អានតួអត្ថបទ
រុស្ស៊ី-អាមេរិក

អាមេរិក ទិញ​ឧទ្ធម្ភាគចក្រ​រុស្ស៊ី សម្រាប់​កង​អាកាស​អាហ្វហ្កានីស្ថាន

ទិញ​នេះ​គឺ​ឧទ្ធម្ភាគចក្រ​យោធា​ធុន Mi-17 ចំនួន​២១​គ្រឿង តម្លៃ​សរុប​៣៦៧​លាន​៥​សែន​ដុល្លារ​អាមេរិក។ ក្នុង​តម្លៃ​នេះ គឺ​បូក​ទាំង​ថ្លៃ​សេវ៉ា​ជួសជុល ថ្លៃ​គ្រឿង​បន្លាស់ និង​ថ្លៃ បង្វឹកបង្ហាត់​ក្រុម​អ្នក​បើកបរ។

​ឧទ្ធម្ភាគចក្រ​ធុន Mi-17​ របស់​រុស្ស៊ី​
​ឧទ្ធម្ភាគចក្រ​ធុន Mi-17​ របស់​រុស្ស៊ី​ © Reuters
ផ្សាយពាណិជ្ជកម្ម

 

02:08

សេចក្តី​រាយការណ៍​របស់ កែវ ឆាយា ពីទីក្រុង​ម៉ូស្គូ

ដំណឹងនេះ ទើប​ចេញផ្សាយ​​ព្រឹកមិញ​ដោយ​មធ្យោបាយ​ឃោសនា​មហាជន​នៅ​រុស្ស៊ី ក្រោយ​ពី​រុស្ស៊ី​និង​ស.រ.អា បាន​សម្រប​យោបល់​គ្នា​ដាច់​ស្រេច​ជា​ស្ថាពរ​ទៅ​លើ​ល័ក្ខខ័ណ្ឌ​នៃ​កុងត្រា​ទិញ​លក់​នេះ​ដែល​បាន​ទទួល​ការពិភាក្សា អស់​ដល់​ជាង​មួយ​ឆ្នាំ។

នៅ​ដើម​ឡើយ កិច្ចចរចា​មាន​ធ្វើ​គឺ​រវាង​ទីក្រុង​ម៉ូស្គូ និង​បក្ស​សម្ពន្ធ​អូតង់។ ហើយ ក្នុង​ដំណើរ​ប្រព្រឹត្ត​ទៅ​នៃ​កិច្ច​ចរចា​នោះ អូតង់​រមែង​បញ្ចុះ​បញ្ចូល​រុស្ស៊ី​ឲ្យ​ផ្តល់​ទៅ​ទីក្រុងកាប៊ូល ជា​ជំនួយ​កុំ​គិត​ថ្លៃ​អី នូវ​ឧទ្ធម្ភាគចក្រ​ទាំង​២១​គ្រឿង​នោះ ក្នុង​ឋានៈ​ជា​វិភាគទាន​ដែល​រុស្ស៊ី​រួម​ទៅ​ក្នុង​ការធានា​ឲ្យ​មាន​ស្ថិរភាព​នៅ​ប្រទេស​អាហ្វហ្កានីស្ថាន។ ប៉ុន្តែ​ទីក្រុង​ម៉ូស្គូ រៀង​រាល់​តែ​លើក​តែង​ប្រកែក​ពុំ​យល់ព្រម​តាម​សំណើ​នេះ​ឡើយ។

លុះនៅខែ​សីហា​ឆ្នាំ​ទៅ​មិញ ប្រមុខ​ការទូត​រុស្ស៊ី​លោក Serguei Lavrov ​បាន​ថ្លែង​ថា ដំណោះស្រាយ​នឹង​ត្រូវ​រក​ឃើញ​គឺ​ក្នុង​១​ខែ​-​១​ខែ​កន្លះ​ទៀត។ បន្ទាប់មក កិច្ចចរចា ​ក៏​ស្ទះ​នៅ​មួយ​កន្លែង​តែ​ម្តង ពីព្រោះ​ពួក​ប្រទេស​អូតង់ មិន​អាច​រក​លុយ​បាន​គ្រប់គ្រាន់​សម្រាប់​ទិញ។

គឺពេល​នោះ​ឯង​ដែល​ស.រ.អា. សម្រេច​ថា​ភ្ជាប់​ខ្លួន​ធ្វើ​កិច្ចចរចា​ឲ្យ​បាន​ដិត​ដល់​មែនទែន។
ទោះ​យ៉ាង​ណា​ក្តី ក៏​អូតង់​នៅ​តែ​ខំ​ត​ថ្លៃ​ឲ្យ​រុស្ស៊ី​បញ្ជូន​ទៅ​អាហ្វហ្កានីស្ថាន​យ៉ាង​ហោចណាស់​ឲ្យ​បាន​៣​គ្រឿង​ទៅ​ដែរ ​កុំ​យក​ថ្លៃ​អ្វី ពី​ក្នុង​ចំណោម​ឧទ្ធម្ភាគចក្រ​២១​គ្រឿង​នោះ។ ដោយ​ឃើញ​រុស្ស៊ី​មិន​សាទរ​ចំពោះ​សំណើ​ថ្មី​នេះ ទីក្រុង​វ៉ាស៊ីនតោន ក៏​ចេញ​មុខ​ទទួល​រ៉ាប់រង​បង់​តែ​ម្នាក់​ឯង​ថ្លៃ​ទិញ​ទាំង​២១​គ្រឿង​នេះ។ ជា​តុល្យាការ កុងត្រា​ដែល​ត្រូវ​ចុះ​នៅ​ថ្ងៃ​មុខ នឹង​មាន​លក្ខណៈ​ទ្វេ​ភាគី​សុទ្ធសាធ គឺ​តែ​រវាង​រុស្ស៊ី​និង​អាមេរិក។

ជាការកត់សំគាល់ ឧទ្ធម្ភាគចក្រ​រុស្ស៊ី ធុន Mi-17 មាន​ផលិត​សម្រាប់​គោលដៅ​ស៊ីវិល​ផង យោធា​ផង ៖ តម្លៃ​វា​មួយ​គ្រឿងៗ ធុន​ស៊ីវិល គឺ ក្នុង​ចន្លោះ​ពី ៧​ទៅ​១០​លាន​ដុល្លារ​អាមេរិក។ ធុន​ប្រដាប់​ទៅ​ដោយ​សព្វាវុធ សម្រាប់​បំពាក់​កងទ័ព ក្នុង​ករណី​ដែល​មាន គឺ​កងអាកាស​អាហ្វហ្កានីស្ថាន ១​គ្រឿងៗ​ថ្លៃ​១៧​លាន​៥​សែន​ដុល្លារ​អាមេរិក៕
 

 

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ