អានតួអត្ថបទ
ម៉ាឡេស៊ី

ម៉ាឡេស៊ី​កាន់​ទុក្ខ​ទូ​ទាំង​ប្រទេស​ ខណៈ​សាក​សព​អ្នក​ស្លាប់​ដោយ​ការ​ផ្ទុះ​យន្ត​ហោះ ​MH17​ មក​ដល់​មាតុ​ប្រទេស​វិញ​

យន្តហោះ​​ដឹក​​សាក​សព​​អ្នក​ស្លាប់​​ដោយ​សារ​​ឧបទ្ទវហេតុ​​ផ្ទុះ​​យន្ត​ហោះ​​ម៉ាឡេស៊ី​ ជើង​ហោះ​ហើរ​ MH17​ នៅ​​ប្រទេស​​អ៊ុយ​​ក្រែ​ន ​បាន​​មក​ដល់​​ប្រទេស​​ម៉ាឡេស៊ី​​ហើយ ​នៅ​​ថ្ងៃ​​សុក្រ​​នេះ​។ ​ទង់​ជាតិ​​ម៉ាឡេស៊ី​​ត្រូវ​គេ​​ទម្លាក់​​ចុះ​​ពាក់​កណ្ដាល ​ដើម្បី​​ជា​ស​ញ្ញា​​កាន់​ទុក្ខ​។ ​ព្រះមហាក្សត្រ​ នាយក​រដ្ឋមន្ដ្រី​ និង​​មន្ដ្រី​​រដ្ឋាភិបាល​គ្រាក់​ៗ​របស់​​ម៉ាឡេស៊ី ​បាន​​​ជួប​ជុំ​គ្នា​​នៅ​​ព្រលាន​​យ​ន្តហោះ​​គូ​​ឡា​​​ឡាំ​​ពួរ​​​តាំង​​ពី​​ព្រឹក​​​ព្រលឹម​ ​ដើម្បី​​​ទទួល​​​សាក​​សព​​​ជន​​ជាតិ​​​ម៉ាឡេស៊ី​​។ ​ជន​​ជាតិ​​​ម៉ាឡេស៊ី ​​ដែល​​​បាន​​​ស្លាប់​​​តាំង​​ពី​​ខែ​កក្កដា​​នៅ​​អ៊ុយ​​ក្រែ​ន​ និង​​ដែល​​ទើប​តែ​​ត្រូវ​បញ្ជូន​​ចេញ​ពី​​ប្រទេស​​ហូ​ឡង់​​ក្រោយ​​បញ្ចប់​​ការ​ពិនិត្យ​​អត្តសញ្ញាណ​។

Les restes de 20 Malaisiens sont arrivés à l'aéroport de Sepang, le 22 août 2014.
Les restes de 20 Malaisiens sont arrivés à l'aéroport de Sepang, le 22 août 2014. REUTERS/Olivia Harris
ផ្សាយពាណិជ្ជកម្ម

យន្តហោះ​ជើងហោះហើរ​ពិសេស របស់​ក្រុមហ៊ុន​អាកាសចរណ៍​ម៉ាឡេស៊ី​អ៊ែរ​ឡាញ ធ្វើដំណើរ​ពី​ទីក្រុង​អាម​ស្ទែរ​ដាម ប្រទេស​ហូ​ឡង់ បាន​ចុះចត​នៅ​ព្រលានយន្តហោះ​អន្ដរជាតិ​គូ​ឡា​ឡាំ​ពួរ នៅ​ម៉ោង១០ព្រឹក ម៉ោង​នៅក្នុង​ប្រទេស​ម៉ាឡេស៊ី។ ជើងហោះហើរ​ពិសេស​នេះ ដឹក​សាកសព​ជនជាតិ​ម៉ាឡេស៊ី​ចំនួន២០នាក់ ដែល​បាន​ស្លាប់​នៅក្នុង​ការផ្ទុះ​យន្តហោះ​ម៉ាឡេស៊ី MH17 នៅ​តំបន់​ដូ​ណេ​ត ប្រទេស​អ៊ុយ​ក្រែ​ន កាលពី​ខែកក្កដា។

ព្រះមហាក្សត្រ Abdul Halim Mu’adzam Shah នៃ​ប្រទេស​ម៉ាឡេស៊ី លោកនាយក​រដ្ឋមន្ដ្រី​ណា​ជីព រ៉ា​ហ្សា​ក់ និង​មន្ដ្រីជាន់ខ្ពស់​ជាច្រើន​នាក់ ស្ថិតក្នុង​សម្លៀកបំពាក់​ពណ៌​ខ្មៅ បានបង្ហាញ​មុខ​នៅ​ព្រលានយន្តហោះ​អន្ដរជាតិ​គូ​ឡា​ឡាំ​ពួរ ដើម្បី​ទទួល​សាកសព​ជនរងគ្រោះ​ចំនួន២០នាក់ ដែល​ទើបតែ​ធ្វើ​មាតុភូមិនិវត្តន៍​នៅ​ព្រឹក​ថ្ងៃ​សុក្រ ទី២២សីហា​នេះ។

ថ្ងៃទី២២សីហា​នេះ ត្រូវបាន​ប្រទេស​ម៉ាឡេស៊ី​កំណត់​ជា​ថ្ងៃ​កាន់ទុក្ខ​ជាតិ។ ទង់ជាតិ​ម៉ាឡេស៊ី ត្រូវគេ​ទម្លាក់​ចុះ​ពាក់កណ្ដាល។ ចំណែក​ប្រជាពលរដ្ឋ​ម៉ាឡេស៊ី​ទាំង២៨លាន​នាក់ បាន​ស្មឹង​ស្មាធិ៍​គោរព​វិញ្ញាណក្ខន្ធ​ជនរងគ្រោះ​អស់​ពេល​មួយ​នាទី។ សកម្មភាព​ដែលមាន​លក្ខណៈ​កម្សាន្ត​សប្បាយ​ទាំងអស់ ត្រូវបាន​អាជ្ញាធរ​ម៉ាឡេស៊ី អំពាវនាវ​ឲ្យ​ផ្អាក​ជា​បណ្ដោះអាសន្ន​សិន នៅ​ថ្ងៃ​សុក្រ​នេះ។

មាន​ជនជាតិ​ម៉ាឡេស៊ី​ចំនួន៤៣នាក់ បាន​ស្លាប់បាត់​បង់ជីវិត នៅក្នុង​ការផ្ទុះ​យន្តហោះ​ម៉ាឡេស៊ី ជើងហោះហើរ MH17។ សាកសព​ចំនួន២០ ដែល​ទើបតែ​មកដល់​ម៉ាឡេស៊ី​វិញ​នេះ ត្រូវបាន​បញ្ជូន​ចេញពី​ប្រទេស​ហូ​ឡង់​ក្រោយ​បញ្ចប់​ការពិនិត្យ​អត្តសញ្ញាណ។ ចំណែក សាកសព​ដែល​នៅសល់ នឹងត្រូវ​បញ្ជូន​មកជា​បន្តបន្ទាប់​ទៀត។

គួររំលឹកថា ជើងហោះហើរ MH17 របស់​ក្រុមហ៊ុន Malaysia Airlines ដែល​ចាក​ចេញពី​ទីក្រុង Amsterdam ប្រទេស​ហូ​ឡង់ ទៅកាន់​ទីក្រុង​គូ​ឡា​ឡាំ​ពួរ ត្រូវបាន​បាញ់​ទម្លាក់​នៅ​តំបន់​ជម្លោះ ភាគ​ខាងកើត​អ៊ុយ​ក្រែ​ន កាលពី​ថ្ងៃទី១៧ ខែកក្កដា សម្លាប់​មនុស្ស​ទាំង២៩៨នាក់​នៅលើ​យន្តហោះ​នោះ ដែល​រួមបញ្ចូល​ទាំង​ជនជាតិ​ម៉ាឡេស៊ី៤៣នាក់​ផង។  ការស៊ើបអង្កេត​នៅតែ​បន្ត ប៉ុន្តែ​នៅ​មិនទាន់​រកមុខ​អ្នកទទួលខុសត្រូវ​លើ​ការបាញ់ប្រហារ​នោះ​នៅឡើយ​ទេ៕
 

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ