អានតួអត្ថបទ
ព្រឹត្តិការណ៍អន្តរជាតិប្រចាំថ្ងៃ

លោក ឡូរ៉ង់ បាក់បូ បណ្តេញ​កងទ័ព​អង្គការ​សហប្រជាជាតិ និង​ទ័ព​បារាំង​ចេញ​ពី​កូតឌីវ័រ

ចុះផ្សាយ​នៅ​ថ្ងៃ៖

ស្ថានភាព​នៅ​ប្រទេស​កូតឌីវ័រ​កាន់​តែ​ធ្លាក់​ដុនដាប​ខ្លាំង​ឡើងៗ នៅ​ថ្ងៃ​សៅរ៍​ម្សិល​មិញ លោក ឡូរ៉ង​ បាក់បូ ដែល​មិន​ព្រម​ចាក​ចេញ​ពី​តំណែង​ប្រធានាធិបតី បាន​ផ្គើន​​តប​​នឹង​សហគមន៍​អន្តរជាតិ ប្រកាស​បណ្តេញ​​កង​ទ័ព​មួយ​ខៀវ និង​កងទ័ព​បារាំង​ ឲ្យ​ចាក​ចេញ​ជា​បន្ទាន់​ពី​កូតឌីវ័រ។

ក្រុម​ទាហាន​គាំទ្រ​ប្រធានាធិបតី​ បាក់បូ ថ្ងៃទី ១៨ ធ្នូ ២០១០
ក្រុម​ទាហាន​គាំទ្រ​ប្រធានាធិបតី​ បាក់បូ ថ្ងៃទី ១៨ ធ្នូ ២០១០ © Reuters
ផ្សាយពាណិជ្ជកម្ម

រដ្ឋាភិបាល​កូតឌីវ័រ​របស់​លោក​ ឡូរ៉ង់ បាក់បូ​​ ​(Laurent Gbagbo) នឹង​មិន​អនុញ្ញាត ឲ្យ​កងទ័ព​មួក​ខៀវ បន្ត​អាណត្តិ (ដែល​នឹង​ត្រូវ​ផុត​នៅ​ថ្ងៃ​ទី ៣១​ធ្នូ ២០១០)​ នៅ​លើ​ទឹក​ដី​កូតឌីវ័រ​ទៀត​ទេ ។

ការ​បណ្តេញ​ចេញ​កងទ័ព​បារាំង ចំនួន ៩០០​នាក់ និង​មួក​ខៀវ​​​ប្រមាណ​១ម៉ឺន​នាក់ ចេញ ពី​ប្រទេស​នេះ ត្រូវ​បាន​រដ្ឋាភិបាល​លោក​ បាក់បូ ផ្តល់​ហេតុ​ផល​ច្រើន​យ៉ាង ៖
អង្គការ​សហប្រជាជាតិ​​​​ គាំទ្រ​កងទ័ព​​កម្លាំង​ថ្មី​ ដែល​ជាសម្ព័ន្ធ​មិត្ត​​របស់​លោក​វ៉ាត់តារ៉ា ដោយ​​​​ផ្តល់​ជា​អាវុធ និង​ជួយ​ឃោសនា​បំរើ​ឲ្យ​ផល​ប្រយោជន៍​ក្រុម​ប្រឆាំង -ប្រើ​ប្រាស់​ប្រព័ន្ធ​វិទ្យុ​ដើម្បី​បំផុស​បំផុល​ ញុះញង់​ឲ្យ​មាន​ការ​ស្អប់​ខ្ពើម​គ្នា។ ជា​ពិសេស​ទៅ​ទៀត អង្គការ​សហប្រជាជាតិ​មិន​គោរព​សេចក្តី​សម្រេច​របស់​ក្រុម​ប្រឹក្សា​ ធម្មនុញ្ញ​ ដែល​បាន​ប្រកាស​លទ្ធផល​នៃ​ការ​បោះ​ឆ្នោត​ឲ្យ​លោក​បាក់បូ​ ជា​អ្នក​ឈ្នះ។

ខាង​លោក​ វ៉ាត់តារ៉ា (Ouatara)បាន​ចាត់​ទុក​ការ​បណ្តេញ​កងទ័ព​អន្តរជាតិ ថា​ជា​រឿង​គួរ​ឲ្យ​អស់​សំណើច និងកំពុង​តែ​នាំ​ប្រទេស​កូតឌីវ័រ​ឲ្យ​ក្លាយ​ទៅ​ប្រទេស​រ្វ៉ាន់ដា​ទីពីរ និង​មិន​អាច​យក​មក​អនុវត្ត​បាន​ឡើយ ព្រោះ​លោក​បាក់បូ មិន​មែន​ជា​ប្រធានាធិបតី​ស្រប​ច្បាប់​ទៀត​ទេ។
ហេតុ​ដូច្នេះ​ហើយ​បាន​ជា​ លោក​អគ្គលេខាធិការ​អង្គការ​សហប្រជាជាតិ បាន គីមូន បាន​ច្រាន​ចោល​សំណើ​​របស់​​រដ្ឋាភិបាល​លោក​បាក់បូ ភ្លាម​មួយ​រំពេច​ និង​បាន​ប្រកាស​បំពេញ​តួនាទី និង​បន្ត​បេសកកម្ម​ ត្រួត​ពិនិត្យ​រាល់​គ្រប់​សកម្មភាព​រំលោភសិទ្ធិមនុស្ស​ និង​ការ​ញុះញង់​ឲ្យ​ស្អប់​ខ្ពើម​គ្នា ​ការ​វាយ​ប្រហារ​មក​លើ​កងទ័ព​អង្គការ​សហប្រជាជាតិ​។ លោក​បាន​គីមូន ព្រម​ទាំង​បាន​ព្រមាន​ជា​ថ្មី ថា​ក្រុម​អ្នក​ដៃ​ដល់ ប្រមាថ​វាយ​ប្រហារ​ ឬ​ បង្ក​សកម្មភាព​ប្រឆាំង​នឹង​អង្គការ​សហប្រជាជាតិ នឹង​ត្រូវ​ទទួល​រង​ផល​វិបាក​យ៉ាង​ធ្ងន់ធ្ងរ។

ប៉ុន្តែ លោក  Charles Blé Goudé រដ្ឋមន្ត្រី​ក្រសួង​យុវជន និងការងារ​​ របស់​រដ្ឋាភិបាល​លោក​ បាក់បូ ដែល​មាន​ងារ “មេដឹកនាំ​ក្រុម​បះបោរ​តាម​ថ្នល់” បាន​​ប្រកូក​ប្រកាស ប្រមូល​ផ្តុំ​យុវជន​ ឲ្យ​ងើប​ឈរ​ឡើង ប្រយុទ្ធ​ប្រឆាំង​ និង​កម្ទេច​ក្រុម​បក្ស​ព័ន្ធ​នឹង​លោក​ វ៉ាត់តារ៉ា រហូត​ដល់​ដំណក់​ឈាម​ចុងក្រោយ ដើម្បី​បុព្វហេតុ បូរណភាព​ដែនដី និងដើម្បី​ការពារភាព​ថ្លៃថ្នូរ​ និង​សេរីភាព​ជាតិ ! មេដឹកនាំ​យុវជន​រូប​នេះ បាន​ស្បថ​ថា​នឹង​មិន​បង្ក​ឲ្យ​មាន​ហិង្សា​ទេ ប៉ុន្តែ សូម​ជម្រាប​ថា​ ​កាលពី​ឆ្នាំ​២០០៣ និង​២០០៤ គឺ​ Charles Blé Goudé នេះ​តែ​ម្តង​ ដែលជា​មេខ្លោង​ដឹក​នាំ​បាតុកម្ម​ហិង្សា​ប្រឆាំង​នឹង​បារាំង។

ចំណែក​ខាង​កងទ័ព​ថ្មី កំពុង​ស្ថិត​ក្នុង​ស្ថានភាព​ត្រៀម​អាសន្ន​​ជាង​ពេល​ណាៗ​ទាំងអស់។ បក្ស​ពួក​លោក​វ៉ាត់តារ៉ា ក៏ស្ថិត​ក្នុង​លក្ខណៈ​ប្រមូល​ផ្តុំ​ជានិច្ច​ដែរ៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

មើលវគ្គផ្សេងទៀត
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ