អានតួអត្ថបទ
កម្ពុជា

ស្ថានភាព​ព្រំដែន​ស្ងប់ស្ងាត់​ពេល​ការបោះឆ្នោត​ថៃ​ជិត​មក​ដល់

បើទោះជា​ស្ថានភាព​ព្រំដែន​ស្ងប់ស្ងាត់ ទាហាន​កម្ពុជា​ស្ថិត​នៅ​ក្នុង​លក្ខណៈ​ប្រុង​ប្រយ័ត្ន​ខ្លាំង ខណៈ​ពេល​ដែល​ប្រទេស​ថៃ​នឹង​រៀបចំ​ការបោះឆ្នោត​ក្នុង​រយៈពេល​ដ៏​ខ្លី​ខាង​មុខ។ ក្រៅ​ពី​ការ​បោះឆ្នោត​ដែល​បាន​ធ្វើ​អោយ​ប្រទេស​ថៃ​ហាក់​ស្ថិត​នៅ​ក្នុង​សភាព​វឹកវរ​នោះ មាន​ការ​ព្រួយ​បារម្ភ​អំពី​ស្ថានភាព​ផុយ​ស្រួយ​នៅ​ព្រំដែន នៅ​ពេល​ដែល​រដ្ឋាភិបាល​ថៃ​បាន​ចាញ់​ប្រៀប​កម្ពុជា​នៅ​ក្នុង​វេទិកា​យូណេស្កូ​នៅ​ប្រទេស​បារាំង។

ទាហានខ្មែរ ស្ថិត​ក្នុង​ស្ថានការណ៍​ត្រៀមការពារ​ទោះ​មាន​សភាព​ស្ងប់​ស្ងាត់​នៅ​តាម​ព្រំដែន​កម្ពុជា​ថៃ
ទាហានខ្មែរ ស្ថិត​ក្នុង​ស្ថានការណ៍​ត្រៀមការពារ​ទោះ​មាន​សភាព​ស្ងប់​ស្ងាត់​នៅ​តាម​ព្រំដែន​កម្ពុជា​ថៃ © Reuters
ផ្សាយពាណិជ្ជកម្ម

ព័ត៌មាន​ដែល​ទាក់ទង​នឹង​ស្ថានភាព​ផុយ​ស្រួយ​នៅ​តាម​ព្រំដែន​ត្រូវ​បាន​ចុះផ្សាយ​ដោយ​កាសែត​ថៃ​ជាច្រើន​ថ្ងៃ​មក​ហើយ។ ពោល​គឺ​បន្ទាប់​ពី​ប្រតិភូ​រដ្ឋាភិបាល​ថៃ​បាន​ចាញ់​នៅ​ក្នុង​ការ​តវ៉ា​ពន្យារ​ពេល​ការ​ពិចារណា​លើ​ការ​ផែនការ​អភិវឌ្ឍន៍​តំបន់​ប្រាសាទ​ព្រះវិហារ ទាហាន​ថៃ​និង​កម្ពុជា​បាន​ចោទ​ប្រកាន់គ្នា​ទៅវិញ​ទៅមក​អំពី​ការ​ចល័ត​ទ័ព។ កម្ពុជា​បាន​ចាត់ទុក​ការចោទ​ប្រកាន់​របស់​ទាហាន​ថៃ​ ថា​ដើម្បី​មាន​លេស​អាច​ចល័ត​ទ័ព​ខ្លួន ហើយ​អាច​ផ្តើម​ការវាយ​ប្រហារ​មកលើ​កម្ពុជា​ផង។

 
            លោក​ឧត្តមសេនីយឯក ឈុំ សុជាតិ អ្នក​នាំពាក្យ​ក្រសួង​ការពារ​កម្ពុជា​បាន​អះអាង​នៅថ្ងៃ​នេះថា ស្ថានភាព​ទូទៅ​នៅតាម​ព្រំដែន​មិន​មាន​អ្វី​តានតឹង ឬ​ខុសប្លែក​ពី​ធម្មតា​នោះទេ។ ប៉ុន្តែ​អ្នកនាំ​ពាក្យ​រូបនេះ ក៏​អះអាង​ផងដែរ​ថា កម្ពុជា​នៅ​ប្រុងប្រយ័ត្ន​ជានិច្ច​ចំពោះ​ការ​ឈ្លានពាន​ជាយថាហេតុ​របស់​កងទ័ព​ថៃ។

            កងទ័ព​កម្ពុជា​អាច​ត្រូវ​បង្កើន​ការ​ប្រុងប្រយ័ត្ន​រឹត​តែ​ខ្លាំង​ជាង​ពេលណាៗ​ទាំងអស់​នៅ​ពេល​ការ​បោះឆ្នោត​នៅ​ប្រទេស​ថៃ​នឹង​មក​ដល់​ក្នុង​ពេល​ដ៏​ខ្លី​ខាង​មុខ។ ពោល​គឺ​បទពិសោធន៍​ដែល​កម្ពុជា​ទទួល​បាន​ពី​ថៃ​ក្នុង​ពេល​កន្លង​មក​នោះ​ គឺ​ថា រាល់ពេល​ដែល​ថៃ​មាន​ភាពវឹកវរ និង​សភាពការណ៍​តានតឹង​នៅក្នុង​ប្រទេស​ខ្លួន​នោះ រដ្ឋាភិបាល​ថៃ​តែង​បង្វែរ​ស្ថានការណ៍​នេះ​មក​ព្រំដែន ដោយ​បង្កើត​សភាពការណ៍​តានតឹង​នៅតាម​ព្រំដែន​នេះ​ឯង។

            កម្ពុជា​នៅតែ​ចង់​បាន​អ្នកសង្កេតការណ៍​បរទេស​ឈរ​ជើង​នៅ​តាម​ព្រំដែន ​ដើម្បី​អាច​បញ្ចៀស​ការ​ប៉ះទង្គិច​ផ្នែក​អាវុធ​រវាង​កងទ័ព​ទាំងពីរ។ ប៉ុន្តែ​កម្ពុជា​ក៏​ប្រហែល​ជា​នៅ​រង់ចាំ​មើល​លទ្ធផល​នៃ​ការ​បោះឆ្នោត​នៅ​ប្រទេស​ថៃ​នៅ​ពេល​ខាង​មុខ​នេះ ដូចគ្នា​ផង​ដែរ។ រង់ចាំ​ ក្រែង​អ្នក​ឈ្នះឆ្នោត​ជា​មេដឹកនាំ​ថ្មី​នៃ​ប្រទេស​ថៃ គឺ​ជា​មនុស្ស​ដែល​កម្ពុជា​ស្រួល​ធ្វើ​ការងារ​ជាមួយ៕

 

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ