អានតួអត្ថបទ
កម្ពុជា​-ថៃ

ឥណ្ឌូណេស៊ី រង់ចាំ​ថៃ​ឆ្លើយ​តប​រឿង​អ្នក​ឃ្លាំ​មើល​បទ​ឈប់បាញ់

គម្រោង​របស់​អាស៊ាន ក្នុង​ការបញ្ជូន​អ្នក​សង្កេតការណ៍​ឥណ្ឌូណេស៊ី ទៅ​កាន់​តំបន់​ព្រំដែន​ជម្លោះ​កម្ពុជា​-​ថៃ ជិត​ប្រាសាទ​ព្រះវិហារ ត្រូវ​បាន​ជាប់គាំង ដោយសារ​តែ​ថៃ មិន​ទាន់​ឆ្លើយតប។ នៅថ្ងៃនេះ អ្នកនាំពាក្យ​ក្រសួង​ការបរទេស​ឥណ្ឌូណេស៊ី ក្នុង​នាម​ជា​ប្រធាន​អាស៊ាន បាន​ជំរុញ​ឲ្យ​មាន​ការ​ឆ្លើយ​តប ដើម្បី​បញ្ជូន​អ្នក​សង្កេត​ការណ៍ បទ​ឈប់​បាញ់ ទៅ​កាន់​ព្រំដែន​ជម្លោះ។

កម្លាំងល្បាត​កម្ពុជា​នៅ​ព្រំដែន​ជិត​ប្រាសាទ​ព្រះវិហារ
កម្លាំងល្បាត​កម្ពុជា​នៅ​ព្រំដែន​ជិត​ប្រាសាទ​ព្រះវិហារ ©​ លាង​ ដឺលុច
ផ្សាយពាណិជ្ជកម្ម
02:52

សេចក្តី​រាយការណ៍​របស់ លី ម៉េងហួរ ពីទីក្រុង​ភ្នំពេញ

ក្នុង​កិច្ចប្រជុំ​ថ្នាក់​រដ្ឋមន្ត្រី​ការបរទេស​អាស៊ាន នៅ​ទីក្រុង​ហ្សាការតា កាលពី​ថ្ងៃ​ទី​២២ ខែ​កុម្ភៈ ឆ្នាំ​២០១១ ប្រមុខ​ការទូត​កម្ពុជា និង​ថៃ បាន​ព្រមព្រៀង​គ្នា ទទួល​យក​អ្នកសង្កេតការណ៍​ឥណ្ឌូណេស៊ី ម្ខាង ១៥ នាក់ ដើម្បី​ត្រួតពិនិត្យ​បទ​ឈប់​បាញ់ នៅ​ព្រំដែន​ជិត​ប្រាសាទ​ព្រះវិហារ។ តំបន់​ព្រំដែន ដែល​ទាហាន​ថៃ បាន​បើក​ការ​វាយ​ប្រហារ ជា​ទ្រង់ទ្រាយ​សង្គ្រាម លើ​កងទ័ព​កម្ពុជា កាលពី​ថ្ងៃ​ទី​៤ រហូត​ដល់​ថ្ងៃ​ទី​៧ ខែ​កុម្ភៈ ឆ្នាំ​២០១១។

​នៅ​ថ្ងៃ​ព្រហស្បតិ៍ ទី​២៤​មីនា ឆ្នាំ​២០១១ លោកស្រី គុសុម៉ា ហាប៊ៀរ (Kusuma Habir) អ្នកនាំពាក្យ​ក្រសួង​ការបរទេស​ឥណ្ឌូណេស៊ី បាន​ថ្លែង​ប្រាប់​ទីភ្នាក់ងារ AFP ថា ឥណ្ឌូណេស៊ី កំពុង​រង់ចាំ​នូវ​ការ​យល់ព្រម​ពី​ប្រទេស​ថៃ និង​កម្ពុជា មុន​នឹង​ឥណ្ឌូណេស៊ី អាច​ដំណើរការ​បញ្ជូន​អ្នកសង្កេតការណ៍​កងទ័ព ទៅ​កាន់​តំបន់​ជម្លោះ។ មក​ដល់​ពេល​នេះ ក្រុម​អ្នកសង្កេតការណ៍​ឥណ្ឌូណេស៊ី មិនទាន់​ទទួល​បាន​ពី​បទ​បញ្ជា​ប្រតិបត្តិការ និង​មិន​ដឹង​ថា​តើ​ត្រូវ​ទៅ​ឈរ​ជើង​សង្កេតការណ៍​កន្លែង​ណា ហើយ​មាន​រយៈពេល​ប៉ុន្មាន​នោះ​ឡើយ។

​លោកស្រី អ្នក​នាំពាក្យ​ក្រសួង​ការបរទេស​ឥណ្ឌូណេស៊ី បាន​បញ្ជាក់​ថា ឥណ្ឌូណេស៊ី ក្នុង​នាម​ជា​ប្រធាន​អាស៊ាន សង្ឃឹម​ថា នឹង​ទទួល​បាន​នូវ​ការយល់ព្រម​ពី​ភាគី​ថៃ និង​កម្ពុជា ក្នុង​ពេល​ឆាប់ៗ តាម​ដែល​អាច​ធ្វើ​ទៅ​បាន។
​         ​
​ការលើក​ឡើង​ដូច្នេះ បាន​ធ្វើ​ឡើង​តែ​មួយ​ថ្ងៃ​ប៉ុណ្ណោះ ក្រោយពី​អគ្គមេបញ្ជាការ​កងទ័ព​ជើងគោក​ថៃ លោក​ឧត្តមសេនីយ៍ ប្រាយុទ្ធ ចាន់អូចា បាន​ថ្លែង​ដោយ​ផ្ទាល់មាត់​កាលពី​ថ្ងៃ​ពុធ​ថា ថៃ​មិន​ចង់​បាន​អ្នកសង្កេតការណ៍​អាស៊ាន នៅ​លើ​តំបន់​ជម្លោះ​ជិត​ប្រាសាទ​ព្រះវិហារ​ទេ ពីព្រោះ​រឿង​នេះ វា​មាន​គ្រោះថ្នាក់ ហើយ​អ្នកសង្កេតការណ៍​នោះ នឹង​ធ្វើឲ្យ​បញ្ហា​កាន់តែ​ស្មុគស្មាញ។
​         ​
​លោក​ឧត្តមសេនីយ៍ បាន​បន្ថែមថា ក្រសួង​ការពារ​ជាតិ​ កងទ័ព និង​មេបញ្ជាការ​យោធា​ថៃ បាន​ច្រានចោល​នូវ​គំនិត​ផ្តួចផ្តើម​ឲ្យមាន​អ្នក​ត្រួតពិនិត្យ​បទឈប់បាញ់ ប៉ុន្តែ​លោក​បាន​ទទួល​ស្គាល់ បញ្ហា​នេះ​​អាស្រ័យ​ការសម្រេចចិត្ត​របស់​រដ្ឋាភិបាល​ថៃ។

​ទោះជា​យ៉ាងណា​ក៏ដោយ អ្នកនាំពាក្យ​រដ្ឋាភិបាល​ថៃ បាន​ច្រានចោល​នូវ​ព័ត៌មាន ដែលថា មាន​ការផ្លាស់ប្តូរ​ក្នុង​គោលជំហរ​របស់​ទីក្រុង​បាងកក ហើយ​បាន​និយាយ​ផង​ដែរ​ថា គណៈកម្មការ​ព្រំដែន​ចម្រុះ នឹង​ត្រូវ​កោះប្រជុំ ដើម្បី​ដោះស្រាយ​លម្អិត​លើ​បេសកកម្ម​របស់​អ្នកសង្កេតការណ៍ ពី​បទ​ឈប់​បាញ់។

​ចំណែក​លោក កុយ គួង អ្នកនាំពាក្យ​ក្រសួង​ការបរទេស​កម្ពុជា គូស​បញ្ជាក់​ថា កម្ពុជា​បាន​ជូន​ព័ត៌មាន និង​បាន​ផ្តល់​ឯកសារ រាប់​ទាំង​ទីតាំង​អ្នកសង្កេតការណ៍​អាស៊ាន​នៅ​តំបន់​ព្រំដែន​ភ្លាមៗ តាំង​ពី​លិខិត​ទី​១​របស់​ប្រមុខ​ការទូត​ឥណ្ឌូណេស៊ី ក្នុងនាម​ជា​ប្រធាន​អាស៊ាន​មក​ម្ល៉េះ។​
លោក កុយ គួង បាន​បន្ថែម​ថា កម្ពុជា ក៏​នៅ​តែ​រង់ចាំ​ព័ត៌មាន​ពី​ភាគី​ឥណ្ឌូណេស៊ី ក្នុង​នាម​ប្រធាន​អាស៊ាន ចំពោះ​ការ​កំណត់​ថ្ងៃ​ប្រជុំ​គណៈកម្មការ​ព្រំដែន JBC និង GBC នៅ​ថ្ងៃ​ទី​៧ និង​ទី​៨​មេសា​ខាង​មុខ។ មក​ដល់​ពេល​នេះ កិច្ចប្រជុំ​ដោះស្រាយ​ជម្លោះ​ព្រំដែន​កម្ពុជា​-​ថៃ ដោយ​មាន​ការសម្របសម្រួល​ពី​ឥណ្ឌូណេស៊ី មិនទាន់​មាន​អ្វី​ប្រែប្រួល​ទេ៕

 

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ