អានតួអត្ថបទ
ឥណ្ឌូណេស៊ី-បារាំង

តុលាការ​ឥណ្ឌូណេស៊ី​កាត់ទោស​អ្នក​កាសែត​បារំាង​ពីរ​នាក់​ឲ្យ​ជាប់​គុក​ពីរខែ​កន្លះ

អ្នក​សារព័ត៌មាន​ជនជាតិ​បារាំង​ពីរ​នាក់​ ដែល​បាន​ទៅ​យក​ព័ត៌មាន​ នៅ​តំបន់​ ប៉ាពូអាស៊ី ភាគ​ខាងកើត​ប្រទេស​ឥណ្ឌូណេស៊ី​ ត្រូវ​បាន​តុលាការ​កាត់ទោស​ ឲ្យ​ជាប់​ពន្ធនាគារ​២ខែ​កន្លះ។ តុលាការ​ឥណ្ឌូណេស៊ី​ចោទ​អ្នក​កាសែត​ទាំង​ពីរ​ថា បាន​រំលោភ​បំពាន​ច្បាប់ ព្រោះ​មាន​ទិដ្ឋាការ​ជា​អ្នក​ទេសចរណ៍ ប៉ុន្តែ​បែជា​ទៅ​យក​ព័ត៌មាន​ ក្នុង​នាម​ជា​អ្នក​កាសែត។

អ្នក​កាសែត​បារាំង​ទាំងពីរ Valentine Bourrat និង Thomas Dandois ជាមួយនឹងអ្នកបកប្រែ ក្នុងពេលសាវនាការ តុលាការ​ក្រុង​ចាយ៉ាពុរ៉ា
អ្នក​កាសែត​បារាំង​ទាំងពីរ Valentine Bourrat និង Thomas Dandois ជាមួយនឹងអ្នកបកប្រែ ក្នុងពេលសាវនាការ តុលាការ​ក្រុង​ចាយ៉ាពុរ៉ា INDRAYADI / AFP
ផ្សាយពាណិជ្ជកម្ម

អ្នក​កាសែត​បារាំង​ពីរ​នាក់ ម្នាក់​ជា​ភេទប្រុស​ អាយុ ៤០ឆ្នាំ ឈ្មោះ Thomas Dandois  និង​ម្នាក់​ទៀត​ ភេទ​ស្រី អាយុ​២៩ឆ្នាំ ឈ្មោះ Valentine Bourrat ត្រូវ​បាន​តុលាការ ក្រុង​ ចាយ៉ាពុរ៉ា ភាគ​ខាងកើត​ប្រទេស​ឥណ្ឌូណេស៊ី កាត់​ទោស​ឲ្យ​ជាប់​ពន្ធនាគារ​រយៈ​ពេល ២​ខែ​កន្លះ។ ប៉ុន្តែ​ដោយសា​​ទោស​នេះ រាប់​បញ្ចូល​ទាំង​រយៈពេល​នៃ​ការ​ឃុំខ្លួន​បណ្តោះ​អាសន្ន អ្នក​កាសែត​ទាំងពីរ​នឹង​ត្រូវ​បាន​ដោះលែង​នៅ ថ្ងៃ​ចន្ទ​សប្តាហ៍​ក្រោយ ព្រោះ​ថា អ្នក​កាសែត​ទាំងពីរ​ត្រូវ​បាន​ជាប់​ឃុំ​បណ្តោះ​អាសន្ន​ អស់​ជាង​ពីរ​ខែ​មក​ហើយ។ តុលាការ​ឥណ្ឌូណេស៊ី​បាន​ចោទ​ប្រកាន់​អ្នក​កាសែត​បារាំង​ទាំងពីរ​ ថា​បាន​រំលោភ​បំពាន​លើ​ច្បាប់​អន្តោប្រវេសន៍ ដោយ​កាន់​ទិដ្ឋាការ​ជា​អ្នក​ទេសចរណ៍ តែ​បែ​ជា​ទៅ​យក​ព័ត៌មាន​ ក្នុង​នាម​ជា​អ្នកកាសែត ដោយ​គ្មាន​ការ​អនុញ្ញាត​ត្រឹមត្រូវ។

 
សូម​រំលឹក​ថា អ្នក​កាសែត​ទាំងពីរ​ត្រូវ​បាន​អាជ្ញាធរ​ឥណ្ឌូណេស៊ី​ចាប់ខ្លួន ក្នុង​ខៈណៈ​ពេល​ដែល​អ្នក​កាសែត​ទាំងពីរ​ បាន​ចុះ​ទៅ​យក​ព័ត៌មាន​ ជាមួយ​ក្រុម​ឧទ្ទាម​ជនជាតិ​ប៉ាពូ នៅ​ក្នុង​តំបន់​ប៉ាពូអាស៊ី។ ក្រុម​ឧទ្ទាម​ជនជាតិ​ប៉ាពូ បាន​ប្រយុទ្ធ​ទាមទារ​ឯករាជ្យ​ អស់​ជា​ច្រើន​ទសវត្ស​មក​ហើយ ដើម្បី​ផ្តាច់ខ្លូន​ចេញ​ពី​ឥណ្ឌូណេស៊ី។ មុន​ការ​ចាប់ខ្លួន​អ្នក​កាសែត​បារាំង​ទាំង​ពីរ​ប៉ុន្មាន​ថ្ងៃ មាន​ការ​បាញ់​តប​ត​គ្នា​មួយ​ រវាង​ក្រុម​ឧទ្ទាម​ប៉ាពូ និង​នគរបាល​ឥណ្ឌូនេស៊ី​ ដែល​ក្នុង​ហេតុការណ៍​នោះ មាន​ស្លាប់​ក្រុម​ជនជាតិ​ប៉ាពូ​៥នាក់ និង​នគរបាល​ឥណ្ឌូណេស៊ី​២នាក់។

កន្លង​មក អាជ្ញាធរ​ឥណ្ឌូណេស៊ី បាន​ត្រួត​ពិនិត្យ​យ៉ាង​តឹងរឹង មិន​ឲ្យ​មាន​អ្នក​កាសែត​ ចុះទៅ​យក​ព័ត៌មាន​នៅ​តំបន់​នេះ ប្តេសផ្តាស បាន​នោះ​ទេ។ អ្នក​កាសែត​ដែល​ចង់​ទៅ​យក​ព័ត៌មាន ត្រូវ​ស្នើ​សុំ​ទិដ្ឋាការ​ក្នុង​នាម​ជា​អ្នក​កាសែត ជា​មុន ប៉ុន្តែ​អាជ្ញាធរ​កម្រ​នឹង​សម្រេច​ផ្តល់ឲ្យ​ណាស់។ អង្គការ Human Rights Watch ក៏​ដូច​ជា​អង្គការ​ក្រៅ​រដ្ឋាភិបាល​ជា​ច្រើន​ទៀត ធ្លាប់​បាន​ចេញ​របាយការណ៍​ជា​ញឹកញាប់​ រិះគន់​រដ្ឋាភិបាល​ឥណ្ឌូណេស៊ី ថា​បាន​រឹត​បន្តឹង​សិទ្ធិ​សេរីភាព របស់​ប្រជាជន​ប៉ាពូ។ មាន​របាយការណ៍​ជាច្រើន​បាន​បន្ថែម​ថា មន្រ្តី​ឥណ្ឌូណេស៊ី បាន​ប្រព្រឹត្តិ​អំពើ​ពុក​រលួយ​យ៉ាង​បើក​ចំហរ កេង​ប្រវញ្ញ​យក​ធនធាន​ធម្មជាតិ​ក្នុង​តំបន់​នេះ ទៅ​លក់​យកលុយ​ច្រក​ហោប៉ៅ​តែ​រៀងៗ​ខ្លួន ទុក​ឲ្យ​ប្រជាជន​ប៉ាពូ​ដែល​ជា​ម្ចាស់​ស្រុក រង​ទុក្ខ​វេទនា។ មួយ​វិញ​ទៀត រដ្ឋាភិបាល បាន​ទាំង​រឹតត្បិត មិនឲ្យ​មាន​អ្នក​កាសែត​បរទេស ចុះ​មក​យក​ព័តមាន​ ក្នុង​តំបន់​នេះ​បាន​ឡើយ។

ទោះ​បី​ជា​យ៉ាង​ណា ដំណឹង​ល្អ​នា​ពេលនេះ​គឺ​អ្នក​កាសែត​ទាំងពីរ នឹង​ត្រូវ​ដោះលែង​ក្នុង​រយៈពេល​ប៉ុន្មាន​ថ្ងៃ​ទៀត​ប៉ុណ្ណោះ។ ប៉ុន្តែ ការ​កាត់ទោស​ទៅ​លើ​អ្នក​យក​ព័ត៌មាន​ វា​បាន​ជះ​ឥទ្ធិពល​អាក្រក់​ ទៅ​ដល់​កេរ្តិ៍ឈ្មោះ​របស់​ឥណ្ឌូនេស៊ី។ ឥណ្ឌូនេស៊ី ប្រៀប​បាន​ដូចជា ​គោ​ដំបៅ​ខ្នង ដែល​ខឹតខំ​រារាំង​មិនឲ្យ​អ្នក​កាសែត​បរទេស ទៅ​យក​ព័ត៌មាន នៅ​តំបន់​ប៉ាពូអាស៊ី ព្រោះ​មិនចង់​ឲ្យ​គេឯង​ដឹងឮ​ ពី​អំពើ​អាក្រក់​របស់​ខ្លួន​ ដែល​ធ្វើ​ទៅ​លើ​ជនជាតិ​ប៉ាពូ ម្ចាស់​ស្រុក៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ