អានតួអត្ថបទ
បង់ក្លាដែស

ម្ចាស់​អគារ​ពាណិជ្ចកម្ម​ Rana Plaza ​ត្រូវ​បាន​ចាប់​ខ្លួន​ម្សិលមិញ​

ក្រោយពី​គ្រោះ​មហន្តរាយ​​បាក់​រលំ​អគារ​ពាណិច្ចកម្ម​Rana Plaza ​កម្ពស់​៨​ជាន់​កាលពី​ថ្ងៃ​ពុធ​កន្លង​មក អាជ្ញាធរ​បង់ក្លាដែស ទើប​បាន​ចាប់​ម្ចាស់​អគារ​ពាណិច្ចកម្ម​នៅ​ថ្ងៃ​អាទិត្យ​២៨​មេសា​ម្សិលមិញ ក្នុងពេល ប៉ុនប៉ង​គេច​ខ្លួន​ទៅ​កាន់​ឥណ្ឌា។​គ្រោះ​មហន្តរាយរលំបាក់​អគារ​នៅជាយ​ទីក្រុង​ដាក់កានេះ បាន​បណ្តាល​ឲ្យ​ស្លាប់​កម្មករ​កាត់​ដេរ​៣៨១​​នាក់​ភាគ​ច្រើន​ជា​ស្ត្រី​និង​ ជិត​មួយ​​​ពាន់​នាក់​ទៀត​ត្រូវ​រង​របួស​ធ្ងន់​។ ស្រ្តី​កម្មករ​ម្នាក់​​ដែល​​បាន​គេ​ជួយសង្គ្រោះ​​ចេញ​ពី​ក្រោម​គំនរ​បាក់​បែក​​ទើបបាន​​ស្លាប់​នៅ​ម្សិលមិញ។

បុរសម្នាក់ដែលជាសាច់ញាតិរបស់ជនរងគ្រោះបាត់បង់ជិវិត​ក្នុងការរលំបាក់អគារពាណិជ្ជកម្មនៅជាយក្រុងដាក់កា
បុរសម្នាក់ដែលជាសាច់ញាតិរបស់ជនរងគ្រោះបាត់បង់ជិវិត​ក្នុងការរលំបាក់អគារពាណិជ្ជកម្មនៅជាយក្រុងដាក់កា REUTERS/Andrew Biraj
ផ្សាយពាណិជ្ជកម្ម

គ្រោះ​មហន្តរាយ​បាក់​រលំ​អគារ​ពាណិជ្ជកម្ម Rana Plaza កាលពី​ថ្ងៃ​ពុធ​​មុន​ក្នុង​ជាយ​ទីក្រុង​ដាក់កា បានសម្លាប់ជីវិត​មនុស្ស​៣៨១​នាក់​​ភាគ​ច្រើន​ជា​ស្ត្រី​ភេទ និង ជិត​​១០០០​នាក់​ផ្សេង​ទៀត​​ ត្រូវ​រង​របួស​ធ្ងន់ ព្រមទាំង​បាត់ខ្លួន​ជាច្រើន​ទៀតផង​។​ ​អ្នក​​របួស​ធ្ងន់​ ភាគ​ច្រើន​ត្រូវ​​បាន​ ​គេ​កាត់​ដៃ ឬក៏ កាត់​ជើង ដើម្បី​ អាចសង្គ្រោះ​​ចេញ​​ពីការជាប់កុន​ក្រោមគំនរ​​ផ្ទាំងថ្ម​។ ​

 
នៅ​ថ្ងៃ​អាទិត្យ​ម្សិលមិញ គេ​បាន​រកឃើញ​ស្ត្រីកម្មករម្នាក់​ដែល​ទំនង​ជា​អ្នក​នៅ​មាន​ជីវិតចុង​ក្រោយ​​​ក្រោម​គំនរថ្មបាក់បែក ប៉ុន្តែ ជាសំណាងអាក្រក់ មានអគ្គីភ័យ​ឆាបឆេះឡើងវិញ​ទម្រាំ​ពន្លត់​ ភ្លើង​​ចប់សព្វគ្រប់ ស្រ្តីរូបនោះ ក៏បានស្លាប់​សង្គ្រោះពុំទាន់។​

«  ជាស្ត្រីមា្នក់ដែលមានចិត្តក្លាហាន​និងតស៊ូរហូតដល់ទីបំផុត​"-នេះ​ជាការ​អះ​អាង​របស់​មេ​ក្រុម​​លត់​ភ្លើង​ដោយបាន​បញ្ជាក់​ទៀត​ថា « ក្រុម​អ្នក​លត់​ភ្លើង ​ធ្វើការ​​ពី​១០​ទៅ​១១​ម៉ោង​ក្នុង​ថ្ងៃ​អាទិត្យ​នេះ ដើម្បី​ ជួយ​យក​គាត់​ចេញ​ពី​ក្រោម​ផ្ទាំង​ថ្ម តែ​ជា​អកុសល ​នៅទីបំផុត ​គាត់ ​បែរជា​ស្លាប់​ទៅវិញ ​​​ធ្វើ​ឲ្យ​ពួក​គាត់ មានការ​រំជួល​ចិត្ត​យ៉ាងក្រៃលែង »។​

ចំណែក​ម្ចាស់អគារ​ដែល​បាន​ប៉ុន​ប៉ង​គេចទៅប្រទេសឥណ្ឌា ត្រូវ​បាន​អាជ្ញាធរបង់ក្លាដែសចាប់​ខ្លួន​បាន​នៅ​ថ្ងៃ​អាទិត្យ​ម្សិល​មិញ​-នេះបើយោងតាម​អនុរដ្ឋ​មន្ត្រី​ក្រសួង​មហាផ្ទៃ។ ម្ចាស់​អគារ​ពាណិច្ច​កម្ម​ នេះ គឺ ​ជា​សមាជិក​​ម្នាក់​នៃ​គណបក្ស​កាន់​អំណាច​ដែល​ជាប់​សង្ស័យ​ក្នុង​បទ​រំលោភ​បំពាន​លើ​ច្បាប់​សាងសង់។

កាលពីថ្ងៃសៅរ៍មុន អាជ្ញាធរ បានចាប់​​ជន​បួននាក់ផ្សេងទៀត ៖​ពីរ​នាក់​ជា​វិស្វករ​និង​ពីរ​នាក់​ទៀត​ជា​អ្នក​គ្រប់គ្រង​នៅ​រោងចក្រ​កាត់​ដេរ​មួយ​។​នៅ​អគាររងមហន្តរាយនេះ មានរោងចក្រ​កាត់​ដេរ​ចំនួន ​៥​ដែល​ជាប់ទាក់ទង​ជា​អាទិ៍​ជា​មួយ​​សហគ្រាស​លក់​សំលៀក​បំពាក់​​​អេស្បាញ​ម៉ាក Mango ដែល​បាន​ទទួល​ស្គាល់​​ថា​បាន​បញ្ជា​​ទិញ​ពី​រោងចក្រ។​

គ្រោះមហន្តរាយបែបនេះ គឺជា​លើក​ទី​៣​ហើយ​ក្នុង​អំឡុង​ពេល​តែ​៥​ខែ​ប៉ុណ្ណោះ។​ ជាមួយ​​​រោង​ចក្រ​​កាត់ដេរ​សម្លៀក​បំពាក់​ចំនួន​៥០០០​កន្លែង​និង​មាន​បុគ្គលិក​កម្មករ​ជិត​៤​លាន​នាក់ បង់ក្លាដែស បាន​ក្លាយទៅជា​ប្រទេស​ទីពីរ​ខាង​នាំ​ចេញ​សម្លៀក​បំពាក់ បន្ទាប់ពីប្រទេសចិន។ ​ប៉ុន្តែ បទដ្ឋាន​សុវត្ថិភាព ពុំ​មាន​សោះឡើយ​​នៅ​ក្នុង​ប្រទេស​នេះ ចំណែក​ប្រាក់ខែ​កម្មករវិញ​ បានទទួល​ត្រឹម​តែ​៣០​អ៊ឺរ៉ូ​និង​ធ្វើការ​យ៉ាង​តិច ​១០​ម៉ោង​ក្នុង​មួយ​ថ្ងៃ៕​

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ