អានតួអត្ថបទ
ព្រឹត្តិការណ៍អន្តរជាតិប្រចាំថ្ងៃ

ជំនួបកំពូល​អាកាសធាតុ៖សម្បូរ​តែ​ទ្រឹស្តី និង​ពាក្យសន្យា តែ​ការអនុវត្តន៍​ជាក់ស្តែង​មាន​តិចតួច

ចុះផ្សាយ​នៅ​ថ្ងៃ៖

ចប់​ហើយ​ជំនួបកំពូល​ស្តីពី​បញ្ហា​អាកាសធាតុ​ដែល​បាន​រៀបចំ​រយៈពេល​មួយ​ថ្ងៃ​នៅ​ក្នុង​ទីក្រុង​ញូយ៉ក សហរដ្ឋអាមេរិក។ ជំនួបកំពូល​ដែល​បាន​ចូលរួម​ដោយ​ប្រមុខរដ្ឋ និង​ប្រមុខរដ្ឋាភិបាល​ប្រមាណ​ជា ១២០នាក់​នៅ​ទូទំាង​ពិភពលោក ព្រម​ទំាង​អ្នកតំណាង​រោងចក្រ សហគ្រាស និង​អង្គការ​ក្រៅរដ្ឋាភិបាល​នានា​ជាង ២០០នាក់​ផ្សេង​ទៀត។ ក៏​ដូច​ជា​នៅ​ក្នុង​ជំនួបកំពូល​មុនៗ​ដែរ កម្មវត្ថុ​សំខាន់​គឺ​សំដៅ​កាត់បន្ថយ​ឧស្ម័នផ្ទះកញ្ចក់​នៅ​ក្នុង​ភពផែនដី និង​ការ​ស្វែង​រក​​ថវិកា​ដើម្បី​ជួយ​បណ្តាប្រទេស​ក្រីក្រ​ដែល​កំពុង​រងគ្រោះ​ដោយ​ការ​បំពុលបរិយាស​ពី​សំណាក់​ប្រទេស​អ្នកមាន និង​ប្រទេស​កំពុង​អភិវឌ្ឍន៍។

លោក​អគ្គលេខាធិការ​អង្គការសហប្រជាជាតិ​បាន គីមូន​ក្នុង​ជំនួបកំពូល​ស្តី​ពី​អាកាសធាតុ​ក្នុង​ទីក្រុង​ញូយ៉ក ថ្ងៃទី២៣ កញ្ញា ២០១៤
លោក​អគ្គលេខាធិការ​អង្គការសហប្រជាជាតិ​បាន គីមូន​ក្នុង​ជំនួបកំពូល​ស្តី​ពី​អាកាសធាតុ​ក្នុង​ទីក្រុង​ញូយ៉ក ថ្ងៃទី២៣ កញ្ញា ២០១៤ REUTERS/Lucas Jackson
ផ្សាយពាណិជ្ជកម្ម

លោក​អគ្គលេខាធិការ​អង្គការសហប្រជាជាតិ​បាន គីមូន​ជា​អ្នក​ផ្តួចផ្តើម​គំនិត​រៀបចំ​​ជំនួបកំពូល​ស្តីពី​បញ្ហា​អាកាសធាតុ ទន្ទឹម​គ្នា​នឹង​មហាសន្និបាត​អង្គការសហប្រជាជាតិ​ប្រចំា​ឆ្នំា​លើក​ទី៦៩ ដែល​បាន​ចាប់​ផ្តើម​បើក​ជា​ផ្លូវការ​នៅ​ថ្ងៃ​ពុធ ទី២៤ កញ្ញា​នេះ។ មួយ​វិញ​ទៀត ការ​បើក​ឲ្យ​មាន​ជំនួបកំពូល​ស្តីពី​អាកាសធាតុ​ពេល​នេះ​ក៏​ជា​ការ​ត្រៀម​រៀបចំ​សន្និសីទ​មួយ​ស្តីពី​បញ្ហា​អាកាសធាតុ​ដែល​គ្រោង​ធ្វើ​នៅ​ក្នុង​ប្រទេស​បារំាង​នា​ដំណាច់​ឆ្នំា ២០១៥ ខាង​មុខ។ កម្មវត្ថុ​នៃ​ជំនួបកំពូល គឺ​សំដៅ​កាត់បន្ថយ​ឧស្ម័នផ្ទះកញ្ចក់​នៅ​ក្នុង​បរិយាកាស ព្រោះ​ចូរ​កុំ​ភ្លេច​ថា កំណើន​ឧស្ម័នផ្ទះកញ្ចក់​ជា​ដើមចម​នៃ​ការ​ឡើង​កំដៅ​នៅ​ក្នុង​បរិយាកាស​ពិភពលោក​សព្វថ្ងៃ។

អ្វី​ដែល​លោក​បាន គីមូន​ចង់​ដាស់​ស្មារតី​ថ្នាក់ដឹកនំា​ពិភពលោក​នៅ​ក្នុង​ជំនួបកំពូល​ពេល​នេះ គឺ​សុំ​កុំ​ឲ្យ​ពួក​គេ​ភ្លេច​ពី​ពាក្យ​សន្យា​របស់​ខ្លួន​នា​ជំនួបកំពូល​កាល​ពី​ឆ្នំា ២០០៩ នៅ​ក្នុង​ទីក្រុង​កូប៉ិនហាក ប្រទេស​ដាណឺម៉ាក។ កាលណោះ ជំនួបកំពូល​បាន​សម្រេច​បង្កើត​មូលនិធិបៃតង​មួយ​របស់​អង្គការសហប្រជាជាតិ​សម្រាប់​ជួយ​បណ្តាប្រទេស​ក្រីក្រ​ដែល​កំពុង​រងគ្រោះ​ដោយ​ការ​បំពុលបរិយាកាស។ នៅ​ក្នុង​មូលនិធិបៃតង​នោះ ក្រុម​ប្រទេស​អ្នកមាន​បាន​សន្យា​ឲ្យ​លុយ​ចំនួន ១០ ០០០លានដុល្លារ​គិត​ត្រឹម​ដំណាច់​ឆ្នំា ២០១៤ នេះ និង​សន្យា​បង់វិភាគទាន​ប្រចំាឆ្នំា​ចំនួន ១០០ ០០០លានដុល្លារ​ចាប់​ពី​ឆ្នំា ២០២០ ទៅ។ តែ​មក​ទល់​ថ្ងៃ​នេះ មូលនិធីបៃតង​ទើប​ទទួល​បាន​លុយ​តែ ២ ៣០០លានដុល្លារ​ប៉ុណ្ណោះ។

ប្រទេស​នីមួយៗ​​មាន​កាតព្វកិច្ច​កាត់​បន្ថយ​ឧស្ម័នផ្ទះកញ្ចក់​ដូច​គ្នា

ការ​កាត់បន្ថយ​ឧស្ម័ន​ផ្ទះកញ្ចក់ គឺ​ជា​កាតព្វកិច្ច​របស់​ប្រទេស​នីមួយៗ ដោយ​មិន​ថា​ជា​ប្រទេស​អភិវឌ្ឍន៍ ប្រទេស​កំពុង​អភិវឌ្ឍន៍ ប្រទេស​កំពុង​មាន​សេដ្ឋកិច្ច​ជឿនលឿន ឬ​មួយ​ក៏​ប្រទេស​ក្រីក្រ​ទេ។ លោក​ប្រធានាធិបតី​អាមេរិក​អូបាម៉ា​បាន​អំពាវនាវ​ឲ្យ​មាន​កិច្ចព្រមព្រៀង​ចុងក្រោយ​មួយ​ស្តីពី​បញ្ហា​អាកាសធាតុ​នៅ​ក្នុង​សន្និសីទ​ដែល​គ្រោង​រៀបចំ​ក្នុង​ប្រទេស​បារំាង​នា​ដំណាច់​ឆ្នំា ២០១៥ ខាង​មុខ។ លោក​អូបាម៉ា​បាន​យល់​ឃើញ​ថា អាកាសធាតុ​ពិភពលោក​បាន​ផ្លាស់ប្តូរ​លឿន​ជាង​ការ​ខិតខំ​ប្រឹងប្រែង​ទប់ស្កាត់​របស់​យើង​ទៅ​ទៀត និង​ថា គ្មាន​ប្រទេស​ណា​មួយ​ដែល​ត្រូវ​ធ្វើ​មិនដឹង មិនឮ​នោះ​ទេ។ ទន្ទឹម​គ្នា​នេះ លោក​អូបាម៉ា​ក៏​បាន​ទទួល​ស្គាល់​ថា អាមេរិក និង​ចិន ជា​ប្រទេស​ពីរ​ដែល​បាន​បំពុល និង​កំពុង​បន្ត​បំពុល​បរិយាកាស​ពិភពលោក​ខ្លំាង​ជាង​គេ។ ចំណែក​បារំាង​ដែល​ចង់​បង្ហាញ​ជា​ប្រទេស​គំរូ​សម្រាប់​អ្នកផ្សេង លោក​ប្រធានាធិបតី​ហ្រ្វង់ស័រ ហូឡង់​បាន​ប្រកាស​ដាក់​លុយ​ចំនួន ១ ០០០លានដុល្លារ​ទៅ​ក្នុង​មូលនិធីបៃតង​របស់​អង្គការ​សហប្រជាជាតិ និង​បាន​អំពាវនាវ​ឲ្យ​ប្រទេស​ផ្សេង​ធ្វើ​ដូច​ខ្លួន។

យ៉ាង​ណា​ក៏​ដោយ គេ​មិន​អាច​និយាយ​ថា ជំនួបកំពូល​ពេល​នេះ​បាន​ទទួល​បរាជ័យ​ទេ ព្រោះ​មាន​កម្មវត្ថុ​មួយ​ចំនួន​ត្រូវ​បាន​ព្រមព្រៀង​គ្នា។ ទី១ បញ្ឈប់​ការ​បង្ហិនបង្ហោច​ព្រៃឈើ ឬ​ការ​កាប់ព្រៃឈើ​ចាប់​ពី​ពេល​នេះ​ដល់​ឆ្នំា ២០៣០ ទី២ បង្កើន​ចំនួន​ការ​ប្រើ​រថយន្តដើរ​ដោយ​អគ្គិសនី​នៅ​ក្នុង​ទីក្រុង​ឲ្យ​បាន ៣០% ចាប់​ពី​ពេល​នេះ​ដល់​ឆ្នំា ២០៣០។ ទន្ទឹម​គ្នា​នេះ រដ្ឋាភិបាល និង​ក្រុម​អ្នកវិនិយោគ​ក៏​បាន​សន្យា​រួម​គ្នា​ក្នុង​ការ​ប្រមូល​លុយ​ឲ្យ​បាន​ជាង ២០០ ០០០លានដុល្លារ​ចាប់​ពី​ពេល​នេះ​ដល់​ដំណាច់​ឆ្នំា ២០១៥ សម្រាប់​ចំណាយ​ទប់ស្កាត់​ការ​ផ្លាស់ប្តូរ​អាកាសធាតុ​ក្នុង​លោក។ ទំាង​នេះ​សុទ្ធសឹង​ជា​សំណើ​មួយ​ដែល​គ្មាន​លក្ខណៈ​បង្ខិតបង្ខំ តែ​អង្គការសហប្រជាជាតិ​បាន​យល់​ឃើញ​ថា បើ​គេ​អាច​សម្រេច​បាន​នូវ​គម្រោង​ទំាង​អស់​នេះ​មែន នោះ​ពិភពលោក​នឹង​អាច​កាត់​បន្ថយ​បរិមាណ​ឧស្ម័នកាបូនិច​ពី ៤ ៥០០លានតោន ទៅ ៨ ៨០០លានតោន​ក្នុង​មួយ​ឆ្នំាៗ​ចាប់​ពី​ពេល​នេះ​ដល់​ឆ្នំា ២០៣០។

សេដ្ឋកិច្ច​ជា​ឧបសគ្គចម្បង​ក្នុង​ការ​សម្រេច​ឲ្យ​បាន​នូវ​កិច្ចព្រមព្រៀង​មួយ​ដើម្បី​បរិយាកាស​ពិភពលោក​គ្មាន​ផ្សែងពុល
 
ជា​រួម​គេ​សង្កេត​ឃើញ​ថា បញ្ហា​កាត់​បន្ថយ​ឧស្ម័ន​ផ្ទះកញ្ចក់ គឺ​ជា​បញ្ហា​មួយ​ដែល​គេ​ពិបាក​នឹង​រក​បាន​កិច្ចព្រមព្រៀង​រួម​សម្រាប់​ទំាង​អស់។ ប្រទេស​ដែល​កំពុង​ប្រទាញប្រទង់​គ្នា​ខ្លំាង គឺ​អាមេរិក និង​ចិន ព្រោះ​ជា​ប្រទេស​ដែល​កំពុង​បំពុល​បរិយាកាស​ខ្លំាង​ជាង​គេ។ ចិន​ដែល​ជា​ប្រទេស​កំពុង​មាន​ឧស្សាហកម្ម​ជឿនលឿន​តែងតែ​អះអាង​ថា ខ្លួន​មិន​ជាប់​កាតព្វកិច្ច​នឹង​ការ​កាត់​បន្ថយ​ឧស្ម័ន​ផ្ទះកញ្ចក់​ទេ។ តែ​ការ​អះអាង​របៀប​នេះ​របស់​ចិន​ត្រូវ​បាន​ប្រទេស​មហាអំណាច​ឧស្សាហកម្ម​មួយ​ចំនួន​ដូច​យ៉ាង​អាមេរិក​មិន​សុទ្ធចិត្ត ព្រោះ​គេ​យល់​ថា ចិន​ដែល​បាន​ដណ្តើម​ចំណាត់ថ្នាក់ទី២ ជា​មហាអំណាច​សេដ្ឋកិច្ច​ពិភពលោក​លែង​ជា​ប្រទេស​កំពុង​អភិវឌ្ឍន៍​ទៀត​ឡើយ។ ជា​ទូទៅ ការ​ខ្វែង​គំនិត​គ្នា​ជុំវិញ​ការ​បន្ថយ​ឧស្ម័ន​ផ្ទះកញ្ចក់​ទៅ​ក្នុង​បរិយាកាស​បាន​កើត​មាន​ទំាង​នៅ​ក្នុង​រង្វង់​ប្រទេស​អភិវឌ្ឍន៍​ដូច​គ្នា និង​ប្រទេស​កំពុង​អភិវឌ្ឍន៍​គ្នា​ឯង។

ពិត​ណាស់​ថា ប្រទេស​កំពុង​អភិវឌ្ឍន៍​បាន​ចាត់​ទុក​ការ​កាត់​បន្ថយ​ឧស្ម័ន​ផ្ទះកញ្ចក់​ថា ជា​កាតាព្វកិច្ច​រួម​អស់​គ្នា។ តែ​ទន្ទឹម​គ្នា​នេះ ពួក​គេ​ក៏​បាន​ទាមទារ​ឲ្យ​ពិនិត្យ​មើល​លើ​ស្ថានភាព​ជាក់ស្តែង​របស់​ប្រទេស​នីមួយៗ​ដោយ​ធ្វើ​យ៉ាង​ណា កុំ​ឲ្យ​ប៉ះពាល់​ដល់​ផលប្រយោជន៍​សេដ្ឋកិច្ច​របស់​ពួក​គេ។ ជាក់ស្តែង​ដូច​ប្រទេស​ចិន​ដែល​កំណើន​សេដ្ឋកិច្ច​សព្វថ្ងៃ គឺ​ជា​ផ្លៃផ្កា​បាន​មក​ពី​សកម្មភាព​ដ៏​មមាញឹក​របស់​រោងចក្រ សហគ្រាស​រាប់សិបពាន់​នៅ​ក្នុង​ទឹកដី​ចិន តែ​គឺ​រោងចក្រ សហគ្រាស​ទំាង​អស់​នោះ​ហើយ​ដែល​កំពុង​ចាក់ចោល​ឧស្ម័នផ្ទះកញ្ចក់​ជា​រៀងរាល់​ថ្ងៃ។ សម្រាប់​ទីក្រុង​ប៉េកំាង ការ​កាត់បន្ថយ ឧស្ម័ន​ផ្ទះកញ្ចក់​មាន​ន័យ​ស្មើ​នឹង​ផ្អាកដំណើរ​ការ​រោងចក្រ​ទំាង​នោះ។

ដូច្នេះ​ឃើញ​ថា គឺ​ផលប្រយោជន៍​សេដ្ឋកិច្ច​ដែល​បាន​និង​កំពុង​ធ្វើ​ឲ្យ​ពិភពលោក​ពិបាក​និយាយ​ចុះ​សម្រុង​គ្នា​ក្នុង​ការ​ស្វែង​រក​នូវ​កិច្ចព្រមព្រៀង​រួម​មួយ​សម្រាប់​បរិយាកាសពិភពលោក​គ្មាន​ផ្សែង​ពុល។ អ៊ីចឹង​ហើយ​បាន​ជា​កម្តៅ​នៃ​ភពផែនដី​កំពង់​បន្ត​ឡើង​ជា​រៀងរាល់​ឆ្នំានិង​ដែល​គ្មាន​នរណា​ម្នាក់ ហ៊ាន​​ឆ្លើយ​ថា មិនមែន​ជា​កំហុស​របស់​ខ្លួន​ទេ៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

មើលវគ្គផ្សេងទៀត
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ