អានតួអត្ថបទ
បួគីណាហ្វាសូ

បួគីណាហ្វាសូ​៖​ ធម្មនុញ្ញ​ និង​ប្រធានាធិបតី​អន្តរកាល​ត្រូវ​បាន​អនុម័ត​ និង​តែង​តាំង​

បន្ទាប់ពី​ពន្យា​ពេល​មួយថ្ងៃ ដោយសារ​បញ្ហា​ផ្នែក​បច្ចេកទេស និង​រដ្ឋបាល ធម្មនុញ្ញ​អន្តរកាល​ត្រូវបាន​អនុម័ត​ដោយ​ភាគី​កងទ័ព គណបក្សនយោបាយ និកាយ​សាសនា និង​សង្គម​ស៊ីវិល កាលពី​ថ្ងៃអាទិត្យ នៅ​រដ្ឋធានី​អៅ​ហ្គា​ឌូ​ហ្គូ នៃ​ប្រទេស​បួ​គី​ណា​ហ្វា​សូ។ នៅ​ព្រលឹម​ថ្ងៃ​ចន្ទ​នេះ អ្នកឯកទេស​ការទូត​ម្នាក់​ឈ្មោះ មី​ស្សែ​ល កា​ហ្វង់​ដូ (Michel Kafando) ត្រូវបានតែងតាំង​ជា​ប្រ​ធា​នា​ធិបតី​អន្តរកាល។

លោក Michel Kafando ប្រ​ធា​នា​ធិបតី​អន្តរកាល​
លោក Michel Kafando ប្រ​ធា​នា​ធិបតី​អន្តរកាល​ AFP/Issouf Sanogo
ផ្សាយពាណិជ្ជកម្ម

ជា​ផ្លូវការ​ហើយ ធម្មនុញ្ញ​អន្តរកាល ដែល​នឹង​អនុញ្ញាត​ឱ្យគេ​ផ្តើមធ្វើ​កិច្ចការ​ជាក់ស្តែង​ទាំងឡាយ ក្នុងសម័យ​អន្តរកាល​នយោបាយ ត្រូវបាន​ចុះហត្ថលេខា ក្រោម​ស្នូរ​ទះដៃ​របស់​តួអង្គ​ពាក់ព័ន្ធ​នានា​ក្នុងសម័យ​អន្តកាល​នេះ ក្នុងចំណោម​នោះ​មាន​ភាគី​កងកម្លាំងប្រដាប់អាវុធ គណបក្សនយោបាយ និកាយ​សាសនា និង​សង្គម​ស៊ីវិល។

ការ​ទះដៃ​បាន​បន្លឺ​ស្នូរ​ឡើងជា​ពិសេស ពេល​មេទាហាន​ឈ្មោះ ហ្ស៊ី​ដា (Zida) ដែល​ស្ថិតនៅ​លំដាប់​ទី២នៃ​កងកម្លាំង​រក្សា​ប្រធានាធិបតី លើក​ឯកសារ​ដែល​ត្រូវបាន​អនុម័ត​ឡើងលើ។ សំឡេង​ទះដៃ​ក៏​បន្លឺឡើង​ចំពោះ​ហត្ថលេខីផ្សេងៗទៀត​ដែរ ដូចជា​លោក ហ្ស៊េ​ហ្វី​រី​ន ឌី​យ៉ា​ប្រេ (Zéphirin Diabré) ប្រមុខ​បក្សប្រឆាំង លោក អា​ម៉ា​ឌូ ដា​បូ (Amadou Dabo) សមាជិកសភា​គណបក្ស​កាន់អំណាច និង​អ្នកជំនាញ​ខាងច្បាប់​ឈ្មោះ លុក ម៉ា​រី​យើ​ស អ៊ី​ប្រ៊ី​ហ្គា (Luc Marius Ibriga) ដែល​តំណាងឱ្យ​សង្គម​ស៊ីវិល។ គឺ​បុគ្គល​ចុងក្រោយ​នេះហើយ ដែល​ពិតជា​បាន​បង្កើត​អត្ថបទ​ច្បាប់​ជា​មូលដ្ឋានគ្រឹះ​នេះ។ គេ​ក៏​មិន​ភ្លេច​ទេ បុព្វ​ជិត អង់​រី យេ (Henri Yé) ខាង​និកាយ​សាសនា។

ក្តាប់ដៃ​ឡើងលើរូបភាព​សំខាន់​ផ្សេងទៀត​នៃ​ពិធី​នេះ គឺ​អ្នកចូលរួម ទាំង​ជន​ស៊ីវិល ទាំង​ទា​ហាន​ ទាំង​យុវជន ដែល​លើ​កណ្តាប់​ឡើងលើ បាន​បន្លឺ​ចម្រៀង​ជាតិ​ដោយ​មោទនភាព​ពេល​បើក​ពិធី។ ម្យ៉ាងទៀត មេទ័ព ហ្ស៊ី​ដា ក៏បាន​ចូលរួម​ក្នុង​កាយវិការ​ដ៏​ឧត្តុង្គឧត្តម​នេះដែរ។ ជា​បន្ត លោក អាប់​ប្លា​ស្សេ អ៊ូ​ដ្រា​អូ​ហ្គោ (Ablassé Ouedraogo) ថ្នាក់ដឹកនាំ​គណបក្សប្រឆាំង​ម្នាក់​ផ្សេង​​ទៀត បាន​អាន​អត្ថបទ​ធម្មនុញ្ញ​ទាំងស្រុង។ បុគ្គល​ម្នាក់នេះ​ត្រូវបាន​គេ​អបអរសាទរ​យ៉ាង​ខ្លាំង​ ត្បិត​គាត់​បាន​ខំធ្វើការ​យ៉ាង​សម្បើម​លើ​អត្ថបទ​ច្បាប់​នោះ។

មេទ័ព ហ្ស៊ី​ដា បាន​បិទ​ពិធី ដោយ​ការ​ថ្លែង​សុន្ទរកថា ដែល​នៅ​ក្នុងនោះ គាត់​បាន​ថ្លែងថា «ការ​បះបោរ​បាន​ផ្តល់ឱ្យ​ប្រជាជន​បួ​គី​ណា​ហ្វា​សូ នូវ​កិត្តិយស​ជាថ្មី។ ចាប់ពីពេលនេះ​ទៅ ប្រទេស​ជាទី​ស្រឡាញ់​របស់​យើង នឹងមាន​ប្រវត្តិ​មុន និង​ក្រោយ​ថ្ងៃទី៣១ ខែតុលា ឆ្នាំ២០១៤ ដែល​ខុសគ្នា​ស្រឡះ»។

លោក មី​ស្សែ​ល កា​ហ្វង់​ដូ (Michel Kafando) ប្រធានាធិបតី​អន្តរកាល

ក្រោយមក ​បន្ទាប់ពី​ការប្រជុំ​អស់៤ម៉ោង ក្រុមប្រឹក្សា​តែង​តែង បានជ្រើសរើស​ឥស្សរជន​បី​រូប ដែល​ក្នុងចំណោម​នោះ មាន​ម្នាក់​នឹងត្រូវ​តែងតាំង​ជា​ប្រធានាធិបតី​អន្តរកាល។ ម្នាក់​ជា​អតីតរដ្ឋមន្ត្រី​សង្គមកិច្ច ម្នាក់​ជា​អ្នកសារព័ត៌មាន និង​ម្នាក់ទៀត​ជា​អ្នកការទូត។ ការសម្ភាសន៍​បេក្ខជន​ទាំងបី​រូប​ត្រូវបានធ្វើ​មុន​អ​ធ្រា​ត​ថ្ងៃអាទិត្យ​បន្តិច។ 

ទីបំផុត នៅ​ព្រលឹម​ថ្ងៃ​ចន្ទ​នេះ អ្នកការទូត​ឈ្មោះ មី​ស្សែ​ល កា​ហ្វង់​ដូ (Michel Kafando) ត្រូវបានតែងតាំង​ជា​ប្រធានាធិបតី​សម័យ​អន្តរកាល។ ដោយមាន​អាយុ៧២ឆ្នាំ និង​ធ្លាប់បាន​បន្ត​ការសិក្សា​មួយផ្នែក​នៅ​ប្រទេស​បារាំង លោក មី​ស្សែ​ល កា​ហ្វង់​ដូ ជា​អតីត​ឯកអគ្គរដ្ឋទូត​បួ​គី​ណា​ហ្វា​សូ​ពី​ឆ្នាំ១៩៩៨ ដល់​ឆ្នាំ២០១១ និង​ជា​ឯកអគ្គរដ្ឋទូត​អូត​វ៉ុល​តា ក្នុងអំឡុង​ដើម​ទស្សវត្សរ៍​ទី៨០៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ