អានតួអត្ថបទ
ព្រឹត្តិការណ៍អន្តរជាតិប្រចាំថ្ងៃ

ភ័ព្វ​​អាក្រក់​របស់​បិន អាលី និងក្រុមគ្រួសារ

ចុះផ្សាយ​នៅ​ថ្ងៃ៖

នៅ​ថ្ងៃ​ព្រហស្បតិ៍​ម្សិលមិញ រដ្ឋាភិបាល​បណ្តោះអាសន្ន​នេះ​បាន​ប្រកាស​ធ្វើការ​កាន់ទុក្ខ​ដល់​អ្នកដែល​បាន ​ស្លាប់​ក្នុងការតវ៉ា​តាមផ្លូវ​ក្នុងមួយ​ខែ​ចុងក្រោយ​នេះ។ នៅក្នុង​សប្តាហ៍​នេះ ក្រោយ​ពី​បាន​ផ្តួលរំលំ​បិន អាលី ចេញ​ពី​តំណែង​ប្រធានាធិបតី ពួកក្រុម​បាតុករ​នៅ​បន្ត​តវ៉ា​ឲ្យ​រដ្ឋាភិបាល​បណ្តោះអាសន្ន​រំលាយ​ចោល​ វិញ ពីព្រោះ​ពួកគេ​​ចោទ​​ថា រដ្ឋាភិបាល​បច្ចុប្បន្ន​មាន​ចូលរួម​ពី​បក្សពួក​របស់​លោក​បិន អាលី។

លោក​បេន អាលី អតីត​ប្រធានាធិបតី​បណ្តេញ​ចេញ​ពី​តំណែង
លោក​បេន អាលី អតីត​ប្រធានាធិបតី​បណ្តេញ​ចេញ​ពី​តំណែង ©Reuters
ផ្សាយពាណិជ្ជកម្ម

 

លោក​បិន អាលី ដែល​កាន់អំណាច​ជាប់ៗគ្នា ៥​អាណត្តិ មកហើយ និង​ដែល​ធ្លាប់​តែ​គេ​ទទួល​ស្គាល់​បាន​អនុវត្ត​អំណាច​ផ្តាច់ការ​ទៅលើ​ ប្រជាជន បែរ​​ជា​ពេល​នេះ ធ្លាក់ខ្លួន រត់ទៅ​សុំជ្រកកោន​នៅ​បរទេស​ទៅវិញ។ ដើម្បី​យល់​ពី​ភាពក្រឡាប់ចាក់​នេះ គេ​តោង​មើល​ទៅ​លើ​ឬសគល់​របស់​វា។ រឿង​ហេតុដំបូង​ឡើយ​ដែល​បង្ក​ឲ្យ​មាន​កុប្បកម្ម ការងើបប្រឆាំង​បះបោរ​របស់​ប្រជាជន​ទុយនីស៊ី នោះ គឺ​យុវជន​លក់​បន្លែ​ម្នាក់​បាន​ដុត​ខ្លួនគាត់ ដើម្បី​ប្រឆាំង​ទៅ​នឹង​វិធានការ​ក្តៅ​របស់​ប៉ូលិស​ដែល​បាន​ហាមគាត់​មិន​ឲ្យ​ លក់​បន្លែ ដោយ​គ្មានការអនុញ្ញាត​ពី​អាជ្ញាធរ។ រឿង​នេះ បាន​បង្ក​ឲ្យ​ទៅ​ជា​មាន​ការមិនពេញចិត្ត និង​ការខឹង​សម្បារ​របស់​យុវជន​ទុយនីស៊ី ប្រឆាំង​នឹង​អាជ្ញាធរ​ទុយនីស៊ី។ ចលនា​ប្រឆាំង មាន​កាន់តែច្រើន ជាពិសេស​នៅ​ពេល​ដែល​យុវជន ភាគច្រើន​ដែល​រៀន​បាន​សញ្ញាបត្រ​ខ្ពស់ បាន​បន្ទោស​រដ្ឋាភិបាល​មិន​បាន​អើពើ​ផ្តល់​ការងារ​ដល់ពួកគេ។

ជារួម គេឃើញ ចលនា​កុប្បកម្ម​របស់​ប្រជាជន​ទុយនីស៊ី ក្នុង​រយៈពេល​ជិត​មួយ​ខែ​នេះ​រហូត​ធ្វើ​ឲ្យ​មាន​មនុស្ស​ស្លាប់ជិត ១០០​នាក់ ទីបំផុត​ទទួល​បាន​ផ្លែផ្កា ដោយ​ប្រធានាធិបតី​បាន​រត់ចេញ​ពី​តំណែង និង​ទុក​ឲ្យ​គេ​បង្កើត​រដ្ឋាភិបាល​បណ្តោះអាសន្ន​មួយ​ដែល​គ្មាន​លំនឹង​ បច្ចុប្បន្ននេះ។

តើ​គ្រាន់តែ​ការទាមទារ​របស់​បាតុករ​ជា​ច្រើន​ម៉ឺន​នាក់​ប៉ុណ្ណឹង​អាច​ផ្តួល​ រំលំ​រដ្ឋាភិបាល​របស់​លោក​បិន អាលី​យ៉ាងម៉េច​នឹង​កើត​នោះ ជាពិសេស លោក​បិន អាលី នេះ ធ្លាប់​ជា​មេដឹកនំា​អំណាចផ្តាច់ការ​ដល់​ទៅ​២៣​ឆ្នាំ?

បើមើល​ឲ្យ​ជ្រៅ​បន្តិច​ក្នុង​នយោបាយ​នៅ​ទុយនីស៊ី នេះគេឃើញ​ថា លោក​បិន អាលី និង​គ្រួសារ​ជា​អ្នកក្តោបក្តាប់​ភាគច្រើន​ជីវិត​នយោបាយ និង​សេដ្ឋកិច្ច​របស់​ប្រទេស។ លោក​បិន អាលី ប្រើកំលាំង​ប៉ូលិសដើម្បី​បង្រ្កាប​ទៅ​លើ​អ្នកណា​ដែល​គាត់ចាត់ទុក​ថា បាន​ប្រឆាំង​នឹង​រូបគាត់។ ពួកប៉ូលិស​ជាង​មួយសែន​នាក់ ដោយ​មាន​ទាំង​អង្គរក្ស​ផ្ទាល់​របស់គាត់​ផង ត្រូវគ្រប់គ្រង​ដោយ​ក្រសួង​មហាផ្ទៃ។

ប៉ុន្តែ នៅ​ថ្ងៃ​ព្រហស្បតិ៍​សប្តាហ៍​មុន នៅ​ចំពោះមុខ​ការតស៊ូ​ប្រឆាំង​មិន​ដាច់​របស់​ប្រជាជន លោក​បិន អាលី នោះ​បាន​ប្រកាស​ឲ្យ​មិន​ឲ្យ​ប៉ូលិស​បាញ់​ទៅ​ក្រុមបាតុករ និង​បាន​សម្រេច​ផ្លាស់ប្តូរ​រដ្ឋមន្រ្តី​ក្រសួងមហាផ្ទៃ ដែល​ជា​ដៃ​ជើង​របស់គាត់។ លោកបិន អាលី ថែមទាំង​សន្យា​ដោយ​ប្រថុចញ៉ុច​ថា លោក​នឹង​ជួយ​ផ្តល់​ការងារ​បីសែន​កន្លែង​ដល់​យុវជន​ទុយនីស៊ី។ ជំហរ​ផ្លាស់ប្តូរ​របស់​លោក បិន អាលី នៅពេល​នោះ គឺ​កើត​ឡើង​ក្រោយពេល​ដែល​អគ្គមេបញ្ជាការ​ទ័ព​មិន​បាញ់​ប្រហារ​ទៅ​លើ​បាតុករ ទៅ​តាម​បញ្ជា​របស់​ប្រធានាធិបតី។ ពួកកងទ័ពនេះ​ទៀត ថែមទាំង​ជួយ​ការពារ​ក្រុមបាតុករ​ពីការបាញ់ប្រហារ​របស់​ប៉ូលិស និង​កងអង្គរក្ស​របស់​ប្រធានាធិបតី។ គ្មានការគាំទ្រ​របស់​ពួកទាហាន លោក​បិន អាលី មើលឃើញ​ថា លោក​បាន​បាត់​កំលាំង​គាំទ្រ ទល់​នឹង​ចលនា​ប្រឆាំង​របស់​ប្រជាជន​ទុយនីស៊ី។

មកដល់​ពេលនេះ គេមិន​ដឹង​ពី​មូលហេតុ​ពិតប្រាកដ​ដែល​ធ្វើ​ឲ្យ​ខាង​កងទ័ព​លែង​គាំទ្រ​អតីត​ ប្រធានាធិបី បិន អាលីទេ។ នៅ​ក្នុង​ថ្ងៃ​បះបោរ កាលពី​ចុងសប្តាហ៍មុន នេះ មេបញ្ជាការ​ទ័ព​បាន​សុំលាលែង​ពី​តំណែង និង​ព្រមាន​ប្រាប់​លោក​បេន អាលី ឲ្យ​ចុះចេញ​ពី​អំណាច ព្រោះថា ប្រព័ន្ធ​នយោបាយ​បច្ចុប្បន្ន​លែង​ដំណើរការ​ទៀតហើយ។ ជំហរ​របស់​ទាហាន​ទុយនីស៊ី គឺ​ខុស​ពី​កងប៉ូលិស​ដែល​នៅ​តែ​ស្មោះស្ម័គ្រ​នឹង​លោក​បិន អាលី។ នេះ​ប្រហែល​ជា​ទាក់ទង​នឹង​បញ្ហា​ផលប្រយោជន៍។

គួរដឹង​ថា នៅ​ក្នុង​ប្រទេស​ទុយនីស៊ី ក្រោម​ការគ្រប់គ្រងរបស់​លោក​បិន អាលី អ្នកដែល​បំរើការឲ្យ​លោក​បិន អាលី និង​ដែល​ជាប់សាច់សាលោហិត​របស់​លោក​បិន អាលី​ទាំងអស់​សុទ្ធ​តែ​បាន​ទទួល​ប្រយោជន៍​ពី​អំណាច​គ្រប់គ្រង​របស់​ ប្រធានាធិបតី។ នៅក្នុង​ប្រទេស​ដែល​រស់​ដោយ​វិស័យ​ទេសចរណ៍ និង​ការវិនិយោគ​បរទេស គេ​ឃើញ​ក្រុមគ្រួសារ​របស់​លោក​បិន អាលី​គ្រប់គ្រង​ច្រើន​ជាង ៥០ភាគរយ នៃ​សេដ្ឋកិច្ចជាតិ។ ភាគហ៊ុន​ក្នុង​ការ​វិនិយោគ​លើ​​អចលនទ្រព្យ ​ក្នុង​ក្រុមហ៊ុន​ឯកជន សណ្ឋាគារ និង​ក្រុមហ៊ុន​ទូរស័ព្ទ​ធំៗ សុទ្ធ​តែ​ជា​របស់​សាច់ញាតិ​របស់​លោក​បិន អាលី ជា​ពិសេស​របស់​ភរិយា​របស់​លោក គឺលោកស្រី Leila Trabaelsi។
 

ក្រោយ​ផ្តួល​រំលំ​លោក​បិន អាលី​ចេញ​ពី​តំណែង​ប្រធានាធិបតី ប្រជាជន​ទុយនីស៊ី​នៅ​បន្ត​ធ្វើ​ការតវ៉ា​ដើម្បី​ឲ្យ​រដ្ឋាភិបាល​បណ្តោះអាសន្ន​ដែល​មាន​គ្នីគ្នា​របស់​បិន អាលី​ ត្រូវ​រំលាយ​ចោល
ក្រោយ​ផ្តួល​រំលំ​លោក​បិន អាលី​ចេញ​ពី​តំណែង​ប្រធានាធិបតី ប្រជាជន​ទុយនីស៊ី​នៅ​បន្ត​ធ្វើ​ការតវ៉ា​ដើម្បី​ឲ្យ​រដ្ឋាភិបាល​បណ្តោះអាសន្ន​ដែល​មាន​គ្នីគ្នា​របស់​បិន អាលី​ ត្រូវ​រំលាយ​ចោល ©Reuters

បើតាម​វិបសៃ​ត៍​របស់​សកម្មជនទុយនីស៊ី នៅក្រៅស្រុក ចរន្ត​សាច់ប្រាក់​តែ​នៅ​ក្នុង​រង្វង់​គ្រួសារ​មាន​តម្លៃ ១៨​ពាន់​លាន​ដុល្លារ គឺ​ស្មើ​នឹង​ទឹកប្រាក់​បំណុល​របស់​ប្រទេស​ទុយនីស៊ី ទាំងមូល។ គេ​បាន​ប្រមាណ​ថា លោក​បិន អាលី ដែល​ពីមុន​ការឡើង​កាន់អំណាច គ្មាន​អ្វីសោះ​ក្នុង​ដៃ ពេលនេះ បាន​មាន​ទ្រព្យសម្បត្តិ ពេលនេះ ​រហូត​ប្រមាណ ៥​ពាន់​លាន​ដុល្លារ។ ភរិយារ​របស់​លោក​បិន អាលីឯណោះវិញ ត្រូវ​គេ​សង្ស័យ​ថា បានចាកចេញ​ពី​ប្រទេស ទៅជាមួយនឹងសាច់​មាស ១តោន​កន្លះ។ ចំណែក បងប្រុស កូនប្រសារ​ប្រុស របស់​លោកស្រី​Leila​ត្រូវ​គេ​ស្គាល់ទូទៅ​ថា មាន​ជំនាញ​ទិញដី និង​អគារ​បេតិកភណ្ឌ​ជាតិ ក្នុង​តម្លៃ​ថោក និង​ចាប់លក់​វិញ ក្នុង​តម្លៃ​ថ្លៃ​កប់ពពក។

អ្នកឈ្នះកាត់ទោសអ្នកចាញ់
បើទោះបី​ជា​តុលាការ​បច្ចុប្បន្ន​នៅសេសសល់​ពី​របប​គ្រប់គ្រង​របស់​លោក​បិន អាលី ប៉ុន្តែ ទាំងរដ្ឋាភិបាល​បច្ចុប្បន្ន និង​សមាជិក​រដ្ឋាភិបាល​បាន​ខំប្រឹង​កែប្រែខ្លួន​ដើម្បី​ជៀសផុត​ពី​ការទិតៀន​ របស់​មហាជនទុយនីស៊ី។ មហាជន​ដែល​នៅ​តែ​កំពុង​ក្រេវក្រោធ មិន​ពេញ​ចិត្ត​នឹង​ឲ្យ​មន្រ្តី​របស់​លោក​បិន អាលី​នៅ​បន្ត​កាន់អំណាច​ក្នុង​រដ្ឋាភិបាល​បច្ចុប្បន្ន។ ដើម្បី​យក​យករួចខ្លួន មន្រ្តីខ្លះ​បាន​ដោះ​ខោអាវចាស់​ ចេញ​ពី​ធ្វើ​ជា​បក្ស​ពួក​លោក​បិន អាលី មក​ធ្វើ​ជា​ជនរងគ្រោះ​ដោយ​របបបិន អាលីទៅវិញ។

សមាជិក​គ្រួសារ​៣៣​នាក់​របស់​លោក​បិន អាលី​ត្រូវ​បាន​ចាប់ខ្លួន ជាមួយ​នឹង​ទ្រព្យសម្បត្តិ​មាសពេជ្រ​ជាច្រើន កាលពី​ថ្ងៃ​ពុធ។ អ្នកទាំង​៣៣​នាក់ នេះ​បើ​តាម​ព័ត៌មាន​ពី​អាជ្ញាធរ​ទុយនីស៊ី គឺ​ជា​បងប្រុស​របស់​ភរិយា​ប្រធានាធិបតី កូនក្មួយ និង​ដន្លងៗ​របស់​ក្រុមគ្រួសារ​លោក​បិន អាលី។

ការចាប់​អ្នកពាក់ព័ន្ធ​នឹង​របប​ចាស់ គឺ​របប​បិន អាលី នឹង​មិន​បញ្ចប់​ត្រឹម​នេះ​ទេ។ ប៉ុន្តែ អ្វី​ដែល​សំខាន់ ដែល​រដ្ឋអំណាច​ទុយនីស៊ី​ត្រូវ​ធ្វើ​ ពេលនេះ​គឺ​ការស្រោចស្រង់​ប្រទេស​ដែល​ទើបចាកផុត​ពី​អំណាចផ្តាច់ការ ឲ្យ​ទៅ​ជា​ប្រទេស​ប្រជាធិបតេយ្យ​មួយ។
សម្រាប់ ប្រជាជន​ទុយនីស៊ី ១០​លាន​នាក់​ដែល​មាន​ភាគច្រើន​ជា​យុវជន​អត់ការងារ កំណែទម្រង់​នយោបាយ​បច្ចុប្បន្ន និង​ការពន្លឿន​សេដ្ឋកិច្ច​ផ្តល់​ការងារ​ធ្វើ​ដល់​យុវជន គឺ​រឿង​អាទិភាព។ របបផ្តាច់ការបិន អាលី​បាន​បិទ​បញ្ចប់​ទៅ​ពេល​នេះមែន ប៉ុន្តែ ក្រោម​ការគ្រប់គ្រង​​របស់​រដ្ឋាភិបាល​បណ្តោះអាសន្ន​បច្ចុប្បន្ន ដែល​នៅ​ ទន់ខ្សោយ​នៅឡើយ រួម​ផ្សំ​នឹង​អំពើ​អនាធិបតេយ្យ​ពាសពេញ​ប្រទេស គេ​កំពុង​ខ្លាច​​ថា របប​ផ្តាច់ការ​នឹង​អាច​វិល​មក​ជាថ្មី ប្រសិន​បើ​រដ្ឋាភិបាល​ពេលនេះ មិន​ខំសហការ​ធ្វើការ​ជាមួយ​គណបក្ស​ប្រឆាំង និង​ក្រុម​អ៊ីស្លាម​ជ្រុលនិយមនោះទេ៕

 

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

មើលវគ្គផ្សេងទៀត
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ