អានតួអត្ថបទ
ម៉ាឡេស៊ី-ចិន

ចិន​លែង​ខ្វល់​នឹង​ការ​ធ្លាក់​យន្តហោះ​ម៉ាឡេស៊ី​MH៣៧០

៦​ខែ​ក្រោយ​ការ​ធ្លាក់​យន្តហោះ​ម៉ាឡេស៊ី MH370 ការ​ស្វែង​រក​គ្មាន​បាន​លទ្ធផល​អ្វី​បន្តិច​បន្តួច​សោះ។ លោក​នាយក​រដ្ឋមន្ត្រី​អូស្ត្រាលី​ បាន​អញ្ជើញ​មក​ម៉ាឡេស៊ី​ជា​ថ្មី នៅ​ថ្ងៃសៅរ៍​និង​អាទិត្យ​ទី ៦-៧ កញ្ញា នេះ​ ដើម្បី​ពិភាក្សា​ជាមួយ​សមភាគី អំពី​ដំណាក់​កាល​ថ្មី នៃ​​ប្រតិបត្តិការ​រុក​រក​​កន្លែង​​យន្តហោះ​ធ្លាក់។

យន្តហោះ​ម៉ាឡេស៊ី​MH៣៧០​ធ្លាក់​បាត់ ធ្វើ​ជា​វត្ថុ​អនុស្សាវរីយ៍​
យន្តហោះ​ម៉ាឡេស៊ី​MH៣៧០​ធ្លាក់​បាត់ ធ្វើ​ជា​វត្ថុ​អនុស្សាវរីយ៍​ © Reuters
ផ្សាយពាណិជ្ជកម្ម

អូស្ត្រាលី ដែល​ជា​អ្នក​ដឹកនាំ​ប្រតិបត្តិការរុក​រក​ខ្មោច​យន្តហោះ​ម៉ាឡេស៊ី​MH370 តាំង​ពី​​ហេតុការណ៍​ធ្លាក់​បាត់​មក បាន​ប្រកាស​កាលពី​ថ្ងៃ​សុក្រ​ថា​បាន​ឃើញ​វត្ថុ​រឹង​មួយ​ ធ្វើ​ពី​លោហៈ​​នៅក្នុង​ផ្ទៃ​មហា​សមុទ្ទ​ឥណ្ឌា ប៉ុន្តែ​តាមការពិត​ទៅ​ គឺ​ជា​ទំនងភូគព្ភសាស្ត្រ​ច្រើន​ជាង។

យន្តហោះ MH370  ដែល​បាន​បាត់​ខ្លួន​នៅ​ថ្ងៃ​ទី ៨​មិនា ក្រោយ​ពី​បាន​ហោះ​ចេញ​ពី​ក្រុង​កូឡាឡាំពួរ បាន​បន្តិច។ មាន​ផ្ទុក​​អ្នក​ដំណើរ​២៣៩នាក់ យន្តហោះ​ម៉ាឡេស៊ី​ដែល​ត្រូវ​ហោះ​ឆ្ពោះ​ទៅ​កាន់​ក្រុង​ប៉េកាំង ស្រាប់​តែ​បង្វែរ​ទិស​មក​ ហោះ​បញ្ច្រាស​សំដៅ​ទិស​ខាង​លិច បន្ទាប់​មក​ចុះ​ទៅ​ទិស​ខាង​ត្បូង រួច​ក៏​បាន​ស្រមោល​ឈឹង។ ការ​ស្វែង​រក​ដែល​បាន​ប្រើ​មធ្យោបាយ​គ្រប់​យ៉ាង គ្មាន​ផ្តល់​លទ្ធផល​អ្វី​សោះ​រហូត​មក​ទល់​នឹង​ម៉ោង​នេះ។ ​

មាន​សម្មតិកម្ម​ជា​ច្រើន​​ត្រូវ​បាន​យក​មក​ពន្យល់​អំពី​ការ​បាត់​យន្តហោះ​នេះ ៖ ជា​ចេតនា​របស់​អ្នក​បើក​យន្តហោះ​ទាំង​ពីរ មានការ​បង្វែរ​យន្តហោះ​ក្នុង​ហេតុផល​ភេរវកម្ម ឬ​ក៏​​​យន្តការ​យន្តហោះ​មាន​បញ្ហា… បើ​តាម​អ្នក​ទទួល​ខុស​ត្រូវ​ផ្នែក​អង្កេត​ការ សម្មតិកម្ម​ដែល​គួរ​ឱ្យ​ជឿ​ជាក់​ជាង​គេ​គឺ​ ការ​ធ្លាក់​ចុះ​បរិមាណ​ខ្សល់​អ៊ុកស៊ីហ្សែន​ក្នុង​យន្តហោះ​ដែល​បណ្តាល​ឱ្យ​ក្រុម​អ្នក​បើក​និង​អ្នក​ដំណើរ​សន្លប់ រួច​យន្តហោះ​​បន្ត​ការ​ហោះហើរ​ដោយ​ម៉ាស៊ីន​បញ្ជា​ស្វ័យប្រវត្តិ​ រហូត​ទាល់​តែ​អស់​សាំង​ ទើប​ធ្លាក់​បាត់។​

មាន​ចំណុច​អាថ៌កំបាំង​ច្រើន​ទៀតណាស់ ដែល​ជាហេតុ​ធ្វើ​ឱ្យក្រុមគ្រូសារ​ជន​រង​គ្រោះ​ ពិបាក​ទទួល​យក​។ គ្រួសារ​​ចិន ដែល​តំណាង​ឱ្យ​មួយ​ភាគ​បី​នៃ​អ្នក​ដំណើរ​ បានអះអាង​នៅ​ថ្ងៃនេះ​ថា អាជ្ញាធរ​ចិន​បាន​បង្ហាញ​យ៉ាង​ចំហ​ភាព​ស្អប់​ខ្ពើម និង​មិន​អើពើ​ចំពោះ​គ្រួសារ​រងគ្រោះ​កាន់​តែ​ខ្លាំង​ឡើងៗ។ គ្រួសារ​ខ្លះ​ត្រូវ​បាន​ប៉ូលិស​វាយ​ដំ ឬ​ចាំ​យាម​នៅ​មុខ​ផ្ទះ​ មិន​ឱ្យ​បញ្ចេញ​សំឡេង​ផង។ ៦​ខែ​ក្រោយ​គ្រោះ​ធ្លាក់​យន្តហោះ ព័ត៌មាន​មាន​កាន់​តែ​តិច សំណាង​ថា​នឹង​បាន​ដឹង​មូល​ហេតុ​ កាន់​តែ​ខ្សោយ។ រដ្ឋាភិបាល​ចិន​បាន​ប្រកាស​ជា​ច្រើន​លើក​ច្រើន​សារ មិន​ចំណាយ​កម្លាំង​ដល់ការ​ស្វែង​រក​យន្តហោះ​បាត់​ឡើយ៕

 

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ