គ.ជ.ប ត្រៀមបោះពុម្ពសន្លឹកឆ្នោតជាង២ម៉ឺនសន្លឹកចុងខែនេះ សម្រាប់ការបោះឆ្នោតព្រឹទ្ធសភា
គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត(គ.ជ.ប) ត្រៀមបោះពុម្ពសន្លឹកឆ្នោតសម្រាប់ការបោះឆ្នោតព្រឹទ្ធសភាជាង២ម៉ឺនសន្លឹកនៅចុងខែមករានេះ។ ការត្រៀមខ្លួនរបស់ គ.ជ.ប នៅពេលនេះ បានធ្វើឡើងបន្ទាប់ពីដំណើរការដោះស្រាយពាក្យបណ្ដឹងទាក់ទងការបិទបញ្ជីឈ្មោះបោះឆ្នោតព្រឹទ្ធសភាត្រូវបានបញ្ចប់។
ចុះផ្សាយនៅថ្ងៃ៖
ស្តាប់ - ០២:២៩
ដំណើការដោះស្រាយពាក្យបណ្ដឹងទាក់ទងការបិទបញ្ជីឈ្មោះបោះឆ្នោតព្រឹទ្ធសភាមិនមានលក្ខណៈធ្ងន់ធ្ងរឡើយ គឺបានដោះស្រាយបញ្ចប់ត្រឹមថ្នាក់ខេត្ត ដោយមិនមានបណ្ដឹងណាមួយប្ដឹងឡើងមក គ.ជ.ប ទេ។ ក្នុងនោះ កម្មាធិការជាតិរៀបចំការបោះឆ្នោតថ្នាក់ខេត្តទទួលបានពាក្យបណ្ដឹងចំនួន១៥០បណ្ដឹង ដែលបណ្ដឹងទាំងនោះភាគច្រើនប្ដឹងទាមទារឲ្យកែតម្រូវឈ្មោះ។
លោក សោម សូរីដា អគ្គលេខាធិការរង នៃគណៈកម្មាការជាតិរៀបចំការបោះឆ្នោតអះអាងថា ក្រោយបញ្ចប់ការងារដោះស្រាយពាក្យបណ្ដឹងគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត គ.ជ.ប កំពុងត្រៀមបោះពុម្ពសន្លឹកឆ្នោតសម្រាប់ការបោះឆ្នោតព្រឹទ្ធសភាយ៉ាងយូរត្រឹមចុងខែមករានេះ ចំនួន២៥៩០០សន្លឹក ដោយចំណាយថវិកាជិត២ម៉ឺនដុល្លារ។ សន្លឹកឆ្នោតចំនួន២៥៩០០សន្លឹកត្រូវបានរាប់បញ្ចូលទាំងសន្លឹកឆ្នោតបំរុង និងគំរូ។ ក្នុងនោះគ.ជ.ប ក៏បានកំណត់គំរូសន្លឹកឆ្នោត និងក្រុមហ៊ុនដែលទទួលខុសត្រូវក្នុងការបោះពុម្ពរួចហើយដែរ។ នេះបើតាមការបញ្ជាក់របស់លោកសោម សូរីដា ។
សូមបញ្ជាក់ថា ដំណើរការដោះស្រាយបញ្ចប់ពាក្យបណ្ដឹងទាក់ទងបញ្ជីឈ្មោះបោះឆ្នោតព្រឹទ្ធសភានេះ ធ្វើឡើងបន្ទាប់ពី គ.ជ.ប នៅដើមខែមករានេះ បានចាប់ឆ្នោតលេខរៀងគណបក្សនយោបាយដែលចូលរួមការបោះឆ្នោតព្រឹទ្ធសភានៅថ្ងៃទី២៥កុម្ភៈ។ តាមរយៈការចាប់ឆ្នោតនោះ គណបក្សប្រជាជនទទួលបានលេខរៀងទី១ និងលេខរៀងបន្តបន្ទាប់ទៀតបានទៅលើ គណបក្សយុវជនកម្ពុជា គណបក្សខ្មែររួបរួមជាតិ និងគណបក្សហ្វ៊ុនស៊ិនប៉ិច។
សូមរំលឹកថា ការបោះឆ្នោតព្រឹទ្ធសភាគឺជាការបោះឆ្នោតអសកល មានតែតំណាងរាស្រ្ត១២៣រូប និងសមាជិកក្រុមប្រឹក្សាឃុំសង្កាត់ក្នុងតំណែង១១,៥៧២ជាអ្នកបោះឆ្នោត ឬជាអង្គបោះឆ្នោត។ ជាការកត់សម្គាល់ ដំណើរការត្រៀមរៀបចំបោះឆ្នោះទាំងព្រឹទ្ធសភា និងតំណាងរាស្ត្រ នៅតែបន្តបោះពួយទៅមុខ បើទោះបីជាគ.ជ.ប ប្រឈមនឹងការកាត់ជំនួយពីសហរដ្ឋអាមេរិក និងសហភាពអឺរ៉ុប ក្រោយពេលគណបក្សសង្គ្រោះជាតិដែលជាបក្សប្រឆាំងដ៏ធំត្រូវបានរំលាយក៏ដោយ។
បើតាមលោក សោម សូរីដា ទន្ទឹមនឹងការត្រៀមរៀបចំសម្រាប់ការបោះឆ្នោតព្រឹទ្ធសភានៅថ្ងៃទី២៥កុម្ភៈខាងមុខនេះ គ.ជ.ប ក៏បានធ្វើការងារមួយចំនួនទាក់ទងដំណើរការបោះឆ្នោតជ្រើសតាំងតំណាងរាស្រ្តដែរ។ ជាក់ស្ដែងគ.ជ.ប កំពុងសិក្សាទៅលើអនុសាសន៍របស់ភាគីពាក់ព័ន្ធទាក់ទងបញ្ជា និងនីតិវិធីសម្រាប់ការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ នៅថ្ងៃទី២៩ខែកក្កដាឆ្នាំ២០១៨៕
ព្រឹត្តិបត្រព័ត៌មានព្រឹត្តិបត្រព័ត៌មានប្រចាំថ្ងៃនឹងអាចឲ្យលោកអ្នកទទួលបាននូវព័ត៌មានសំខាន់ៗប្រចាំថ្ងៃក្នុងអ៊ីមែលរបស់លោកអ្នកផ្ទាល់៖
ចុះឈ្មោះ