អានតួអត្ថបទ
កម្ពុជា-នយោបាយ

អាមេរិក​ពង្រីក​ការ​ព្យួរ​ទិដ្ឋាការ​ដល់​មន្រ្តី​កម្ពុជា​បន្ថែម​ទៀត​ក្រោយ​បក្ស​កាន់​អំណាច​ឈ្នះ​អាសនៈ​ទាំង​អស់​នៃ​រដ្ឋសភា

​សហ​រដ្ឋអាមេរិក​ នៅ​ថ្ងៃ​នេះ​ បាន​និយាយ​ថា​ ខ្លួន​នឹង​ពង្រីក​ការ​ព្យួរ​ទិដ្ឋា​ការ​បន្ថែម​ទៀត​ដល់​មន្ត្រី​រដ្ឋាភិបាល​កម្ពុជា​​​ដើម្បី​​ឆ្លើយ​តប​​ទៅ​​នឹង​​ការ​​ប្រឆាំង​​នឹង​​គោល​ការណ៍​លទ្ធិ​ប្រជាធិតេយ្យ​ តាម​រយៈ​ការ​បោះ​ឆ្នោត​ជាតិ​ កាល​ពី​ខែ​កក្កដា​ ខណៈ​គណបក្ស​ប្រជាជន​កម្ពុជា​ឈ្នះ​អាសនៈ​ទាំង​អស់​នៃ​រដ្ឋសភា​ដែល​មិន​ធ្លាប់​កើត​មាន​។ ​ក្រៅ​ពី​អាមេរិក​ក៏​មាន​ផង​ដែរ​គឺ​អូស្រ្តាលី​។ អូស្រ្តាលី ​​ដែល​អះ​អាង​ថា​ ​កំពុង​ពិចារណា​ប្រើ​គ្រប់​ជម្រើស ​​ដើម្បី​ឆ្លើយតប​នឹង​ស្ថានការណ៍​នៅ​កម្ពុជា​។ 

រូបភាព​នៅ​ខាងក្នុង​រដ្ឋសភា​កម្ពុជា
រូបភាព​នៅ​ខាងក្នុង​រដ្ឋសភា​កម្ពុជា RFI/Khmer
ផ្សាយពាណិជ្ជកម្ម

អ្នក​នាំ​ពាក្យ​ក្រសួង​ការ​បរទេស​អាមេរិក​ លោកស្រី​ Heather Ann Nauert បាន​បញ្ជាក់​ថា​ ការ​ពង្រីក​ការ​ព្យួរ​ទិដ្ឋាការ​​ ហាម​ឃាត់​មន្ត្រី​រដ្ឋាភិបាល​ខ្មែរ​មិន​ឲ្យ​ចូល​ជាន់​ដី​សហ​រដ្ឋអាមេរិក​នេះ​ គឺ​សំដៅ​ទៅ​លើ​ទិដ្ឋាការ​ ដែល​អាមេរិក​ សម្រេច​ព្យួរ​ កាល​ពី​ថ្ងៃ​ទី ៦​ខែធ្នូ​កន្លង​ទៅ​ ដល់​មន្ត្រី​រដ្ឋាភិបាល​កម្ពុជា​ ​ដែល​ជា​អ្នក​ទទួល​ខុស​ត្រូវ​លើ​ការ​រំលោភ​លទ្ធិ​ប្រជាធិតេយ្យ​។ ការ​រំលោភ​លទ្ធិប្រជាធិបតេយ្យ ​​​ដែល​អាមេរិក​សំដៅ​ដល់​ការ​រំលាយ​គណបក្ស​ប្រឆាំង​ដ៏​ធំ​ជាង​គេ​ និង​ការ​បន្ត​ឃុំឃាំង​ លោកកឹម សុខា​ ជា​ដើម​​។ ជាមួយ​គ្នា​នោះ​ អាមេរិក​ បាន​ប្រកាស​ថា​ លទ្ធផល​បោះ​ឆ្នោត​ផ្លូវ​ការ​ ​ដែល​គណបក្ស​ប្រជាជន​​កម្ពុជា​ ទទួល​បាន​អាសនៈ​ ទាំង​​១២៥​ ​ក្នុង​​រដ្ឋសភា​នេះ​ គឺ​​ជា​អំពើ​ខុស​ច្បាប់​។

ដោយ​ឡែក សមាជិក​ព្រឹទ្ធ​សភា​អូស្រ្តាលី​ គឺ​លោកស្រី​ Urquhart និង លោក James McGRATH ​ដែល​​មាន​តួនាទី​មួយ​ទៀត​ជា​ឧបការី​រដ្ឋមន្រ្តី​របស់​នាយក​រដ្ឋ​មន្រ្តី​ផង​នោះ​ បាន​លើក​ឡើង​នៅ​ក្នុង​ញត្តិ​របស់​ពួកគេ​ កាល​ពី​ថ្ងៃ​ទី១៤​សីហា​ ដោយ​ស្នើ​ឲ្យ​រដ្ឋាភិបាល​អូស្រ្តាលី​ ​មាន​វិធាន​ការ​បន្ថែម​ទៀត​ក្នុង​ការ​សម្រប​សម្រួល​ជាមួយ​ដៃ​គូ​ដើម្បី​លទ្ធិ​ប្រជាធិបតេយ្យ​នៅ​កម្ពុជា​។

កញ្ញា កឹម មនោ​វិទ្យា ដែល​បាន​ពិភាក្សា​ជាមួយ​រដ្ឋមន្ត្រី​ការ​បរទេស​អូស្ត្រាលី លោកស្រី Julia Bishop នៅ​ថ្ងៃ​ទី១៥ ខែ សីហា ត្រូវ​បាន​វិទ្យុ​អាស៊ី​សេរី​​ដកស្រង់​​សំដី​មក​ថា ​កញ្ញា​សង្ឃឹម​នឹង​ជឿជាក់​ថា រដ្ឋា​ភិបាល​អូស្ត្រាលី នឹង​ចាត់​វិធាន​ការ​សម​គួរ​ទៅ​តាម​សំណើ​របស់​ពួក​គាត់​។ ជា​សំណើ​​ឲ្យ​មាន​​ការ​​បិទ​​ទិដ្ឋាការ ការ​​បង្កក​​ទ្រព្យ​សម្បត្តិ​​​មន្ត្រី​​របស់​លោក ហ៊ុន សែន និង​​ក្រុម​គ្រួសារ និង​​ធានា​ឲ្យ​កម្ពុជា ងាក​​មក​​រក​​គន្លង​​ប្រជា​ធិបតេយ្យ តាម​ស្មារតី​​នៃ​​កិច្ច​​ព្រមព្រៀង​សន្តិភាព​​ទីក្រុង​ប៉ារីស។​

ប៉ុន្តែ​​លោក ​ផៃ ស៊ីផាន ​អ្នក​នាំ​ពាក្យ​​​ទី​ស្តី​​ការ​​​គណៈ​​រដ្ឋ​​មន្រ្តី​​​​កម្ពុជា​​ ​បាន​​ថ្លែង​​ថា​ ​ការ​​លើក​

​ឡើង​​របស់​​​សហ​​រដ្ឋ​​អាមេរិក​​​គឺ​​​គ្រាន់​​តែ​​​ជា​​ការ​​​គំរាម​​​កំហែង​​តែ​​​ប៉ុណ្ណោះ​​តែ​​លោក​​មិន​​ជឿ​​ថា​

​អាច​​មាន​ការ​​ដាក់​​ទណ្ឌ​​កម្ម​​ជាក់​​ស្តែង​​កើត​​ឡើង​​នោះ​​ឡើយ​​៕​

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ