អានតួអត្ថបទ
ព្រឹត្តិការណ៍អន្តរជាតិប្រចាំថ្ងៃ

ក្រុមហ៊ុន​​ម៉ាឡេស៊ី​អ៊ែរឡាញ​ត្រដរ​ខ្យល់​ក្រោយ​សោកនាដកម្មធ្លាក់​យន្តហោះ​ផ្ទួនៗ

ចុះផ្សាយ​នៅ​ថ្ងៃ៖

ជិត​១០​ក្រោយ​ការ​ធ្លាក់​យន្តហោះ​ Boeing MH17 មឈូស​ដឹកសាកសព​២២៧​​នាក់​ បាន​ទៅ​ដល់​ប្រទេស​ហូឡង់ ! ដូច្នេះ​ត្រូវ​នៅ​ខ្វះ ៧១​នាក់​ទៀត ដែល​នៅកប់​ក្នុង​គំនរ​ខ្មោច​យន្តហោះ​ នៅ​ភាគ​ខាង​កើត​ប្រទេស​អ៊ុយក្រែន។ ការ​រុក​រក​នៅ​តែ​បន្ត ! ក្រុម​អ្នក​​ឯកទេស​ហូឡង់​ត្រូវ​​​ទៅ​ដល់​កន្លែង​គ្រោះ​ថ្នាក់ ប៉ុន្តែ​ការងារ​ត្រូវ​ជួប​ការ​លំបាក​ខ្លាំង​ ព្រោះ​ការ​ប្រយុទ្ធ​គ្នា​រវាង​កងទ័ព​រដ្ឋាភិបាល​អ៊ុយក្រែន និងពួក​ឧទ្ទាម​កាន់​តែ​រំកិល​មក​ជិត​កន្លែង​យន្តហោះ​ធ្លាក់។ នៅ​ថ្ងៃ​នេះ​ ឯកអគ្គរដ្ឋទូត​ហូឡង់ និង​ម៉ាឡេស៊ី​ បាន​រៀប​ចំ​ដង្ហែ​ក្បួន​រួម​គ្នា​ ក្នុង​អត្ថន័យ​ប្រយុទ្ធ​ប្រឆាំង​នឹង​ភេរវកម្ម ដោយ​មាន​ការ​ចូល​រួម​ពី​សំណាក់​ប្រជាជន​ជា​ច្រើន​ពាន់​នាក់ នៅ​ទីក្រុង​គៀវ។ ឯ​ចំណែក​ក្រុមហ៊ុន​អាកាសចរណ៍​​ម៉ាឡេស៊ី​អ៊ែរឡាញ​វិញ ថ្វី​បើ​បាន​និង​កំពុង​នឹង​បន្ត​​សកម្មភាព​ដឹកជញ្ជូន​អ្នក​ដំណើរមែន ប៉ុន្តែ​ឥទ្ធិពល​ នៃ​​ធ្លាក់​យន្តហោះ​នេះផ្តើម​ជះ ចំហាយ​អាក្រក់​​ ជោគវាសនា​ក្រុមហ៊ុន​ជា​បណ្តើរ​ហើយ។

កង​កម្លាំង​មាន​សមត្ថកិច្ច​ធ្វើ​ការ​ នៅ​កន្លែង​យន្តហោះ​ MH 17 ធ្លាក់ ក្នុង​តំបន់​Donetsk
កង​កម្លាំង​មាន​សមត្ថកិច្ច​ធ្វើ​ការ​ នៅ​កន្លែង​យន្តហោះ​ MH 17 ធ្លាក់ ក្នុង​តំបន់​Donetsk REUTERS/Maxim Zmeyev
ផ្សាយពាណិជ្ជកម្ម

ការ​ប្រយុទ្ធ​ប្រដាប់​រំខាន​ការងារ​អង្កេត​របស់​ក្រុម​ជំនាញ​

 
ការងារ​ស៊ើប​អង្កេត​ មាន​លក្ខណៈ​ស្មុគស្មាញ​ខ្លាំង​ណាស់ ដោយ​ហេតុ​តំបន់​ធ្លាក់​យន្តហោះ​នោះ ជា​តំបន់​ប្រយុទ្ធ​គ្នា​រវាង​កងទ័ព​រដ្ឋាភិបាល និង​ពួក​ឧទ្ទាម​។ លើសពីនេះ​ទៅទៀត នៅ​ថ្ងៃ​នេះ កងទ័ព​អ៊ុយក្រែន បាន​បន្ត​យុទ្ធនាការ​ប្រយុទ្ធ​ប្រឆាំង​នឹង​ពួក​ចង់​ផ្តាច់​ទឹក​ដី​ ស្និទ្ធ​នឹង​រុស្ស៊ី ដើម្បី​សាក​ល្បង​ដណ្តើម​យក​ក្រុង​ដូណេត និង​លូហ្កង់មកវិញ។

ក្រុមជំនាញ​ហូឡង់ ៣០​នាក់ ត្រូវ​​អញ្ជើញ​ទៅ​កន្លែង​ធ្លាក់យន្តហោះ​ ដែល​មាន​ទីតាំង​នៅ​ភាគ​ខាង​កើត តាម​រយៈ​កិច្ចព្រមព្រៀង​រវាង​​អង្គការ​សន្តិសុខ​និង​សហប្រតិបត្តិការ​អឺរ៉ុប ជាមួយពួក​ឧទ្ទាម​។ អាជ្ញាធរ​​ម៉ាឡេស៊ី ក៏​ទើប​បានប្រកាស​អំបាញ់​មិញ​ដែរ​ថា បាន​​ព្រមព្រៀង​ជាមួយ​ពួក​បះបោរ​នៅ​ភាគ​ខាង​កើត​អ៊ុយក្រែន បើក​ផ្លូវ​ឱ្យ​មាន​បេសកកម្ម​ប៉ូលិស​អន្តរជាតិ​។ ប៉ុន្តែ​ប្រតិបត្តិការ​នេះ​ទំនង​ជា​ត្រូវ​លើក​ពេល ឬ​លុប​ចោល​ទៅ​វិញ​ ដោយ​ហេតុ​តែ​មាន​ការ​ប្រយុទ្ធគ្នា​ខ្លាំង​ពេក​។

ថ្នាក់​ដឹកនាំ​អូស្ត្រាលី​ និង​ហូឡង់ កំពុង​ពិចារណា​គ្នា រក​មធ្យោបាយ​​ការ​ពារ​សុវត្ថិភាព​កន្លែង​ធា្លក់​យន្តហោះ។ ប៉ូលិស​ប្រដាប់​អាវុធ​អូស្ត្រាលី​ នឹង​មក​ដល់​ភាគ​ខាង​កើត​អ៊ុយក្រែន នៅ​សប្តាហ៍​ក្រោយ។ អូស្ត្រាលី​និង​ហូឡង់ ដែល​ជា​អ្នក​​រង​គ្រោះ​ខ្លាំង​ជាង​គេ​ពី​ការ​ធ្លាក់យន្តហោះ​ម៉ាឡេស៊ី MH17នេះ ត្រៀម​​បញ្ជូន​កងពល​របស់​ខ្លួន​ មក​អ៊ុយក្រែន​ក្នុង​ក្របខ័ណ្ឌ​ប៉ូលិស​អន្តរជាតិ​ ដើម្បី​ធានា​ឱ្យ​បាន​សន្តិសុខ​សុវត្ថិភាព​កន្លែង​យន្តហោះ​ធ្លាក់​ ប្រមូលបំណែក​​សាកសព​ជនរងគ្រោះ​ដែល​នៅ​សេសសល់ និងឱ្យ​ក្រុម​អ្នក​​ធ្វើ​ការ​ជា​​លក្ខណៈ​ឯករាជ្យ។

​ក្រុមហ៊ុន​​ម៉ាឡេស៊ីអ៊ែរឡា ជួប​វិបត្តិ​ហិរញ្ញវត្ថុ​ខ្លាំង ត្រូវការ​ជំនួយ​ជា​បន្ទាន់ !

មែន​ហើយ ! គ្រប់​ក្រុមហ៊ុន​អាកាសចរណ៍ស៊ីវិល​ទាំង​អស់​ តែង​តែ​ត្រដរ​ខ្សល់​នៅ​ពេល​បាត់​បង់​យន្តហោះ ផ្ទុក​ពេញ​ទៅ​ដោយ​អ្នក​ដំណើរ ហើយកាន់តែ​យ៉ាបយឺន​ពិសេស​ទៅ​ទៀត បើ​ក្រុមហ៊ុន​កំពុង​ខាត​បង់​ស្រេច។ យ៉ាងណា​មិញ ក្រុមហ៊ុន​ម៉ាឡេស៊ី​ ពិត​ជា​មិន​អាច​ចៀស​ផុត​ពី​វិបត្តិ​បាន​ឡើយ ព្រោះ​ក្នុង​រយៈ​ពេល​តែ​ប៉ុន្មាន​ខែ​ ក្រុមហ៊ុន​បាត់​បង់​យន្តហោះ​ដល់​ទៅ​ពីរ​គ្រឿង។

បើតាម​អ្នក​វិភាគ​ Malaisia Airlines ពេល​នេះ​ត្រូវ​ការអន្តរាគមន៍​ជា​បន្ទាន់​ពី​មូលនិធិ​វិនិយោគ​សាធារណៈ​​ដែល​មាន​ភាគ​ហ៊ុន​៦៩%​ និង​ចាំ​បាច់​ត្រូវ​សើរើ​ ឡើង​វិញ​​រចនាសម្ព័ន្ធ​ឱ្យ​ដល់​ឬសគល់ បើ​ចង់​មាន​មុខ​មាន​មាត់​ឡើងវិញ។ ស្ថានភាព​ហិរញ្ញវត្ថុរបស់​​ក្រុមហ៊ុន មាន​លក្ខណៈ​ដុបដាប​ខ្លាំងណាស់ តែ​យ៉ាង​ណា​ក៏​ដោយ​ ក៏​ក្រុមហ៊ុន​អាច​ស្តារ​បាន​ដែរ។ មាន​ក្រុមហ៊ុន​អាកាសចរណ៍​ស៊ីវិល​ច្រើន​មក​ហើយ​ មាន​ជាអាទិ៍ ក្រុមហ៊ុន​កូរ៉េអ៊ែរ ឬ​ឥណ្ឌូណេស៊ី ហ្ការ៉ូដា ដែល​ដាំដូង​ចុះ​ តែ​អាច​ងើប​ឡើង​វិញ​បាន​។

ប្រសិន​បើ​រដ្ឋាភិបាល​ម៉ាឡេស៊ី​មិន​ចូល​ជួយ​ចូក​ជួយ​ចែវ​ទេ ស្នើ​ផែនការ​យុទ្ធសាស្ត្រ​ថ្មី​ទេ នោះ​ក្រុមហ៊ុន​នឹង​ត្រូវ​ស្លាប់​​តែ​ម្តង ! ត្រដរ​រស់​បាន​ត្រឹម​តែ​៦​ខែ​ទៀត​ប៉ុណ្ណោះ។ ជា​ច្រើន​ឆ្នាំ​មក​ហើយ​ដែល​ចំនួន​អ្នក​ដំណើរ​ជិះ​ម៉ាឡេស៊ី​អ៊ែរឡាញ​បាន​ធ្លាក់​ចុះ ហើយ​​ខាត​បង់​កាន់​តែ​ធំធេង នៅ​ពេល​មាន​គ្រោះ​បាត់​យន្តហោះ​MH370 កាលពី​ថ្ងៃ​ទី ៨​មីនា ២០១៤។ នៅ​ថ្ងៃ​ទី ១៧​កក្កដា យន្តហោះ​MH17មួយ​គ្រឿងបាន​​​ធា្លក់​សម្លាប់​ជីវិត​មនុស្ស​អស់​ ២៩៨នាក់ ដូច​ជា​បានធ្លាក់​ពន្លិច​ក្រុមហ៊ុន​ឱ្យ​កាន់​តែ​ផុង​ជ្រៅ​ក្នុង​វិបត្តិ។

អ្នក​ដំណើរ​ថយ​ចុះ ​រដ្ឋាភិបាលមាន​ភារកិច្ច​ជួយ​ស្រោច​ស្រង់

យន្តហោះ​MH17 ធ្លាក់​ គ្មានពាក់ព័ន្ធ​នឹង​ក្រុមហ៊ុន ឬ​បញ្ហា​សុវត្ថិភាព​ទេ ! បើ​តាម​ប្រភព​អាមេរិក​ យន្តហោះ​ប៊ូអ៊ីន​នេះ​បាន​ធ្លាក់​ព្រោះ​គ្រាប់​មីស៊ីល​របស់​ពួក​ឧទ្ទាម​ចង់​ផ្តាច់​ទឹក​ដី​នៅ​ភាគ​ខាង​កើត​អ៊ុយក្រែន វា​មិន​គួរ​មាន​អ្វី​ប៉ះពាល់​ដល់​ការ​កក់ ទិញ​ ឬ​ការ​ជ្រើសរើស​ជិះ​យន្តហោះ​ក្រុមហ៊ុន​ម៉ាឡេស៊ី​នេះ​ឡើយ ប៉ុន្តែ​គួរ​ឱ្យ​សោកស្តាយ​ អ្នក​ដំណើរ​អន្តរជាតិ​ទាំង​ឡាយ​បាន​ចង់ចាំ​និង​ភ្ជាប់​ឈ្មោះ​ក្រុមហ៊ុន​ម៉ាឡេស៊ី​ទៅ​នឹង​សោកនាដកម្ម​ធ្លាក់​យន្តហោះ ! មិន​គិត​ដល់​ពី​មូលហេតុ​ដើម​ឡើយ ! ម៉ាឡេស៊ីអ៊ែរឡាញ​ បែរ​ជាមាន​ន័យ​ថា​គ្រោះថ្នាក់​ធ្លាក់​យន្តហោះ ចំណាត់ការ​មិន​ល្អ គ្មាន​វិន័យ​ ឬ​កត្តា​អវិជ្ជមាន​ផ្សេង​ទៀត...

អ្នក​វិភាគ​ខ្លាំង​ព្រួយ​បារម្ភ​ និង​ព្យាករ​ថា មូលនិធិ​វិនិយោគ​ជាតិ ដែល​មាន​ភាគ​ហ៊ុន​៦៩% អាច​នឹង​ដក​ក្រុមហ៊ុន​ម៉ាឡេស៊ី​អ៊ែរឡាញ​ចេញ​ពី​ទីផ្សារ​ភាគ​ហ៊ុន និង​ចេញ​​វិធានការ​ដ៏​តឹង​តែង កាត់​បន្ថយ​ចំណាយ​ និង​កំណែទម្រង់​ផ្សេងៗ​ទៀត។ ចំណាត់ការ​មិនល្អ រដ្ឋាភិបាល​ជ្រៀត​ជ្រែក បុគ្គលិក​ច្រើន​ហួស​តម្រូវការ សហជីព​ចេះ​តែ​ស្រែក​ប្រឆាំង រាល់​ការ​ប្តូរ​ផ្លាស់ បានធ្វើ​ឱ្យ​ក្រុមហ៊ុន​ជួប​​ការ​លំបាក​ខ្លាំង​ ឥលូវ​ត្រូវ​មក​ជួប​គ្រោះ​ធ្លាក់​និង​បាត់​យន្តហោះ​ទៀត។​​

ប៉ុន្តែ​នេះ​មិន​មែន​មាន​ន័យ​ថា​ម៉ាឡេស៊ី​អ៊ែរឡាញ​គ្មាន​ថ្ងៃ​រស់​ឡើង​វិញ​នោះ​ឡើយ ! កាលពី​ទសវត្សរ៍​ឆ្នាំ​៩០ ក្រុមហ៊ុន​កូរ៉េ និង​ឥណ្ឌូណេស៊ី បាន​ខាត​បង់​ធ្ងន់ធ្ងរ​ បន្ទាប់​ពី​មាន​គ្រោះ​ថ្នាក់​ធ្លាក់​យន្តហោះ​​តែ​ដល់ពេល​ប្តូរ​យុទ្ធសាស្ត្រ ប្តូរ​អ្នក​ដឹក​នាំ​ ក្រុមហ៊ុន​អាកាសចរណ៍​ឥណ្ឌូណេស៊ី បាន​ប្រសើរ​ឡើង ​ឯក្រុមហ៊ុនកូរ៉េ បាន​ក្លាយ​ជា​ក្រុមហ៊ុន​គំរូ​ទៀត​ផង។ ដូច្នេះ​ករណី​ម៉ាឡេស៊ី​អ៊ែរឡាញ​ដូច​គ្នា ពេល​នេះ​គេ​ត្រូវ​រំពឹង​លើ​រដ្ឋាភិបាល​និង​ម្ចាស់​មូលនិធិ​ក្នុង​ការ​ស្តារ​កត្តិយស​ឡើង​វិញ ព្រោះ​ការ​ស្តារ​ក្រុមហ៊ុន​ម៉ាឡេស៊ី​ ក៏​ដូច​ជា​ស្តារ​វិស័យ​​ទេសចរណ៍​ ដែល​រដ្ឋាភិបាល​ចាត់​ទុក​ជា​អាទិភាព​​មួយ​ចង់​ធ្វើ​ការ​អភិវឌ្ឍន៍៕

 

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

មើលវគ្គផ្សេងទៀត
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ