អានតួអត្ថបទ
ព្រឹត្តិការណ៍អន្តរជាតិប្រចាំថ្ងៃ

៦នាក់​ស្លាប់​ក្នុង​គ្រោះថ្នាក់​ក្រឡាប់​រថភ្លើង​នៅ​ក្បែរ​ក្រុង​ប៉ារីស

ចុះផ្សាយ​នៅ​ថ្ងៃ៖

គ្រោះថ្នាក់​ក្រឡាប់​រថភ្លើង​ នៅ​ក្បែរ​ក្រុង​ប៉ារីស កាល​ពី​ល្ងាច​ថ្ងៃ​សុក្រ បាន​បណ្តាល​ឲ្យ​មនុស្ស​យ៉ាងតិច ៦នាក់​ស្លាប់ និង​ប្រមាណ​ជា ៧០នាក់​ផ្សេងទៀត​រងរបួស ក្នុងនោះ មាន ៩នាក់​របួស​ធ្ងន់ធ្ងរ។ អាជ្ញាធរ​បារាំង​កំពុង​ធ្វើការ​ស៊ើបអង្កេត​ ដើម្បី​ស្វែងរក​មូលហេតុ​នៃ​គ្រោះថ្នាក់នេះ ក៏ប៉ុន្តែ តាមសេចក្តីសន្និដ្ឋាន​ជាជំហាន​ដំបូង គ្រោះថ្នាក់​នេះ​បង្ក​ឡើង​ដោយ​ភាព​មិនប្រក្រតី​នៅ​ត្រង់​ផ្លូវ​បំបែក​រថភ្លើង។

ទូរថភ្លើង​ដែល​ក្រឡាប់ នៅ​ស្ថានីយ៍ Brétigny-sur-Orge ប្រមាណ​ជា ៣០គីឡូម៉ែត្រ​ខាង​ត្បូង​ក្រុង​ប៉ារីស ថ្ងៃសុក្រ ១២ កក្កដា ២០១៣
ទូរថភ្លើង​ដែល​ក្រឡាប់ នៅ​ស្ថានីយ៍ Brétigny-sur-Orge ប្រមាណ​ជា ៣០គីឡូម៉ែត្រ​ខាង​ត្បូង​ក្រុង​ប៉ារីស ថ្ងៃសុក្រ ១២ កក្កដា ២០១៣ AFP/KENZO TRIBOUILLARD
ផ្សាយពាណិជ្ជកម្ម

ហេតុការណ៍​កើតឡើង នៅ​ម៉ោង ៥ និង ១៥នាទី​ល្ងាច​ថ្ងៃ​សុក្រ (ម៉ោង​នៅ​ទីក្រុង​ប៉ារីស)។ រថភ្លើង​ដែល​ជួប​នឹង​គ្រោះថ្នាក់​នេះ មិនមែន​ជា​រថភ្លើង​ទំនើប​ដែល​មាន​ល្បឿនលឿន (TGV) ទេ ប៉ុន្តែ ជា​ប្រភេទ​រថភ្លើង​ធម្មតា។ រថភ្លើងនេះ​​មាន​ដឹកអ្នកដំណើរ​ប្រហែល​ជា ៣៧០នាក់ ចេញ​ដំណើរ​ពី​ប៉ារីស​ ឆ្ពោះទៅ​​ខេត្ត​ប៉ែក​ខាង​ត្បូង​ប្រទេស​បារាំង។ ក៏ប៉ុន្តែ ចេញ​ពី​ប៉ារីស​បាន​​ប្រហែល​ជាជិត ៣០គីឡូម៉ែត្រ​ នៅ​ពេល​​កំពុង​បើក​ក្នុង​ល្បឿន​​ ១៣៧គីឡូម៉ែត្រ​ក្នុង​មួយ​ម៉ោង ​ក៏​ស្រាប់​តែ​​រថភ្លើង​ត្រូវ​ដាច់ជាពីរ​កំណាត់​ ហើយ​មួយ​កំណាត់​​ផ្នែក​ខាងក្រោយ ដែល​មាន ៤ទូ ​ក៏​ត្រូវ​ក្រឡាប់​។
 
សំណួរ-តើ​គេ​អាច​ដឹង​ហើយ​ឬ​នៅ​ថា តើ​គ្រោះថ្នាក់​ក្រឡាប់​រថភ្លើង​នេះ​បណ្តាល​មក​ពី​មូលហេតុអ្វី?
 
មកទល់នឹង​ពេលនេះ ប្រតិបត្តិការ​សង្រ្គោះ​ទើប​នឹង​ត្រូវ​បិទបញ្ចប់​ ហើយ​ការ​ស៊ើបអង្កេត​ទើប​នឹង​ចាប់ផ្តើម​ធ្វើ។ ដូច្នេះ គេនៅមិនទាន់​អាច​ធ្វើ​ការ​សន្និដ្ឋាន​អ្វី​ឲ្យ​បាន​ពិតប្រាកដ​នៅឡើយទេ។

ក៏ប៉ុន្តែ បើទោះជា​មិនទាន់​មាន​លទ្ធផល​ស៊ើបអង្កេត​ផ្លូវការ​ក៏ដោយ គេ​បាន​ធ្វើ​ការ​សន្និដ្ឋាន​ជា​បឋម​ថា គ្រោះថ្នាក់​នេះ​មិនមែន​បណ្តាល​មក​ពី​កំហុស​អ្នក​បើករថភ្លើងទេ។ ​ប្រធាន​ក្រុមហ៊ុន​រថភ្លើង​បារាំង បាន​ឲ្យដឹង នៅ​ព្រឹកថ្ងៃ​សៅរ៍​នេះថា គេ​រកឃើញ​តម្រ៉ុយខ្លះៗ ដែល​​អាច​ឲ្យ​គេ​ធ្វើការ​សន្និដ្ឋាន​ជា​ជំហាន​ដំបូង​ថា គ្រោះថ្នាក់​ក្រឡាប់​រថភ្លើង​ម្សិលមិញ​នេះ គឺ​បណ្តាល​មក​ពី​បញ្ហា​តំណផ្លូវរថភ្លើង នៅ​ត្រង់​ផ្លូវ​បំបែក។

តាមពិតទៅ គ្រាន់តែ​មាន​ដំណឹង​ពី​គ្រោះថ្នាក់​ក្រឡាប់​រថភ្លើង​នេះ​ភ្លាម​ គេនាំ​គ្នា​​​សង្ស័យ​ទៅលើ​​​ស្ថានភាព​ចាស់រេចរឹល​នៃ​ផ្លូវដែក តាំង​ពី​ដើមទីម៉្លេះ ព្រោះ​បញ្ហា​នេះ​ ធ្លាប់​​ជា​រឿងចម្រូងចម្រាស​ជាច្រើន​ឆ្នាំ​មកហើយ ដោយ​គេ​នាំគ្នា​រិះគន់​រដ្ឋាភិបាល​ថា មិនបាន​គិតគូរ​បោះទុនវិនិយោគ ដើម្បី​ធ្វើ​ទំនើបកម្ម​ប្រព័ន្ធផ្លូវដែក​ឲ្យ​ស្រប​ទៅនឹង​តម្រូវការ។

កន្លងមក ទាំងរដ្ឋាភិបាល​បារាំង ទាំង​ក្រុមហ៊ុន​អយស្ម័យាន​បារាំង ដែល​ជា​ក្រុមហ៊ុន​របស់​រដ្ឋ ក៏​សុទ្ធតែ​ធ្លាប់​បាន​ទទួលស្គាល់ដែរ​ថា ប្រព័ន្ធផ្លូវដែក​បារាំង​​មាន​ភាពចាស់រេចរឹល​ខ្លាំង។

អ្វី​ដែល​គួរ​ឲ្យ​កត់សម្គាល់ គ្រោះថ្នាក់​រថភ្លើង កាល​ពី​ល្ងាច​ម្សិលមិញនេះ កើតឡើង​នៅលើ​ផ្លូវរថភ្លើង ដែល​​ប្រធាន​ក្រុមហ៊ុន​អយស្ម័យាន​បារាំងបាន​កំណត់ កាល​ពី​ឆ្នាំ​២០១១​ថា ជា​ផ្លូវ​ដែល​មាន​ភាព​ចាស់រេចរឹល​ខ្លាំងជាងគេ។

សំណួរ-បើ​ស្តាប់​មើលទៅ​ដូចជា​គួរឲ្យ​ចម្លែក! បារាំង​​ស្ថិត​ក្នុង​ចំណោម​ប្រទេស​​ដែល​​មាន​បច្ចេកវិទ្យា​ខាងផ្លូវដែក​​ទំនើបបំផុត ក៏ប៉ុន្តែ បែរ​ជា​មាន​​បណ្តាញ​ផ្លូវដែក​ចាស់​រេចរឹល​ ដែល​អាច​ជា​មូលហេតុ​នាំ​ឲ្យ​មាន​គ្រោះថ្នាក់​​ធ្ងន់ធ្ងរ​ដូចជា​ពីម្សិលមិញ​នេះ​ទៅវិញ។
 
យើងអាច​និយាយ​បាន​ថាវា​ជារឿង​ចម្លែក! ក៏ប៉ុន្តែ មែនទែនទៅ ប៉ុន្មាន​ឆ្នាំ​ចុងក្រោយ​នេះ យើងឃើញថា បារាំង​បានចំណាយ​លុយច្រើន ​តែ​ទៅលើ​ការ​អភិវឌ្ឍ​បច្ចេកវិទ្យាថ្មីៗ​ ទំនើបៗ​ និង​សាងសង់​បណ្តាញ​​រថភ្លើង​ល្បឿនលឿន (TGV) ហើយ​មិនសូវ​ជា​យកចិត្ត​ទុកដាក់​ចំពោះបណ្តាញផ្លូវរថភ្លើង​ធម្មតា។ ការ​ធ្វើ​ទំនើប​កម្ម​បណ្តាញ​ផ្លូវ​រថភ្លើង​ធម្មតា ក៏​ត្រូវ​បាន​ធ្វើ​​ខ្លះ​ដែរ ក៏ប៉ុន្តែ ការកែលម្អ​បណ្តាញ​រថភ្លើង​​ប្រភេទ​នេះ (ទាំង​ផ្លូវដែក និង​ទាំង​ទូរថភ្លើង) វិវឌ្ឍ​មិនទាន់​កំណើន​នៃ​ចំនួន​អ្នក​ធ្វើ​ដំណើរ ពីព្រោះ ប្រជាជន​បារាំង​ ជាពិសេស នៅ​ក្នុង​តំបន់​ប៉ារីស ភាគច្រើន​ គេទៅធ្វើការ​ដោយ​ជិះរថភ្លើង។

ដោយសារតែ​មើលឃើញ​ពីកង្វះខាត​នេះ​ហើយ​បាន​ជា យើងឃើញ​ថា ប៉ុន្មាន​ឆ្នាំ​មកនេះ រដ្ឋាភិបាល​បារាំង​បាន​ចាប់ផ្តើម​​បង្កើន​ការវិនិយោគ​លើ​ការ​ធ្វើ​ទំនើបកម្ម​បណ្តាញ​រថភ្លើង​ ពី ១ពាន់លាន​អឺរ៉ូ នៅ​ឆ្នាំ​២០០៧ ​ដល់ ២ពាន់ ៥រយលាន​អឺរ៉ូ នៅ​ឆ្នាំ​២០១១។ ម្យ៉ាងទៀត ​កាល​ពី​ប៉ុន្មាន​ថ្ងៃ​មុន​ពេល​មាន​គ្រោះថ្នាក់​ក្រឡាប់រថភ្លើង​នេះ រដ្ឋាភិបាល​លោក​ហ្វ្រង់ស័រ ហូឡង់ ទើប​នឹង​ប្រកាស​បង្កើន​កញ្ចប់​ថវិកា​សម្រាប់​កែលម្អ​បណ្តាញ​ផ្លូវដែក​នេះ រហូតដល់​ទៅ ៥ពាន់ ៥រយលាន​អឺរ៉ូ ដោយ​ផ្តោត​ជាពិសេស ទៅលើ​ការ​ផ្លាស់ប្តូរ​ទូររថភ្លើង ដូចជា​ប្រភេទរថភ្លើង ដែល​ក្រឡាប់​ម្សិលមិញនេះ៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

មើលវគ្គផ្សេងទៀត
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ