អានតួអត្ថបទ
ចិន-ជប៉ុន

នាយក​រដ្ឋមន្ត្រី​ជប៉ុន​ចង់​​​ធ្វើ​​​​ជំនួប​កំពូល​ជាមួយ​ក្រុង​ប៉េកាំង​

នៅ​ថ្ងៃ​សុក្រ​នេះ នាយករដ្ឋមន្ត្រី​ជប៉ុន Shinzo Abe បាន​​ប្រាប់​ថា លោកចង់​អោយ​មាន​ជំនួប​កំពូល​មួយ​រវាង​​ក្រុង​តូក្យូ​និង​ក្រុង​ប៉េកាំង ដោយ​មិន​ចាំបាច់​ឆ្លងកាត់​កិច្ច​ពិភាក្សា​បឋម​អ្វី​នោះទេ។ ​​​ទំនាក់ទំនង​ចិន​និង​ជប៉ុន​​មាន​ការ​​ធ្លាក់​ដុនដាបខ្លាំង​ ដោយ​សារ​តែ​​បញ្ហា​ជម្លោះ​​ប្រជុំ​កោះ​សេនកាគូ នៅ​​សមុទ្រចិន​ខាងកើត។ 

នាយក​រដ្ឋមន្ត្រី​ជប៉ុន Shinzo Abe
នាយក​រដ្ឋមន្ត្រី​ជប៉ុន Shinzo Abe REUTERS/Issei Kato
ផ្សាយពាណិជ្ជកម្ម

ក្នុង​ដំណើរ​ទស្សនកិច្ច​​នៅ​ប្រទេស​សិង្ហបុរី នៅ​ថ្ងៃ​សុក្រ​នេះ នាយករដ្ឋមន្ត្រី​ជប៉ុន ​Shinzo Abe បាន​​បង្ហាញ​ពី​គោលបំណង​របស់​លោក ចង់​អោយជប៉ុន​និង​ចិន​​ រៀបចំ​ជំនួបកំពូល​មួយ​​ ដោយ​មិន​ចាំបាច់​មាន​កិច្ច​ពិភាក្សា​អ្វី​ជាបឋម​នោះ​ទេ។ លោក អាបេ ​ក៏​ចង់​អោយ​មាន​ជំនួប​រវាង​​រដ្ឋមន្ត្រី​ការបរទេស​​នៃ​ប្រទេស​ទាំងពីរ​ផងដែរ។

គួរ​បញ្ជាក់​ឡើងវិញ​ថា ​ក្រុងប៉េកាំង​និង​ក្រុង​តូក្យូ​តែងតែ​ឈ្លោះ​គ្នា​ ដណ្តើម​ប្រជុំកោះ​សេនកាគូ នៅ​សមុទ្រ​ចិន​ខាងកើត។ ទំនាក់ទំនង​រវាង​ចិន​និង​ជប៉ុន បាន​ធ្លាក់ដុនដាប​ខ្លាំង ​ចាប់​ពី​ខែ​កញ្ញា​ ឆ្នាំ​២០១២​ មក ​​​នៅ​ពេល​ដែល​ជប៉ុនបាន​ទិញ​យក​កោះ​ចំនួន​៣​ក្នុង​ចំណោម​កោះ​ទាំង​៥​ នៅ​​តំបន់​ប្រជុំ​កោះ​ជម្លោះ​នេះ ​ដាក់​អោយ​ក្លាយ​ជា​កម្មសិទ្ធិ​ជាតិ​ជប៉ុន។ ភាពតានតឹង​រវាង​ប្រទេស​ទាំងពីរ​ ​បាន​ធ្វើ​អោយ​ប៉ះពាល់​ដល់ដំណើរការ​​សហគ្រាស​ជប៉ុន ពិសេស​សហគ្រាស​រថយន្ត​ ដែល​បោះ​ទីតាំង​ នៅ​ប្រទេស​ចិន។

ការប្រកាស​របស់​នាយករដ្ឋមន្ត្រី​ជប៉ុន ចង់​អោយ​មាន​ជំនួប​​រវាង​​អ្នកទទួល​ខុសត្រូវ​នានានៃ​ប្រទេស​ទាំង​ពីរ​នេះ​​ ធ្វើឡើង នា​ឧកាស​​ដែ​ល​លោក​កំពុង​​ទស្សនកិច្ច​​អាស៊ី​អគ្នេយ៍។ ទស្សនកិច្ច​លោក​មាន​ទិសដៅ​​​​​ជំរុញ​សេដ្ឋកិច្ចជប៉ុន​អោយ​ស្ទុះ​​ទៅ​មុខ​ មួយ​កម្រិត​ទៀត​។ ការ​ប្រកាស​នេះ​បង្ហាញ​ពី ឥរិយាបថ​ថ្មី​មួយទៀត​របស់​ជប៉ុន នៅ​ចំពោះ​មុខ​ឥទ្ធិពល​សេដ្ឋកិច្ច​ចិន​នៅ​អាស៊ីអគ្នេយ៍។ ​

​ក្រសួង​ការ​បរទេស​​ចិន ​បាន​​ឆ្លើយ​តប​ទៅ​នឹង​សំណើ​​របស់​លោក​ អាបេ វិញ​ ក្នុង​លក្ខណៈ​​​ប្រុងប្រយ័ត្ន​ ដោយ​លើកឡើង​ថា ​រដ្ឋាភិបាល​​ចិន​បើកចំហរ​ជានិច្ច ​នូវ​ការ​ចរចា​ជាមួយ​ជប៉ុន ប៉ុន្តែ​​បញ្ហា​​ក្នុង​ទំនាក់ទំនង​រវាង​ប្រទេស​ទាំងពីរ​ គឺ​មក​ពី​ឥរិយាបថ​​របស់​ជប៉ុន​​តែម្តង។ យោងតាម​​ក្រសួង​ការបរទេស​ចិន ជប៉ុន​នៅ​មាន​ការ​ស្ទាក់ស្ទើរ​​​ក្នុង​ការ​ប្រឈមមុខ​នឹង​បញ្ហា​​ដែល​មាន​នៅ​ក្នុង​ទំនាក់ទំនង​រវាង​ប្រទេស​ទាំងពីរ៕​

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ