អានតួអត្ថបទ
លីប៊ី-ចិន

ទីបំផុត​ចិន​ទទួល​ស្គាល់​ក្រុមប្រឹក្សា​ជាតិ​អន្តរកាល​ជា​រដ្ឋ​អំណាច​ថ្មីនៅលីប៊ី

អំណើះតទៅ ចិន​ដឹងច្បាស់ថា មេដឹកនាំ​កាដាហ្វី នឹង​មិន​អាច​ត្រលប់​ចូលកាន់​អំណាច​នៅលីប៊ី​បាន​ទៀតទេ។ ក្នុង​ប្រយោជន៍​សេដ្ឋកិច្ច ចិន​បាន​ក្រឡាស់ដៃ នៅថ្ងៃអង្គារនេះ ដោយ​ប្រកាស​ទទួលស្គាល់ ក្រុមប្រឹក្សាជាតិ​អន្តរកាល CNT “តំណាង​ក្រុមបះបោរ​លីប៊ី”​ថា អ្នកជា​អំណាច​លីប៊ី ស្របច្បាប់។ ក្នុងនាម​ជា​សមាជិក​អចិន្ត្រៃយ៍​ម្នាក់​នៃ​ក្រុម​ប្រឹក្សាសន្តិសុខ​អង្គការ​ សហប្រជាជាតិ, ចិន​ជា​ប្រទេស​ចុង​ក្រោយ ដែល​បាន​ទទួលស្គាល់​ភាពស្រប​ច្បាប់​របស់​ក្រុមបះបោរ នៅ​លីប៊ី។

នគរបាល​ចិន​ឈរ​យាម​ស្ថានទូត​លីប៊ី​នៅ​ក្នុង​ទីក្រុង​ប៉េកាំង
នគរបាល​ចិន​ឈរ​យាម​ស្ថានទូត​លីប៊ី​នៅ​ក្នុង​ទីក្រុង​ប៉េកាំង ©Reuters
ផ្សាយពាណិជ្ជកម្ម

 

កន្លងមក ​ចិន​នៅរារែក មិនទាន់​​ទទួលស្គាល់ និង​គាំទ្រ​ក្រុមបះបោរ ដោយសារ​ចិន​ធ្លាប់​មាន​កិច្ចសន្យា​ជំនួញ​ច្រើន​ជាមួយ​រដ្ឋាភិបាល​កាដាហ្វី។ នៅមុន​ចលនា​ងើបបះបោរ​ប្រឆាំង​មេដឹកនាំ​ផ្តាច់ការ​កាដាហ្វី ចិន​មាន​គម្រោង​រកស៊ី​ជាង ៥០ នៅលីប៊ី ដែល​មាន​តម្លៃ​ជាង ១៨ពាន់​លាន​ដុល្លារ។ នេះ​បើតាម​តួលេខ​ផ្តល់​ដោយ​ក្រសួង​ពាណិជ្ជកម្ម​ចិន។ ក្នុង​ប្រទេស​លីប៊ី ​វិនិយោគដ៏​​ច្រើនរបស់​ចិន​ទៅ​លើ​ផ្លូវដឹកជញ្ជូន ប្រេង និង​ទូរសារគមនាគមន៍​កន្លងមក​ បានរួម​ចំណែក​​ជួយធ្វើ​​ឲ្យ​របប​កាដាហ្វី​​រឹងមាំ។

នៅក្នុង​ពេល​ក្រុមបះបោរ​ចាប់​មាន​កម្លាំង​កាន់តែខ្លាំង ​វាយ​ប្រហារ​លើ​កម្លាំងទ័ព​កាដាហ្វី ប្រទេស​ចិន​តាម​ដាន​ស្ថានការណ៍​នៅប្រទេស​លីប៊ី​ដោយ​ប្រុងប្រយ័ត្ន​បំផុត។ ទន្ទឹម​ដែល​ប្រទេស​នៅអឺរ៉ុប​ចេញមុខ​គាំទ្រ​ក្រុមបះបោរ​លីប៊ី ដោយ​ប្រកាស​ទទួល​ស្គាល់​ក្រុមប្រឹក្សា​ជាតិ​អន្តរកាល​ជា​អ្នកតំណាង​លីប៊ី​ស្របច្បាប់ ទីក្រុង​ប៉េកាំង​នៅមិន​ទាន់​​បញ្ចេញ​ប្រតិកម្ម​ធំដុំ​អ្វីដែរ ដោយ​គ្រាន់​តែ​បញ្ជាក់​ថា ក្រុមប្រឹក្សា​ជាតិ​អន្តរកាល​លីប៊ី​ត្រូវ​រក្សា​ប្រយោជន៍​ទាំងអស់​របស់ចិន​ដែល​ធ្លាប់​មាន​​ក្នុង​ទឹកដី​លីប៊ី ឲ្យ​នៅដដែល។

ប៉ុន្តែ ក្នុង​កាលៈទេសៈដែល​កាដាហ្វី​ចាញ់ដៃ គ្មាន​ថ្ងៃ​ត្រលប់​មកកាន់​អំណាច​នៅលីប៊ី​វិញ ចិន​ក៏​បាន​សម្រេច​ចិត្ត​បោះបង់​ចោល​កាដាហ្វី និង​បែរ​មក​ចាប់ដៃ​ជា​ផ្លូវការ​ជាមួយក្រុមប្រឹក្សា​ជាតិ​អន្តរកាល​ ដែល​តំណាង​ក្រុមបះបោរ​លីប៊ី។ ពេលនេះ​ចិន​ចេញមុខ​និយាយថា ចិន​គោរព​ការសម្រេចចិត្ត​របស់​ប្រជាជន​លីប៊ី និង​ចូលរួម​ធ្វើការ​ជាមួយ​ក្រុមប្រឹក្សា​ជាតិ​អន្តរកាល​ដើម្បី​ដើម្បីធានា​ការផ្លាស់ប្តូរ​អំណាច​នៅលីប៊ី​ប្រព្រឹត្ត​ទៅ​ដោយ​រលូន។ ជាមួយគ្នានេះ ចិន​មាន​​ក្តី​សង្ឃឹម​ថា រាល់កិច្ច​ព្រមព្រៀង កិច្ចសន្យា​ដែល​ខ្លួន​បាន​ចុះ​កន្លងមកជាមួយ​លីប៊ី គឺ​ក្នុង​អំណាច​រដ្ឋាភិបាល​កាដាហ្វី​ នឹង​នៅ​តែ​មាន​សុពលភាព​ដដែល បើទោះបី​ជា​លីប៊ី​បាន​ផ្លាស់ប្តូរ​ថ្នាក់ដឹកនាំ​ក៏ដោយ។​

ការដែល​​ទីក្រុង​ប៉េកាំង ប្រកាស​ទទួល​ស្គាល់​ជាផ្លូវការ​ ក្រុមបះបោរលីប៊ី​ជា​រដ្ឋអំណាច​ស្របច្បាប់​លីប៊ី គឺ​មក​ពី​ រដ្ឋអំណាច​ចិន​មិន​ចង់​បាត់បង់​ផលប្រយោជន៍​ដែល​ខ្លួន​មាន នៅក្នុង​ប្រទេស​លីប៊ី ទៅ​ឲ្យ​ប្រទេស​លោកខាងលិច។ ចិន​បាន​មើលឃើញច្បាស់​ថា ពួកបស្ចិមបទេស​ ដូចជា បារាំង អង់គ្លេស និង​អាមេរិក ដែល​បាន​ជួយ​ពួកបះបោរ​លីប៊ី វាយ​ផ្តួល​រំលំ​របប​កាដាហ្វី សុទ្ធ​តែ​បាន​​ការសន្យា​ ទទួល​ប្រយោជន៍គាប់ចិត្ត​ពី​ក្រុមបះបោរ​ នៅលីប៊ី៕

 

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ