អានតួអត្ថបទ
កម្ពជា​

បុណ្យ​វិសាខបូជា​៖​ទណ្ឌិត៣៤​រូប​​ត្រូវបាន​​ស្នើសុំ​​អនុគ្រោះ​​ទោស​​ពី​​ព្រះមហាក្សត្រ​

សម្រាប់​ថ្ងៃបុណ្យ​វិសាខបូជា ២៩មេសា​នេះ ក្រសួងយុត្តិធម៌​បានសម្រេច​ជា​ផ្លូវការ ស្នើសុំ​អនុគ្រោះ​ទោស​ដល់​ទណ្ឌិត​ចំនួន៣៤រូប ក្នុងនោះ១រូប​ជា​ស្ត្រី។ ក្នុងចំណោម​ទណ្ឌិត​ទាំងនេះ មាន៣៣រូប​ស្នើសុំ​ប​ន្ថូ​រ​បន្ថយទោស និង១រូប​ទៀត​ស្នើសុំ​លើកលែងទោស​តែម្តង។ ប​ញ្ចី​ឈ្មោះ​ទណ្ឌិត​ទាំងនេះ ត្រូវបាន​បញ្ចូនទៅ​ឲ្យ​លោកនាយក​រដ្ឋមន្ត្រី​ហ៊ុន សែន ពិនិត្យ​ចុងក្រោយ​ហើយ មុន​ថ្វាយ​ទៅកាន់​ព្រះមហាក្សត្រ​ដើម្បី​ឡាយ​ព្រះ​ហ​ត្ត​លេខា​លើកលែង និង​បន្ធូរ​បន្ថយទោស។

សម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រកម្ពុជា
សម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រកម្ពុជា Siv Channa/RFI
ផ្សាយពាណិជ្ជកម្ម

ទណ្ឌិត​ទាំង៣៤នាក់​ដែល​ត្រូវបាន​ស្នើសុំ​អនុគ្រោះ​ទោស​នៅ​ថ្ងៃបុណ្យ​វិ​សាទ​បូជា​នៅ​ឆ្នាំនេះ ជា​ទណ្ឌិត​ស្ថិតក្នុង​ប្រភេទ​ទោស​ទូទៅ ដូច​យ៉ាង​ជាប់ទោស លួច ប្លន់ និង​ឆបោក​ជាដើម។ ចំណែក​ទណ្ឌិត​ដែលមាន​ទោស​ធ្ងន់​ធរ ដូចជា​ជាប់ទោស​ឃាតកម្ម និង ឧក្រិដ្ឋកម្ម​គ្រឿងញៀន គឺ​មិន​ស្ថិតនៅក្នុង​បញ្ជី​ស្នើសុំ​លើកលែង និង​បន្ធូរ​បន្ថយទោស​នេះឡើយ។ នេះ​បើតាម​បញ្ជាក់​ឲ្យ​ដឹង​របស់ លោក​ជិន ម៉ា​លីន ដែលជា​អ្នកនាំពាក្យ​ក្រសួងយុត្តិធម៌​កម្ពុជា។ តាម​លោក ជិន ម៉ា​លីន ដដែល បញ្ជី​ឈ្មោះ​ទណ្ឌិត​ទាំង៣៤នាក់​នេះ ត្រូវបាន​បញ្ចូនទៅ​កាន់​ខុទ្ទកាល័យ​នាយករដ្ឋមន្ត្រី​រួចរាល់​ហើយ ដើម្បី​ឲ្យ​ប្រមុខ​រដ្ឋាភិបាល​កម្ពុជា​ពិនិត្យ​និង​សម្រេច​ជា​លើកចុងក្រោយ មុន​ស្នើសុំ​ព្រះរាជទាន​លើកលែង និង​បន្ធូរ​បន្ថយទោស​ជា​ផ្លូវការ​ពី​ព្រះមហាក្សត្រ។

សូមបញ្ជាក់ថា ប៉ុន្មាន​ថ្ងៃមុន​កា​រប​ញ្ចូ​នប​ញ្ចី​ឈ្មោះ​ទណ្ឌិត​នេះ​ទៅកាន់​លោកនាយក​រដ្ឋមន្ត្រី ហ៊ុន សែន អ្នកស្រី​ទេព វ​ន្នី ដែលជា​សកម្មជន​ដីធ្លី​តំបន់​បឹងកក់​និង​ក្រុមគ្រួសារ បានស្នើ​សុំ​ឲ្យ​លោកនាយក​រដ្ឋមន្ត្រី​ហ៊ុន សែន ជួយ​អន្តរាគមន៍​លើកលែងទោស​ដល់​អ្នកស្រី​នៅ​ថ្ងៃបុណ្យ​វិ​សាទ​បូជា​នេះ។ ក៏ប៉ុន្តែ​ថា​តើ​ឈ្មោះ​អ្នកស្រី​មាននៅ​ក្នុង​ប​ញ្ចី​ឈ្មោះ​លើកលែងទោស​ឬ​យ៉ាងណា​នោះ មិនត្រូវ​បាន​លោក​ជិន ម៉ា​លីន ប្រាប់​ឲ្យ​ដឹង​ឡើយ ដោយ​អះអាងថា រង់​ចាំមើល​នៅក្នុង​បញ្ជី​ផ្លូវ​ការដែល​ព្រះមហាក្សត្រ​ព្រះរាជទាន​លើកលែង និង​បន្ធូរ​បន្ថយទោស​នាពេល​ខាងមុខ។

គួរ​ឲ្យ​ដឹងថា ការលើកលែង និង​ប​ន្ថួ​រ​បន្ថយទោស​នៅក្នុង​ប្រទេស​កម្ពុជា ធ្វើឡើង៣ដង​ក្នុង​មួយឆ្នាំ គឺ​នៅក្នុង​ពិធីបុណ្យ​ចូលឆ្នាំថ្មី បុណ្យអុំទូក និង​បុណ្យ​វិសាខបូជា។ ការលើកលែង និង​បន្ធូរ​បន្ថយទោស​ដល់​ទ​ណ្ឌិ​ត​ទាំងអស់ គឺធ្វើឡើង​តាម​សំណើ​របស់​នាយករដ្ឋមន្ត្រី។ ទណ្ឌិត​ដែល​នឹង​អាច​ត្រូវ​លើកលែងទោស​បាន ចាំបាច់​ត្រូវអនុវត្ត​ទោស​បាន២ភាគ៣នៃ​ទោស​សរុប​នៅក្នុង​ពន្ធនាគារ។ រីឯ​ទណ្ឌិត​ដែល​អាច​បន្ធូរ​បន្ថយទោស​បាន​វិញ គឺ​លុះត្រា​ណា​ទណ្ឌិត​ទាំងនោះ​អនុវត្ត​ទោស​បាន១ភាគ៣នៃ​ទោស​សរុប។ ការអនុគ្រោះ​ទោស​ទាំងពីរ​ប្រភេទ​នេះ​អាចធ្វើ​ឡើងទៅ​បាន ប្រសិនបើ​ពួកគេ​ត្រូវបាន​គេ​រកឃើញថា បាន​កែខ្លួន​នៅក្នុង​អំឡុងពេល​នៃ​ការជាប់​ឃុំឃាំង​ក្នុង​ពន្ធនាគារ៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ