អានតួអត្ថបទ
កម្ពុជា​-ថៃ

កិច្ចប្រជុំ​នៅ​ឥណ្ឌូណេស៊ី កម្ពុជា-​ថៃ ព្រមព្រៀង​លើ​ការសិក្សា​បើក​ច្រក​ព្រំដែន​ថ្មី

លោក កុយ គួង អ្នកនាំពាក្យ​ក្រសួង​ការបរទេស​កម្ពុជា បាន​ឲ្យ​ដឹង​ថា កិច្ច​ប្រជុំ​រយៈពេល​ពីរ​ថ្ងៃ រវាង​គណៈកម្មការ​ព្រំដែន​ចម្រុះ​កម្ពុជា-​ថៃ JBC បាន​ឯកភាព​គ្នា​លើ​ការ​សិក្សា ដើម្បី​បើក​ច្រក​ព្រំដែន​ថ្មី គឺ​ច្រក​ព្រំដែន​ស្ទឹងបត់ នៅ​ខេត្ត​បន្ទាយមានជ័យ។ កិច្ចប្រជុំ​លើ​ជម្លោះ​ព្រំដែន​កម្ពុជា-ថៃ ដែល​ត្រូវ​បិទ​បញ្ចប់​នៅ​ថ្ងៃ​សុក្រ​នេះ មិនមាន​វត្តមាន​របស់​រដ្ឋមន្ត្រី​ការបរទេស និង​រដ្ឋមន្ត្រី​ការពារ​ជាតិ​ថៃ​ទេ។

លោក ហោ ណាំ​ហុង ជួប​សន្ទនា​ជាមួយ​លោក​រដ្ឋមន្ត្រីការបរទេសឥណ្ឌូនេស៊ី ​ម៉ាទីណា តាលេហ្កាវ៉ា
លោក ហោ ណាំ​ហុង ជួប​សន្ទនា​ជាមួយ​លោក​រដ្ឋមន្ត្រីការបរទេសឥណ្ឌូនេស៊ី ​ម៉ាទីណា តាលេហ្កាវ៉ា © Reuters
ផ្សាយពាណិជ្ជកម្ម
03:20

សេចក្តី​រាយការណ៍​របស់ លី ម៉េងហួរ ពីទីក្រុង​ភ្នំពេញ

កិច្ចប្រជុំ​រវាង​គណៈកម្មកា​រ​ព្រំដែន​ចម្រុះ​កម្ពុជា​-​ថៃ ហៅ​កាត់​ថា JBC ដែល​ដឹកនាំ​ដោយ​លោក​ទេសរដ្ឋមន្ត្រី វ៉ា គីមហុង និង​លោក Asda Jayanama របស់​ភាគី​ថៃ នៅ​ប្រទេស​ឥឥណ្ឌូណេស៊ី បាន​ឯកភាពគ្នា​លើ​ការសិក្សា ដើម្បី​ឈាន​ទៅ​បើក​ច្រក​ព្រំដែន​ថ្មី នៅ​ខេត្ត​បន្ទាយមានជ័យ។

​លោក កុយ គួង អ្នកនាំពាក្យ​ក្រសួង​ការបរទេស​កម្ពុជា បាន​មាន​ប្រសាសន៍​នៅ​មុន​នេះ​ថា គណៈកម្មការ​ព្រំដែន​ចម្រុះ​កម្ពុជា​-​ថៃ បាន​សម្រេច​លើ​ការសិក្សា​ពី​ការបើក​ច្រក​ស្ទឹង​បត់ ក្នុង​ខេត្ត​បន្ទាយមានជ័យ។ នោះ​គឺ​កម្ពុជា​-​ថៃ ត្រូវ​បញ្ជូន​ក្រុមបច្ចេកទេស ទៅពិនិត្យ​ទីតាំង​តំបន់​ព្រំដែន ដែល​ត្រូវ​កសាង​ស្ពាន​ឆ្លងកាត់។​

នៅ​ថ្ងៃ​សុក្រ​នេះ កាសែត​ថៃ បាងកក ប៉ុស្តិ៍ បាន​លើកយក​សម្តី​របស់​លោក Chavanond Intarakomalyasut លេខា​របស់​លោក​រដ្ឋមន្ត្រី​ការបរទេស​ថៃ មក​ចុះ​ផ្សាយ​ថា កិច្ចប្រជុំ​គណៈកម្មការ​ព្រំដែន​ចម្រុះ​កម្ពុជា​-​ថៃ JBC នៅ​ប៊ូហ្គ័រ ប្រទេស​ឥឥណ្ឌូណេស៊ី រយៈពេល​ពីរ​ថ្ងៃ ចាប់ពី​ថ្ងៃ​ទី​៧​មេសា ឆ្នាំ​២០១១ ភាគី​ទាំងពីរ បាន​ព្រមព្រៀង​លើ ៣ ចំណុច​។ ទី​១-​កម្ពុជា​ថៃ បាន​ព្រមព្រៀង​លើ​ការរុករក​បង្គោល​ព្រំដែន ពី​លេខ ១ ដល់​លេខ ២៣ នៅ​ខេត្ត​សូរិន្ទ និង​ខេត្ត​ស៊ីសាកេត។ ទី​២-​ជ្រើសរើស​ក្រុមហ៊ុន​មួយ ថត​ឆ្លុះ​ពីលើ​អាកាស ដើម្បី​រុករក​ខ្សែ​បន្ទាត់​ព្រំដែន នៅ​តំបន់​ព្រំដែន​ជម្លោះ ជិត​ប្រាសាទ​ព្រះវិហារ និង​ចំណុច​ទី​៣-​រៀបចំ​ក្រុម​បច្ចេកទេស ដើម្បី​សិក្សា​ពី​ការបើក​ច្រក​ព្រំដែន​ថ្មី គឺ​ច្រក​ស្ទឹង​បត់ នៅ​ខេត្ត​បន្ទាយមានជ័យ។
ក៏​ប៉ុន្តែ​ចំពោះ​សេចក្តី​រាយការណ៍​នេះ ត្រូវបាន​លោក កុយ គួង អ្នកនាំពាក្យ​ក្រសួងការបរទេស​កម្ពុជា ចាត់ទុក​ថា ជា​ព័ត៌មាន​បំផ្លើស ដែល​បង្ហាញ​ពី​ការ​ភូតភរ បំផ្លើស​ការពិត ពី​ថ្នាក់ដឹកនាំ​ថៃ។

តាម​លោក កុយ គួង ចំណុច​ទី​១ និយាយ​ពី​ការស្វែងរក​បង្គោល​ព្រំដែន ពី​បង្គោល​លេខ​១ ដល់​លេខ ២៣ និង​ចំណុច​ទី​២ ដែល​និយាយថា ត្រូវ​ជ្រើសរើស​ក្រុមហ៊ុន​ថត ពីលើ​អាកាស រក​ខ្សែ​ព្រំដែន​ជម្លោះ គឺ​បរាជ័យ​ទាំងស្រុង។ ការ​មិន​បាន​ឯកភាពគ្នា​នោះ ដោយសារ​ភាគី​ថៃ រក​លេស​ខ្ទាស់​សព្វ​បែប​យ៉ាង។ នោះ​គឺ​សភា​ថៃ មិន​បាន​អនុម័ត​នូវ​កំណត់ហេតុ​កិច្ចប្រជុំ​ទាំងបី កាលពី​ឆ្នាំ​២០០៨ និង​ឆ្នាំ​២០០៩ ជាមុន​សិន។
​យ៉ាងណាក៏ដោយ លោក កុយ គួង បានបញ្ជាក់​ថា កិច្ចប្រជុំ​ពីរ​ថ្ងៃ បិទ​បញ្ចប់​នៅ​ថ្ងៃ​ទី​៨​មេសា ឆ្នាំ​២០១១ ដែល​រដ្ឋមន្ត្រីការបរទេស​ឥឥណ្ឌូណេស៊ី ជា​អ្នករៀបចំ និង​ធ្វើ​ជា​ម្ចាស់ផ្ទះ​នោះ មានតែ​កិច្ចប្រជុំ​គណៈកម្មការ​ព្រំដែន​ចម្រុះ​កម្ពុជា​-​ថៃ JBC ប៉ុណ្ណោះ។ ចំណែក​កិច្ចប្រជុំ GBC ដឹកនាំ​ដោយ​រដ្ឋមន្ត្រី​ការពារ​ជាតិ និង​កិច្ចប្រជុំ​រដ្ឋមន្ត្រី​ការបរទេស​កម្ពុជា ថៃ និង​ឥឥណ្ឌូណេស៊ី មិនមាន​ទេ ដោយសារ​តែ​គ្មាន​​វត្តមាន​របស់​ភាគី​ថៃ។

​សេចក្តីរាយការណ៍​ពី​ប្រទេស​ឥឥណ្ឌូណេស៊ី នៅថ្ងៃនេះ បង្ហាញថា នៅ​ពេល​ផ្តើម​កិច្ចប្រជុំ​រយៈពេល ២ ថ្ងៃ ស្តីពី ជម្លោះ​ព្រំដែន​កម្ពុជា​-​ថៃ កាលពី​ថ្ងៃ​ព្រហស្បតិ៍ ម្សិលមិញ​លោក​រដ្ឋមន្ត្រី​ការបរទេស​ឥឥណ្ឌូណេស៊ី ម៉ាទីណា​ តាលេហ្កាវ៉ា បាន​ថ្លែងថា មាន​ចំណុច​សំខាន់ ២ ដែល​ត្រូវ​ពិភាក្សា។ ទី​១-​ធ្វើ​យ៉ាង​ណា ធានា​អោយ​មាន​បទ​ឈប់​បាញ់​ជា​អចិន្ត្រៃយ៍ និង​ជៀសវាង​ជម្លោះ​ប្រដាប់​អាវុធ នៅ​តំបន់​ព្រំដែន​កម្ពុជា​-​ថៃ និង​ចំណុច​ទី​២-​ការដាក់​អ្នកសង្កេតការណ៍៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ