អានតួអត្ថបទ
កម្ពុជា

បក្ស​ប្រឆាំង​​ផ្លាស់​​​ប្តូ​រ​​​ថ្នាក់​ដឹកនាំ​ថ្នាក់​​​ខេត្ត​​ ត្រៀម​​ប្រជែង​​​ការ​​បោះឆ្នោត​នា​ពេល​ខាង​មុខ​

គណបក្ស​​សង្គ្រោះ​ជាតិ​ នៅពេលនេះ ​បាន​ចាប់​ផ្តើម​​ផ្លាស់​ប្តូរ​​ប្រធាន ​និង​​អនុ​ប្រធាន​​គណបក្ស​ នៅ​តាម​​បណ្តា​​ខេត្ត​​នានា ​ក្នុង​​គោលបំណង​​ត្រៀម​ សម្រាប់​​ការ​បោះឆ្នោត​​ឃុំ​​សង្កាត់​នៅ​​ឆ្នាំ​២០១៧​ និង​​ការ​បោះឆ្នោត​ជាតិ ​នៅ​​ឆ្នាំ​២០១៨​។ ​សេចក្តី​សម្រេច​​របស់​​គ​ណ​បក្ស​​សង្គ្រោះ​ជាតិ​​ដូច្នេះ​ បាន​ធ្វើ​​ឡើង ​ស្រប​​ពេល​ដែល​​គណបក្ស​​ប្រជាជន​កម្ពុជា ​ប្រកាស​​កែទម្រង់​ ជា​​អាយុ​ជីវិត​​របស់​ខ្លួន​។​

ថ្នាក់ដឹកនាំ​គណបក្ស​សង្គ្រោះជាតិ​  ផ្តើម​​ផ្តាស់​ប្តូរ​​ប្រធាន ​និង​​អនុ​ប្រធាន​​គណបក្ស​ នៅ​តាម​​បណ្តា​​ខេត្ត​​នានា
ថ្នាក់ដឹកនាំ​គណបក្ស​សង្គ្រោះជាតិ​ ផ្តើម​​ផ្តាស់​ប្តូរ​​ប្រធាន ​និង​​អនុ​ប្រធាន​​គណបក្ស​ នៅ​តាម​​បណ្តា​​ខេត្ត​​នានា @Sam Rainsy Facebook
ផ្សាយពាណិជ្ជកម្ម

សេចក្តីសម្រេច ស្តីពី​ការតែងតាំង​ប្រធាន និង​អនុប្រធាន​ក្រុមការងារ​គណបក្ស​សង្គ្រោះ​ជាតិ ប្រចាំខេត្ត​មួយចំនួន ត្រូវបាន​លោក​សម រង្ស៊ី ចុះហត្ថលេខា កាលពី​ថ្ងៃទី១៩ ខែធ្នូ ឆ្នាំ២០១៤។ ប៉ុន្តែ​ទើបតែ​នៅ​ចុង​សប្តាហ៍​នេះ​ទេ ទើប​ប្រធាន និង​អនុប្រធាន​គណបក្ស តាម​ខេត្ត បានប្រកាស​ចូលកាន់​តំណែង។

កាលពី​ថ្ងៃទី៣០មករា លោកសម រង្ស៊ីនិង​លោក កឹម សុខា បាន​ចូលរួម​ពិធី​ប្រកាស​ចូលកាន់​ដំណែង​ថ្មី​របស់​ប្រធាន និង​អនុប្រធាន​ក្រុមការងារ​គណបក្ស​សង្គ្រោះ​ជាតិ ខេត្តកំពង់ចាម។ នោះ​គឺ​លោកទ្បុ​ង រី ជា​ប្រធាន និង​លោក អ៊ូ ច័ន្ទ​រ័ត្ន ជា​អនុប្រធាន​ក្រុមការងារ​គណបក្ស​សង្គ្រោះ​ជាតិ ប្រចាំខេត្ត​កំពង់ចាម។

ក្រៅពីនោះ នៅ​ខេត្ត​ត្បូងឃ្មុំ ទើប​បង្កើត​ថ្មី គណបក្ស​សង្គ្រោះ​ជាតិ សម្រេច​តែងតាំង​លោកម៉ៅ មុនី​វណ្ណ ដែលជា​អនុប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ ប្រចាំខេត្ត​កំពង់ចាម ជា​ប្រធាន នៅ​ខេត្ត​ត្បូងឃ្មុំ។ នៅមាន​ការផ្លាស់ប្តូរ តាម​បណ្តា​ខេត្ត​មួយចំនួនទៀត។

ការសម្រេច​ផ្លាស់ប្តូរ​ប្រធាន អនុប្រធាន​គណបក្ស​ស​ង្គ្រោះ​ជាតិ​តាម​ខេត្ត នៅពេលនេះ ត្រូវបាន​លោកហូរ វ៉ាន់ អនុប្រធាន​គណៈកម្មកា​រវិ​ន័យ និង​ជា​សមាជិក​គណៈកម្មាធិកា​រ​អចិន្ត្រៃយ​គណបក្ស​សង្គ្រោះ​ជាតិ អះអាងថា ជាការ​ត្រៀម​សម្រាប់​ការបោះឆ្នោត​ឃុំ​សង្កាត់ ឆ្នាំ២០១៧ និង​ការបោះឆ្នោតជាតិ ឆ្នាំ២០១៨។ នោះ​គឺ​ការយក​មនុស្ស ដែលមាន​សក្តានុពល ទៅ​ជួយ​ពង្រឹង ផ្លាស់ប្តូរ​បទពិសោធន៍​ពី​តំបន់១ ទៅ​តំបន់១ ក្នុង​គោលបំណង​រួម ដើម្បី​ដណ្តើម​ជ័យជំនះ​ក្នុងការ​បោះឆ្នោត​ខាងមុខ។

លោកហូរ វ៉ាន់ បញ្ជាក់ថា មើល​តែ​ស្ថានភាព​ទូទៅ តាម​ខេត្ត​នីមួយៗទេ។ មើលទៅ បើ​ថា កន្លែង​ហ្នឹង មើលទៅ​វា​មាន​រលូន​ហើយ ដូច​ថា វា​នេះហើយ អាហ្នឹង​គឺ​អត់​មានការ​ប្រែប្រួល​អី​ទេ។ ប៉ុន្តែ​កន្លែង​ខ្លះ យើង​ត្រូវ​រៀបចំ ដើម្បី​ធ្វើយ៉ាងណា​ឲ្យ​គណបក្ស​កាន់តែខ្លាំង ឲ្យ​កាន់​តែមាន​ប្រសិទ្ធភាព ដូច​ខ្ញុំ​បាន​និយាយ​អីចឹង ក្នុង​គោលបំណង​មួយ ធ្វើយ៉ាងណា​ឲ្យ​គណបក្ស ២០១៧ និង២០១៨ ហ្នឹង ទទួលបាន​ជោគជ័យ។

ជាមួយនឹង​ការកែសម្រួល​ថ្នាក់ដឹកនាំ​តាម​បណ្តា​ខេត្ត លោកហូរ វ៉ាន់ ដែលជា​អនុប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ ប្រចាំរាជធានី​ភ្នំពេញ បាន​បន្ថែមថា នៅពេលនេះ គណបក្ស​សង្គ្រោះ​ជាតិ ក៏​ចាប់ផ្តើម​យកចិត្តទុកដាក់​ខ្លាំង លើ​ខេត្ត ដែលមាន​អាសនៈ ១ កៅអីៗ ខណៈដែល​ពីមុន គណបក្សប្រឆាំង មិន​គិតគូរ អូសទាញ​សំឡេងឆ្នោត​នោះទេ។

សេចក្តីសម្រេច​របស់​គ​ណ​បក្ស​សង្គ្រោះ​ជាតិ​ខាងលើនេះ បានធ្វើ​ឡើង ចំ​ពេលដែល​គណបក្ស​ប្រជាជន​កម្ពុជា ជា​គូប្រជែង បានប្រកាស ចាត់ទុក​ការកែទម្រង់ ជា​អាយុជីវិត​របស់​គណបក្ស​កាន់អំណាច​ជាង ៣០ ឆ្នាំ​មកហើយ​នេះ។ ក្នុង​មហាសន្និបាត រយៈពេល ២ ថ្ងៃ​កន្លះ ដែល​បិទ​បញ្ចប់​នៅ​ថ្ងៃទី១កុម្ភៈ​នេះ គណបក្ស​ប្រជាជន​កម្ពុជា លើកឡើង​ពី​មូលហេតុ​ធំ​បំផុត ជា​ឫសគល់ ដែល​នាំ​ឲ្យ​ថយចុះ​សំឡេងឆ្នោត ដូចជា អំពើពុករលួយ បក្ខពួក​គ្រួសារនិយម បញ្ហាដីធ្លី ព្រៃឈើ និង​ប្រព័ន្ធយុត្តិធម៌ ជាដើម៕

 

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ