អានតួអត្ថបទ
កម្ពុជា

រាជ​វង្ស​​បញ្ជាក់​​ថា​ ​ព្រះ​រាជ​សារ​​ថ្ងៃ​​ទី​៣០​សីហា​ ជា​​រាជ​សារ​​ពិត​​ឥត​​ក្លែង​ក្លាយ​​

ព្រះ​អង្គ​​ម្ចាស់​ក្សត្រី​​​នរោត្តម អរុណរស្មី ប្រធាន​គណបក្ស​​ហ្វ៊ុន​ស៊ិន​ប៉ិច និង​ជា​ព្រះ​អនុជ​របស់​សម្តេច​​ព្រះ​បរមនាថ នរោត្តម សីហមុនី បាន​បញ្ជាក់​ថា ព្រះ​រាជ​សារ​កាល​ពី​ថ្ងៃ​ទី​​៣០​សីហា ​ជា​ព្រះរាជ​សារ​ពិត​ឥត​ក្លែង​ក្លាយ​។ ការ​បញ្ជាក់​បែប​នេះ​បាន​ធ្វើ​ឡើង ​បន្ទាប់​ពី​មាន​អ្នក​ខ្លះ​សម្តែង​មន្ទិល​សង្ស័យ​ទៅ​លើ​ព្រះ​រាជ​សារ​នោះ​។ ព្រះ​អង្គ​ម្ចាស់​ក្សត្រី អរុណ​រស្មី ក៏​ចង់​ឲ្យ​ព្រះមហាក្សត្រ​​កោះ​អញ្ជើញ​គណបក្ស​ទាំង​ពីរ​មក​ប្រជុំ​ផង​ដែរ​។  

ព្រះ​អង្គ​ម្ចាស់​ក្សត្រិយ នរោត្តម អរុណរស្មី ប្រធាន​គណបក្ស​ហ្វ៊ុន​ស៊ិន​ប៉ិច និង​ជា​ព្រះ​អនុជ​របស់​សម្តេច​ព្រះ​បរមនាថ នរោត្តម សីហមុនី
ព្រះ​អង្គ​ម្ចាស់​ក្សត្រិយ នរោត្តម អរុណរស្មី ប្រធាន​គណបក្ស​ហ្វ៊ុន​ស៊ិន​ប៉ិច និង​ជា​ព្រះ​អនុជ​របស់​សម្តេច​ព្រះ​បរមនាថ នរោត្តម សីហមុនី From Facebook page
ផ្សាយពាណិជ្ជកម្ម

ប្រធានគណបក្ស​ហ៊្វុនស៊ិនប៉ិច ព្រះអង្គម្ចាស់ក្សត្រី នរោត្តម អរុណរស្មី បានបញ្ជាក់​នៅ​ក្នុង​បណ្តាញ​សង្គម​ហ្វេស​​ប៊ុក​​របស់​ព្រះអង្គ ​កាល​ពី​ល្ងាច​ថ្ងៃ​ចន្ទ​​ថា ព្រះរាជ​សារ​របស់​ព្រះ​មហាក្សត្រ​​​សម្តេច​ព្រះ​បរមនាថ នរោត្តម សីហមុនី កាលពីថ្ងៃទី ៣០​សីហា ​គឺ​ជា​ព្រះ​រាជ​សារ​ពិត​ឥត​ក្លែង​ក្លាយ​។

ក្រៅពីបញ្ជាក់​បែបនេះ ព្រះអង្គម្ចាស់ក្សត្រី​ក៏មានបន្ទូលទៀតថា ក្នុង​នាម​ព្រះ​អនុជ​របស់​ព្រះមហាក្សត្រ និងក្នុងនាមប្រធានគណបក្ស​ហ៊្វុនស៊ិនប៉ិច ព្រះអង្គមានក្តីសង្ឃឹម និង​បន់​ឲ្យ​ព្រះមហាក្សត្រ​កោះ​អញ្ជើញ​​តំណាងគណបក្សប្រជាជនកម្ពុជា និង​គណបក្ស​សង្គ្រោះជាតិ​មក​ពិភាក្សា​គ្នា​ ក្រោមព្រះរាជាធិបតីរបស់ព្រះអង្គ ដើម្បីស្វែងរកដំណោះស្រាយនយោបាយ។
ជាដំណោះស្រាយ​ដូចដែល​អង្គសម្តេចឪ ព្រះបរមរតនកោដ្ឋ ​ធ្លាប់​បាន​ធ្វើ​កាល​ពី​ក្រោយ​ការ​បោះឆ្នោត​​១៩៩៣ ឆ្នាំ​១៩៩៨ និងឆ្នាំ​២០០៣ ។

ទោះ​បី​ជាពេលនេះ គណបក្ស​ហ៊្វុនស៊ិនប៉ិច​បាន​បាត់​បង់​សំឡេង​គាំទ្រ​ទាំង​ស្រុង​ពី​រដ្ឋសភា​ក៏​ដោយ ក៏​ព្រះអង្គម្ចាស់ក្សត្រី​ នរោត្តម អរុណរស្មី បានរម្លឹកពីគុណបំណាច់របស់​ហ៊្វុនស៊ិនប៉ិច​ក្នុង​ការរក្សាសន្តិភាព និងស្ថិរភាពនយោបាយ​ស្រប​តាម​ព្រះ​រាជ​តម្រិះ​របស់​អង្គ​សម្តេច​ឪ​។ ព្រះអង្គម្ចាស់ក្សត្រី​មិនអាចទាក់ទងបានទេនៅថ្ងៃនេះ ប៉ុន្តែ លោក កែវ ពុធរស្មី ស្វាមី​របស់​ព្រះអង្គ​បាន​បញ្ជាក់​ប្រាប់វិទ្យុបារាំង​អន្តរជាតិ​ថា​ សម្តេច​ព្រះ​អនុជ​ពិត​ជា​បាន​សរសេរ​បែប​នេះ​ក្នុង​ហ្វេស​ប៊ុក​មែន។

ការបញ្ជាក់អះអាងរបស់សមាជិករាជវង្ស​យ៉ាង​ដូច្នេះ​បាន​ធ្វើ​ឡើង​ បន្ទាប់​ពី​មាន​អ្នក​វិភាគ​ខ្លះ​សម្តែង​ការ​សង្ស័យ​អំពី​ព្រះ​រាជសារ​របស់​ព្រះមហាក្សត្រ​ ដោយ​សារ​តែ​ព្រះ​រាជសារ​នោះ​មាន​អត្ថន័យ​​ស្រប​​គ្នា​ទៅនឹងគោលជំហររបស់គណបក្សប្រជាជនកម្ពុជា និង​ដោយ​សារ​តែ​ព្រះ​រាជ​សារ​នោះគ្មាន​បញ្ជាក់​ទីកន្លែងដែលព្រះអង្គ​កំពុងគង់ប្រថាប់។

គួរបញ្ជាក់ថា ក្នុងព្រះរាជសារថ្ងៃទី ៣០​សីហា ព្រះមហាក្សត្របានជំរុញឲ្យគណបក្ស​នយោបាយ​​ដោះ​ស្រាយ​បញ្ហា​ដោយ​គោរព​រដ្ឋ​ធម្មនុញ្ញ និងស្ថាប័នជាតិដែលមានស្រាប់។​ ព្រះអង្គ​​​ក៏​បានសំណូមពរ​ឲ្យ​ប្រជាពលរដ្ឋខ្មែរស្ថិតនៅស្ងប់ស្ងៀម និង​រក្សា​សេចក្តី​ថ្លៃ​ថ្នូរ​របស់​ជាតិ​៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ