អានតួអត្ថបទ
ចិន

មន្ត្រី​​ការទូត​​ជាន់​ខ្ពស់​​ចិន​​ម្នាក់​​ត្រូវ​​ដក​ចេញ​​ពី​​មុខតំណែង​​ពី​​បទ​​ប្រព្រឹត្ត​​អំពើ​​ពុករលួយ​​

លោកហ្សង់-គុនស្សេង ‘(Zhang Kunsheng) អនុ​រដ្ឋមន្ត្រី​ក្រសួង​ការបរទេស​ចិន ត្រូវ​បាន​គេ​​ដក​ចេញ​ពី​មុខ​តំណែង និង​ស្ថិត​នៅ​ក្រោមការ​ស៊ើបអង្កេត​មួយ​ពី​បទ​ប្រព្រឹត្ត​អំពើពុករលួយ។ ជា​មន្ត្រី​ការទូត​ជាន់​ខ្ពស់​ទី​មួយ​ រងគ្រោះ​ក្រោមទម្ងន់​នៃ​យុទ្ធនាការ​ប្រយុទ្ធ​ប្រឆាំង​ទល់​​នឹង​អំ់ពើ​ពុក​រលួយ​របស់​អាជ្ញាធរ​ចិន​ដែល​កំពុង​មាន​សុពលភាព​យ៉ាង​ពេញ​ទំហឹង​នៅ​ក្នុង​ប្រទេស​ចិន។ 

លោក Zhang Kunsheng អនុរដ្ឋមន្ត្រីក្រសួងការបរទេសចិន
លោក Zhang Kunsheng អនុរដ្ឋមន្ត្រីក្រសួងការបរទេសចិន - DR
ផ្សាយពាណិជ្ជកម្ម

លោក​ហ្សង់-គុនស្សេង មន្ត្រី​ការទូត​ជាន់​ខ្ពស់​ចិន​នេះ ត្រូវ​ជាប់​សង្ស័យ​​ពី​បទ​បាន​រំលោភ​​បំពាន​លើ​បទ​បញ្ជា​ផ្ទៃក្នុង​និង​ស្ថិត​ក្រោម​ទម្ងន់​នៃ​ការ​ស៊ើប​អង្កេត​មួយ-នេះ​បើ​យោង​តាម​ការ​គូស​បញ្ជាក់​របស់​ក្រសួង​ការបរទេស​ចិន​នៅ​ថ្ងៃ​សុក្រ​ទី​២​មករា​នេះ ក្រោម​សេចក្តី​ជូនដំណឹង​​​យ៉ាង​សង្ខេប​និង​ប្រើ​ពាក្យ​ស្រាល​មិន​ធម្មតា ក្នុង​ការ​និយាយ​ពី​បញ្ហា​​ពុក​រលួយ។​

 
ប៉ុន្តែ​ក្រសួង​ការបរទេស​ចិន ក៏​ពុំ​បាន​បញ្ជាក់​ប្រាប់ ​ថា​តើ​អង្គការ​ណា​មួយ​ជាអ្នក​ទទួល​បន្ទុក​ដឹកនាំ​ការ​ស៊ើប​អង្កេត​ឬ​ក៏​ពី​ការ​ស្តី​បន្ទោស​ចំពោះ​រូប​លោក ហ្សង់-គុនស្សេង​ដែរ។
លោកហ្សង់-គុនស្សេង គឺ​ ជា​មន្ត្រី​ការទូត​ម្នាក់​ក្នុង​ចំណោម​មន្រ្តីការទូត​ចិន៤​រូប​ដែល​មាន​ឋានៈ​ជា​​អនុ​រដ្ឋមន្ត្រី​ក្រសួង​ការបរទេស​​ចិន។

កាលពី​ប៉ុន្មាន​ឆ្នាំ​មុន លោក ហ្សង់-គុនស្សេង​ ត្រូវ​បាន​កាសែត​នានា​ដាក់​ចំណង​ជើង​​យ៉ាង​ក្រឡោត​នៅ​លើ​ទំព័រ​ទីមួយ​របស់​ខ្លួន ដោយ​នៅ​ពេលនោះ ​លោក​ហ្សង់ បាន​ធ្វើការ​ស្តី​ប្រដៅ​​ជា​សាធារណៈ​មន្ត្រីការ​ទូត​អាមេរិក​មួយ​រូប​កាលពី​ឆ្នាំ​២០១២ បន្ទាប់​ពី​ទីក្រុង​វ៉ាស៊ីនតោន​ធ្វើ​ការ​ទិតៀន​​ អំពី​វត្តមាន​នៃ​បន្ទាយ​កងទ័ព​ចិន​មួយ​ដែល​ដាក់​ប្រចាំការ​នៅ​​សមុទ្រចិន​ភាគ​ខាង​ត្បូង។
ជំនាន់នោះ លោក​ហ្សង់ បាន​ទូន្មាន​លោក Robert Wang អនុរដ្ឋមន្ត្រី​ក្រសួងការបរទេស​​អាមេរិក ​ឲ្យ​និយាយ​ប្រាប់​ដល់​ភាគឺ​អាមេរិក កែប្រែ​ឥរិយាបទ​ភ័ន្ត​ច្រឡំ​របស់​ខ្លួន​និង​ធ្វើការ​គោរព​បូរណភាព​និង​អធិបតេយ្យភាព​នៃ​ដែនដី​ប្រទេស​ចិន។

គួររំលឹកថា លោក​ហ្សង់ ​បាន​ឡើង​បុណ្យ​សក្តិ​នៅ​ក្នុង​ក្រសួង​ការបរទេស ​នៅ​ពេល​ដែល​លោក​បាន​ចូល​បំរើ​ការងារ​នៅ​ក្នុង​ទស្សវត្សរ៍​ឆ្នាំ​៨០ ហើយ ​ជំនាន់​នោះ ឥទ្ធិពល​ការទូត​​ប្រទេស​​ចិន​កំពុង​ឡើង​យ៉ាង​ខ្លាំង​ស្របគ្នា​នឹង​សេដ្ឋកិច្ចដែរ​ដែល​មាន​ការ​អភិវឌ្ឍ​ដ៏​​រហ័ស​។

យោងតាម​ទំព័រ​វិបសៃ​របស់​ក្រសួង​ការបរទេស​ចិន លោក Qin Gang ដែល​បច្ចុប្បន្ន​ជា​អ្នក​នាំពាក្យ​នៃ​ក្រសួង​ការបរទេស​ចិន​ត្រូវ​បាន​គេ​ដាក់​ជំនួស លោក​ហ្សង់​វិញ​ក្នុង​មុខ​​តំណែង​ជា​អនុរដ្ឋមន្ត្រី​ក្រសួង​ការបរទេស៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ