អានតួអត្ថបទ
កម្ពុជា

ក្រុមយោធា​នឹង​ជជែក​បញ្ហា​ទទួល​យក​អ្នក​សង្កេត​ការណ៍​ឥណ្ឌូណេស៊ី

ការ​ដក​កងទ័ព និង​ការ​ទទួលយក​អ្នកសង្កេតការណ៍​ឥណ្ឌូណេស៊ី​នឹង​ត្រូវ​លើក​យក​មក​ជជែក​នៅក្នុង​ជំនួប​រវាង​រដ្ឋមន្ត្រី​ការពារ​ជាតិ​នៅពេល​ខាង​នេះ ខណៈ​ពេល​ដែល​រដ្ឋមន្ត្រី​ទាំង​ពីរ​នឹង​ត្រូវ​ជួបគ្នា​ក្នុង​កិច្ច​ប្រជុំ​គណៈកម្មាធិការ​ព្រំដែន​ទូទៅ។ ព័ត៌មាន​ស្តី​អំពី​ការ​ពិភាក្សា​អំពី​ការ​ដក​កងទ័ព និង​ការ​ទទួលយក​អ្នកសង្កេតការណ៍​ឥណ្ឌូណេស៊ី​ត្រូវ​បាន​អះអាង​ដោយ​លោក​ឧបនាយករដ្ឋមន្ត្រី​សុខ អាន​រដ្ឋមន្ត្រី​ទីស្តីការ​គណៈរដ្ឋមន្ត្រី។

លោក ​សុខ អាន​ រដ្ឋមន្ត្រី​ទីស្តីការ​គណៈរដ្ឋមន្ត្រី​កម្ពុជា
លោក ​សុខ អាន​ រដ្ឋមន្ត្រី​ទីស្តីការ​គណៈរដ្ឋមន្ត្រី​កម្ពុជា RFI/Siv Channa
ផ្សាយពាណិជ្ជកម្ម

 

រដ្ឋមន្ត្រី​នៃ​ទី​ស្តី​ការ​គណៈរដ្ឋមន្ត្រី​លោក​សុខ អាន​បាន​ថ្លែង ​នៅ​ថ្ងៃ​សុក្រ​ទី​២​កញ្ញា​នេះ​ថា កម្ពុជា​និង​ថៃ​នឹង​ជជែក​គ្នា​អំពី​ការ​ដក​កងទ័ព និង​ការ​ទទួលយក​អ្នកសង្កេតការណ៍​ឥណ្ឌូណេស៊ី។ នេះ​ជា​ការ​អះអាង​ច្បាស់​មួយ​ពី​ភាគី​កម្ពុជា អំពី​របៀបវារៈ​នេះ​ដ៏​រសើប​នេះ នៅពេល​ដែល​មន្ត្រី​កម្ពុជា​ផ្សេងទៀត​នៅ​មាន​ការ​ប្រុងប្រយ័ត្ន​ក្នុង​ការ​ធ្វើ​អត្ថាធិប្បាយ​អំពី​បញ្ហានេះ។

មុន​នឹង​ចេញ​ដំណើរទៅ​ប្រទេស​ចិន​ ដើម្បី​ចូលរួម​ក្នុង​សន្និសីទ​នៃ​គណបក្ស​នយោបាយ​អាស៊ី លោក​ឧបនាយករដ្ឋមន្ត្រី​សុខ អាន​​បាន​ថ្លែង​ប្រាប់​អ្នកកាសែត​ថា របៀបវារៈ​ស្តី​ពី​ការ​ទទួលយក​អ្នក​សង្កេតការណ៍​ឥណ្ឌូណេស៊ី​នឹង​ត្រូវ​ដាក់​ជជែក​ នៅក្នុង​កិច្ចប្រជុំ​ដែល​ដឹកនាំ​ដោយ​រដ្ឋមន្ត្រី​ការពារ​ជាតិ​លោក​ទៀ បាញ់ និង​សមភាគីថៃ លោក​យុទ្ធសាក់ សាស៊ីប្រាផា។
បើ​តាម​ការ​បញ្ជាក់​របស់​លោក​ សុខ អាន​ ដដែល នាយករដ្ឋមន្ត្រី​ថៃ ​លោកស្រី​យីងឡាក់ ស៊ីណាវ៉ាត់​បាន​យល់ព្រម​ទទួលយក​អ្នកសង្កេតការណ៍​ឥណ្ឌូណេស៊ី​ហើយ។

នៅ​ថ្ងៃ​ទី​៧​ និង​ទី​៨​ខែ​កញ្ញា​នេះ ក្រុម​លេខា​កម្ពុជា​ថៃ​នៃ​គណៈកម្មាធិការ​ព្រំដែន​ទូទៅ​នឹង​ជួប​ប្រជុំ​គ្នា ​នៅសណ្ឋាគារ​ភ្នំពេញ ​ក្នុង​រាជធានី​ភ្នំពេញ​ ដើម្បី​កំណត់​របៀបវារៈ​រួមគ្នា​សម្រាប់​ដាក់​ចូល​ក្នុង​កិច្ចប្រជុំ​ថ្នាក់​រដ្ឋមន្ត្រី​ការពារ​ជាតិ​កម្ពុជា​ថៃ។ របៀបវារៈ​សរុប​ចំនួន​១៨​ចំនុច​ដែល​ពាក់ព័ន្ធ​នឹង​ការ​ពង្រឹង​កិច្ច​សហប្រតិបត្តិការ​យោធា​តាម​ព្រំដែន​នឹង​ត្រូវ​ភាគី​យោធា​ទាំងពីរ​ជជែក​ជាមួយ​គ្នា៕

 

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ