​នោះ​ឡើយ។

ដូច​យើង​ដឹង ​កន្លង​មក​ហើយ ​ថា ​វៀតណាម​តែងតែ​ត្រូវ​បាន​គេ​បរិហារ​មិន​ចេះ​តិច​ដង​ទេ ​ពី​សកម្មភាព​រំលោភ​បំពាន ​ទៅ​លើ​សហគមន៍​ជនជាតិ​ភាគ​តិច​ ក៏​ដូច​ជា​ការ​បំបិទ​សិទ្ធិ​សេរីភាព​សារព័ត៌មាន ​ដែល​ប្រឆាំង​រិះគន់​រដ្ឋាភិបាល​កុម្មុយនីស្ត​វៀតណាម។ វៀតណាម​ស្ថិត​ក្នុង​លេខ​រៀង​ទី ​១៧៥ ​ក្នុង​ចំណោម​ប្រទេស​ទាំង​១៨០ ​ស្តី​ពី​វិស័យ​គោរព​សិទ្ធិ​សេរីភាព​សារព័ត៌មាន។

បើ​យោង​តាម​តួលេខ​ របស់​អង្គការ​អ្នក​យកការណ៍​គ្មាន​ព្រំដែន ​បាន​បង្ហាញ​ថា ​ចិន ​និង​វៀតណាម ​ជា​ប្រទេស​ដែល​បាន​បង្ឃាំង អ្នក​សារព័ត៌មាន ​អ្នក​សរសេរ​អត្ថបទ​រិះគន់​ផ្សេងៗ ​ច្រើន​ជាង​គេ​បង្អស់។ អ្នក​ជាប់​ឃុំ ​ដោយ​គ្រាន់តែ​បាន​សរសេរ​ព័ត៌មាន​រិះគន់​រដ្ឋាភិបាល ​មាន​ចំនួន​ជាង​១០០​នាក់​នៅ​វៀតណាម ​ក្នុង​ចំណោម​នោះ​ មាន​ទាំង​អ្នក​សរសេរ​ទំព័រ​ប្លុក ​លើ​អ៊ីនធើនែត​ ចំនួន​១៧​នាក់​ផង​ដែរ។ យើង​ឃើញ​ថា ​ ក្នុង​វិស័យ​គោរព​សិទ្ធិ​មនុស្ស ​វៀតណាម​ នៅ​មាន​ភាព​ខ្វះ​ចន្លោះ​ច្រើន​ណាស់ ​ដែល​មិន​ទាន់​អាច ​បំពេញ​ចិត្ត​សហរដ្ឋ​អាមេរិក ទាំង​ស្រុង​បាន​ទេ៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ