អានតួអត្ថបទ
ជប៉ុន-ចិន

ជប៉ុន​តវ៉ាជំទាស់​នឹង​បទវិចារណកថា​កាសែត​ចិន​ដែល​ចង់​ទាមទារ​អធិបតេយ្យ​លើ​កោះ​អូគីណាវ៉ា

រដ្ឋាភិបាល​ជប៉ុន​បាន​ធ្វើការ​តវ៉ា​ជាផ្លូវការ​ទៅកាន់​រដ្ឋាភិបាល​ចិន ក្រោយ​ពី​កាសែត​របស់​បក្ស​កុម្មុយនិស្ត​ចិន​បាន​ចុះផ្សាយ​នូវ​បទវិចារណកថាមួយ កាល​ពី​ថ្ងៃ​ពុធ​ម្សិលមិញ ទាមទារ​ឲ្យ​ក្រុងប៉េកាំង​ធ្វើការ​ពិចារណា​មើល​ឡើងវិញ ទៅលើ​លទ្ធភាព​ទាមទារ​យក​កោះ​អូគីណាវ៉ា​ពី​ជប៉ុន​មកវិញ។ អូគីណាវ៉ា ដែល​ជា​ប្រជុំកោះ​ស្ថិត​នៅ​ចុង​ប៉ែក​ខាង​ត្បូង​ប្រទេស​ជប៉ុន ហើយ​ដែល​មាន​មូលដ្ឋាន​ទ័ព​អាមេរិកធំៗ​ជាច្រើន​កន្លែង​នៅទីនោះ។

កោះ​អូគីណាវ៉ា ស្ថិត​នៅ​ក្នុង​ប្រជុំកោះ Ryukyu ស្ថិត​នៅ​ចុង​ខាង​ត្បូងបំផុត​នៃ​ប្រទេស​ជប៉ុន
កោះ​អូគីណាវ៉ា ស្ថិត​នៅ​ក្នុង​ប្រជុំកោះ Ryukyu ស្ថិត​នៅ​ចុង​ខាង​ត្បូងបំផុត​នៃ​ប្រទេស​ជប៉ុន Reuters / Kyodo
ផ្សាយពាណិជ្ជកម្ម

បទវិចារណកថា ស្តីពី​អធិបតេយ្យ​លើ​កោះអូគីណាវ៉ា ត្រូវ​បាន​និពន្ធឡើង​ដោយ​អ្នក​សិក្សា​ស្រាវជ្រាវពីររូប នៃ​បណ្ឌិតសភា​សង្គមសាស្រ្ត​របស់​ចិន ហើយ​ដែល​ត្រូវ​បាន​ចុះផ្សាយ​នៅលើ​កាសែត People’s Daily ដែល​ជា​កាសែត​ផ្លូវការ​របស់​គណបក្ស​កុម្មុយនិស្ត​ចិន។

នៅ​ក្នុង​បទវិចារណកថា​នេះ អ្នកនិពន្ធ​បាន​សរសេរ​ថា នៅ​ពេលនេះ វា​ល្មមដល់​ពេល​ហើយ​ ​ដែល​ចិន​ត្រូវ​ធ្វើការ​ត្រួតពិនិត្យ​មើល​ឡើងវិញ​ ចំពោះ​បញ្ហា​អធិបតេយ្យ​ លើ​ប្រជុំកោះ​ Ryukyu ដែល​បច្ចុប្បន្ន​ កំពុង​ស្ថិត​ក្រោម​ការ​កាន់កាប់​របស់​ជប៉ុន។

ប្រជុំកោះ Ryukyu ដែល​ជប៉ុន​ហៅ​ថា Nansei ស្ថិត​នៅ​ចុង​ប៉ែក​ខាង​ត្បូង​បំផុត នៃ​ប្រទេស​ជប៉ុន ដោយ​លាត​សន្ធឹង​ជិត​ទៅ​ដល់​កោះតៃវ៉ាន់។ កោះ ដែល​ធំជាងគេ នៅ​ក្នុង​ប្រជុំកោះ​នេះ គឺ​កោះ​អូគីណាវ៉ា ដែល​​នៅលើ​នោះ មាន​មូលដ្ឋាន​ទ័ព​អាមេរិក​ធំជាច្រើន​កន្លែង រួមមាន​ទាំង​មូលដ្ឋាន​ទ័ព​អាកាស​ដ៏ធំមួយ​ផងដែរ។

រដ្ឋាភិបាល​ជប៉ុន​បាន​ចេញមុខ​ធ្វើការ​បដិសេធ​ភ្លាមៗ ចំពោះ​ការអះអាង នៅ​ក្នុង​បទវិចារណកថា​នេះ ដោយ​បាន​អះអាង​ថា អូគីណាវ៉ា​ស្ថិត​ក្រោម​អធិបតេយ្យ​របស់​ជប៉ុន​យ៉ាង​ច្បាស់លាស់​ ដោយ​គ្មាន​អ្វី​គួរ​ឲ្យ​មន្ទិលសង្ស័យ​នោះទេ។ វា​ស្ថិត​ក្រោម​ការ​គ្រប់គ្រ​ង​របស់​ជប៉ុន ទាំង​នៅលើ​ដីជាក់ស្តែង ហើយ​ទាំង​មាន​ការ​ទទួលស្គាល់​ពី​សហគមន៍​អន្តរជាតិ។

មន្រ្តី​អ្នកនាំពាក្យ​រដ្ឋាភិបាល​ជប៉ុន​បាន​ប្រាប់​អ្នក​សារព័ត៌មាន នៅថ្ងៃ​ព្រហស្បតិ៍​នេះ​ថា ជប៉ុន​បាន​ប្រាប់​ទៅ​រដ្ឋាភិបាល​ចិន​រួចហើយ​ថា ជប៉ុន​សូម​តវ៉ា​ជំទាស់​យ៉ាង​ខ្លាំងក្លា​បំផុត ចំពោះ​អ្វី​ដែល​បាន​សរសេរ​ នៅ​ក្នុង​បទវិចារណកថា​ម្សិលមិញ​នេះ ប្រសិនបើ​វា​ឆ្លុះបញ្ចាំង​នូវ​ជំហរ​ផ្លូវការ​របស់​រដ្ឋាភិបាល​ក្រុង​ប៉េកាំង។ បើតាម​អ្នក​នាំពាក្យ​ដដែល រដ្ឋាភិបាល​ចិន​បាន​ឆ្លើយតប​មកវិញ​ថា បទវិចារណកថា​នេះ​​គ្រាន់តែ​ជា​អត្ថបទ​សរសេរ​ដោយ​អ្នក​សិក្សា​ស្រាវជ្រាវ​តែ​ប៉ុណ្ណោះ។

ក៏ប៉ុន្តែ កាល​ពីថ្ងៃ​ពុធ​ម្សិលមិញ​នេះ ឆ្លើយ​តប​ទៅនឹង​សំណួរ​របស់​អ្ន​កកាសែត ដែល​ចោទសួរ​ថា តើ​រដ្ឋាភិបាល​ចិន​ទទួលស្គាល់​​ថា ប្រជុំកោះ Ryukyu ជា​របស់​ជប៉ុន​ដែរ​ឬ​ក៏​យ៉ាងណា អ្នកនាំពាក្យ​ក្រសួង​ការបរទេស​ចិន​បាន​ព្យាយាម​ឆ្លើយ​ពង្វាងទៅ​រឿង​ផ្សេង ដោយ​មិន​បាន​បញ្ជាក់​​ឲ្យ​បាន​ច្បាស់លាស់ អំពី​ជំហរ​ផ្លូវការ​របស់​រដ្ឋាភិបាល​ក្រុង​ប៉េកាំង​ ចំពោះ​ប្រជុំកោះ​នេះ​ទេ៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ