អានតួអត្ថបទ
បង់ក្លាដែស

អគ្គិភ័យ​រោងចក្រ​កាត់ដេរ​សម្លាប់​មនុស្ស​យ៉ាងហោច​៨នាក់​នៅបង់ក្លាដែស

នៅ​​ប្រទេស​បង់ក្លាដែស នៅថ្ងៃ​ព្រហស្បតិ៍​នេះ មាន​មនុស្ស​យ៉ាងហោច​ណាស់​៨នាក់​​បាន​ស្លាប់​​ក្នុង​​គ្រោះ​អគ្គិភ័យមួយ​​ នៅ​រោងចក្រ​កាត់ដេរ​មួយកន្លែង​​ក្នុង​​ក្រុង​Dacca។ ម្ចាស់​រោងចក្រ​ក៏បាន​បាត់បង់​ជីវិត​ ​ក្នុង​​គ្រោះ​អគ្គិភ័យ​នេះដែរ។ គេ​នៅ​មិនទាន់​ដឹង​ពីមូលហេតុ​ច្បាស់​លាស់​នៃ​​ឧបទ្ទេវហតុ​នេះ​​​នៅឡើយ​ទេ។ គ្រោះ​អគ្គិភ័យ​នេះ​បាន​កើតឡើងត្រឹម​​តែ​​​ពីរ​សប្តាហ៍​ប៉ុណ្ណោះ​​ បន្ទាប់​ពី​​​​អគារ​​​​ពាណិជ្ជកម្ម Rana Plaza បាន​បាក់​រលំ​​​ និង​​បាន​សម្លាប់​មនុស្ស​៩១២​​នាក់​មក​។

អាវ​ដែល​នៅ​សេសសល់​ពី​ភ្លើង​ឆេះ ក្នុង​រោងចក្រ​​ Tung Hai
អាវ​ដែល​នៅ​សេសសល់​ពី​ភ្លើង​ឆេះ ក្នុង​រោងចក្រ​​ Tung Hai REUTERS/Andrew Biraj
ផ្សាយពាណិជ្ជកម្ម

គ្រោះ​អគ្គិភ័យ​បាន​កើតឡើង​ នៅ​យប់​ថ្ងៃ​ពុធ​ចូលព្រឹក​​ថ្ងៃ​ព្រហស្បតិ៍​ នៅ​រោងចក្រ​កាត់ដេរ​មួយ​Tung Hai ​​ស្ថិត​ក្នុង​សង្កាត់​ Darussalam ក្នុង​ក្រុង​​Dacca។ ជនរងគ្រោះ​​ស្លាប់​ដោយ​សារ​តែ​ថប់​ដង្ហើម​ និង​ជាប់​ខ្លួន​​​នៅ​​ក្នុង​ជណ្តើរ​ទៅណា​មិន​រួច​ ដោយសារ​តែ​ផ្សែង​ពុល​​​បង្ក​ដោយ​ការ​ឆេះ​សម្លៀកបំពាក់ដែល​​មាន​ធាតុ​ acrylique។

​ក្នុង​ចំណោម​អ្នកស្លាប់​ក្នុង​អគ្គិភ័យនេះ មាន​ម្ចាស់​រោងចក្រ​កាត់ដេរ​ និង​បុគ្គលិក​បំរើការងារ​​៤នាក់ ព្រមទាំង​ប៉ូលិស​​ពីរនាក់ផងដែរ។ ​អគ្គិភ័យ​បាន​​ឆាបឆេះ​​នៅពេល​យប់ គឺពេល​ដែល​​ ​រោងចក្រ​​​មិន​ដំណើរការ​ ដូច្នេះ​​គ្មាន​កម្មករ​រោងចក្រ​ណា​ម្នាក់​​​រងគ្រោះ​នោះទេ។
អគ្គិភ័យ​នេះ​បាន​កើតឡើងត្រឹម​​តែ​​​ពីរ​សប្តាហ៍​ប៉ុណ្ណោះ​​ បន្ទាប់​ពី​​​​អគារ​​​​ពាណិជ្ជកម្ម Rana Plaza បាន​បាក់​រលំ​​​និង​​បាន​សម្លាប់​មនុស្ស​ជាង​៩០០​នាក់​មក​។ ការ​រុករក​ជនរងគ្រោះ​នៅ​អគារ​នេះ​ នៅតែ​បន្តធ្វើ​​នៅឡើយ។ ក្រុមការងារ​​សង្ឃឹម​ថា នឹង​បញ្ចប់​ការរុករក​​​នៅ​ថ្ងៃ​សុក្រស្អែក​នេះ​ហើយ។

បង់ក្លាដែស​ជា​ប្រទេសទីពីរ ក្នុងពិភពលោក ដែល​​​នាំ​​​សម្លៀកបំពាក់​​ចេញ​ទៅបរទេស។ វិស័យ​​កាត់ដេរ​ជា​គ្រឹះសំខាន់​នៃ​សេដ្ឋកិច្ច​​​ជាតិ។ ប៉ុន្តែ​ ល័ក្ខខ័ណ្ឌសុវត្ថិភាព​​ការងារ​កម្មករ​​​មាន​គុណវិបត្តិ​ច្រើនលើសលុប។ គ្រោះអគ្គិភ័យ​តែងតែ​កើតឡើង​​ នៅ​តាម​រោងជាង​កាត់ដេរ​​ដែល​មាន​ប្រហែល​៤៥០០​ កន្លែង​ ក្នុង​ប្រទេស។ រោងជាងភាគច្រើន​មានទីតាំង​នៅ​ក្នុង​អគារ​ចាស់ៗដែល​គេ​បោះបង់ចោល រឺ​ក៏​នៅ​ក្នុងសំណង់​​​អគារ​មិន​រឹងមាំ។ ​រីឯ​​ប្រព័ន្ធ​អគ្គិសនី​រោងជាង​ទៀតសោត​ មិន​សូវ​ជា​មាន​​ការ​​ពិនិត្យ​គ្រប់គ្រង​​អោយ​បាន​​ដិតដល់នោះទេ។

ជាវិធានការ​​បន្ទាន់​ ដើម្បី​ឆ្លើយតប​​ទៅ​នឹង​ពាក្យដែល​ខ្លួន​បាន​សន្យាទៅ​អង្គការ​​ការងារ​អន្តរជាតិ នៅ​​ថ្ងៃ​ពុធ​​ម្សិលមិញ រដ្ឋាភិបាល​បង់ក្លាដែស​បាន​​​បិទ​ទ្វារ​រោងចក្រ​កាត់ដេរ​ចំនួន​១៨​ នៅ​ក្រុង​Dacca និង​ក្រុង​Chittagong។ ក្រុមហ៊ុន​​សំលៀកបំពាក់បរទេស​នានា បាន​រិះគន់​​ការ​ខ្វះខាតការធានា​​​សន្តិសុខ​រោងចក្រ​កាត់ដេរ​បង់ក្លាដែស ប៉ុន្តែ​នៅតែបិទភ្នែក​ ​បន្ត​ការ​បញ្ជា​ទិញ​សម្លៀកបំពាក់​​​នៅ​​​ប្រទេស​នេះ​ដដែល។

ទាក់ទង​នឹង​ល័ក្ខខ័ណ្ឌ​ការងារ​​នៅ​បង់ក្លាដែស​ នៅ​ថ្ងៃ​ពុធ​ម្សិលមិញ​ ក្រុម​ឯកទេស​ការងារ​អង្គការ​សហប្រជាជាតិ​មួយក្រុម​​បាន​​​ជំរុញ​អោយ​ក្រុមហ៊ុន​បរទេស​ដែល​មាន​យីហោ​ល្បីល្បាញ​​ នៅ​បន្ត​​​វត្តមានខ្លួន​ក្នុង​ប្រទេស​នេះ​​ ដោយ​ងាកមក​សហការ​អោយបាន​ជិតដិត​ជាមួយ​រដ្ឋាភិបាល​​ ព្រមទាំង​ជាមួយ​អង្គការ​អន្តរជាតិ​ និង​សង្គមស៊ីវិល​នានាវិញ៕​

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ