អានតួអត្ថបទ
កម្ពុជា

អាជ្ញាធរ​​ថា ​អាគារ​​ដែល​​បាក់​​រលំ​​សម្លាប់​​មនុស្ស​​ក្នុង​​ខេត្ត​​ព្រះសីហនុ​​គឺ​​សាង​សង់​ឡើង​​ពុំ​មាន​​ច្បាប់​​អនុញ្ញាត​

នៅ​ម៉ោង​ប្រមាណ៥ទៀបភ្លឺ​នា​ព្រឹក​ថ្ងៃ​សៅរ៍​នេះ មាន​ករណី​បាក់​រលំ​អាគារ​កម្ពស់៧ជាន់​មួយកន្លែង​នៅក្នុង​ក្រុងព្រះសីហនុ ខេត្ត​ព្រះសីហនុ។ គិត​មកដល់ពេលនេះ អាជ្ញាធរ​បាន​រកឃើញ​មនុស្ស​ស្លាប់​ចំនួន៧នាក់ និង រងរបួស​ធ្ងន់ ស្រាល ចំនួន២១នាក់​ទៀត​នៅក្នុង​ហេតុការណ៍​បាក់​រលំ​អាគារ​មួយ​នេះ។ អាជ្ញាធរ​ពាក់ព័ន្ធ​អះអាងថា អាគារ​កម្ពស់៧ជាន់​នេះ ជា​របស់​ជនជាតិ​ចិន ហើយ​ការសាងសង់​អាគារ​នេះ​មិនមាន​ច្បាប់​អនុញ្ញាត​ពី​អាជ្ញា​ធរមាន​សមត្ថកិច្ច​នោះឡើយ។

ទិដ្ឋភាព​នៃ​ការ​រុករក​មនុស្ស​ដែល​អាគារ​បាក់​សង្កត់​លើ​នៅក្នុង​ខេត្ត​ព្រះ​សីហនុ​
ទិដ្ឋភាព​នៃ​ការ​រុករក​មនុស្ស​ដែល​អាគារ​បាក់​សង្កត់​លើ​នៅក្នុង​ខេត្ត​ព្រះ​សីហនុ​ @FB
ផ្សាយពាណិជ្ជកម្ម

អាជ្ញាធរខេត្ត​ព្រះសីហនុ និង ក្រសួង​រៀបចំ​ដែនដី នគរូបនីយកម្ម និង​សំណង់ អះអាង​ឱ្យដឹង​ដូចគ្នា​ថា មូលហេតុ​នៃ​ការបាក់​រលំ​អាគារ​កម្ពស់៧ជាន់​នេះ គឺ​ដោយសារតែ​សាងសង់​ខុស​បច្ចេកទេស ហើយ​ការសាងសង់ នេះ​ទៀតសោត គឺ​ពុំមាន​ច្បាប់​អនុញ្ញាត​ពី​អាជ្ញាធរ​នោះទេ។ ក្រសួង​រៀបចំ​ដែនដី​បាន​គូសបញ្ជាក់ថា អាជ្ញា​ធរមាន​សមត្ថកិច្ច​របស់​ខេត្ត​ព្រះសីហនុ ធ្លាប់បាន​ចុះទៅ​ហាមឃាត់​ការសាងសង់​អាគារ​នេះ​ពីរដង​រួចមកហើយ តែ​អ្នក​សាងសង់​មិនបាន​ចូលរួម​សហការ​ឡើយ ដោយ​នៅតែ​បន្ត​សាងសង់​ទៀត​ទើប​បង្កឱ្យមាន​ហេតុការណ៍​បាក់​រលំ​បែបនេះ​កើតឡើង។

ការបកស្រាយ​របស់​អា​ជ្ញា​ធរ​នេះ មិនអាច​ធ្វើឱ្យ​អ្នកតាមដាន​ហេតុការណ៍​នេះ​ទទួលយកបាន​នោះទេ។ ពួកគេ​ខ្លះ បាន​រិះគន់​អាជ្ញាធរ​ថា បកស្រាយ​ឱ្យតែ​ផុតពី​មាត់ ដោយ​ពួកគេ​សម្តែង​ការងឿងឆ្ងល់​ថា បើ​មិនមាន​ច្បាប់​អនុញ្ញាត ហេតុអ្វី​ម្ចាស់​អាគារ​នេះ​នៅតែ​អាច​សាងសង់​បាន? ហើយ​ហេតុអ្វី​បានជា​អាជ្ញាធរ​មិន​ព្រម​ផ្អាក​ការសាងសង់​អាគារ​នេះ? និង បាន​សួរថា តើ​អ្នកណា​ទទួលខុសត្រូវ​លើ​ការស្លាប់​មនុស្ស។

ចំណែក អ្នកតាមដាន​មួយចំនួនទៀត​បាន​រិះគន់ថា ការបកស្រាយ​របស់​អា​ជ្ញា​ធរ គឺ​ហាក់​គ្មាន​ការទទួលខុសត្រូវ​ទាល់តែសោះ។ ពួកគេ​ថា សំណង់​អាគារ​ដ៏​ធំ​ស្កឹមស្កៃ​មួយ​បែរជា​អាចឱ្យ​ជនបរទេស​ធ្វើការ​សាងសង់​បាន​ដោយ​ពុំមាន​ច្បាប់​អនុញ្ញាត រីឯ​ខ្លួន​ជា​មន្ត្រី​ជំនាញ និង​មន្ត្រី​អនុវត្ត​ច្បាប់​បែរជា​គ្មាន​វិធានការ និង​អំណាច​ទប់ស្កាត់​ទៅវិញ។ ដូច្នេះហើយ ពួកគេ​បាន​អំពាវនាវ​ដល់​ប្រមុខ​រដ្ឋាភិបាល​កម្ពុជា​ឱ្យ​ចាត់វិធានការ​ទៅលើ​មន្ត្រី​ពាក់ព័ន្ធ និង​ជនបរទេស​ដែលជា​ម្ចាស់​សំណង់​អាគារ​នេះ​ទៅតាម​ច្បាប់។

សូមបញ្ជាក់ថា ការបាក់​រលំ​អាគារ​កម្ពស់៧ជាន់​នេះ គឺជា​ករណី​ទី១ហើយ​សម្រាប់​ខេត្ត​ព្រះសីហនុ​និយាយ​ដាច់ដោយឡែក និង​សម្រាប់​ប្រទេស​កម្ពុជា​និយាយ​ជារួម។ ក្រោយ ហេតុការណ៍​បាក់រលំ​អាគារ​នេះ ​អាជ្ញាធរ​មាន​សមត្ថកិច្ច​បាន​ចាប់​ឃាត់​ខ្លួន​ជនជាតិ​ចិន​៣​នាក់​ និង ​ជនជាតិ​ខ្មែរ​ម្នាក់ដើ​ម្បី​សាកសួរ​ធ្វើ​កំណត់​ហេតុ​ និង​បន្ដ​ចាត់ការ​តាម​នីតិ​វិធី​ច្បាប់​។ ​ជនជាតិ​ចិន​ទាំង​៣​នាក់ ​រូមមាន​ ម្ចាស់កា​រដ្ឋាន​សំណង់ ​ថៅកែ​ម៉ៅការ​សាង​សង់​ និង​ អ្នកម៉ៅ​ការបូក​ជញ្ជាំង​អគារ​។ ​ចំណែក ​ជនជា​តិ​ខ្មែរ​វិញ​ គឺ​ជា​អ្ន​ក​ជួល​ដី​សម្រាប់​សាង​សង់​អគារ​នោះ៕​

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ