អានតួអត្ថបទ
ព្រឹត្តិការណ៍អន្តរជាតិប្រចាំថ្ងៃ

បារាំង​បើក​ប្រតិបត្តិការ​បង្រ្កាប​ក្រុម​អ៊ីស្លាម​ជ្រុលនិយម

ចុះផ្សាយ​នៅ​ថ្ងៃ៖

នៅព្រឹកថ្ងៃសុក្រ​ទី ៣០ មីនានេះ ប៉ូលិស​ស៊ើបការណ៍​សម្ងាត់​បារាំង​បាន​បើក​ប្រតិបត្តិការ​ដាក់​សំណាញ់​ចាប់​ក្រុមមនុស្ស​ដែល​មាន​ចលនា​អ៊ីស្លាម​និយមជ្រុល នៅទូទាំង​ប្រទេសបារាំង។ ក្នុង​ខេត្ត​Toulouse Nantes Marseille និង​ជាយក្រុងប៉ារីស ប៉ូលិស​ចាប់ដាក់ឃុំ​​ជនសង្ស័យ​១៩នាក់ និង​រឹបអូស​បាន​អាវុធ​ជាច្រើន​ដើម។

ប៉ូលិស​បង្រ្កាប​ពិសេស​បារាំង​តាម​ចាប់​ជន​សង្ស័យ​ដែល​ពាក់ព័ន្ធ​នឹង​ក្រុម​អ៊ីស្លាម​ជ្រុលនិយម​
ប៉ូលិស​បង្រ្កាប​ពិសេស​បារាំង​តាម​ចាប់​ជន​សង្ស័យ​ដែល​ពាក់ព័ន្ធ​នឹង​ក្រុម​អ៊ីស្លាម​ជ្រុលនិយម​ ©Reuters
ផ្សាយពាណិជ្ជកម្ម

លោក​ប្រធានាធិបតី​បារាំងNicolas Sarkozy បាន​និយាយ​ប្រាប់​វិទ្យុ Europe 1ថា ក្រុមអ៊ីស្លាម​ជ្រុលនិយម ដែល​ប៉ូលិស​បើក​បេសកកម្ម​បោសសម្អាត នៅព្រឹកមិញនេះ ​មិន​ពាក់ព័ន្ធ​ឧក្រិដ្ឋជន Mohamed Merah ដែល​ប៉ូលិស​ពិសេស​បាញ់សម្លាប់ កាលពី​ថ្ងៃសុក្រ​សប្តាហ៍មុន នៅ​ខេត្ត​Toulouse ទេ។

ប្រតិបត្តិការ​របស់​ប៉ូលិស ជាផ្នែកមួយ​នៃ​បទ​បញ្ជា​របស់​ប្រធានាធិបតី បារាំង នៅក្រោយ​ព្រឹត្តិការណ៍​នៅក្នុង​ខេត្ត​Toulouse គឺ​បន្ទាប់ពី​ប៉ូលិស និង​ភ្នាក់ងារ​ស៊ើបការណ៍​សម្ងាត់​បារាំង​ខកខាន មិន​បាន​​ទប់ស្កាត់​មុន ឧក្រិដ្ឋជន​អ៊ីស្លាមជុ្រលនិយម Merah។

យុវជន​ Merah បាន​អះអាង​ថា ខ្លួន​ធ្លាប់ហ្វឹកហាត់​ជាមួយ​ក្រុមអ៊ីស្លាម​ជីហាត ដែល​ជា​ក្រុមភេរវជន និង​ជា​បណ្តាញ​អាល់កៃដា។ Mohamed Merah បាន​បាញ់​សម្លាប់ទាហាន និង​កូនសិស្ស​សាលា​ជ្វីវ​៧នាក់ ខេត្ត​Toulouse និង Montauban។

ដើម្បី​ទប់ស្កាត់កុំ​ឲ្យ​មាន​ករណី​Merah ជា​លើកទីពីរ ប្រធានាធិបតី​​បារាំង​បានចេញ​បញ្ជា​ឲ្យ​ប៉ូលិស​វាយតម្លៃ​ពីកម្រិត​គ្រោះថ្នាក់​របស់​ក្រុមមនុស្ស​ដែល​ មាន​ទំនាក់ទំនងល្អ និង​​មាន​សមាណចិត្ត ជាមួយ​ពួក​អ៊ីស្លាមជ្រុលនិយម។ ប៉ូលិស​បារាំង​ត្រូវ​ដាក់​ក្រោម​ការតាមដាន​រាល់​សកម្មភាព​របស់​មនុស្ស​ដែល​ចូលមើល​វិបសៃត៍​របស់​ពួកភេរវជន ឬ ជន​ដែល​ធ្វើ​ដំណើរ​ទៅ​ប្រទេស​ដែល​សម្បូរ​ដោយក្រុម​អ៊ីស្លាមជ្រុលនិយម។

អំណើះតទៅ ​ប៉ូលិស​នឹង​ចាប់​មនុស្ស​ដែល​មាន​និន្នាការ​អ៊ីស្លាម​ជ្រុលនិយម និង​ដែល​គេ​សង្ស័យ​ថា អាច​ធ្វើ​សកម្មភាព​គ្រោះថ្នាក់ ដូច​យុវជន​ Mohamed Merah។

ប្រមុខ​ដឹកនាំ​សាសនា​អ៊ីស្លាម​ដែល​បារាំង​បដិសេធ​ផ្តល់​ទិដ្ឋាការចូល​ទឹកដី​បារាំង
ប្រមុខ​ដឹកនាំ​សាសនា​អ៊ីស្លាម​ដែល​បារាំង​បដិសេធ​ផ្តល់​ទិដ្ឋាការចូល​ទឹកដី​បារាំង ©

មេដឹកនាំសាសនា​អ៊ីស្លាម​ដែល​មាន​និន្នាការជ្រុលនិយម​ហាមមិន​ឲ្យ​ចូលទឹកដី​បារាំង
ប្រមុខ​ដឹកនាំ​សាសនា​អ៊ីស្លាម ទាំងអស់​៤​នាក់ ដែល​បារំាង​បដិសេធ​មិន​ផ្តល់​ទិដ្ឋាការ​ឲ្យ​ចូល​ក្នុង​ប្រទេស​បារាំង។ ម្នាក់​ជា​ជនជាតិ​ប៉ាឡេស្ទីន ពីរនាក់​មក​ពី​ប្រទេស​អារ៉ាប៊ី សាអ៊ូឌីត និង​ម្នាក់ ជា​អេហ្ស៊ីប។ ពួកគេ​ត្រូវ​សមាគម​ជនជាតិ​អ៊ីស្លាម​អញ្ជើញ​ឲ្យ​ចូល​រួម​ក្នុង​សន្និបាត​អង្គការ​អ៊ីស្លាម​ក្នុង​ប្រទេស​បារាំង​ដែល​ត្រូវ​ប្រព្រឹត្តិ​ធ្វើ នៅថ្ងៃ ទី ៩​មេសា​ខាងមុខ នៅទីក្រុង​Bourget ដែល​ស្ថិតនៅ​ភាគខាងជើង​ក្រុង​ប៉ារីស។

ក្រសួងការបរទេស​បារាំង​បាន​អះអាងថា គេ​មិន​ឲ្យ​ទិដ្ឋាការ ឬ​វីសា ក៏ព្រោះតែ​គេ​ខា្លចថា ប្រមុខ​ដឹកនាំ​សាសនា​ទាំងនោះនិយាយអ្វី​ដែល​នឹង​អាច​ប៉ះពាល់​ដល់​សណ្តាប់ធ្នាប់​សាធារណៈ​បារាំង។ បើតាម​ភ្នាក់ងារ​ស៊ើបការណ៍​សម្ងាត់​បារាំង ប្រមុខ​ដឹកនាំ​សាសនា មាន​ជំហរ​អ៊ីស្លាម​ជ្រុលនិយម និង​និន្នាការ​ស្អប់​ជនជាតិជ្វីវ ឬ​ ឧទាហរណ៍​ក្នុង​ចំណោម​ជន​ទាំងបួន​នាក់ អ៊ីម៉ាំ Safwat al Hijaziជនជាតិ​អេហ្ស៊ីប​ធ្លាប់បាននិយាយ​តាមទូរទស្សន៍ នៅឆ្នាំ ២០០៩ គាត់ស្អប់​ជនជាតិ​ជ្វីវ និង​ថា បើកុំ​តែ​មាន​សម្ព័ន្ធអារ៉ាប់ កុំអី ក្រុមអ៊ីស្លាម​នឹង​ហែកហួរ​ជនជាតិ​ជ្វីវ​ឲ្យ​ណាណី​តែម្តង។ លោក​ Akrima Sabri វិញ​ធ្លាប់​និយាយ​ថា មាន​ស្ត្រី​ប៉ាឡេស្ទីន​ជាច្រើន​រយនាក់​ដែល​ត្រៀមខ្លួន បូជាជិវិត​ដើម្បី​សេរីភាព​ទឹកដី​ប៉ាឡេស្ទីន នោះ​បើទោះបីជា​គេ​ត្រូវ​លះបង់​កូន ដែល​ជា​វត្ថុមាន​ដ៏មាន​តម្លៃ។

ចំណែក​សកម្មជន​អ៊ីស្លាម Abdallah Basfar បាន​ថ្លែងចំៗ នៅក្នុង​សន្និបាត​នៅបារាំង កាលពីឆ្នាំ ២០០៨ ថា បុរស​មាន​សិទ្ធិស្របច្បាប់​វាយប្រពន្ធ​របស់​គេ ប្រសិន​បើ​នាងៗ​ទាំងនោះ​មិន​គោរព​ប្តី​របស់ខ្លួន។

សំដីទាំងនេះ​ត្រូវ​អាជ្ញាធរ​បារាំង​ចាត់ទុក​ជា​សំដី​ញុះញង់ និង​ប្រមាថ​មិន​អាច​ទទួល​យកបាន ជាពិសេស ក្នុង​កាលៈទេសៈ​ដែល​បារាំង​កំពុងរងគ្រោះ​ដោយព្រឹត្តិការណ៍​ដែល​យុវជន​អ៊ីស្លាមជីហាត​បាន​បាញ់សម្លាប់​ជនជាតិជ្វីវ ក្នុង​ខេត្ត​Toulouse ៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

មើលវគ្គផ្សេងទៀត
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ