អានតួអត្ថបទ
កម្ពុជា

លោក​កឹម សុខា៖ សង្គ្រោះ​ជាតិ​​ឈ្នះ​​មិន​មែន​​ទាល់​តែ​​លោក​សម រង្ស៊ី ធ្វើ​​នាយករដ្ឋ​មន្ត្រី​​ទេ​

លោក​កឹម សុខា បាន​ថ្លែង​ថា «​គណបក្ស​សង្គ្រោះជាតិ​ឈ្នះ​មិនមែន​មាន​ន័យ​ថា ដល់​សម រង្ស៊ី ធ្វើ​នាយក​រដ្ឋមន្ត្រី​ទេ គឺ​មាន​ន័យ​ថា​ធ្វើ​ម៉េច​ឱ្យ​ប្រជារាស្ត្រ បាន​អី​ដែល​គាត់​ចង់​បាន​»។ ការ​ថ្លែង​ដូច្នេះ ក្នុង​វេទិកា​រាស្ត្រ និង​អ្នក​តំណាងរាស្ត្រ រៀបចំ​ដោយ​គណបក្ស​សង្គ្រោះជាតិ នៅ​ខេត្ត​កំពង់ចាម គឺធ្វើ​ឡើង ម្សិល​មិញ នៅ​ចំពោះ​មុខ​លោក សម រង្ស៊ី ដែល​បាន​និយាយ​ផ្តោត​លើ​ការ​បញ្ចប់​«​វប្បធម៌​សង្គ្រាម»

លោក កឹម សុខា អនុប្រធានគណបក្សសង្គ្រោះជាតិ។
លោក កឹម សុខា អនុប្រធានគណបក្សសង្គ្រោះជាតិ។ RFI/Siv Channa
ផ្សាយពាណិជ្ជកម្ម

ពេល​ជួប​អ្នក​គាំទ្រ​ឯ​ស្រុក​កំពង់សៀម ខេត្ត​កំពង់ចាម ម្សិលមិញ លោក សម រង្ស៊ី និយាយ​អំពី​ការបញ្ចប់​វប្បធម៌​សង្គ្រាម ដែល​កំពុង​បន្ត​មាន​ក្នុង​ប្រទេស​កម្ពុជា​នៅ​ឡើយ។ ចំពោះ​ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ វប្បធម៌​សង្គ្រាម​គឺ​សម្គាល់​បាន​ម្យ៉ាង​តាមរយៈ​ហិង្សា ហើយ​ម្យ៉ាង​ទៀត​តាមរយៈ​ការ​កម្ចាត់​គ្នា​ដោយ​ចាត់​ទុក​ក្រុម​ផ្សេង​ថា​ជា​ខ្មាំង​ដែល​ត្រូវ​កម្ទេច។ លោក សម រង្ស៊ី ចោទ​សួរ​ថា បើ​«​ឥឡូវ​យើង[មាន]​សន្តិភាព យើង​[មាន]​ប្រជាធិបតេយ្យ​រឿង​អី​ទៅ​ចាប់​ខ្មែរ​គ្នា​ឯង​?​» ចុង​ក្រោយ បើ​តាម​លោក សមរង្ស៊ី ការ​រឹបអូស​ទ្រព្យសម្បត្តិ​ជាតិ និង​ប្រជារាស្ត្រ យក​ធ្វើ​ជា​ជ័យ​ភណ្ឌ ក៏​ជា​ទម្រង់​នៃ​វប្បធម៌​សង្គ្រាម​ដែរ។

លោក សម ស​ង្ស៊ី អះអាង​ថា អំពើ​ទាំងនេះ ធ្វើ​ឱ្យ​ប្រទេស​កម្ពុជា​អន់​ថយ ហើយ​ត្រូវ​តែ​បំបាត់​ចោល​ដោយ​ការ​យក​វប្បធម៌​សន្ទនា​មក​ជំនួស​វិញ ដូច​ដែល​ថ្នាក់​ដឹកនាំ​គណបក្ស​សង្គ្រោះជាតិ បាន​ចាប់ផ្តើម​ធ្វើ​ជាមួយ​គណបក្ស​ប្រជាជន​កម្ពុជា ក្នុង​ការ​ដោះស្រាយ​បញ្ហា ដើម្បី​ឱ្យ​ប្រជាពលរដ្ឋ​បាន​ទទួល​ផល។

លោក កឹម សុខា ដែល​នៅ​ទន្ទឹម​នឹង​លោក សម រង្ស៊ី​ថ្លែង​ដូច្នេះ​ថា៖«[គណបក្ស​សង្គ្រោះ​ជាតិ]​ឈ្នះ​មិនមែន​មាន​ន័យ​ថា ដល់​សម រង្ស៊ី ធ្វើ​នាយករដ្ឋមន្ត្រី​ទេ គឺ​មាន​ន័យ​ថា​ធ្វើ​ម៉េច​ឱ្យ​ប្រជារាស្ត្រ​បាន​អី​ដែល​គាត់​ចង់​បាន​»
 
ចំពោះ​លោក​អនុ​ប្រធាន​គណបក្ស​សង្គ្រោះជាតិ ដែល​យោង​តាម​អ្នក​វិភាគ អ្នក​តំណាង​រាស្ត្រ​ទាំង​៥៥​រូប ដែល​មាន​សិទ្ធិ​កោះ​ហៅ​រដ្ឋមន្ត្រី និង​អ្នកដឹកនាំ​ក្នុង​ជួរ​រដ្ឋាភិបាល ឱ្យ​មក​ឆ្លើយ​បំភ្លឺ​នៅ​ក្នុង​រដ្ឋសភា​បាន គឺជា​កូន​អុក​ធំ​របស់​គណបក្ស​នេះ ដែល​ប្រជាជន​ត្រូវ​ប្រើ «​ឱ្យ​អស់​សាច់» ដើម្បី​សម្រេច​កម្មវិធី​នយោបាយ​បក្ស​ប្រឆាំង។ លោក កឹម សុខា អះអាង​ថា ការ​​ដំឡើង​​ប្រាក់​ខែ ការ​បញ្ចុះ​តម្លៃ​អគ្គិសនី និង​ប្រេង ការ​ដកហូត​ដី​សម្បទាន​សេដ្ឋកិច្ច​ខ្លះ ដែល​រដ្ឋាភិបាល​បាន​ធ្វើ​កន្លង​ទៅ ជា​ផ្នែក​មួយ​នៃ​ការ​រួម​ចំណែក​របស់​គណបក្ស​សង្គ្រោះជាតិ​ដែរ។

កំណែទម្រង់​របស់​រដ្ឋា​ភិ​បាល​គណបក្ស​ប្រជាជន​កម្ពុជា​ខាង​លើ ធ្វើ​ឱ្យ​លោក​អនុប្រធាន​ទី​១​នៃ​រដ្ឋសភាជាតិ​កម្ពុជា ដែល​ដឹង​ថា​ជ័យជម្នះ​របស់​គណបក្ស​ប្រឆាំង​អាស្រ័យ​ខ្លាំង​លើ​អ្នក​គាំទ្រ​នៅ​តាម​មូលដ្ឋាន នោះ សន្និដ្ឋាន​ថា «​យុទ្ធសាស្ត្រ​[គណបក្ស​សង្គ្រោះ​ជាតិ] ឈ្នះ​តាំង​ពី​មិន​ទាន់​ឈ្នះ»៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ