អានតួអត្ថបទ
កម្ពជា

ប្រជុំ​រដ្ឋសភា​ដំបូង​​៖ ទូត​អាមេរិក​និង​អឺរ៉ុប​នឹង​​មិន​ចូលរួម​ទេ​ព្រោះ​ជាប់​ភារកិច្ច​នៅ​បរទេស​

រដ្ឋសភា​នីតិកាល​ទី៦​ នឹង​បើក​សម័យ​ប្រជុំ​ដំបូង​របស់​ខ្លួន​នៅ​ព្រឹក​ថ្ងៃទី​០៥​ ខែកញ្ញា ​ស្អែកនេះ​ក្រោម​ព្រះរាជាធិបតីភាព​របស់​ព្រះបាទ​សម្តេច ​ព្រះនរោត្តម ​សីហមុនី ​ព្រះមហាក្សត្រ​កម្ពុជា​។ ​ប៉ុន្តែ​មុន​ការ​ប្រជុំ​មកដល់​ ឯក​អគ្គរដ្ឋ​ទូត​អាមេរិក​ និង​អឺរ៉ុប​ ប្រចាំ​នៅ​ប្រទេស​កម្ពុជា​បាន​អះអាង​ថា ​នឹង​មិន​ចូលរួម​ការ​ប្រជុំ​លើក​ដំបូង​នេះ​ទេ ​ដោយសារ​តែ​មាន​ភារកិច្ច​នៅ​បរទេស​។

ការ​ប្រជុំ​របស់​រដ្ឋសភាជា​តិក​ម្ពុជា​
ការ​ប្រជុំ​របស់​រដ្ឋសភាជា​តិក​ម្ពុជា​ @រដ្ឋសភា
ផ្សាយពាណិជ្ជកម្ម

ឯកអគ្គរដ្ឋទូត​អាមេរិក​ប្រចាំ​កម្ពុជា​ដែល​ជិត​ផុត​អាណត្តិ ​លោក​William Heidt ​នឹង​មិន​បាន​ចូលរួម​សម័យ​ប្រជុំ​ដំបូង​នៃ​សភា​ថ្មី​របស់​កម្ពុជា​នោះ​ទេ។​ នេះ​បើ​តាម​ការ​បញ្ជាក់​របស់​ស្ថានទូត​អាមេរិក​ប្រចាំ​នៅទី​ក្រុងភ្នំពេញ​។ បើ​តាម​ស្ថានទូត​អាមេរិក​ នេះ​គឺ​ដោយសារ​តែ​លោក​ឯកអគ្គរដ្ឋទូត​ William Heidt ​បាន​ចាកចេញ​ពី​ប្រទេស​កម្ពុជា​តាំង​ពី​ចុង​សប្តាហ៍​មុន ​ដើម្បី​ទៅ​ចូលរួម​ការ​ពិគ្រោះ​យោបល់​នៅ​រដ្ឋធានី​វ៉ាស៊ីនតោន ​សហរដ្ឋអាមេរិក​។

ចំណែក​លោក​ George Edgar​ ឯកអគ្គរដ្ឋទូត​សហភាព​អឺរ៉ុប​ប្រចាំ​នៅ​ប្រទេស​កម្ពុជា​វិញ ​លោក​បាន​បញ្ជាក់​តាំង​ពី​មិន​ទាន់​ទទួល​បាន​លិខិត​អញ្ជើញ​ពី​រដ្ឋសភា​កម្ពុជា​មក​ម្ល៉េះ ​ថា​លោក​មិន​បាន​ចូលរួម​ការ​ប្រជុំ​ដំបូង​នៃ​រដ្ឋសភា​ថ្មី​របស់​កម្ពុជា​នោះទេ​។ ​អវត្តមាន​របស់​លោក​នេះ ​គឺ​ដោយសារ​តែ​លោក​ត្រូវ​ចេញ​ទៅ​ចូលរូម​ការ​ប្រជុំ​ផ្សេងៗ​នៅក្នុង​ទីក្រុង​ប្រ៊ុចសែល ​ប្រទេស​ប៊ែលហ្សិក​។ ​ដូច្នេះហើយ​ទើប​លោក​មិន​អាច​នៅ​ចូលរួម​បាន​។ យ៉ាងណាក៏ដោយ ​ទាំង​ស្ថានទូត​សហភាពអឺរ៉ុប ​និង​អាមេរិក​សុទ្ធតែ​មិន​ព្រម​បញ្ជាក់​ទេ​ថា ​តើ​ពួកគេ​នឹង​មានបញ្ជូន​តំណាង​ទៅ​ចូលរួម​ជំនួស​ឫ​យ៉ាងណា​នោះ​។

បើ​ទោះបី​ឯកអគ្គរដ្ឋទូត​ទាំងពីរ​នេះ​មិន​ចូលរួម​នៅ​ក្នុង​សម័យ​ប្រជុំ​ដំបូង​នៃ​រដ្ឋសភាថ្មី​ក៏ដោយ ​ក៏​វា​មិន​ប៉ះពាល់​ដល់​ការ​ប្រជុំ​ឡើយ ​ដោយ​នៅ​ពេលនេះ ​រដ្ឋសភា​បាន​រៀបចំ​ត្រៀម​ការ​ប្រជុំ​រួចរាល់​អស់​ហើយ​។ នេះ​បើ​តាម​ការ​បញ្ជាក់​ពី​លោកឡេង ប៉េងឡុង ​ដែល​ជា​អ្នកនាំពាក្យ​រដ្ឋសភា​ជាតិ​កម្ពុជា​។ ​លោកឡេង ប៉េងឡុង ​ក៏​បាន​បញ្ជាក់​ឲ្យ​ដឹងដែរ​ថា​ មក​ដល់​ពេលនេះ ​មាន​អង្គទូត​ខ្លះ​បាន​បញ្ជាក់​ពី​ការ​ចូលរួម​ហើយ ​តែ​លោក​នៅ​តែ​មិន​ទាន់​អាច​សរុប​បាន​នៅ​ឡើយ ​ថាតើ​មាន​អង្គទូត​ប៉ុន្មាន​ចូលរួម​ និង​ប៉ុន្មាន​ទៀត​មិន​ចូលរួម​នោះ។​

សូមបញ្ជាក់ថា​ រដ្ឋសភា​ថ្មី​របស់​កម្ពុជា ​នឹង​បើក​កិច្ច​ប្រជុំដំបូង​នៅ​ថ្ងៃទី៥​កញ្ញា។​ ការ​ប្រជុំ​នឹង​ធ្វើឡើង​ចាប់ពី​ម៉ោង​៨ព្រឹក​ទៅ​ក្រោម​ព្រះរាជាធិបតីភាព​របស់​ព្រះបាទ​ សម្តេច ​ព្រះនរោត្តម​ សីហមុនី ​ព្រះមហាក្សត្រ​កម្ពុជា​។ ​សម័យ​ប្រជុំ​ដំបូង​នេះ ​នឹង​សម្រេច​អំពី​សុពលភាព​នៃ​អាណត្តិ​របស់​សមាជិក​នីមួយៗ ​និង​អនុម័ត​បទបញ្ជា​ផ្ទៃក្នុង​នៃ​រដ្ឋសភា​នីតិកាល​ទី៦​។ ​លុះ​រសៀល​ថ្ងៃដដែល ​សមាជិក​សភា​ទាំង​១២៥រូប​ របស់​គណបក្ស​ប្រជាជន​កម្ពុជា​ នឹង​ចូល​ស្បថ​ជាផ្លូវការ​នៅ​ព្រះបរមរាជវាំង​។ ​ចំណែក​ថ្ងៃទី៦​ កញ្ញា ​រដ្ឋសភា​នឹង​ធ្វើ​ការ​បោះឆ្នោត​ជ្រើសតាំង​ប្រធាន​ អនុប្រធាន​រដ្ឋសភា ​ប្រធាន​ អនុប្រធាន​គណៈកម្មការ​ជំនាញ ​និង​ផ្តល់​សេចក្តី​ទុកចិត្ត​ចំពោះ​រាជរដ្ឋាភិបាល​ថ្មី​។ រាជរដ្ឋាភិបាល​ថ្មី​កម្ពុជា ​នឹង​បើក​កិច្ចប្រជុំ​គណៈរដ្ឋមន្រ្តី​ដំបូង​របស់​ខ្លួន​នៅ​ថ្ងៃទី៧ ​កញ្ញា​ក្នុង​សប្តាហ៍​នេះ​៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ