អានតួអត្ថបទ
ព្រឹត្តិការណ៍អន្តរជាតិប្រចាំថ្ងៃ

​WWF៖ នៅក្នុង​រយៈពេល​៤០​ឆ្នាំ ចំនួន​សត្វព្រៃ​ថយចុះ​ពាក់កណ្តាល

ចុះផ្សាយ​នៅ​ថ្ងៃ៖

នៅថ្ងៃអង្គារ​ ទី ៣០ កញ្ញា អង្គការ​ការពារ​សត្វព្រៃ WWF បាន​ចេញ​​របាយការណ៍​​​មួយ​ដែល​បង្ហាញ​ថា ចំនួន​សត្វព្រៃ នៅលើ​គោក ក្នុង​អាកាស និង​ក្នុង​ទឹក​បាន​ថយ​ចុះ ពាក់កណ្តាល ប្រមាណ​៥២​ភាគរយក្នុង​រយៈពេល ៤០​ឆ្នាំ​ចុងក្រោយនេះ។ តាមរបាយការណ៍​ដែល​មាន​ឈ្មោះថា ផែនដី​ដែល​គេ​កំពុង​រស់នៅ ឆ្នាំ ២០១៤ ជីវិតជីវចម្រុះ រួម​ទាំង​​សត្វព្រៃ នៅតែ​រងការគំរាម កំហែង​មិន​ឈប់ឈរ និង​​ច្រើន​ជាង​ការគិតទុក​​ដោយសារ​សកម្មភាព​របស់​មនុស្ស​។ 

សត្វដំរី​និង​កូន​នៅក្នុង​ប្រទេស​កេនយ៉ា
សត្វដំរី​និង​កូន​នៅក្នុង​ប្រទេស​កេនយ៉ា Sadi Ugur OKÇu
ផ្សាយពាណិជ្ជកម្ម

ចំនួន​សត្វព្រៃ​ថយចុះ​ដល់​ទៅ​ពាក់កណ្តាល រហូតធ្វើ​ឲ្យ​​អង្គការ​ការពារ​សត្វព្រៃ​​ទាញ​សញ្ញា​អាសន្ន នៅក្នុង​របាយការណ៍​របស់ខ្លួន​ចេញផ្សាយ​នៅថ្ងៃអង្គារ​។ ​អង្គការ​ការពារ​សត្វព្រៃ​ធ្លាប់​​បាន​ចេញ​របាយការណ៍​មួយ កាលពី​ឆ្នាំ ២០១២ ដែល​បង្ហាញ​ថាសត្វព្រៃ​បាន​ថយចុះ​ចំនួន ២៨ភាគរយ។ ប៉ុន្តែ តាម​ប្រធាន​របស់​អង្គការ​WWF ដោយមកពី​របៀប​គណនា​ថ្មី គេ​រក ឃើញថា តាមពិត​ចំនួន​សត្វព្រៃ​បាន​ថយចុះច្រើន​ជាង​ចំនួន​ដែល​គេ​ធ្លាប់​គណនា​កាលពី​ពេលមុន​ទៅទៀត។

 
កាលពីមុន គេ​ធ្វើការសិក្សា​ទៅលើ​ចំនួនគំរូ​​សត្វ​ព្រៃ តែ​ជាងពីរពាន់​ក្បាល។ ប៉ុន្តែ លើកនេះ គេបាន​​សិក្សាលម្អិត​​ទៅលើ​សត្វ គ្រប់ប្រភេទ ប្រមាណ ១០ ៣៨០ ​ក្បាល ដែល​មាន​ជីវិត​នៅលើ​ភពផែនដី មិនថា សត្វ​រស់នៅ​លើគោក ក្នុង​ទឹក ឬលើ​អាកាស។ តាម​របាយការណ៍ សត្វព្រៃ​ និង​ជីវច​ម្រុះបាន​បាត់បង់ជាង​ពាក់កណ្តាល ក្នុង​ចន្លោះ​ឆ្នាំ ១៩៧០ និង​ឆ្នាំ ២០១០។ តាមអ្នកជំនាញ ទំនោរ​ថយចុះ​ចំនួន​សត្វព្រៃទំនងជា​នឹង​មិនបង្អន់​ល្បឿនទេ បើ​មើល​ទៅលើ​សកម្មភាពអភិវឌ្ឍន៍​នៅលើ​​ផែនដី​បច្ចុប្បន្ន។

មនុស្ស​ជាអ្នកទទួល​ខុសត្រូវ​ចំបង​​ដែលធ្វើ​ឲ្យ​ជីវិត​ជីវចម្រុះ​ និង​សត្វព្រៃ​ថយចុះខ្លាំង។ ​មនុស្ស​បាន​ពង្រីក​កន្លែងរស់នៅ កន្លែង​អភិវឌ្ឍន៍ កាប់ព្រៃឈើ ឬ​នេសាទ បរបាញ់​នៅក្នុង​​​តំបន់​រស់នៅ​​របស់​សត្វព្រៃ និង​ជីវិត​ជីវចម្រុះ​ផ្សេងទៀត។ ការប្រែប្រួល​អាកាសធាតុ ដែល​បង្កឡើង​ដោយ​ការបំពុល​បរិស្ថាន​របស់មនុស្ស​ក៏​ធ្វើ​ឲ្យ ​ចំនួន​សត្វព្រៃ​ថយចុះដែរ។

តាមរបាយការណ៍ មនុស្ស​កើនពី​ជាង ៣​ពាន់​លាន​នាក់ នៅ​ឆ្នាំ ១៩៦១ មក​៧ពាន់​លាន​នាក់ នៅ​ពេល​បច្ចុប្បន្ននេះ។ គេ​ប៉ាន់​ប្រមាណ​ថា ចំនួន​ប្រជាជន​ក្នុង​ពិភពលោក​នឹង​កើន​ដល់​ជាង ៩ពាន់​លាន​នាក់ នៅឆ្នាំ ២០៥០ និង​កើន​ដល់​១១​ពាន់​លាន​នៅឆ្នាំ ២១០០។ នៅពេល​ដែល​មនុស្ស​ត្រូវការ​កន្លែង​តាំងទី នោះប្រាកដណាស់ ជំរក​សត្វព្រៃ នឹង​ត្រូវ​រួញកាន់តែ​តូច ដោយការ​ឈ្លានពាន​របស់​ក្រុមមនុស្ស​។

មនុស្ស​កើនឡើង តម្រូវការ ប្រើប្រាស់​របស់​មនុស្ស​ក៏​កើនឡើងដែរ។ ប៉ុន្តែ តាម​អ្នកសរសេរ​របាយការណ៍ ចំនួន​កើនឡើង​របស់មនុស្ស​មិន​សមាមាត្រ​ មិន​ស៊ី​គ្នា​នឹង​ចំនួន​ធនធានដែល​​ធម្មជាតិផ្តល់​ឲ្យ​នោះទេ។ មនុស្ស​ប្រើប្រាស់ ធនធាន​ធម្មជាតិ ​ច្រើន​ជ្រុល​ ក្នុងពេល​គេ​ធ្វើ​សកម្មភាព​តិចតួច​សម្រាប់​ការមាន​ជីវិត​របស់​ធនធាន​ធម្មជាតិ។

ជារួម ចំនួន​សត្វព្រៃ​ថយចុះ​ដោយសារ​តែ​អំពើ​របស់​មនុស្ស។ កសិកម្ម​ ទន្ទ្រានដី​របស់​មនុស្ស​ទៅក្នុង​តំបន់​ព្រៃ ការពង្រីក​កន្លែង​រស់នៅ​របស់មនុស្ស ការកាប់ព្រៃឈៃ​ដែល​ជា​ជំរក​របស់​សត្វព្រៃ ការសាងសង់​ទំនប់​វារី​អគ្គិសនី និង​ប្រព័ន្ធ​ធារាសាស្រ្ត​ គឺ​ជាសកម្មភាព​​ដែល​ធ្វើ​ឲ្យ​ជីវចម្រុះ និង​​សត្វព្រៃថយចុះ​។ ​

គេត្រូវការផែនដី​មួយកន្លះដើម្បី​ទប់ទល់​នឹង​តម្រូវការ​របស់​ប្រជាជន​ក្នុង​ពិភពលោក
តាម​របាយការណ៍ ប្រទេស​អ្នកមាន​ជាអ្នកចូលរួមចំណែក​ធ្វើ​ឲ្យ​ចំនួន​សត្វព្រៃ ធ្លាក់ចុះ​ ច្រើនជាងគេ។ នៅឆ្នាំ ២០១០ ដោយ​មើល​ទៅលើ​អត្រាប្រជាជន ប្រទេស​កូវ៉ែត ជាអ្នក​ចូលរួម​ធ្វើ​ឲ្យ​សត្វព្រៃ​ថយចុះ។ បន្ទាប់មក គឺកាតា អារ៉ាប៊ី សាអូឌីត ដាណឺម៉ាក ប៊ែលហ្សិក សិង្ហបុរី។ ប្រទេស​អ្នកមាន ប៉ុន្តែ មាន​ប្រជាជន​តិច ត្រូវ​ទទួល​ខុសត្រូវ​ធ្វើ​ឲ្យ​សត្វព្រៃ​ថយចុះ ព្រោះថា ប្រទេស​អ្នកមាន​ទាំងនេះ​ចូលចិត្ត​ប្រើប្រាស់​ផលិត​ផល​ធនធាន​ធម្មជាតិ​របស់​ប្រទេស​ដទៃ។ គេ​បាន​ឲ្យ​ឧទាហរណ៍ថា ប្រសិន​បើ​​ប្រជាជន​ក្នុងពិភពលោក​​ចង់​រស់នៅ របៀប​ប្រជាជន​កាតា នោះ​គេ​ត្រូវការ​ផែនដី​ដល់​ទៅ ៤ ដើម្បី​ទប់ទល់​នឹង​តម្រូវការ​។ ឬ ផែនដី ៣,៩ បើសិន​គេ​ប្រកាន់​ចរិក​ប្រើប្រាស់​ធនធាន​ធម្មជាតិ ដូច​ប្រជាជន​អាមេរិក។

តំបន់​ដែល​សត្វព្រៃ​ថយចុះ​ច្រើន​ជាង គឺ​នៅតំបន់​អាមេរិកឡាទីន ដែល​តំណាង​ឲ្យ​ការធ្លាក់ចុះនៃ​ជីវចម្រុះ និង​សត្វព្រៃ ដល់​ទៅ ៨៣ភាគរយ។ បន្ទាប់មក គឺ​តំបន់​អាស៊ី​ប៉ាស៊ីហ្វិក​តែ​ម្តង ដែល​ជីវិត​សត្វព្រៃ​ត្រូវ​បាន​គំរាមកំហែង និង​ថយចុះខ្លាំង។ នៅក្នុង​ចំណោម​សត្វព្រៃទាំងអស់ មិន​ថា នៅលើ​គោក ក្នុង​ទឹក ឬ​លើ​អាកាស គឺ​សត្វ​មានជីវិត​នៅក្នុង​ទឹកសាប​ដែល​រងគ្រោះខ្លាំងគេ ដោយសារ​ ធ្លាក់ថយ​ចុះ​​ដល់​ទៅ​៧៦ភាគរយ។ ចំណែក​សត្វនៅលើ​គោក និង​នៅក្នុង​សមុទ្រ បាន​ធ្លាក់​ចុះ​ប្រមាណ៣៦ភាគរយ ដោយសារ​តែ​ការប្រមាញ់ និង​នេសាទ​ច្រើន​ហួសហេតុ​របស់​មនុស្ស។

បើ​មើលទៅសកម្មភាព​ផុសផុល​របស់​មនុស្ស និង​នយោបាយ​មិន​សូវសកម្ម​របស់​រដ្ឋាភិបាល ដើម្បី​លុបបំបាត់​ការជួញដូរ​សត្វព្រៃ ឬ​ការប្រើប្រាស់​សត្វព្រៃ គេ​ពិបាក​នឹង​ជឿថា ចំនួន​សត្វព្រៃ នឹង​មិនថយចុះ ពីពេលនេះ ទៅ​អនាគត។ ​តាមពិត ការពារ​ពូជ​សត្វព្រៃ និង​ជីវចម្រុះ គឺ​ដើម្បី​ការរស់រាន​មាន​ជីវិត​របស់មនុស្ស​ជាតិ ទៅ​ថ្ងៃ​អនាគត។

នៅពេល​ដែល​ភាពក្រីក្រ នៅ​គ្រប​ដណ្តប់​ផ្ទៃដី​ភាគច្រើន​របស់ផែនដីនៅឡើយ មនុស្ស​ត្រូវការ​បរិភោគ​ ត្រូវការរស់ ជាមួយ​នឹង​ការបរបាញ់​សាច់សត្វ ឬ​ត្រូវ​នេសាទ កាប់ឈើ​ ដើម្បី​យកមក​ប្រើប្រាស់​​ប្រចាំថ្ងៃ។ ក៏ប៉ុន្តែ ធនធាន​ធម្មជាតិ ដ៏​គួរអភ័ព្វ ជាពិសេស​សត្វ​នៅក្នុង​ទឹក កើត​មាន​​ជីវិត ឬ​លូតលាស់​​​មិន​ទាន់​នឹង​តម្រូវការមាត់​​របស់មនុស្សទេ។ តាម​​អង្គការ​ការពារ​សត្វព្រៃ WWF​ បើ​ បើសិន​មនុស្ស​ចេះ​ដាំ​ដើម​ឈើ ឈប់​បរបាញ់​សត្វព្រៃច្រើន​លើស​កំណត់ និង​កាត់បន្ថយ​ការបញ្ចេញ​ឧស្ម័ន​ពុល ដែល​ធ្វើ​ឲ្យ​មានការប្រែប្រួល​អាកាសធាតុ នោះ​​មនុស្ស​នឹង​នៅ​តែ​អាច​យក​ផល​ចំណេញ​ពី​ធនធាន​ធម្មជាតិ។

 
 

 

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

មើលវគ្គផ្សេងទៀត
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ