អានតួអត្ថបទ
កម្ពុជា-ថៃ

រដ្ឋមន្ត្រី​ការពារ​ជាតិ​កម្ពុជា​-ថៃ​ព្រមព្រៀង​ពន្លឿន​ការ​ដោះស្រាយ​ជម្លោះ​ព្រំដែន​

នៅ​​ព្រឹក​​ថ្ងៃ​​ចន្ទ​ទី​​២៨​​ឧសភា​​នេះ​ រដ្ឋមន្ត្រី​​ការពារ​​ជាតិ​​កម្ពុជា​ លោក​នាយ​​ឧត្តម​សេនីយ៍ទៀ បាញ់​ និង​​រដ្ឋមន្ត្រី​​ការពារ​ជាតិ​​ថៃ​Sukumpol​ Suwanatat ​បាន​​សន្យា​​រួមគ្នា​ដើម្បី​​ពន្លឿន​​ការ​ដោះ​ស្រាយ​​​​​បញ្ហា​​ព្រំដែន​​រវាង​​ប្រទេស​​ទាំង​​ពីរ​។​ ក្នុង​​កិច្ច​ប្រជុំ​​ដោយ​​បិទទ្វារ​​នោះ​ រដ្ឋមន្ត្រី​​ការពារ​​កម្ពុជា​-​ថៃ ​បាន​​ព្រមព្រៀង​​ឲ្យ​​ក្រុម​​ការងារ​​ចម្រុះ​​របស់​​ក្រសួង​​ការពារជាតិ​ ជួប​ប្រជុំ​​គ្នា​​ជា​​ថ្មី​​ម្តង​ទៀត​ នៅ​​ដើម​ខែ​​មិថុនា​​ខាង​មុខ​ដើម្បី​​និយាយ​​ពី​​ការ​​ដកទ័ព​ចេញ​​ពី​​ព្រំដែន​​ប្រាសាទ​​ព្រះវិហារ​ តាម​​ដីកា​​របស់​​តុលាការ​​យុត្តិធម៌​​អន្តរជាតិ​ទី​ក្រុងឡាអេ​។​​

រដ្ឋមន្ត្រីក្រសួងការពារជាតិថៃ លោក​Sukumpol suwanatat និង​លោក ទៀ បា្ញញ់ រដ្ឋមន្ត្រីការពារជាតិកម្ពុជា
រដ្ឋមន្ត្រីក្រសួងការពារជាតិថៃ លោក​Sukumpol suwanatat និង​លោក ទៀ បា្ញញ់ រដ្ឋមន្ត្រីការពារជាតិកម្ពុជា RFI/Siv Channa
ផ្សាយពាណិជ្ជកម្ម

​រដ្ឋមន្ត្រី​ការពារជាតិ​ថៃ លោក Sukumpol Suwanatat បាន​ថ្លែង​ទៅកាន់​ក្រុមអ្នកកាសែត នៅ​ថ្ងៃ​ចន្ទ​នេះដោយ​ទទួលស្គាល់​ថា ការអូសបន្លាយ​ពេលវេលា ក្នុង​ការដោះស្រាយ​បញ្ហា​ព្រំដែន​រវាង​​កម្ពុជា និង​ថៃ មិនមែន​ជា​រឿង​ល្អ​ទេ​។ ដូច្នេះ​លោក​រដ្ឋមន្ត្រី បាន​ជំរុញ​ឲ្យ​ក្រុម​ការងារ​រួម កម្ពុជា​-​ថៃ ដោះស្រាយ​ឲ្យបាន​ឆាប់រហ័ស ដោយ​ប្រទេស​ថៃ មាន​ភាពស្មោះត្រង់​អនុវត្ត​ចំពោះ​បញ្ហា​នេះ​។​

 
​ការលើក​ឡើង​ដូច្នេះ បាន​ធ្វើឡើង​បន្ទាប់​ពី​កិច្ចប្រជុំ​រវាង​រដ្ឋមន្ត្រី​ការពារ​ជាតិកម្ពុជា និង​រដ្ឋមន្ត្រី​ការពារជាតិ​ថៃ នៅ​ព្រឹក​ថ្ងៃ​ចន្ទ​នេះ នៅ​ក្រសួង​ការពារជាតិ ក្នុង​ទីក្រុង​ភ្នំពេញ​។ រដ្ឋមន្ត្រី​ការពារ​ជាតិ​កម្ពុជា និង​ថៃ បាន​ឯកភាពគ្នាឲ្យ​ក្រុមការងារ​នៃ​គណៈកម្មការ​រួម​កម្ពុជានិង​ថៃដែល​ដឹក​នាំ​​ដោយ​ក្រសួង​ការពារជាតិជួបប្រជុំ​គ្នា​ជា​លើក​ទី​២នៅ​ដើមខែ​មិថុនា​ខាងមុខនេះនៅក្នុង​ប្រទេស​កម្ពុជា​។ ជា​កិច្ចប្រជុំ ដែល​លោក​ឧបនាយករដ្ឋមន្ត្រីទៀ បាញ់រដ្ឋមន្ត្រី​ក្រសួង​ការពារជាតិ​កម្ពុជា លើកឡើងថា ក្រុម​ការងារ​រួមកម្ពុជា​-​ថៃ នឹង​បន្ត​ការពិភាក្សា​ស្តីពី​ការដក​កងទ័ពចេញពី​តំបន់​ព្រំដែន​​ទំហំ​ជាង ១៧គីឡូម៉ែត្រ​ក្រឡានៅ​ជិត​ប្រាសាទ​ព្រះវិហារ តាម​ដីកា​របស់​តុលាការ​យុត្តិធម៌​​អន្តរជាតិ​ទី​ក្រុងឡាអេ​។​

​លោក​ឧបនាយករដ្ឋមន្ត្រី ទៀ បាញ់ បាន​បញ្ជាក់​ពី​បំណង​កម្ពុជា ដែល​ចង់ឲ្យ​មាន​ការដោះស្រាយ​បញ្ហា​ព្រំដែន និង​ការដក​កងទ័ព ចេញ​ពី​ព្រំដែន​ជម្លោះ ឲ្យបាន​ឆាប់​តាម​ដែល​អាច​ធ្វើទៅបាន​។​

​កាលពីដើម​ខែ​មេសា ក្រុមការងារ​រួម​កម្ពុជា​-​ថៃ ហៅ​កាត់​ថា JWG ( Joint Working Group ) ដែល​ដឹកនាំ​ដោយ​លោកនាយ​ឧត្តមសេនីយ៍ នាង ផាត រដ្ឋលេខាធិការ​ក្រសួងការពារជាតិ​កម្ពុ​ជា បាន​ជួបប្រជុំ​ជា​លើកដំបូង នៅ​ទីក្រុង​បាងកក ប្រទេស​ថៃ​។ លទ្ធផល​នៃ​កិច្ចប្រជុំ​ក្រុមការងារ​រួម កាលណោះ បានត្រឹមតែ​ឯកភាព និង​ប្តេជ្ញា​បន្ត​អនុវត្ត​ដីកា​សម្រេច​របស់​តុលាការ​យុត្តិធម៌​អន្តរជាតិ​ទី​ក្រុងឡាអេ ស្តីពី ការដក​កងទ័ព​កម្ពុ​ជា​-​ថៃ ចេញពី​តំបន់​គ្មាន​កងទ័ព​បណ្តោះអាសន្ន នៅ​ជិត​ប្រាសាទ​ព្រះវិហារ​។ ចំណែក​ថ្ងៃខែ នៃ​ការដាក់​អ្នកសង្កេតការណ៍ និង​ការដក​កងទ័ព មិន​ទាន់​កំណត់​ពេល ហើយ​អូស​បន្លាយ​ដល់ពេលនេះ​។​
​ការយឺតយ៉ាវ ត្រូវបាន​រដ្ឋមន្ត្រី​ការពារជាតិ​ថៃ ប្រាប់​អ្នកកាសែត​នៅ​ថ្ងៃ​ចន្ទ​នេះ​ថា មកពី​តំបន់​ព្រំដែន​ជិត​ប្រាសាទ​ព្រះវិហារ មាន​គ្រាប់មីន ដែល​ជា​ឧបសគ្គ​រារាំង​ដល់​ដំណើរការ​ស្វែងរក​សន្តិ​ភាព​តាម​ព្រំដែន​រវាង​ប្រទេស​ទាំង​ពីរ​៕​

 

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ