អានតួអត្ថបទ
ចិន-លីប៊ី

ទីក្រុង​ប៉េកំាង​កំពុង​បារម្ភ​ពី​ការ​បាត់បង់​ផលប្រយោជន៍​របស់ខ្លួន​នៅ​លីប៊ី

នៅ​ថ្ងៃសុក្រ ទី២ កញ្ញា​ម្សិលមិញ ប្រទេស​ចិន​បាន​ស្នើ​ក្រុមប្រឹក្សាជាតិ​អន្តរកាល​លីប៊ី​ឲ្យ​ធានា​ពិតប្រាកដ​នូវ​ផលប្រយោជន៍​របស់​ចិន​ដែល​មាន​នៅ​ក្នុង​ប្រទេស​លីប៊ី។ ការ​អំពាវនាវ​របៀប​នេះ​ត្រូវ​បាន​ធ្វើ​ឡើង​នៅ​ក្នុង​ទីក្រុង​ប៉ារីស ប្រទេស​បារំាង នៅ​ក្នុង​កិច្ចសន្ទនា​រវាង​លោក​អនុរដ្ឋមន្រ្តី​ក្រសួង​ការបរទេស​ចិន Zhai Jun និង​លោក​អនុប្រធាន​ក្រុមប្រឹក្សាជាតិ​អន្តរកាល​លីប៊ី Mahmoud Jibril។

លោក Zhai Jun អនុរដ្ឋមន្រ្តី​ក្រសួង​ការបរទេស​ចិន
លោក Zhai Jun អនុរដ្ឋមន្រ្តី​ក្រសួង​ការបរទេស​ចិន
ផ្សាយពាណិជ្ជកម្ម

ខណៈ​ដែល​ក្រុម​បះបោរ​ប្រឆំាង​របប​កាដាហ្វី​កំពុង​បន្ត​ប្រតិបត្តិការ​រុល​ទៅ​មុខ ដោយ​មាន​ជំនួយ​របស់​អង្គការ​អូតង់​នោះ ប្រទេស​ចិន​បារម្ភ​កាន់​តែ​ខ្លំាង​ឡើង​ខ្លាច​បាត់បង់​ផលប្រយោជន៍​របស់​ខ្លួន នៅ​ពេល​ណា​ដែល​របប​កាដាហ្វី​ត្រូវ​ចប់​ជា​ស្ថាពរ។ រហូត​មក​ដល់​ពេល​នេះ និង​ក្នុង​នាម​ជា​សមាជិក​អចិន្រ្តៃយ៍​ម្នាក់​នៃ​ក្រុមប្រឹក្សាសន្តិសុខ​អង្គការ​សហប្រជាជាតិ ទីក្រុង​ប៉េកំាង​នៅ​បន្ត​អល់អែល​មិន​ទាន់​ហ៊ាន​ទទួល​ស្គាល់​ក្រុមប្រឹក្សាជាតិ​អន្តរកាល​លីប៊ី​ពេញ​មាត់ ដូច​បណ្តា​ប្រទេស​លោកខាងលិច​មួយ​ចំនួន​ទេ។ ក៏​ប៉ុន្តែ ចិន​បាន​ទទួល​ស្គាល់​តួនាទី​ដ៏​សំខាន់​របស់​ក្រុមប្រឹក្សាជាតិ​អន្តរកាល​លីប៊ី និង​ប្រកាស​ត្រៀមខ្លួន​បន្ត​រក្សា​ទំនាក់ទំនង​ជិតស្និទ្ធ​រវាង​គ្នា​ទៅ​ថ្ងៃ​អនាគត នេះ​ជា​ការ​ថ្លែង​របស់​លោក​អនុរដ្ឋមន្រ្តី​ក្រសួង​ការបរទេស​ចិន Zhai Jun ទៅ​កាន់​លោក​អនុប្រធាន​ក្រុមប្រឹក្សាជាតិ​អន្តរកាល​លីប៊ី Mahmoud Jibril នា​ឱកាស​កិច្ចសន្ទនា​រវាង​គ្នា​នៅ​ទីក្រុង​ប៉ារីស ប្រទេស​បារំាង​កាល​ពី​ថ្ងៃ​សុក្រ ទី២ កញ្ញា​ម្សិលមិញ។

លោក Zhai Jun បាន​និយាយ​​ប្រាប់​លោក Mahmoud Jibril ថា ទីក្រុង​ប៉េកំាង​បាន​ត្រៀម​ខ្លួន​នឹង​ជួយ​កសាង​ប្រទេស​លីប៊ី​ឡើង​វិញ ទៅ​តាម​សមត្ថភាព​ដែល​ខ្លួន​អាច​ជួយ​បាន នៅ​ពេល​ណា​ដែល​សង្រ្គាម​បាន​បិទបញ្ចប់។ ទន្ទឹម​គ្នា​នេះ មន្រ្តី​ការទូត​ចិន​ជាន់ខ្ពស់​រូប​នេះ​ដដែល​ក៏​បាន​សម្តែង​ចេញ​នូវ​ក្តី​សង្ឃឹម​របស់​ខ្លួន ថា​រដ្ឋអំណាចថ្មី​នៅ​លីប៊ី​ពិត​ជា​យល់​អំពី​ក្តីបារម្ភ​របស់​ចិន គោរព​ពាក្យ​សន្យា​របស់​ខ្លួន និង​ធានា​ពិតប្រាកដ​នូវ​ផលប្រយោជន៍​នៃ​រោងចក្រ និង​សហគ្រាស​ចិន​នៅ​លីប៊ី។

ជា​ចម្លើយ​តប​វិញ លោក Mahmoud Jibril បាន​សន្យា​ថា នឹង​គោរព​គ្រប់​កិច្ចសន្យា​សេដ្ឋកិច្ច និង​ពាណិជ្ជកម្ម​ដែល​ចិន​បាន​ចុះ​ហត្ថលេខា​ជាមួយ​លីប៊ី​ពី​ពេល​មុន និង​ចាត់​វិធានការ​គ្រប់​បែប​យ៉ាង​ដើម្បី​ធានា​សន្តិសុខ និង​សុវត្ថិភាព ក៏​ដូច​ជា​ការពារ​ទ្រព្យសម្បត្តិ​របស់​ពលរដ្ឋ​ចិន​នៅ​ក្នុង​ប្រទេស​លីប៊ី។

យោង​តាម​តួលេខ​ផ្តល់​ដោយ​ក្រសួង​ពាណិជ្ជកម្ម​ចិន ទឹកប្រាក់​វិនិយោគ​របស់​ចិន​នៅ​លីប៊ី​មាន​ប្រមាណ ១ម៉ឺន ៨ពាន់ ៨រយ​លាន​ដុល្លារ​សម្រាប់ ៥០​គម្រោង​ធំៗ មាន​ដូច​ជា​វិស័យ​សាងសង់ វិស័យ​អយស្ម័យយាន ទូរគមនាគមន៍ ឬ​មួយ​ប្រេងឥន្ធនៈ។

ដោយឡែក កាល​ពី​ថ្ងៃព្រហស្បតិ៍ ទី១ កញ្ញា ទីភ្នាក់ងារ​ផ្លូវការ​ចិន​ថ្មី​បាន​អំពាវនាវ​ក្រុម​ប្រទេស​មហាអំណាច​លោកខាងលិច​កុំ​ឲ្យ​ឆ្លៀត​ឱកាស​កេង​យក​តែ​ម្នាក់​ឯង​នូវ​គម្រោង​កិច្ចសន្យា​សាងសង់​លីប៊ី ក្រោយ​ពី​សង្រ្គាម។ សេចក្តី​អំពាវនាវ​បាន​ធ្វើ​ឡើង ក្រោយ​ពី​សារព័ត៌មាន​បារំាង​ឈ្មោះ Libération បាន​ចុះ​ផ្សាយ​ព័ត៌មាន​មួយ​ដែល​បញ្ជាក់​ថា រដ្ឋាភិបាល​បារំាង​ប្រហែល​ជា​បាន​ចុះ​កិច្ចព្រមព្រៀង​មួយ​ជាមួយ​ក្រុមប្រឹក្សាជាតិ​អន្តរកាល​លីប៊ី ដោយ​បារំាង​បាន​ទទួល​កិច្ចសន្យា​ធ្វើ​អាជីវកម្ម​ប្រេង​លីប៊ី​ចំនួន ៣៥%៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ