អានតួអត្ថបទ
ចិន-រុស្ស៊ី-លីប៊ី

ប្រតិកម្ម​របស់​ចិន​ និង​រស្ស៊ី​​​ចំពោះប្រតិបត្តិការ​យោធា​នៅ​លីប៊ី

ប្រទេស​ចិន និង​រុស្ស៊ី បាន​សម្តែង​ការ​សោក​ស្តាយ​យ៉ាង​ខ្លាំ​​ង​ នៅ​ថ្ងៃ​នេះ នៅ​ពេល​ដែល​កង​ទ័ព​សម្ព័ន្ធ​មិត្ត​បាន​​​ទម្លាក់​គ្រាប់​បែក​លើ​លីប៊ី។ ចិន ក៏ដូច​ជា​រុស្ស៊ី ​ដែល​បាន​បោះ​ឆ្នោត​អនុបវាទ​ ​លើ​សេចក្តី​សម្រេច​​ចិត្ត​ លេខ ១៩៧៣ របស់​អង្គការ​សហប្រជាជាតិ អនុញ្ញាត​ឲ្យ​ប្រទេស​ជា​សមាជិក​ធ្វើ​អន្តរាគមន៍​យោធា​នៅ​លីប៊ី ដើម្បី​ការ​ពារ​ជីវិត​បណ្តា​​ជនស៊ីវិល បាន​​រក្សា​គោល​ជំហរ​នយោបាយ​​មិន​លូក​លាន់​កិច្ច​ការ​ផ្ទៃក្នុង​​លីប៊ី តែ​​មិន​បាន​អំពាវ​នាវ​ឲ្យ​មាន​ការ​ឈប់​បាញ់​គ្នា​ទេ។

អ្នកនាំពាក្យ​ក្រសួងការបរទេស​ចិន លោក Hong Lei
អ្នកនាំពាក្យ​ក្រសួងការបរទេស​ចិន លោក Hong Lei AFP / Frederic J. BROWN
ផ្សាយពាណិជ្ជកម្ម
01:27

សេចក្តី​រាយការណ៍​របស់ អៀង សុខម៉ិញ

“សោ​ក​ស្តាយ តែ​មិន​​​ថ្កោល​ទោស​” ទេ ! ពាក្យ​សំដី​របស់​អ្នក​នាំ​ពាក្យ​ក្រសួង​ការបរទេស​ចិននេះ បញ្ជាក់​ពី​ភាព​​នៅ​កណ្តាល មិន​លម្អៀង ដូច​អ្វី​ដែល​ចិន​បាន​ធ្វើ​នៅ​ក្នុង​សម័យ​ប្រជុំ​បន្ទាន់​របស់​ក្រុម​ប្រឹក្សា​សន្តិសុខ​អង្គការ​សហប្រជាជាតិ​ស្តី​ពី​ប្រទេស​លីប៊ី ក្នុង​យប់​ថ្ងៃ​ព្រហស្បតិ៍​ឆ្លង​ចូល​ថ្ងៃ​សុក្រ​ដូច្នោះ។

ក្រុង​ទ្រីប៉ូលី បាន​ខិត​ខំ​ឱបដៃឱបជើង​ឯកអគ្គរដ្ឋទូត​ចិន​យ៉ាង​ខ្លាំង ដោយ​សន្យា​ប្រគល់​ប្រេងកាតឲ្យ​ចិន ជំនួស​ពួក​បស្ចិម​លោក តែ​នៅ​ទីបំផុត ចិន​បាន​ត្រឹម​បោះឆ្នោ​ត​អនុបវាទ មិន​ប្រើ​សិទ្ធិ​ប្រឆាំង​វេតូ​​នៅ​អង្គការ​សហប្រជាជាតិ។

​ចិន​បាន​បង្ហាញ​ការ​សោកស្តាយ​ចំពោះអន្តរាគមន៍​យោធា​អន្តរជាតិ ជាមួយ​នឹង​ជំហរ​មិន​លូក​លាន់​កិច្ចផ្ទៃ​ក្នុង​ ប៉ុន្តែ​​មាន​ឥរិយាបថ​​ប្រុង​ប្រយ័ត្ន រង់ចាំ​មើល​​សហរដ្ឋ​អាមេរិក និង​សម្ព័ន្ធ​អារ៉ាប។​ ព្រឹត្តិការណ៍​នៅ​លីប៊ី​នេះ​បាន​ធ្វើ​ឲ្យ​ក្រុមហ៊ុន​ចិន​​ខាត​បង់​ច្រើន​ណាស់ ប៉ុន្តែ​ចិន​ត្រូវ​ការ​ប្រេង​ពី​លីប៊ី​តែ​ប្រមាណ​៣%​ប៉ុណ្ណោះ។ ដោយ​ទំនង​ជា​ហេតុ​ដូច្នេះ​ហើយបាន​ជា​ចិន​មិន​ប្រើ​ពាក្យ​​ថ្កោល​ទោស​នោះ។

ចំណែក​ប្រទេស​រុស្ស៊ី​វិញ​ អ្នក​នាំ​ពាក្យ​បាន​សម្តែង​ការ​សោក​ស្តាយ​ផង និង​ បាន​ទាមទារ​ឲ្យ​មាន​ការ​ឈប់​បាញ់​គ្នា​ ហើយ​វិល​ចូល​តុ​ចរចា​។ ជាង​នេះ​ទៅ​ទៀត​រុស្ស៊ី​បាន​សំណូម​ពរ​ឲ្យ​កងទ័ព​សម្ព័ន្ធ​មិត្ត​ខិត​ខំ​ចាត់​វិធានការ​​​យ៉ាង​ណា​រក្សា​សុវត្ថិភាព​ដល់​បេសកជន​ការទូត​បរទេស​ទាំង​អស់​ ដែល​កំពុង​មាន​វត្តមាន​នៅ​ក្នុង​ប្រទេស​លីប៊ី៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ