អានតួអត្ថបទ
សហភាពអឺរ៉ុប

ក្រុម​​ប្រឹក្សា​អឺរ៉ុប​ពិភាក្សា​គ្នា​ពី​បញ្ហា​ឡើង​កំដៅ​ផែនដី​យ៉ាង​ត្រដាប​ត្រដួស

ជំនួប​កំពូល​អឺរ៉ុប​ដែល​ធ្វើ​ឡើង​នៅ​ទីក្រុង​ប្រ៊ុយហ្ស៊ែល បាន​ចាប់ផ្តើម​ហើយ នៅ​ថ្ងៃ​ព្រហស្បតិ៍​ទី ២៣ តុលា។ មុន​នឹង​ពិភាក្សា​គ្នា អំពី​ការ​រីក​រាលដាល នៃ​មេរោគ​អេបូឡា និង​ប្រធាន​បទ​ទាក់ទង​នឹង​បញ្ហា​សេដ្ឋកិច្ច ប្រទេស​អឺរ៉ុប​ទាំង​២៨ បាន​ជួប​ពិភាក្សា​គ្នា​នៅ​ថ្ងៃ​ដំបូង ស្តី​អំពី​បញ្ហា​អាកាស​ធាតុ។ ប្រទេស​សមាជិក​ទំាងអស់ ត្រូវ​ស្វែងរក​កិច្ច​ព្រមព្រៀង​រួម​មួយ ដើម្បី​យក​ទៅ​ពិភាក្សា​តទល់ នា​ឱកាស​សន្និសីទ​ពិភពលោក​ស្តី​ពី​អាកាសធាតុ នៅ​ចុង​ឆ្នាំ​២០១៥។

សកម្មជន​ការពារ​បរិស្ថាន​ លើក​ជ្រោង បាល់ធំ តំណាង​ឲ្យ​ផែនដី ដើម្បី ធ្វើការទាញ​សញ្ញាអាសន្ន ក្នុង​ការ​ទប់ស្កាត់​ការ​ឡើង​កំដៅ​​ផែនដី
សកម្មជន​ការពារ​បរិស្ថាន​ លើក​ជ្រោង បាល់ធំ តំណាង​ឲ្យ​ផែនដី ដើម្បី ធ្វើការទាញ​សញ្ញាអាសន្ន ក្នុង​ការ​ទប់ស្កាត់​ការ​ឡើង​កំដៅ​​ផែនដី Reuters/Kacper Pempel
ផ្សាយពាណិជ្ជកម្ម

ទប់ស្កាត់​ការ​ឡើង​កំដៅ​ផែនដី គឺ​ត្រូវ​កាត់​បន្ថយ​ការ​បញ្ចេញ​ឧស្ម័ន​ពុល​ ទៅ​ក្នុង​បរិយាកាស។ គណៈកម្មការ​អឺរ៉ុប បាន​ដាក់​ស្នើ​ទិសដៅ​បី​ចំណុច ឲ្យ​ប្រទេស​សមាជិក​ទាំង​២៨​សម្រេច នា​ឱកាស​ជំនួប​កំពូល​នេះ។ ទីមួយ គឺ​ត្រូវ​កាត់​បន្ថយ ការ​បញ្ចេញ​ឧស្ម័ន​ពុល​ ឲ្យ​បាន​៤០ ភាគរយ។ ទី​ពីរ គឺ​បង្កើន​ការ​ប្រើប្រាស់​ថាមពល​ដែល​មិន​ចេះ​រីង​ស្ងួត ឲ្យ​បាន​ដល់​២៤ភាគរយ។ ទីបី គឺ​ត្រូវ​សន្សំ​សំចៃ ការ​ប្រើប្រាស់​ចរន្ត​អគ្គីសនី ឲ្យ​បាន​៣០​ភាគរយ។

 
សូម​បញ្ជាក់​ថា ឧស្ម័ន​ពុល​ដែល​ជា​ប្រភព​ចំបង​ ក្នុង​ការ​ឡើង​កំដៅ​ផែនដី គឺ​ជា​លទ្ធផល​នៃ​ការ​ផលិត​ចរន្ត​អគ្គីសនី និង​ថាមពល​ផ្សេងៗ ដោយ​ប្រើប្រាស់​ប្រេង​ឥន្ធនៈ និង​ធ្យូង​ថ្ម។ យានយន្ត ឡាន​ម៉ូតូ និង​រោងចក្រ​សហក្រាស​ធំៗ​ ដែល​ប្រើប្រាស់​ប្រេង បាន​បញ្ចេញ​ផ្សែង​ពុល​នេះ​ រាប់​លានតោន​ មួយ​ឆ្នាំៗ​ ទៅ​ក្នុង​បរិយាកាស។ មិន​ត្រឹម​តែ​ប៉ុណ្ណោះ ជាមួយ​នឹង​បច្ចេកវិទ្យា​ទំនើប​បច្ចុប្បន្ន បរិក្ខា​អគ្គីសនី​មាន​កាន់តែ​សំបូរ​បែប ដែល​ធ្វើ​ឲ្យ​​ការ​ប្រើប្រាស់​ចរន្ត​អគ្គីសនី កាន់​តែ​កើនឡើង​ពី​មួយ​ថ្ងៃ​ទៅ​មួយ​ថ្ងៃ។ ពិភព​លោក​កំពុង​តែ​មាន​ការ​ព្រួយ​បារម្ភ ដោយសា​តែ​ ភព​ផែនដី​កាន់​តែ​ក្តៅទៅៗ នឹង​បង្ក​ជា​គ្រោះធម្មជាតិ និង​គ្រោះ​រាំងស្ងួត​នៅ​តាម​តំបន់​ជាច្រើន។

ទោះ​បី​ជា​យ៉ាងណា ការ​ពិភាក្សា​គ្នា នៅ​ក្នុង​កិច្ច​ប្រជុំ​កំពូល​ របស់​ក្រុម​ប្រឹក្សា​អឺរ៉ុប ហាក់​មាន​ភាព​តានតឹង​ណាស់ ព្រោះ​ថា​ប្រទេស​សមាជិក​ទាំង​២៨ មាន​និន្នាការ​មិន​ដូចគ្នា រីឯ​លទ្ធភាព​ក៏​មិន​ស្មើគ្នា។ កាត់​បន្ថយ​ការ​ប្រើប្រាស់​អគ្គីសនី និង​ប្រេងសាំង មាន​ន័យថា វា​ប៉ះពាល់​ដោយ​ផ្ទាល់ ទៅ​ដល់​សេដ្ឋកិច្ច និង​ការ​រីកចំរើន​របស់​ប្រទេស​មួយ។ ប្រទេស​ធំៗ​ដូច​ជា​បារាំង អង់គ្លេស និង​អាល្លឺម៉ង់ មាន​រោងចក្រ​ផលិត​អគ្គីសនី​ដើរ​ដោយ​ប្រព័ន្ធ​នុយក្លេអ៊ែរ។ ដូច្នេះ វា​ងាយ​ស្រួល​ទេ សម្រាប់​ពួក​គេ ក្នុង​ការ​កាត់​បន្ថយ​ការ​បញ្ចេញ​ឧស្ម័ន​ពុល។ រីឯ​ប្រទេស​មួយ​ចំនួន​ដូច​ជា​ប៉ូឡូញ​វិញ មិន​អាច​កាត់​បន្ថយ​ការ​បញ្ចេញ​ឧស្ម័ន​ពុល​បាន​ងាយៗ​ទេ ព្រោះ​គេ​ត្រូវការ​ប្រើប្រាស់​ធ្យូងថ្ម ដើម្បី​ដុត​ធ្វើ​ជា​ចរន្ត​អគ្គីសនី។

អាល្លឺម៉ង់ ដែល​ជា​ប្រទេស​ឈាន​មុខគេ ក្នុង​ការ​កាត់​បន្ថយ​​ការ​បញ្ចេញ​ឧស្ម័ន​ពុល ដោយ​បាន​បង្កើន​ការ​ផលិត​ចរន្ត​​អគ្គីសនី ដោយ​ថាមពលព្រះអាទិត្យ និង​ខ្យល់​សមុទ្រ ហើយ​នឹង​ការ​ប្រើប្រាស់​ឧស្ម័ន​ធម្មជាតិ​ជាដើម។ យ៉ាងណា​ក៏​ដោយ មន្រី្ត​ការទូត​អាល្លឺម៉ង់ បាន​សំដែង​នូវ​ទុទិ្ទដ្ឋិនិយម ជុំវិញ​លទ្ធផល​នៃ​ការ​ពិភាក្សា​គ្នា​នេះ។ ប្រទេស​តូចៗ បាន​ត្អូញត្អែរ ថា​ប្រទេស​ធំ​ៗ បាន​ដាក់​កំហឹត​ធ្ងន់ធ្ងរ​ពេក ដែល​ពួក​គេ​មិន​អាច​ធ្វើ​ទៅ​បាន។ មួយ​វិញ​ទៀត ប្រទេស​សមាជិក​តូចៗ​ទាំងនោះ នៅ​មិន​ទាន់​មាន​បច្ចេកវិទ្យា​ជឿនលឿន ដើម្បី​ផលិត​ថាមពល​អគ្គីសនី ដោយ​មិនបាច់​ប្រើ​ប្រេង​ឥន្ធនៈ រឺ​ធ្យូងថ្ម​ បាន​នៅ​ឡើយ​ទេ៕

 

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ