អានតួអត្ថបទ
កម្ពុជា

អ្នក​នយោបាយ​ប្រាប់​មូលហេតុ​ដែល​អ្នក​នយោបាយ​មិន​អាច​រួបរួម​គ្នា​

ក្រោយពី​ពិធី​សម្ពោធ​ស្តូប​រំលឹក​វិញ្ញាណក្ខន្ធ​អ្នក​កាសែត​ដែល​ត្រូវ​បាន​សម្លាប់​ ក្នុង​ចន្លោះ​ឆ្នាំ​១៩៧០ ដល់​ ១៩៧៥​នោះ អ្នក​កាសែត​បាន​សួរ​លោក ​ខៀវ កាញារីទ្ធ​ អ្នក​នាំពាក្យ​របស់​រាជ​រដ្ឋាភិបាល ​អំពី​ការ​អនុវត្តន៍​បណ្តាំ​របស់​សម្តេច​ឪ អំពី​ការ​រួបរួម​គ្នា​នៃ​អ្នក​នយោបាយ។ អ្នក​នាំពាក្យ​រាជ​រដ្ឋាភិបាល​ថ្លែង​ថា ការ​រួបរួម​នឹង​អាច​ប្រព្រឹត្តិ​ទៅ​បាន​ ប្រសិន​បើ​គណបក្ស​នយោបាយ​នីមួយៗ ចេះ​គោរព​គ្នា។ មាន​ប្រសាសន៍​ស្រដៀង​គ្នា លោក ​កឹម​ សុខា ​ប្រធាន​គណបក្ស​សិទ្ធិ​មនុស្ស​យល់​ថា អ្នក​នយោបាយ​ខ្មែរ​ពិបាក​រក​ឱកាស​អង្គុយ​ជជែក​គ្នា ដែល​នេះ​គឺ​ជា​ឧបសគ្គ​នៃ​ការ​រួបរួម។

លោក ខៀវ កាញារីទ្ធ រដ្ឋមន្ត្រី​ក្រសួង​ព័ត៌មាន ​បញ្ជាក់​ថា ការ​រួបរួម​ត្រូវ​ឈរ​លើ​គោលការណ៍​គោរព​គ្នា
លោក ខៀវ កាញារីទ្ធ រដ្ឋមន្ត្រី​ក្រសួង​ព័ត៌មាន ​បញ្ជាក់​ថា ការ​រួបរួម​ត្រូវ​ឈរ​លើ​គោលការណ៍​គោរព​គ្នា RFI/Leang Delux
ផ្សាយពាណិជ្ជកម្ម

ប្រសិន​បើ​អ្នក​នយោបាយ​ចង់​និយាយ​អំពី​ការ​រួបរួម ​តាម​បណ្តាំ​របស់​សម្តេច​ឪ ​នរោត្តម សីហនុ ​នោះ សម្រាប់​លោក​ ខៀវ កាញារីទ្ធ​ ដែល​ជា​អ្នក​នាំពាក្យ​រាជ​រដ្ឋាភិបាល ការ​រួបរួម​នោះ​​គ្មាន​អ្វី​ពិបាក​ធ្វើ​នោះ​ឡើយ។ ថ្លែង​ប្រាប់​អ្នក​សារព័ត៌មាន ​កាល​ពី​រសៀល​ថ្ងៃ​ពុធ​ បន្ទាប់​ពី​លោក​ចូលរួម​ក្នុង​ពិធី​សម្ពោធ​ស្តូប​រំលឹក​វិញ្ញាណក្ខន្ធ​អ្នក​កាសែត​រួច​មក រដ្ឋមន្ត្រី​ក្រសួង​ព័ត៌មាន​បញ្ជាក់​ថា ការ​រួបរួម​ត្រូវ​ឈរ​លើ​គោលការណ៍​គោរព​គ្នា។ មន្ត្រី​ជាន់​ខ្ពស់​រាជ​រដ្ឋាភិបាល​រូប​នេះ កំពុង​លើក​ឡើង​អំពី​ការ​ជេរ​ប្រមាថ​របស់​ថ្នាក់​ដឹកនាំ​គណបក្ស​ប្រឆាំង ​មក​លើ​រដ្ឋាភិបាល។

លោក ខៀវ កាញារីទ្ធ ​បាន​លើក​ឧទាហរណ៍​មួយ​ចំនួន​ដែល​ថា​គណបក្ស​ប្រឆាំង​ធ្លាប់​រិះគន់​គណបក្ស​កាន់​អំណាច ​ថា​ក្បត់​ជាតិ​ជាដើម។ បើ​តាម​លោក​រដ្ឋមន្ត្រី​ក្រសួង​ព័ត៌មាន តើ​គណបក្ស​ប្រឆាំង​ត្រូវ​មក​ចាប់​ដៃ ​ជជែក​ជាមួយ​គណបក្ស​កាន់​យ៉ាង​ដូច​ម្តេច បើ​គណបក្ស​ប្រឆាំង​ប្រមាថ​គណបក្ស​កាន់​អំណាច​យ៉ាង​នេះ?

ថ្លែង​ពន្យល់​ស្រដៀង​គ្នា​អំពី​​បណ្តាំ​នៃ​ការ​រួបរួម​របស់​សម្តេច​ឪ​ នរោត្តម សីហនុ​ ដែល​លោក ​កឹម​ សុខា​ អះអាង​ថា​ជា​ការ​កសាង​ឯកភាព​ជាតិ​នោះ ប្រធាន​គណបក្ស​សិទ្ធិ​មនុស្ស​រូប​នេះ ថ្លែង​ថា​លោក​គាំទ្រ​អោយ​អ្នក​នយោបាយ​អង្គុយ​ជាមួយ​គ្នា ​ដើម្បី​ដោះស្រាយ​បញ្ហា​ជាតិ។ សម្រាប់​លោក កឹម សុខា ការរួបរួម​មិន​មែន​មាន​ន័យ​ថា​ត្រូវ​មាន​គណបក្ស​តែ​មួយ​នោះ​ឡើយ ប៉ុន្តែ​មាន​ន័យ​ថា អ្នក​នយោបាយ​គ្រប់​និន្នាការ​អាច​អង្គុយ​និយាយ​គ្នា​​ ដើម្បី​ការ​អភិវឌ្ឍន៍​ប្រទេស​ជាតិ​បាន។ ហើយ​ថា​ លោក​គាំទ្រ​គំនិត​ផ្តួចផ្តើម​បែប​នេះ។ លោក​ កឹម​ សុខា ​បន្ត​ថា ការ​ដែល​អ្នក​នយោបាយ​គ្មាន​ឱកាស​អង្គុយ​និយាយ​គ្នា​នេះ​ហើយ​ ដែល​ធ្វើ​អោយ​អ្នក​នយោបាយ​ពិបាក​រួបរួម​គ្នា​នោះ។

អ្នក​នយោបាយ​នៅ​កម្ពុជា​ត្រូវ​បាន​គេ​ដឹង​ថា ធ្លាប់​បាន​ប្រើប្រាស់​ពាក្យ​សំដី​រិះគន់ ប្រមាថ​គ្នា​ខ្លាំងៗ ​ក្នុង​ពេល​កន្លង​មក ពិសេស​នៅ​ពេល​មាន​ការ​បោះ​ឆ្នោត​ម្តងៗ។ កាល​ពី​ពេល​ថ្មីៗ​នេះ លោក​នាយក​រដ្ឋមន្ត្រី​បាន​ប្រកាស​គាំទ្រ​អោយ​មាន​ច្បាប់​ ស្តី​ពី​ក្រម​សីលធម៌​អ្នក​នយោបាយ​ទៀត​ផង៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ