អានតួអត្ថបទ
ព្រឹត្តិការណ៍អន្តរជាតិប្រចាំថ្ងៃ

ហេតុអ្វី​បាន​ជា​អាល់ហ្សេរី​ជួយ​យក​អាសា​គ្រួសារ​Kadhafi

ចុះផ្សាយ​នៅ​ថ្ងៃ៖

ជាង​មួយ​សប្តាហ៍​ក្រោយ​ពី​រដ្ឋធានី​ ទ្រីប៉ូលី​បាន​ធ្លាក់​ទៅ​ក្នុង​ដៃ​របស់​ពួក​គេ​រួច​មក ទ័ព​ឧទ្ទាម​លីប៊ី​នៅ​តែ​តាម​ចាប់​Kadhafi​មិន​បាន។ ប្រពន្ធ​និង​កូនចៅ​របស់​Kadhafi បាន​ទៅ​ដល់​ប្រទេស​អាល់ហ្សេរី​ហើយ រី​ឯ​Kadhafi​ខ្លួន​ឯង​បន្ត​លាក់​ខ្លួន​នៅ​ក្នុង​ប្រទេស​លីប៊ី​ត​ទៅ​ទៀត។ អាជ្ញាធរ​បណ្តោះ​អាសន្ន​របស់​លីប៊ី គឺ​ក្រុម​ប្រឹក្សា​ជាតិ​អន្តរកាល​CNT​កំពុង​ខឹង​ក្រេវក្រោធ ខឹង​ទីក្រុង​អាល់ហ្សេ​ដែល​បាន​ប្រគល់​សិទ្ធិ​ជ្រកកោន​ដល់​ក្រុម​គ្រួសារ​ របស់​Kadhafi។ តើ​ហេតុអ្វី​បាន​ជា​ថ្នាក់ដឹកនាំ​ប្រទេស​អាល់ហ្សេរី​ជួយ​យក​អាសា​ក្រុម​ គ្រួសារ​Kadhafi?

ផ្សាយពាណិជ្ជកម្ម

ដំបូង​ឡើយ​ក្រុម​អ្នក​សង្កេតការ​បាន​ភ្ញាក់​ផ្អើល​ជា​ខ្លាំង នៅ​ពេល​ដែល​បាន​ដឹង​ថា ប្រធានាធិបតី​អាល់ហ្សេរីBouteflika បាន​ផ្តល់​សិទ្ធិ​ជ្រកកោន​ដល់​ក្រុមគ្រួសារ​Kadhafi ពីព្រោះ​ប៉ុន្មាន​ឆ្នាំ​ចុង​ក្រោយ​នេះ ប្រទេស​អាល់ហ្សេរី និង​របប​របស់​Kadhafi​មិន​ត្រូវ​គ្នា​ទេ មើល​មុខ​គ្នា​មិន​ចំ​ទេ។

ប៉ុន្តែ ទីក្រុង​អាល់ហ្សេ​ប្រហែល​ជា​គ្មាន​ជម្រើស​អ្វី​ផ្សេង ក្រៅ​ពី​ជួយ​យក​អាសា​ក្រុម​គ្រួសារ​Kadhafi​ទេ។ មូលហេតុ​ទី​មួយ គឺ​មក​ពី​អាល់ហ្សេរី​ដែល​មាន​ព្រំដែន​ជាប់​ជាមួយ​លីប៊ី ក៏​ជា​ប្រទេស​មួយ​ដែល​ឋិត​នៅ​ក្រោម​ការគំរាមកំហែង​នៃ​បដិវត្តន៍​ពិភព​ អារ៉ាប់​ដែរ។ និយាយ​បែប​ផ្សេង ការភិតភ័យ​នៅ​ចំពោះមុខ​ចលនា​បះបោរ​ធ្វើ​ឲ្យ​បណ្តា​អ្នកកាន់​អំណាច​ផ្តាច់ការ ​ក្នុង​តំបន់ រត់​ឱប​គ្នា សាមគ្គី​គ្នា ជួយ​គ្នា​ទៅ​វិញ ទៅ​មក។

មូលហេតុ​មួយ​ទៀត គឺ​មូលហេតុ​ប្រវត្តិសាស្រ្ត។ សូម​កុំភ្លេច​ថា ប្រទេស​អាល់ហ្សេរី​ បច្ចុប្បន្ន​ របស់​ប្រធានាធិបតី​Bouteflika បន្ត​មាន​មូលដ្ឋាន​នៅ​លើ​មនោគមវិជ្ជា​នយោបាយ​សម័យ​លោក​Boumediene ដែល​ជា​ប្រធានាធិបតី​អាល់ហ្សេរី ក្នុង​ទសវត្សរ៍​ទី​៧០។ បាន​ន័យ​ថា Bouteflika​ស្អប់​ខ្ពើម«ចក្រពត្តិនិយម»ស្អប់ខ្ពើម​ការជ្រៀតជ្រែក​បញ្ហា​ ផ្ទៃក្នុង​នៃ​ប្រទេស​មួយ​ពី​សំណាក់​ប្រទេស​មួយ​ទៀត ម្ល៉ោះហើយ​Bouteflika​មិន​អាច​ទទួល​យក​បាន​ទេ អន្តរាគមន៍​យោធា​របស់​អង្គការ​អូតង់​នៅ​លីប៊ី។

រីឯ​មូលហេតុ​ចុង​ក្រោយ​ដែល​ជម្រុញ​ឲ្យ​ថ្នាក់ដឹកនាំ​អាល់ហ្សេរី​ជួយ​យក​អាសា ​ក្រុម​គ្រួសារ​Kadhafi គឺ​ជា​មូលហេតុ​យុទ្ធសាស្រ្ត។ Bouteflika កំពុង​ខ្នះខ្នែង​ធ្វើ​យ៉ាងណា ដើម្បី​ខ្ទប់​កុំ​ឲ្យ​មាន​ចលនា​បះបោរ​នៅ​ប្រទេស​អាល់ហ្សេរី និង​កុំ​ឲ្យ​អំណាច​របស់​ខ្លួន​ដួល​រលំ ដូច​នៅ​ទុយនីស៊ី អេហ្សីប និង​លីប៊ី។ នៅ​ក្នុង​ន័យ​នេះ Bouteflika ចង់​ឃើញ​Hafez el-Assad ទទួល​បាន​ជ័យជំនះ​ក្នុង​ការវាយ​បង្ក្រាប​ពួក​បះបោរ នៅ​ស៊ីរី និង​ចង់​ឲ្យ​សង្គ្រាម​រវាង​បក្សពួក​របស់​Kadhafi និង​ពួក​ឧទ្ទាម​បន្ត​ទៅ​ទៀត​នៅ​លីប៊ី ទោះ​បី​ជា​ទីក្រុង​ទ្រីប៉ូលី​បាន​ធ្លាក់​ទៅ​ហើយ​ក្តី។

ម្យ៉ាងទៀត តាមរយៈ​ការជួយ​យក​អាសា​ក្រុម​គ្រួសារ​Kadhafi Bouteflika​ចង់​រំ៎ឭក​ប្រាប់​ពលរដ្ឋ​អាល់ហ្សេរី​ថា Kadhafi​​ជា​អ្នកប្រឆាំង​នឹង​ពួក​អ៊ីស្លាម​ជ្រុល​និយម ម្ល៉ោះហើយ​ជា​មិត្រ​របស់​អាល់ហ្សេរី។ ចូរ​កុំ​ភ្លេច​ថា នៅ​ពេញ​មួយ​ទសវត្សរ៍​ទី​៩០ អាល់ហ្សេរី​បាន​លង់​ខ្លួន​ក្នុង​សង្គ្រាម​ស៊ីវិល​ប្រឆាំង​នឹង​ពួក​ភេរវជន​ អ៊ីស្លាម​ជ្រុល​និយម។ ម្ល៉ោះ​ហើយ​Bouteflika​ចង់​បំផុសបំផុល​មនោសញ្ចេតនា​ជាតិ​និយម​អាល់ហ្សេរី ចង់​បង្វែរ​អារម្មណ៍​របស់​ពលរដ្ឋ​អាល់ហ្សេរី​ឲ្យ​ឈប់​ចង​កំហឹង​មក​លើ​ ថ្នាក់ដឹកនាំ​បច្ចុប្បន្ន និង​បែរ​ទៅ​ស្អប់​ពួក​អ៊ីស្លាម​ជ្រុលនិយម​ដែល​គាត់​ចោទ​ថា បង្កប់​ខ្លួន​នៅ​ក្នុង​ជួរ​ពួក​អ្នក​ឆាំង។
 
អាល់ហ្សេរី​នៅ​កណ្តាល​ព្យុះ​បដិវត្តន៍​ប្រជាធិបតេយ្យ

ផែនទី​បង្ហាញ​ឲ្យ​ឃើញ​ថា នៅ​ទុយនីស៊ី នៅ​លីប៊ី​ដែល​សុទ្ធ​តែ​មាន​ព្រំដែន​ជាប់​ជាមួយ​អាល់ហ្សេរី និង​នៅ​អេហ្ស៊ីប​ដែល​មាន​ព្រំដែន​ជាប់​ជាមួយ​លីប៊ី អំណាច​ផ្តាច់ការ​សុទ្ធ​តែ​ត្រូវ​បាន​រំលំ។ នៅ​ក្នុង​បរិបទ​បែប​នេះ បដិវត្តន៍​ប្រជាធិបតេយ្យ​ក៏​នឹង​អាច​រាលដាល​ចូល​ទៅ​ដល់​ប្រទេស​អាល់ហ្សេរី​ ដែរ ដ្បិត​សង្គម​អាល់ហ្សេរី​មិន​ពេញ​ចិត្ត​ទេ​នឹង​របប​ផ្តាច់ការ​ចាស់​គំរិល​ របស់​Bouteflika និង​ប្រាថ្នា​ចង់​ឲ្យ​មាន​ការផ្លាស់ប្តូរ។

មិន​តែ​ប៉ុណ្ណោះ ពលរដ្ឋ​អាល់ហ្សេរី​បាន និង​កំពុង​បន្ត​តាមដាន​យ៉ាង​ម៉ត់ចត់ អភិក្រម​នៃ​ប្រជាធិបតេយ្យូបនិយកម្ម​នៅ​អេហ្ស៊ីប និង​នៅ​ទុយនីស៊ី ហើយ​ច្បាស់​ជា​នឹក​មមៃ​ចង់​បាន​ការផ្លាស់ប្តូរ​បៀប​នេះ សម្រាប់​ប្រទេស​របស់​គេ​ដែរ។

ក៏ប៉ុន្តែ ពលរដ្ឋ​អាល់ហ្សេរី​បាន​ហែល​ឆ្លងកាត់​ច្រើន​ណាស់​ទុក្ខវេទនា ដូច​យ៉ាង​សង្គ្រាម​ទាមទារ​ឯករាជ្យ​ពី​បារាំង​ដែល​បាន​បញ្ចប់​នៅ​ឆ្នាំ​១៩៦២ ការងើប​បះបោរ​របស់​ជនជាតិ​ភាគតិច​Berbère លទ្ធិ​ប្រជាធិបតេយ្យ​ពហុបក្ស​បាន​តែ​មួយ​ខ្យល់ នៅ​ឆ្នាំ​១៩៨៨ និង​សង្គ្រាម​ស៊ីវិល​ជាមួយ​ពួក​អ៊ីស្លាម​ជ្រុល​និយម នៅ​ក្នុង​ទសវត្សរ៍​ទី​៩០។ សោកនាដកម្ម​ទាំង​អស់​នេះ​ធ្វើ​ឲ្យ​ពលរដ្ឋ​អាល់ហ្សេរី​រាងចាល សុទ្ធ​តែ​ជា​បទ​ពិសោធន៍​ដែល​បាន​ធ្វើ​ឲ្យ​ពួក​គេ​យល់​ថា ការផ្លាស់​ប្តូរ​អ្នកដឹកនាំ​មិនមែន​បាន​ន័យ​ថា ជា​ការ​ផ្លាស់ប្តូរ​របប​នយោបាយ​នោះ​ទេ។ មិន​តែ​ប៉ុណ្ណោះ អាល់ហ្សេរី​ជា​ប្រទេស​មួយ​ធំ​ណាស់ ធំ​ជាង​ប្រទេស​បារាំង​ប្រាំ​ដង មាន​ប្រជាជន​រហូត​ដល់​ទៅ​៣៦​លាន​នាក់ មិនមែន​ប្រាំ ឬ​ប្រាំមួយ​លាន​នាក់​ដូច​នៅ​លីប៊ី​ទេ។ អាល់ហ្សេរី​ជា​ប្រទេស​មួយ​ដែល​មាន​ជនជាតិ​ផ្សេងៗ​គ្នា ដូច​ជា​ពួក​Saharien ពួក​Mozabite ពួក​Kabyle ពួក​Algérois ពួក​Oranais។ ពួក​ជាតិ​សាសន៍​ទាំង​អស់​នេះ មិន​ពិត​ជា​ចង់​ដើរ​តម្រង់​ទៅ​កាន់​ទិស​តែ​មួយ​ដូច​គ្នា​នោះ​ទេ៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

មើលវគ្គផ្សេងទៀត
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ