អានតួអត្ថបទ
កម្ពុជា

រឿងក្តី​​អតីត​​អ្នក​កាសែត​​អាស៊ីសេរី​៖​មេធាវី​​នឹង​​ប្តឹង​​តុលាការ​​កំពូល​​នៅ​​ថ្ងៃ​​អង្គារ​ ដោយ​​សង្ឃឹម​ថា​នឹង​​បាន​​នៅ​ក្រៅ​​ឃុំ​

សំណុំរឿង​សុំ​នៅក្រៅ​ឃុំ​របស់​អតីត​អ្នកកាសែត​វិទ្យុ​អាស៊ីសេរី​ពីរ​នាក់ នឹង​ទៅកាន់​ដៃ​នៅ​តុលាការ​កំពូល​នៅ​សប្តាហ៍​ទី១នៃ​ឆ្នាំ​ថ្មី​ឆ្នាំ២០១៨ បន្ទាប់ពី​សាលាដំបូង​រាជធានី​ភ្នំពេញ និង​សាលាឧទ្ធរណ៍​បាន​ទាត់ចោល​ជា​បន្តបន្ទាប់​នាពេល​កន្លងមក។ មេធាវី​ការពារ​ក្តី​អតីត​អ្នកកាសែត​ទាំងពីរ គឺ​លោក​កែវ វ​ន្នី បានបង្ហាញ​ក្តីសង្ឃឹម​ថា តុលាការ​ជាន់ខ្ពស់​បំផុត​របស់​កម្ពុ​ជាមួយនេះ នឹង​ផ្តល់​យុត្តិធម៌​ដល់​កូនក្តី​របស់លោក។

លោក អ៊ួន ឈិន និងលោក យាង សុធារិន ហៅ យាង សុជាមេត្តា គឺជាអតីតបុគ្គលិកវិទ្យុអាស៊ីសេរី
លោក អ៊ួន ឈិន និងលោក យាង សុធារិន ហៅ យាង សុជាមេត្តា គឺជាអតីតបុគ្គលិកវិទ្យុអាស៊ីសេរី @សហការី
ផ្សាយពាណិជ្ជកម្ម

ថ្លែងប្រាប់​វិទ្យុ​បារាំង​អន្តរជាតិ​នៅ​ថ្ងៃទី៣១ ធ្នូ​នេះ លោក​មេធាវី​កែវ វ​ន្នី បាន​បញ្ជាក់ថា នៅ​ថ្ងៃ​អង្គារ​ទី០២ ខែមករា ឆ្នាំ២០១៨ លោក​នឹង​ដាក់ពាក្យ​បណ្តឹងសាទុក្ខ​ទៅកាន់​តុលាការ​កំពូល ដើម្បី​ប្រឆាំងនឹង​ការសម្រេច​មិន​អនុញ្ញាត​ឲ្យ​អតីត​អ្នកកាសែត​វិទ្យុ​អាស៊ីសេរី​ទាំងពីរ​នាក់​បាន​ក្រៅ​ឃុំ​របស់​តុលា​ការជាន់​ទាប និង​សាលាឧទ្ធរណ៍។ ថ្វីបើ​តុលាការ​ទាំងពីរ បាន​ទាត់ចោល​ក៏ពិតមែន ប៉ុន្តែ​នៅ​តុលាការ​កំពូល​នេះ លោក​មេធាវី​កែវ វ​ន្នី សង្ឃឹមថា តុលាការ​នឹង​អនុញ្ញាត​ឲ្យ​កូនក្តី​របស់លោក​នៅក្រៅ​ឃុំ​មិន​ខាន។ ក្តីសង្ឃឹម​នេះ ក៏​ព្រោះតែ​លោក​មេធាវី ជឿថា ប្រសិនបើ​ចៅក្រម​របស់​តុលាការ​កំពូល​ពិនិត្យមើល​លើផ្លូវ​ច្បាប់ និង​អង្គហេតុ​នោះ ពួកគេ​នឹង​ពិចារណា​មិនខានឡើយ។

សូមបញ្ជាក់ថា សាលាដំបូង​រាជធានី​ភ្នំពេញ​បាន​ទាត់ចោល​បណ្តឹងសុំ​នៅក្រៅ​ឃុំ​របស់​អតីត​អ្នកកាសែត​ទាំងពីរ​ម្តងរួចហើយៗនៅ​ថ្ងៃទី២៦ ខែធ្នូ សាលាឧទ្ធរណ៍​ក៏បាន​ទាត់ចោល​នូវ​បណ្តឹង​ជំទាស់​នឹង​សេចក្តីសម្រេច​របស់​សាលាដំបូង​រាជធានី​ភ្នំពេញ​នេះ​ទៀត ក្រោម​ហេតុផល​ថា រក្សាទុក​ពួកគេ ដើម្បី​ងាយស្រួល​ដល់​ការអនុវត្ត​នីតិវិធីរ​បស់​តុលាការ។ អតីត​អ្នកកាសែត​ទាំងពីរ គឺ​លោក​អ៊ួ​ន ឈិន និង​លោក​យាង សុជា​មេត្តា ត្រូវបាន​តុលាការ​ឃុំខ្លួន​បណ្តោះអាសន្ន​នៅក្នុង​ពន្ធនាគារ​ព្រៃ​ស​កាលពី​អំឡុង​ខែវិច្ឆិកា ដោយ​ចោទប្រកាន់​ពីបទ «ផ្តល់ព័ត៌មាន​ដល់​បរទេស​ដែល​អាចធ្វើ​ឲ្យ​មហន្តរាយ​ដល់​ការការពារ​ជាតិ» តាម​មាត្រា ៤៤៥ នៃ​ក្រមព្រហ្មទណ្ឌ​កម្ពុជា។ ប្រសិនបើ​តុលាការ​រកឃើញថា ពួកគេ​មាន​កំហុស​មែន​នោះ អតីត​អ្នកកាសែត​ទាំងពីរ​អាច​ប្រឈម​នឹង​ការជាប់​ពន្ធនាគារ​ចន្លោះ​ពី៧ ដល់​ទៅ ១៥ ឆ្នាំ​ឯណោះ។

យ៉ាងណាក៏ដោយ ចំពោះ​ការប្តឹង​ចុងក្រោយ​នៅ​តុលាការ​កំពូល​នេះ ត្បិត​ថា​មាន​ក្តីសង្ឃឹម​ក៏ដោយ ក៏ប៉ុន្តែ​លោក​មេធាវី​កែវ វ​ន្នី គូសបញ្ជាក់​ជាមុន​ហើយ​ថា ប្រសិនបើ​តុលាការ​ជាន់ខ្ពស់​មួយ​នេះ​មិន​ផ្តល់​យុត្តិធម៌​ដល់​កូនក្តី​របស់លោក​ទេនោះ លោក​នឹង​ប្តឹង​ជំទាស់​ក្នុងដំណាក់កាល​ទី។ ដំណាក់​ទី២នេះ បើតាម​នីតិវិធី​ច្បាប់ គឺ​មេធាវី​អាច​ប្តឹង​ជំទាស់​ឡើងវិញ​ចាប់ពី​សាលាដំបូង សាលា​ឧ​ទ្ធ​រ​ណ៏ និង​តុលាការ​កំពូល​សារជាថ្មី។ បើតាម​លោក​មេធាវី​កែវ វ​ន្នី ចំពោះ​ការប្តឹង​បន្តទៀត​នេះ គឺ​ដោយសារតែ​កូនក្តី​របស់លោក​ទាំងពី​រ បាន​ផ្តាំ​ឲ្យ​លោក​ធ្វើ​ការតវ៉ា​តាមផ្លូវ​ច្បាប់​ឲ្យ​អស់​លទ្ធភាព ដើម្បី​ស្វែង​ការ​យុត្តិធម៌​ដល់​ពួកគេ៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ