អានតួអត្ថបទ
កម្ពុជា

លោក​​ញ៉ឹក​​ ប៊ុនឆៃ៖​ ​ព្រះអង្គម្ចាស់​​ក្សត្រី​​អារុណ​រស្មី​​យល់ព្រម​​ឈរ​​ឈ្មោះ​​ជា​​ប្រធាន​​គណបក្ស​​

នៅ​រសៀល​ថ្ងៃ​សុក្រ​ទី​១៥ ​កុម្ភៈ គណៈ​កម្មាធិការ​អចិន្ត្រៃយ៍​នៃ​គណបក្ស​ហ៊្វុនស៊ីនប៉ិច បាន​ជួប​ប្រជុំ​គ្នា ដើម្បី​រៀបចំ​សមាជ​ថ្នាក់​ជាតិ​នៅ​ខែ​ក្រោយ និង​ដើម្បី​ពិភាក្សា​អំពី​ទម្រង់​នៃ​​រចនាសម្ព័ន្ធ​គណបក្ស​នេះ​ឡើង​វិញ។ កិច្ច​ប្រជុំ​ថ្នាក់​ដឹកនាំ​គណបក្ស​ហ៊្វុន​ស៊ីនប៉ិច​ធ្វើ​ឡើង​ភ្លាម បន្ទាប់​ពី​ថ្នាក់​ដឹកនាំ​គណបក្ស​នេះ​បាន​ទទួល​ការ​យល់​ព្រម​ជា​គោលការណ៍​ពី​ព្រះអង្គម្ចាស់​ក្សត្រី​នរោត្តម អារុណរស្មី ​ក្នុង​ការ​ឈរ​ឈ្មោះ​ជា​បេក្ខភាព​ប្រធាន​គណបក្ស។

លោក ញឹក ប៊ុនឆៃ​ ប្រធាន​ប្រតិបត្តិ​គណបក្ស​ហ្វ៊ុនស៊ិនប៉ិច
លោក ញឹក ប៊ុនឆៃ​ ប្រធាន​ប្រតិបត្តិ​គណបក្ស​ហ្វ៊ុនស៊ិនប៉ិច © ស៊ីវ​ ចាន់ណា
ផ្សាយពាណិជ្ជកម្ម

ចាប់​ពី​ថ្ងៃ​ទី​២១ ​ខែ​មិនា​ក្រោយ​នេះ​ទៅ ព្រះអង្គម្ចាស់​ក្សត្រី​នរោត្តម អារុណ​រស្មី ​នឹង​ក្លាយ​ជា​ប្រធាន​គណបក្ស​ជា​ស្រ្តី​របស់​ហ៊្វុនស៊ីន​ប៉ិច​​ដំបូង​គេ។ លទ្ធផល​បែប​នេះ​អាច​គេ​ដឹង​បាន​ច្បាស់ ​បន្ទាប់​ពី​គណៈ​កម្មការ​នាយក​បាន​ផ្តិត​មេដៃ​​យាង​ព្រះអង្គម្ចាស់​ក្សត្រី​អារុណរ​ស្មី បុត្រី​ពៅ​របស់​សម្តេច​ឪ​ នរោត្តម សីហនុ ​អោយ​ធ្វើ​ជា​ប្រធាន​គណបក្ស​ហ៊្វុនស៊ីនប៉ិច​នេះ​ ដើម្បី​ចូលរួម​ប្រកួត​ប្រជែង​ក្នុង​ការ​បោះ​​ឆ្នោត​ជ្រើសតាំង​តំណាងរាស្ត្រ​នីតិកាលទី​៥​ នៅ​ក្នុង​ខែ ​កក្កដា​ខាង​មុខ​នេះ។

នៅ​ថ្ងៃ​នេះ​ទៀត លោក​ ញ៉ឹក ប៊ុនឆៃ ប្រធាន​ប្រតិបត្តិ​របស់​គណបក្ស​ហ៊្វុនស៊ីនប៉ិច​​ក៏​បាន​អះអាង​ប្រាប់​វិទ្យុ​បារាំង​អន្តរជាតិ​​ថា ព្រះអង្គម្ចាស់​ក្សត្រី​អារុណ រស្មី​ បាន​មាន​បន្ទូល​យល់​ព្រម​តាម​ការ​យាង​របស់​ថ្នាក់​ដឹកនាំ​គណបក្ស​ហ៊្វុនស៊ីនប៉ិច​ហើយ។ ហើយ​នៅ​រសៀល​ថ្ងៃ​សុក្រ​ទី១៥​ កុម្ភៈ​នេះ គណៈ​កម្មាធិការ​អចិន្ត្រៃយ៍​របស់​ហ៊្វុនស៊ីនប៉ិច ​បាន​ពិភាក្សា​គ្នា​អំពី​ការ​រៀបចំ​សមាជ​ថ្នាក់​ជាតិ ​ដែល​គ្រោង​ធ្វើ​នៅ​ថ្ងៃ​ទី​២១​ខែ​មិនា ព្រម​ទាំង​ទម្រង់​នៃ​អង្គការលេខ​របស់​គណបក្ស​ទៀត​ផង។

គេ​នៅ​មិន​ទាន់​ដឹង​ថា តើ​លោក ​ញ៉ឹក​ ប៊ុនឆៃ ​ដែល​ជា​អ្នក​មាន​ឥទ្ធិពល​មួយ​រូប​នៅ​ក្នុង​គណបក្ស​ហ៊្វុនស៊ីនប៉ិច​​​នោះ នឹង​មាន​តួនាទី​ជាអ្វី​ឡើយ។ ការ​កែទម្រង់​រចនា​សម្ព័ន្ធ​ចុង​ក្រោយ​របស់​គណបក្ស​ហ៊្វុនស៊ីនប៉ិច​​ បាន​សម្រេច​អោយ​មាន​តួនាទី​មគ្គុទេសន៍​គណបក្ស ​ដែល​បច្ចុប្បន្ន​កាន់កាប់​ដោយ​លោក​កែវ ពុទ្ធរស្មី ​ដែល​ជា​ស្វាមី​របស់​ព្រះអង្គ​ម្ចាស់ក្សត្រី​អារុណ​រស្មី និង​ប្រធាន​ប្រតិបត្តិ ​គឺ​លោក​ ញ៉ឹក ប៊ុនឆៃ។

នៅ​ពេល​ដែល​ថ្នាក់​ដឹកនាំ​គណបក្ស​ហ៊្វុនស៊ីនប៉ិច​សម្រេច​ជ្រើសរើស​ស្ត្រី ​ធ្វើ​ជា​ប្រធានគណបក្ស​ដោយ​ចាត់ទុក​ថានេះ​ជា​យុទ្ធសាស្ត្រ​ថ្មី​នោះ លោក​ ញ៉ឹក ប៊ុនឆៃ ​ក៏​បាន​ពន្យល់​ថា ការ​សម្រេច​បែប​នេះ​ក៏​មាន​មូលហេតុ​សមរម្យ​របស់​វា​ផង​ដែរ។

ថ្លែង​ប្រាប់​វិទ្យុ​បារាំង​អន្តរជាតិ​តាម​ទូរស័ព្ទ​នៅ​រសៀល​ថ្ងៃនេះ ប្រធាន​ប្រតិបត្តិ​របស់​ហ៊្វុនស៊ីនប៉ិច​បញ្ជាក់​ថា ការ​ជ្រើសតាំង​ព្រះអង្គម្ចាស់​ក្សត្រី​នរោត្តម​ អារុណ​រស្មី​ អោយ​ធ្វើ​ជា​ប្រធាន​គណបក្ស​ គឺ​ទី​មួយ ដើម្បី​បង្ហាញ​ពី​ភាព​ស្មោះស្ម័គ្រ​របស់​ហ៊្វុនស៊ីនប៉ិច​ចំពោះ​សម្តេច​ឪ​​ ដែល​ជា​​ស្ថាបនិក​នៃ​គណបក្ស​នេះ។ ទី២ ​គឺ​ដើម្បី​បង្ហាញ​ពី​ការ​លើក​តម្កើង​ស្ត្រី ​ដែល​ជា​ចរន្ត​អន្តរជាតិ ហើយ​ថា​ក៏​ដោយសារ​អ្នក​បោះឆ្នោត​ជា​ស្ត្រី​ក៏​មាន​ច្រើន។ ​មូលហេតុ​ទី​៣​ចុង​ក្រោយ​នោះ គឺ​ដើម្បី​ជម្រះ​ការ​ចោទ​ប្រកាន់​នានា​កន្លង​មក ​ដែល​ថា​លោក​មាន​បំណង​ចង់​ធ្វើ​ជា​ប្រធាន​ដឹកនាំ​គណបក្ស​ហ៊្វុនស៊ីនប៉ិច​នោះ។

គណបក្ស​ហ៊្វុនស៊ីនប៉ិច​ត្រូវ​បាន​បង្កើត​ឡើង​តាម​រយៈ​ចលនា​មួយ​ ដែល​មាន​ឈ្មោះ​ថា រណសិរ្ស​រួបរួម​ជាតិ​ដើម្បី​កម្ពុជា​ឯករាជ្យ អព្យាក្រឹត សន្តិ និងសហ​ប្រតិបត្តិការ ដោយ​សម្តេច​ឪ​ នរោត្តម សីហនុ នៅ​ឆ្នាំ​១៩៨១។ គណបក្ស​នេះ​ដែល​ក្រោយ​មក​ដឹកនាំ​ដោយ​ព្រះអង្គម្ចាស់​នរោត្តម រណឬទ្ធិ​ បុត្រា​មួយ​អង្គ​របស់​សម្តេច​ឪ បាន​ឈ្នះ​ក្នុង​ការ​បោះឆ្នោត​តែ​មួយ​ដង​គត់​ នៅ​ក្នុង​នីតិកាលទី​១​ ឆ្នាំ​១៩៩៣។ គណបក្ស​នេះ​កាន់​តែ​អស់​ប្រជាប្រិយភាព​ក្នុង​គ្រប់​ការ​បោះឆ្នោត​ក្រោយៗ​មក​ទៀត ​រហូត​ដល់​បែកខ្ញែក​ជាពីរ និង​មិន​អាច​ចូល​គ្នា​វិញ​រហូត​ដល់​សព្វថ្ងៃ​នេះ៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ