អានតួអត្ថបទ
អាហ្វហ្កានីស្ថាន-អាមេរិក

អំពើ​ភេរវកម្ម​សម្លាប់​ទាហាន​អាមេរិកាំង​៧នាក់​ នៅ​អាហ្វហ្កានីស្ថាន​

នៅ​​ប្រទេស​អាហ្វហ្កានីស្ថាន​ ការ​ផ្ទុះ​គ្រាប់បែក និង​ការ​បាញ់​សម្លាប់​គឺ​ជា​អំពើ​ភេរវកម្ម​​ពីរ​ដែល​បាន​កើតឡើងនៅ​ទីកន្លែង​ផ្សេងគ្នា​​ កាល​ពីថ្ងៃ​សៅរ៍​ម្សិលមិញ​នេះ ធ្វើអោយ​​ទាហាន​​អាមេរិកាំង​៧នាក់​​ស្លាប់​បាត់បង់ជីវិត។ ក្រុមឧទ្ទាម​តាលីបង់​​បាន​ប្រកាស​ថា​ខ្លួន​ជា​អ្នក​បង្កអំពើ​ភេរវកម្ម​ទីពីរ​ ដែល​បាន​សម្លាប់​ទាហាន​អាមេរិកាំងពីរនាក់។

ទាហាន​អាមេរិកាំង​នឹង​​ចាកចេញ​​ពី​អាហ្វហ្កានីស្ថាន​​ នៅ​ឆ្នាំ​២០១៤​ខាងមុខ
ទាហាន​អាមេរិកាំង​នឹង​​ចាកចេញ​​ពី​អាហ្វហ្កានីស្ថាន​​ នៅ​ឆ្នាំ​២០១៤​ខាងមុខ REUTERS/Erik De Castro
ផ្សាយពាណិជ្ជកម្ម

កាលពី​ថ្ងៃ​សៅរ៍​ម្សិលមិញ​ ​នៅ​​​ក្នុង​តំបន់ ​Maiwand ក្នុង​ខេត្ត​ Kandahar ភាគខាងត្បូង​ប្រទេស​អាហ្វហ្កានីស្ថាន​ រថយន្ត​របស់​ទ័ព​អាមេរិកាំង​ដែល​ជា​ទ័ព​ជំនួយ​ផ្នែក​សន្តិសុខ​អន្តរជាតិ​ បានត្រូវ​ប្រហារ​ដោយ​ការ​ផ្ទុះ​គ្រាប់បែក​មួយគ្រាប់​។ ​​ក្នុង​ខេត្ត​ Kandahar តំបន់​ Maiwand ត្រូវ​បាន​គេ​ចាត់​ទុក​ថា​ជា​តំបន់​ដែល​មាន​គ្រោះថ្នាក់​ជាងគេ។

ទន្ទឹម​នេះ​ដែរ​ អំពើភេរវកម្ម​មួយទៀត​បាន​កើតឡើង​​​ក្នុង​ខេត្ត​Farah ភាគ​ខាងលិច​ប្រទេស​ បាន​សម្លាប់​ទាហាន​អាមេរិកាំង​ពីរ​នាក់។ អំពើ​ភេរវកម្ម​ទីពីរ​នេះកើតឡើង​ នៅ​ក្នុង​ក្របខណ្ឌ​នៃ​​ប្រតិបត្តិការ​​មួយ​​​របស់​កងសន្តិសុខ​​​​​អាហ្វហ្កានីស្ថាន។ នៅពេលនោះ​ ទាហាន​អាហ្វហ្កានីស្ថាន​ម្នាក់​​បាន​ប្រើ​អាវុធ​ខ្លួន បាញ់​ទៅលើ​ទាហាន​អាមេរិកាំង​ច្រើនរូប​ដែលស្ថិត​​នៅ​ទីតាំង​​​Farah​ ក្នុង​សង្កាត់ Bala Boluk ធ្វើអោយ​ទាហាន​អាមេរិកាំងពីរនាក់​បាត់បង់ជីវិត។
ក្រុមឧទ្ទាម​តាលីបង់​ បាន​ប្រកាស​ថា​ក្រុម​ខ្លួន​ជា​អ្នក​បង្កអំពើភេរវកម្ម​នេះ ហើយ​ប្រាប់​ទៀតថា ទាហាន​ដែលបាន​បាញ់ទៅលើ​ទ័ព​អាមេរិកាំង​នោះ ​គឺ​ជា​ទាហាន​មូចាហ៊ីដ​បង្កប់​​ខ្លួន​ក្នុង​ទ័ព​អាហ្វហ្កានីស្ថាន។ លើសពីនេះ ក្រុម​តាលីបង់​បាន​បំផ្លើស​ថា ទាហាន​រូបនោះ​បាន​កំទេច​កងទ័ព​​អាមេរិកាំង​ដល់​ទៅ​៤នាក់។ ការបំផ្លើស​បែបនេះ វា​គឺ​ជា​ទំលាប់ធម្មតា​​របស់​ក្រុមតាលីបង់។

គិត​ជា​សរុប​​ក្នុង​សប្តាហ៍​នេះ មាន​ទាហាន​អាមេរិកាំង​ចំនួន​២១​នាក់​ហើយ​ដែល​បាន​ស្លាប់​នៅ​ប្រទេស​អាហ្វហ្កានីស្ថាន។ កាលពី​ថ្ងៃ​អង្គារ​កន្លង​ទៅ ការផ្ទុះ​គ្រាប់បែក​មួយគ្រាប់​នៅ Helmand បាន​សម្លាប់​ទាហាន​អង់គ្លេស​ពីរនាក់​ផងដែរ។

ក្រុមតាលីបង់​បាន​ប្រកាស​ នៅ​​ថ្ងៃ​អាទិត្យ​សប្តាហ៍​មុន​​ ថា​ក្រុម​ខ្លួន​​​បានបើកប្រតិបត្តិការ​​វាយលុក​នៅ​​​និទាឃរដូវ​នេះ ដោយ​មាន​គោលដៅ​សំខាន់​គឺ​កំទេច​កងទ័ព​បរទេស​ និង​បំផ្លាញ​រាល់​អត្ថ​ប្រយោជន៍​ការទូត​នានា៕​​​

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ