អានតួអត្ថបទ
កម្ពុជា

អ្នក​​ស្រលាញ់ ​និង​​ការពារ​​អា​រ៉ែ​​ង​ ពេលនេះ​ មាន​​កាន់តែ​ច្រើន​

រហូតដល់​ពេលនេះ អ្នក​ស្រលាញ់ និង​ការពារ​តំបន់​អា​រ៉ែ​ង ក្នុង​ខេត្តកោះកុង មាន​កាន់តែ​ច្រើនឡើង។ ក្រុមយុវជន អង្គការ​សង្គម​ស៊ីវិល និង​ព្រះសង្ឃ បានធ្វើ​ដំណើរ​ទៅកាន់​តំបន់​អា​រ៉ែ​ង​ជា​បន្តបន្ទាប់ គឺ​នៅក្រោយពី​អវត្តមាន​របស់​អា​ឡិច ជនជាតិ​អេ​ស្ប៉ា​ញ និង​ជា​សកម្មជន​ការពារ​តំបន់​អា​រ៉ែ​ង។ បន្ទាប់ពី​ដឹកនាំ​យុវជន ព្រះសង្ឃ អាជីវករ និង​មន្ត្រីរាជការ ចុះទៅ​កាន់​តំបន់​ព្រៃភ្នំ នៅ​អា​រ៉ែ​ង រួចមក លោកព្រាប កុល បាន​បង្កើត Page Facebook មួយ ដែលមាន​ឈ្មោះថា We Love Nature ដើម្បី​បំផុស​ឲ្យ​មហាជន ស្រឡាញ់​ធម្មជាតិ។

រូបភាព​នៃ​តំបន់​អារ៉ែង​នៅក្នុង​ទំព័រ​ហ្វេសប៊ុក​ We Love Nature​
រូបភាព​នៃ​តំបន់​អារ៉ែង​នៅក្នុង​ទំព័រ​ហ្វេសប៊ុក​ We Love Nature​ @We Love Nature
ផ្សាយពាណិជ្ជកម្ម

Page លើ​ទំព័រ​ហ្វេ​ស​ប៊ុ​ក ដែលមាន​ឈ្មោះថា “We Love Nature” ត្រូវបាន​បង្កើតឡើង ដើម្បី​ឲ្យ​ពលរដ្ឋ ដែល​ស្រឡាញ់​ធម្មជាតិ អាច​ទទួលបាន​ព័ត៌មាន និង​រូបភាព​ទាក់ទង​នឹង​តំបន់​អា​រ៉ែ​ង ក៏ដូចជា​រូបភាព​ពី​តំបន់​ព្រៃភ្នំ​ឯទៀត នៅក្នុង​ប្រទេស​កម្ពុជា។ នេះ​បើតាម​លោកព្រាប កុល ប្រធាន​អង្គការ​តម្លាភាព​កម្ពុជា។ ការបង្កើត Page នោះ អនុវត្តតាម​ការសម្រេច​របស់​សមាជិក​ក្រុម ទៅ​ទស្សនកិច្ច​នៅ​តំបន់​អា​រ៉ែ​ង។

ដំណើរ​ទស្សនកិច្ច​រយៈ​ពេល ៣ ថ្ងៃ កាលពី​ថ្ងៃទី៧ ដល់​ថ្ងៃទី៩មីនាត្រូវបាន​លោក ព្រាប កុល ដឹកនាំ​ទៅកាន់​តំបន់​អា​រ៉ែ​ង ក្នុងស្រុក​ថ្មបាំង ខេត្តកោះកុង ដែលមាន​ព្រះសង្ឃ សង្គម​ស៊ីវិល អាជីវករ មន្ត្រីរាជការ និង​យុវជន សរុប​ប្រមាណ ៤០ នាក់។ ទំព័រ​ហ្វេ​ស​ប៊ុ​ក We Love Nature មកដល់​ថ្ងៃអាទិត្យ ទី១៥មីនា គឺ​បង្កើតបាន ៣ ថ្ងៃ មាន​អ្នក​ចុច Like ជាង ៤០០០ នាក់។

លោក ព្រាប កុល បាន​លើកឡើងថា ពលរដ្ឋ​គ្រប់រូប អាច​បង្ហោះ​រូបភាព​ទាក់ទង​នឹង​ធម្មជាតិ ឬ​ការបំផ្លាញ​ធម្មជាតិ ឬក៏​គំនិត​យោបល់ផ្សេងៗ នៅក្នុង Page នេះ។ ប៉ុន្តែ​សូម​ជៀសវាង​ការ​បង្ហោះ​រូបភាព ឬ​មាន​យោបល់​អសីលធម៌ ឬ​បែប​ប្រមាថ។ ការធ្វើ​ដូច្នេះ ត្រូវបាន​លោក ព្រាប​កុល អះអាងថា ជាការ​ចូលរួមចំណែក ក្នុងការ​ថែរក្សា​ការពារ​ធនធានធម្មជាតិ និង​បរិស្ថាន។

ធនធានធម្មជាតិ និង​បរិស្ថាន នៅ​តំបន់​អា​រ៉ែ​ង ត្រូវបាន​លោក​ព្រាប​កុល អះអាងថា ស្អាត​ប្រណិត ប្លែក​ខុសពី​ខេត្ត​មួយចំនួន។ នៅ​អា​រ៉ែ​ង មាន​ព្រៃភ្នំ ទឹកជ្រោះ ស្ទឹង និង​សត្វ​កម្រ ជាដើម។ ធនធានធម្មជាតិ​នោះ ជាស​ក្កា​នុព​ល សម្រាប់​ប្រែក្លាយ​តំបន់​អា​រ៉ែ​ង ឲ្យ​ទៅជា​តំបន់​អេកូ​ទេសចរណ៍ ជាជាង​ការធ្វើ​វា​រី​អគ្គិសនី។

គម្រោង​សាងសង់​វា​រី​អគ្គិសនី នៅ​តំបន់​អា​រ៉ែ​ង ត្រូវបាន​ពលរដ្ឋ សង្គម​ស៊ីវិល និង​មហាជន​មួយចំនួន ព្រមទាំង​អា​ឡិច ជា​ជនជាតិ​អេ​ស្ប៉ា​ញ បាន​ជំទាស់។ ថ្មីៗនេះ ប្រមុខ​រដ្ឋាភិបាល ក្រសួង​រ៉ែ និង​ថាមពល ព្រមទាំង​អគ្គិសនី​កម្ពុជា ក៏បាន​ប្រកាស​ពី​ការសម្រេច​ផ្អាក​គម្រោង ហើយ​ថា យ៉ាងហោចណាស់ ក្នុង​អាណត្តិ​ទី៥ គឺ​ដល់​ឆ្នាំ២០១៨ នឹងមិន​អនុវត្តន៍​គម្រោង​សាងសង់​វា​រី​អគ្គិសនី នៅ​អា​រ៉ែ​ង នោះឡើយ។

យ៉ាងណាក៏ដោយ ក្រុម​របស់លោក​ព្រាប​កុល នឹងធ្វើ​ដំណើរ​ទៅកាន់​តំបន់​អា​រ៉ែ​ង ទៀងទាត់ រៀងរាល់ ៣ ខែម្តង។ លោក​ព្រាប​កុល នឹង​ដឹកនាំ​ដំណើរ​ទៅកាន់​តំបន់​អា​រ៉ែ​ង ម្តងទៀត នៅក្រោយ​បុណ្យចូលឆ្នាំ​ខ្មែរ៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ