អានតួអត្ថបទ
បង់ក្លាដែស

រោងចក្រ​វាយនភណ្ឌ​បើក​ទ្វារ​ឡើង​វិញ​​៨​​ថ្ងៃ​​ក្រោយ​ការ​បាក់​រលំ​អគារពាណិជ្ជកម្ម

នៅ​ថ្ងៃ​ព្រហស្បតិ៍ ទី២ ឧសភា​នេះ វិស័យ​វាយនភណ្ឌ​នៅ​ក្នុង​ប្រទេស​បង់ក្លាដែស​បាន​ចាប់​ផ្តើម​បើក​ទ្វារ​ឲ្យ​កម្មករ​ចូល​ធ្វើ​ការ​ឡើង​វិញ បន្ទាប់​ពី​បាន​បិទទ្វារ​អស់​រយៈពេល​៨ថ្ងៃ​មក។ ការ​បិទទ្វារ​ដោយសារ​តែ​មាន​ព្រឹត្តិការណ៍​បាក់រលំ​អគារ​មួយ​ដែល​បាន​បណ្តាល​ឲ្យ​មាន​មនុស្ស​ស្លាប់​យ៉ាង​តិច ៤២៩នាក់ និង​របួស​ជា​ច្រើន​នាក់​ផ្សេង​ទៀត។ គឺ​ជា​គ្រោះថ្នាក់​មួយ​ដែល​បង់ក្លាដែស​មិន​ធ្លាប់​ប្រទះ​ទេ​នៅ​ក្នុង​ប្រវត្តិ​នៃ​ប្រទេស​ក្រីក្រ​នៅ​អាស៊ីខាងត្បូង​មួយ​នេះ។

កម្មករ​កាត់ដេរ​បងក្លាដែស​ធ្វើ​បាតុកម្ម​ ក្រោយ​ការ​បាក់រលំអាគារ
កម្មករ​កាត់ដេរ​បងក្លាដែស​ធ្វើ​បាតុកម្ម​ ក្រោយ​ការ​បាក់រលំអាគារ © Reuters / Andrew Biraj
ផ្សាយពាណិជ្ជកម្ម

 

នៅ​ថ្ងៃ​នេះ និង ៨ថ្ងៃ​ក្រោយ​ព្រឹត្តិការណ៍​បាក់រលំ​អគារ​មួយ​មក តំបន់​ឧស្សាហកម្ម​កាត់ដេរ​ដែល​មាន​កម្មករ​កាត់ដេរ​រាប់លាននាក់​ធ្វើ​ការ​បាន​ផ្តើម​ដំណើរការ​ឡើង​វិញ​ហើយ។ ជា​រៀងរាល់​ថ្ងៃ​នេះ តំបន់​ឧស្សហកម្មកាត់ដេរ​នោះ​បាន​ផលិត​សម្លៀកបំពាក់​ឲ្យ​ក្រុមហ៊ុន​បរទេស​ធំៗ​ដូចយ៉ាង Walmart ឬ​មួយ​ក៏ H&M ជាដើម។ ជា​មធ្យម កម្មករកាត់ដេរ​បង់ក្លាដែស​ទទួល​បាន​ប្រាក់ខែ ៤០ដុល្លារ។ តែ​តំាង​ពី​ក្រោយ​ព្រឹត្តិការណ៍​ដ៏សោកសៅ​នោះ​មក ពួក​គេ​នៅ​តែ​បន្ត​បញ្ចេញ​កំហឹង​ដោយ​ទម្លាក់​កំហុស​លើ​ម្ចាស់ក្រុមហ៊ុន និង​អ្នក​ទទួល​ខុសត្រូវ​ពី​អសន្តិសុខ និង​លក្ខខណ្ឌ​ការងារ​មិន​ល្អ​នៅ​កន្លែង​ធ្វើ​ការ។ កំហឹង​របស់​ពួក​គេ​ត្រូវ​បាន​សម្តែង​ជា​ថ្មី​នៅ​ថ្ងៃ​ម្សិលមិញ ចំ​ថ្ងៃ​ទិវាពលកម្ម​អន្តរជាតិ ១ ឧសភា។

តែ​យ៉ាង​ណា​ក៏​ដោយ ប៉ូលិស​បាន​ប្រាប់​ឲ្យ​ដឹង​ថា គ្មាន​អំពើហិង្សា​ធ្ងន់ធ្ងរ​ណា​មួយ​ដែល​បាន​កើត​មាន​ឡើង​នៅ​ក្នុង​ក្បួន​បាតុកម្ម​នោះ​ទេ។ ដោយឡែក លោក​នាយករដ្ឋមន្រ្តី​បង់ក្លាដែស​បាន​អំពាវនាវ​ឲ្យ​កម្មករ​កាត់ដេរ​ទំាង​អស់​ផ្តើម​ចូល​ធ្វើ​ការងារ​របស់​ខ្លួន​ឡើង​វិញ ព្រម​ទំាង​ធ្វើ​ការ​ទិតៀន​ចំពោះ​អំពើហិង្សា​វាយប្រហារ​លើ​រោងចក្រ​កាត់ដេរ​មួយ​ចំនួន។

គួរ​ជម្រាប​ជូន​ថា បច្ចុប្បន្ននេះ មាន​កម្មករកាត់ដេរ​ប្រមាណ​ជា ៣លាននាក់​ដែល​បាន​ធ្វើ​ការ​នៅ​ក្នុង​រោងចក្រ​កាត់ដេរ​ប្រមាណ​ជា ៤ ៥០០រោងចក្រ​នៅ​ក្នុង​ប្រទេស​បង់ក្លាដែស។ ការ​បិទ​រោងចក្រ​ទំាងអស់​នោះ​នឹង​នំា​ឲ្យ​មាន​ការ​ខាតបង់​លុយកាក់​ប្រមាណ​ជា ១៩លាន​អឺរ៉ូ​ក្នុង​មួយ​ថ្ងៃ។ បង់ក្លាដែស គឺ​ជា​ប្រទេស​នំា​ចេញ​សម្លៀកបំពាក់​ទី២ ក្នុង​លោក បន្ទាប់​ពី​ប្រទេស​ចិន។

យ៉ាង​ណា​ក៏​ដោយ ក្រោយ​ព្រឹត្តិការណ៍​បាក់រលំ​អគារ​កាល​ពី ៨ថ្ងៃ​មុន​មក រដ្ឋាភិបាល​បាន​ដក​មុខ​តំណែង​ចៅហ្វាយ​ក្រុង Savar ដែល​បាន​ផ្តល់​ច្បាប់​អនុញាត​ឲ្យ​សាងសង់​អគារ​នោះ និង​ដែល​មិន​ព្រម​បិទទ្វារ​អគារ​នោះ បន្ទាប់​ពី​ដឹង​ថា មាន​ស្នាម​ប្រេះស្រំា​ជាច្រើន​លើ​ជញ្ជំាង។ ទន្ទឹម​គ្នា​នោះ មាន​ការ​ចាប់​ខ្លួន​ម្ខាស់​អគារ ព្រម​ទំាង​វិស្វករ​ពីរនាក់​ដែល​ជា​អ្នក​គូប្លង់​អគារ​បាក់រលំ​នោះ៕

 

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ