អានតួអត្ថបទ
កម្ពុជា​

កម្ពុជា ចេញ​ដំណើរ​ទៅ​ចូលរួម​កិច្ចប្រជុំ​នៅ​ឥណ្ឌូណេស៊ី

ដូច​ការគ្រោងទុក នៅ​ព្រឹក​ថ្ងៃ​ពុធ​នេះ ប្រមុខ​ការទូត​កម្ពុជា លោក ហោ ណាំហុង បាន​ដឹកនាំ​ដឹកនាំ​គណៈប្រតិភូ​ជាន់ខ្ពស់​កម្ពុជា​មួយ​ក្រុម ទៅ​ចូលរួម​កិច្ចប្រជុំ​នៅ​ប្រទេស​ឥណ្ឌូណេស៊ី ដើម្បី​ដោះស្រាយ​ជម្លោះ​ព្រំដែន​ជាមួយ​ថៃ។ ជា​កិច្ចប្រជុំ ដែល​និយាយ​ពី​ការបញ្ជូន​អ្នកសង្កេតការណ៍​អាស៊ាន មក​ត្រួតពិនិត្យ​បទ​ឈប់​បាញ់​នៅ​ព្រំដែន រួម​ទាំង​ការពិភាក្សា​ពី​ការវាស់វែង​កំណត់​ព្រំដែន ជិត​ប្រាសាទ​ព្រះវិហារ។

លោក ហោ ណាំហុង ដឹក​នាំ​គណៈប្រតិភូ​ទៅ​កាន់​ប្រទេស​ឥណ្ឌូនេស៊ី
លោក ហោ ណាំហុង ដឹក​នាំ​គណៈប្រតិភូ​ទៅ​កាន់​ប្រទេស​ឥណ្ឌូនេស៊ី ©សុវណ្ណារ៉ា
ផ្សាយពាណិជ្ជកម្ម
02:27

សេចក្តី​រាយការណ៍​របស់ លី ម៉េងហួរ ពីទីក្រុង​ភ្នំពេញ

ក្នុង​កិច្ចប្រជុំ​លើ​សំណុំរឿង​ព្រំដែន​កម្ពុជា​-​ថៃ នៅ​ប្រទេស​ឥណ្ឌូណេស៊ី នា​ថ្ងៃ​ទី​៧ និង​ថ្ងៃ​ទី​៨​មេសា ឆ្នាំ​២០១១ កម្ពុជា​នឹង​បង្ហាញ​សុឆន្ទៈ​សាជាថ្មី​ម្តង​ទៀត ដើម្បី​ឲ្យ​អ្នក​សង្កេតការណ៍​អាស៊ាន ចុះ​មក​ត្រួតពិនិត្យ បទ​ឈប់​បាញ់​ជា​អចិន្ត្រៃយ៍​នៅ​ព្រំដែន​ជិត​ប្រាសាទ​ព្រះវិហារ។ នេះ​បើ​តាម​ការអះអាង​របស់​លោក​ប្រមុខ​ការទូត ហោ ណាំហុង នៅ​មុន​ពេល​ចេញ​ដំណើរ នៅ​ព្រឹក​ថ្ងៃ​ពុធ​នេះ។ ដំណើរ​ទៅកាន់​កិច្ចប្រជុំ​នៅ​ប្រទេស​ឥណ្ឌូណេស៊ី ធ្វើឡើង​តាម​ការកោះប្រជុំ​របស់​រដ្ឋមន្ត្រី​ការបរទេស​ឥណ្ឌូណេស៊ី ក្នុងនាម​ជា​ប្រធាន​អាស៊ាន​ប្រចាំឆ្នាំ។

រយៈពេល​ពីរ​ថ្ងៃ​នេះ កម្ពុជា​-​ថៃ នឹង​ចូលរួម​តុ​ប្រជុំ​ក្រៅ​ផ្លូវការ រវាង​រដ្ឋមន្ត្រី​ការបរទេស​កម្ពុជា ថៃ និង​រដ្ឋមន្ត្រី​ការបរទេស​ឥណ្ឌូណេស៊ី រួម​ទាំង​កិច្ចប្រជុំ​គណៈកម្មការ​ព្រំដែន​ចម្រុះ​កម្ពុជា​-ថៃ JBC ដឹកនាំ​ដោយ​លោក​ទេសរដ្ឋមន្ត្រី វ៉ា គីម​ហុង និង​កិច្ចប្រជុំ​គណៈកម្មាធិការ​ព្រំដែន​ទូទៅ​កម្ពុជា​-ថៃ GBC ដឹកនាំ​ដោយ​លោក​រដ្ឋមន្ត្រី​ការពារជាតិ ទៀ បាញ់។​

លោក​ប្រមុខ​ការទូត ហោ ណាំហុង បាន​លើកឡើង​ថា កិច្ចប្រជុំ​នោះ អាច​ឈាន​ទៅ​រក​ការស្រុះស្រួល​គ្នា ដើម្បី​ដាក់​អ្នកសង្កេតការណ៍​ឥណ្ឌូណេស៊ី នៅ​ព្រំដែន​កម្ពុជា និង​ថៃ។ កិច្ចប្រជុំ​គណៈកម្មការ​ព្រំដែន​កម្ពុជា​-​ថៃ ក៏​អាច​ឈាន​ទៅ ដល់​ការបោះបង្គោល​ព្រំដែន ពិសេស​នៅ​តំបន់​ព្រះវិហារ ដែល​ជា​ចំណុច​អាទិភាព។

ជាថ្មី​ម្តង​ទៀត លោក​រដ្ឋមន្ត្រី​ការបរទេស ហោ ណាំហុង បាន​បង្ហាញ​សុឆន្ទៈ​របស់​កម្ពុជា ដើម្បី​ដាក់​អ្នកសង្កេតការណ៍​ឥណ្ឌូណេស៊ី ឲ្យ​បាន​ឆាប់ៗ សម្រាប់​ត្រួតពិនិត្យ​បទ​ឈប់​បាញ់ នៅ​ព្រំដែន​ព្រះវិហារ។

តំបន់​ព្រំដែន​ប្រាសាទ​ព្រះវិហារ កើត​មាន​ការ​វាយ​ប្រយុទ្ធ​ដោយ​កាំភ្លើង​ធុន​ធ្ងន់។ ថៃ​បាន​បង្កើន​ការវាយប្រហារ​លើ​កម្ពុជា កាលពី​ថ្ងៃ​ទី​៤ ដល់​ថ្ងៃ​ទី​៧​កុម្ភៈ ឆ្នាំ​២០១១ បន្ទាប់​ពី​កងទ័ព​ថៃ បាន​ចូល​ទន្ទ្រាន នាំ​ដល់​ការប្រឈមមុខ​ដោយ​អាវុធ កាលពី​ថ្ងៃ​ទី​១៥​កក្កដា ឆ្នាំ​២០០៨។

យ៉ាងណាក៏ដោយ រដ្ឋមន្ត្រី​ការបរទេស​ថៃ លោក កា​ស៊ីត ភិរម្យ ដែល​ត្រូវ​ដឹកនាំ​គណៈប្រតិភូ​ថៃ ចូលរួម​កិច្ចប្រជុំ​នៅ​ឥណ្ឌូណេស៊ី ត្រូវបាន​កាសែត​ថៃ The Nation រាយការណ៍ នៅ​ថ្ងៃ​ទី​៦​មេសា ឆ្នាំ​២០១១​ថា អ្នក​សង្កេតការណ៍​ឥណ្ឌូណេស៊ី អាច​ចូល​មក​សង្កេតការណ៍​នៅ​តំបន់​ព្រំដែន​កម្ពុជា​-ថៃ ក្នុងនាម​ជា​អ្នកការទូត​តែ​ប៉ុណ្ណោះ។ អ្នកសង្កេតការណ៍​ឥណ្ឌូណេស៊ី ដើម្បី​ត្រួតពិនិត្យ​បទ​ឈប់​បាញ់​នៅ​ព្រំដែន​ព្រះវិហារ ចំនួន ១៥ នាក់​ម្ខាង​នោះ មិន​ត្រូវ​កាន់​អាវុធ និង​មិន​ត្រូវ​ប្រើប្រាស់​ឯកសណ្ឋាន​យោធា​ឡើយ៕ 

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ