អានតួអត្ថបទ
កម្ពុជា-ថៃ

ថៃ​បង្កហេតុ​ចង់​បញ្ឆេះ​សង្គ្រាម​ជាថ្មី​នៅ​តាម​ជាយដែន

ទោះបី​ជា​ស្ថានការណ៍​នៅ​តាម​ព្រំដែន​បាន​ស្ងប់ស្ងាត់​ ប៉ុន្តែ​ភាព​ស្ងប់ស្ងាត់​នេះ​ប្រហែល​ជា​មក​ពី​ការ​អត់ធ្មត់​របស់​កងទ័ព​កម្ពុជា​តែ​ប៉ុណ្ណោះ។ ​ចំណែក​ភាគី​ថៃ​នៅ​តែ​បន្ត​បំពាន​លើ​បូរណភាព​ទឹកដី​របស់​កម្ពុជា​ដដែល។ ​ជាក់​ស្តែង​ប៉ុន្មាន​ថ្ងៃ​ចុងក្រោយ​នេះ​ យន្តហោះ​ឈ្លប​យកការណ៍​ថៃ​បាន​ហោះ​រំលោភ​ចូល​ដែន​អាកាស​កម្ពុជា​ជា​បន្ត​បន្ទាប់។ ​ប្រឈមនឹង​សភាពការណ៍​នេះ​ អ្នកនាំពាក្យ​ក្រសួង​ការពារជាតិ​កម្ពុជា​បាន​ថ្កោលទោស​ការ​បំពាន​របស់​ថៃ​ និង​បាន​ព្រមាន​អំពី​ការ​ប្រើ​សិទ្ធិ​ស្វ័យការពារ​ដើម្បី​តប ត​ទៅ​នឹង​ការ​ឈ្លានពាន។

ប្រាសាទ​ព្រះវិហារ
ប្រាសាទ​ព្រះវិហារ ©បូណា
ផ្សាយពាណិជ្ជកម្ម

អ្នកនាំពាក្យ​ក្រសួង​ការពារ​ជាតិ​កម្ពុជា​បាន​ចេញ​សេចក្តី​ថ្លែងការណ៍​ជា​បន្ទាន់​មួយ​កាល​ពី​ព្រលប់​ថ្ងៃ​ទី​៣​ មិថុនា​ម្សិលមិញ​ ដើម្បី​ថ្កោលទោស​ការ​ឈ្លានពាន​លើ​ដែន​អាកាស​កម្ពុជា​ពី​សំណាក់​យន្តហោះ​ឈ្លប​យកការណ៍​របស់​ទាហាន​ថៃ។

សេចក្តី​ថ្លែងការណ៍​ឲ្យ​ដឹង​ថា ​រយៈពេល​បី​ថ្ងៃ​ជាប់ៗ​គ្នា​ចុងក្រោយ​នេះ ​ទាហាន​ថៃ​បាន​បំពាន​ជា​បន្តបន្ទាប់​មក​លើ​ដែន​អាកាស​កម្ពុជា។ ​ជាក់​ស្តែង ​នៅ​ថ្ងៃទី​៣១ ​ខែ​ឧសភា ​និង​ថ្ងៃទី​១​មិថុនា​ ឆ្នាំ​២០១១ ​យន្តហោះ​យោធា​ថៃ​ធុន L19 ​បាន​ហោះ​នៅ​ក្នុង​លំហ​អាកាស​កម្ពុជា​តាម​បណ្ដោយ​ខ្សែ​ព្រំដែន​ ឆ្ពោះ​ទៅ​ក្រុង​ប៉ោយប៉ែត កាត់​តាម​ស្រុក​អូរជ្រៅ ​ស្រុក​ស្វាយចេក​ និង​ស្រុក​ថ្មពួក​ក្នុង​ខេត្ត​បន្ទាយមានជ័យ។ ​នៅ​ព្រឹក​ថ្ងៃ​ទី​៣​ ខែ​មិថុនា​ ឆ្នាំ​២០១១ ​ទាហាន​ឈុត​ខ្មៅ​ថៃ​ក៏​បាន​ជិះ​ឆ័ត្រ​យន្ត១​គ្រឿង​ហោះ​ស៊ើបការណ៍​តាម​បណ្ដោយ​ព្រំដែន​ក្នុង​ភូមិ​សាស្ត្រ​ ស្រុក​ភ្នំព្រឹក ក្នុង​ខេត្ត​បាត់ដំបង​ទៀត។

អ្នកនាំពាក្យ​ក្រសួង​ការពារជាតិ​បាន​ថ្កោលទោស​ទាហាន​ថៃ និង​បាន​ស្នើ​ឲ្យ​បញ្ឈប់​ជា​ដាច់ខាត​នូវ​រាល់​សកម្មភាព​ញុះញង់​បង្កហេតុ​ដែល​អាច​នាំ​ឲ្យ​កើត​អំពើហិង្សា​នៅ​តាម​បណ្ដោយ​ព្រំដែន​។ ក្រសួង​ការពារជាតិ​បាន​ព្រមាន​ថា ​ស្ថានភាព​ផុយស្រួយ​នៅ​តាម​ព្រំដែន​អាច​ប្រឈម​នឹង​ការ​ផ្ទុះអាវុធ​ជា​យថាហេតុ​ឡើង​វិញ​ ដោយសារ​តែ​ទាហាន​ថៃ​​មិន​គោរព​ការ​ពង្រឹង​កិច្ចសហការ​ដែល​ភាគី​ទាំង​ពីរ​បាន​ឯកភាព​គ្នា។​ ក្រសួង​ការពារជាតិ​កម្ពុជា​បាន​ព្រមាន​អំពី​ការ​ប្រើ​សិទ្ធិ​ស្វ័យការពារ​បូរណភាព​ទឹកដី​របស់​ខ្លួន​ក្នុង​ករណី​ចាំបាច់។

ពេល​វិល​ត្រឡប់​ពី​ក្រុង​ឡាអេ​កាលពី​ថ្ងៃ​ព្រហស្បតិ៍​ លោក​ ហោ ណាំហុង​ រដ្ឋមន្ត្រី​ការបរទេស​កម្ពុជា​បាន​ប្រាប់​ឲ្យ​ដឹង​ថា ​ក្នុង​អំឡុង​ពេល​រង់ចាំ​ការ​សម្រេច​ចាត់​វិធានការ​បន្ទាន់​របស់​តុលាការ​យុត្តិធម៌​អន្តរជាតិ​ក្រុង​ឡាអេ​ កងទ័ព​កម្ពុជា​ត្រៀម​ខ្លួន​ជានិច្ច​ទាំងយប់ ទាំងថ្ងៃ​ដើម្បី​ទប់ទល់​បញ្ហា​ដែល​អាច​កើត​មាន​ជា​យថាហេតុ​ដែល​បង្ក​ដោយ​ភាគី​ថៃ។ ​ប្រមុខ​ការទូត​កម្ពុជា​ព្រមាន​ថា​ បើ​ថៃ​បង្ក​សង្គ្រាម​នៅ​ពេល​នេះ ​នោះ​សហគមន៍​អន្តរជាតិ​នឹង​មើល​ឃើញ​កាន់​តែ​ច្បាស់​ពី​មហិច្ឆតា​ឈ្លានពាន​របស់​ថៃ​មក​លើ​កម្ពុជា។

សូម​បញ្ជាក់​ថា ​តុលាការ​ក្រុង​ឡាអេ​ទើប​តែ​បាន​បើក​សវនាការ​កាល​ពី​ថ្ងៃ​ទី​៣០​ និង​៣១​ឧសភា​​ ​ដើម្បី​ពិនិត្យ​មើល​សំណើ​របស់​កម្ពុជា​សុំ​ចាត់​វិធានការ​បន្ទាន់​ដើម្បី​ការពារ​ប្រាសាទ​ព្រះវិហារ។ ​នៅ​ក្នុង​សវនាការ​នោះ ​លោក ​ហោ ណាំហុង ​បាន​ស្នើ​ឲ្យ​តុលាការ​ចេញ​បញ្ជា​ទៅ​កងទ័ព​ថៃ​ ឲ្យ​ដក​ចេញ​ពី​តំបន់​ព្រះវិហារ ​និង​សុំ​តុលាការ​ឲ្យ​ចាត់​វិធានការ​បញ្ឈប់​ការ​ឈ្លានពាន​របស់​ទាហាន​ថៃ​មក​លើ​បូរណភាព​ទឹកដី​កម្ពុជា។ យ៉ាងណា​ក៏​ដោយ ​ថៃ​នៅ​តែ​បន្ត​បំពាន​ចូល​ដែនដី ​និង​ដែន​អាកាស​កម្ពុជា​ជា​បន្តបន្ទាប់៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ