អានតួអត្ថបទ
កម្ពុជា-តុលាការ

​ក្រុម​មេធាវី​ការពារ​ក្ដី​គ្រោង​ស្នើ​ទៅ​តុលាការ​ប្ដូរ​ទី​តាំង​ឃុំ​ខ្លួន​លោក កឹម សុខា

ក្រុម​មេធាវី​ការពារ​ក្ដី​លោក កឹម សុខា បាន​បង្ហើប​ពី​គម្រោង​ស្នើ​ទៅ​តុលាការ​ក្នុង​ការ​ប្ដូរ​ទីតាំង​ឃុំ​ខ្លួន​លោក កឹម សុខា មក​នៅ​ភ្នំពេញ​វិញ។ គម្រោង​នេះ​ធ្វើ​ឡើង​បន្ទាប់​ពី​​ក្រុម​មេធាវី​ធ្វើ​ដំណើរ​ទៅ​ជួប​លោក កឹម សុខា ជា​ថ្មី​ទៀត​នៅ​ឯ​ពន្ធនាគារ​ត្រពាំង​ផ្លុង​នៅ​ក្នុង​ខេត្ត​ត្បូង​ឃ្មុំ នៅ​ថ្ងៃ​នេះ។

លោក​មេធាវី ​សំ សុគង់ ​
លោក​មេធាវី ​សំ សុគង់ ​ @Sam Sokong Facebook
ផ្សាយពាណិជ្ជកម្ម

លោក សំ សុគង់ តំណាង​ឲ្យ​មេធាវី​ឯ​ទៀត​បាន​អះ​អាង​ប្រាប់​វិទ្យុ​បារាំង​នៅ​ថ្ងៃ​ទី​៧​ខែ​កញ្ញា​នេះ​ថា គោល​បំណង​នៃ​ការ​សុំ​ប្ដូរ​ទីតាំង​ឃុំ​ខ្លួន​លោក កឹម សុខា ក៏​ដោយ​សារ​តែ​ពន្ធនាគារ​ត្រពាំង​ផ្លុង​ នៅ​ឆ្ងាយ​ពី​ភ្នំពេញ​ពេក ដែល​ជា​មូលហេតុ​ពិបាក​នៅ​ក្នុង​ការ​ធ្វើ​ដំណើរ​ទៅ​ជួប​លោក កឹម សុខា ដែល​ជា​កូន​ក្ដី។

ម្យ៉ាង​ទៀត​ក្រុម​មេធាវី​យល់​ថា ករណី​លោក កឹម សុខា តុលាការ​មិន​ទាន់​បើ​ការ​ជំនុំ​ជម្រះ​ផង​មិន​គួរ​ណា មិន​បញ្ជូន​រូប​គាត់​ទៅ​ឃុំ​ខ្លួន​រហូត​ដល់​ពន្ធនាគារ​ត្រពាំង​ផ្លុង​នោះ​ទេ។ បើ​តាម​ការ​កត់​សម្គាល់​របស់​ក្រុម​មេធាវី​ការពារ​ក្ដី​ការ​ឃុំ​ខ្លួន​មនុស្ស​នៅ​ពន្ធនាគារ​ត្រពាំង​ផ្លុង​គួរ​តែ​ធ្វើ​ឡើង​ចំពោះ​ទណ្ឌិត​ណា​ដែល​ត្រូវ​បាន​កាត់​ទោស​រួច និង​មាន​សាល​ក្រមឬ សាល​ដីកា​ចូល​ជា​ស្ថាពរ និង​ជា​ប្រភេទ​ទណ្ឌិត​ដែល​បាន​ប្រព្រឹត្ត​បទ​ឧក្រិដ្ឋ​ធ្ងន់​ធ្ងរ។ នេះ​បើ​តាម​ការ​គូស​បញ្ជាក់​របស់​លោក សំ សុគង់។

តែ​យ៉ាង​ណា​ក៏​ដោយ​ចំពោះ គម្រោង​ស្នើ​ទៅ​តុលាការ​ក្នុង​ការ​ផ្លាស់​ប្ដូរ​ទី​តាំង​ឃុំ​ខ្លួន​លោក កឹម សុខា នឹង​ធ្វើ​ឡើង​នា​ពេល​ណា​នោះ លោក សំ សុគង់ បន្ថែម​ថា លុះ​ណា​មាន​ការ​ឯកភាព​ពី​លោក កឹម សុខា ជា​មុន​សិន។

សូម​បញ្ជាក់​ថា នៅ​ថ្ងៃ​ពុធ​ម្សិល​មិញ ក្រោយ​ពី​បញ្ចប់​ការ​ពិភាក្សា​ដេញ​ដោល​ចំពោះ​មុខ​និង​សាក​សួរ​ចម្លើយ​ជន​ត្រូវ​ចោទ កឹម សុខា ដែល​រង​ការ​ចោទ​ប្រកាន់​ពី​បទ​ក្បត់​ជាតិ​នោះ ចៅ​ក្រម​បាន​សម្រេច​ឃុំ​ខ្លួន លោក​កឹម សុខា បណ្តោះ​អាសន្ន​ពី​បទ សន្ទិដ្ឋិភាព​ជាមួយ​បរទេស ឬ​មាន​ន័យ​ថា​ការ​ឃុប​ឃិត​ជាមួយ​បរទេស។

ដោយ​ឡែក​ចំពោះ​ការ​ស្នើ​សុំ​ទៅ​ជួប លោក កឹម សុខា នៅ​ឯ​ពន្ធនាគារ​ត្រពាំង​ផ្លុង​ពី​សំណាក់​មន្ត្រី​ជាន់​ខ្ពស់​មួយ​ចំនួន​របស់​គណបក្ស​សង្គ្រោះ​ជាតិ​កាល​ពី​ម្សិល​មិញ​ក៏​ត្រូវ​បាន​ចៅ​ក្រម​តុលាការ​ក្រុង​ភ្នំពេញ​បដិសេធ​សំណើ​នេះ​នៅ​ថ្ងៃ​ទី​៧​ខែ​កញ្ញា​នេះ​ហើយ​ដែរ​ក្រោម​ហេតុ​ផល​ថា សំណុំ​រឿង​នេះ​កំពុង​ស្ថិត​នៅ​ក្នុង​ចំណាត់​ការ​ស៊ើប​សួរ និង​ស្រាវ​ជ្រាវ​ប្រមូល​ភស្ដុតាង​នានា។ ការ​បដិសេធ​នេះ​នៅ​មិន​ទាន់​មាន​ការ​ឆ្លើយ​តប​ពី​លោក​ស្រី មូរ សុខហួរ ដែល​ជា​អ្នក​សុំ​នៅ​ឡើយ​ទេ ។ ប៉ុន្តែ​លោក សំ សុគង់​ថា ហេតុ​ផល​របស់​តុលាការ​មិន​សម​ហេតុ​ផល​ទេ​ព្រោះ​ប៉ះ​ពាល់​ដល់​សិទ្ធិ​ធ្ងន់​ធ្ងរ​របស់​ជន​ត្រូវ​ចោទ។ បើ​ផ្អែក​តាម​ច្បាប់​លោក កឹម សុខា ក៏​មាន​សិទ្ធិ​ជួប​ប្រាស្រ័យ​ទាក់​ទង​ជាមួយ​មនុស្ស​ទូទៅ​បាន​គ្រប់​ពេល​វេលា​ក្នុង​ម៉ោង​ធ្វើ​ការ​ដែរ។

សូម​បញ្ជាក់​ថា ត្បិត​តែ​ជំទាស់​នឹង​ក្រុម​មន្ត្រី​ជាន់​ខ្ពស់​គណបក្ស​សង្គ្រោះ​ជាតិ ក្រៅ​ពី​ក្រុម​មេធាវី​ការពារ​ក្ដី ភរិយា​និង​ញាតិ​មិត្ត​លោក កឹម សុខា ឯ​ទៀត​ក៏​បាន​ចូល​ជួប​សួរ​ទុក្ខ​លោក កឹម សុខា រួច​ហើយ​ដែរ៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ