អានតួអត្ថបទ
ព្រឹត្តិការណ៍អន្តរជាតិប្រចាំថ្ងៃ

អាល្លឺម៉ង់​ចាប់បាន​ចារកិច្ច​ម្នាក់​ដែល​ធ្វើការ​ឲ្យ​អាមេរិក

ចុះផ្សាយ​នៅ​ថ្ងៃ៖

នៅយប់​ថ្ងៃ​សុក្រ​ម្សិលមិញ ក្រសួងការបរទេស​អាល្លឺម៉ង់​បាន​កោះហៅ ឯកអគ្គរដ្ឋទូត​អាមេរិក ប្រចាំក្នុង​ក្រុង​ប៊ែរឡាំង បន្ទាប់​ពី​ប៉ូលិស​អាល្លឺម៉ង់​ចាប់​បាន​បុរស​ម្នាក់ ដែល​បាន​សារភាព​ថា​ គេ​បាន​លួច​យកការណ៍​​ពី សភា​អាល្លឺម៉ង់​ ទៅ​ឲ្យ​ទីភ្នាក់ងារ​ស៊ើបការណ៍​សម្ងាត់​របស់​អាមេរិក។  

ទីស្នាក់ការ​ស៊ើបការណ៍​សម្ងាត់​របស់​អាល្លឺម៉ង់
ទីស្នាក់ការ​ស៊ើបការណ៍​សម្ងាត់​របស់​អាល្លឺម៉ង់
ផ្សាយពាណិជ្ជកម្ម

តាម​ប៉ូលិស​អាល្លឺម៉ង់​ បុរស​​នោះ​មាន​អាយុ​៣១​ឆ្នាំ ជាបុគ្គលិក​ធ្វើការ​ឲ្យ​ទីភ្នាក់ងារ​ស៊ើបការណ៍​សម្ងាត់ជាតិ​អាល្លឺម៉ង់។ ដំបូង​ឡើយ គេ​ចាប់ខ្លួន​បុរស​ម្នាក់នោះ ​ដោយសារ​តែ​គេ​សង្ស័យ​ថា គាត់​ព្យាយាមលួច​​ទាក់ទង​ជាមួយ​ភ្នាក់ងារ​ស៊ើបការណ៍​សម្ងាត់​រុស្ស៊ី។ ប៉ុន្តែ នៅពេល​ចាប់ខ្លួន និង​សួរចម្លើយ បុរស​ម្នាក់​នោះ​បាន​សារភាព​ថា ខ្លួន​គេ​បាន​លួច​ស៊ើបការណ៍​ពី​សភា​អាល្លឺម៉ង់ ដែល​ពេលនេះ​កំពុង​បើក​ការស៊ើបអង្កេត​ទៅលើ​ចារកម្ម​របស់​ទីភ្នាក់ងារ​NSA អាមេរិក មក​លើ​ប្រទេស​អាល្លឺម៉ង់។

 
តាម​ទស្សនាវដ្តី​អាល្លឺម៉ង់ ដែល​ដកស្រង់​សំដី​ពី​ប្រភព​ប៉ូលិស បុរស​ដែល​គេ​ចាប់ខ្លួន ខំ​លួច​យក​​ឯកសារ​សម្ងាត់​ពី​គណៈកម្មការ​ស៊ើបការណ៍​របស់​សភា ដើម្បី​យក​លក់​ឲ្យ​​ភ្នាក់ងារ​សម្ងាត់​អាមេរិក។ អាមេរិក​អាច​​ទិញ​​​​ព័ត៌មាន​ទាក់ទង​នឹង​ការងារស៊ើបអង្កេត​របស់​សភា​អាល្លឺម៉ង់ ព្រោះអាមេរិក​ចង់​ដឹងថា តើ​សភា​អាល្លឺម៉ង់ អាច​ប្រមូល​បាន​ព័ត៌មាន​អ្វីខ្លះ ទាក់ទង​នឹង​ការងារ​លួចយកការណ៍​របស់​ទីភ្នាក់ងារ​NSA របស់​អាមេរិក​នោះ។

សូម​បញ្ជាក់ថា នៅក្រោយ​ផ្ទុះ​រឿងរ៉ាវ​លួច​ស្តាប់​របស់​ទីភ្នាក់ងារ​អាមេរិក​ទៅលើ​ប្រជាជន​អាល្លឺម៉ង់ និង​ទៅលើ​លោកស្រី​នាយករដ្ឋមន្រ្តី​អាល្លឺម៉ង់ គណៈកម្មការ​ស៊ើបការណ៍​សម្ងាត់​របស់​អាល្លឺម៉ង់​បាន​បើកការស៊ើបអង្កេត និង​ព្យាយាម​ទាក់ទង​ទៅ​យុវជន Edward Snowden ដែល​ជាអ្នកទម្លាយ​ឯកសារ​សម្ងាត់​របស់​អាមេរិក កាលពី​ឆ្នាំ ២០១៣។ បច្ចុប្បន្ននេះ គណៈ​កម្មការ​ស៊ើបអង្កេត​របស់​សភា​អាល្លឺម៉ង់ កំពុង​សាកសួរ​អតីត​មន្រ្តី​ជាន់ខ្ពស់ម្នាក់​របស់​ទីភ្នាក់ងារ​NSA។ លោក​William Binney ដែល​ធ្លាប់​បម្រើការ​ឲ្យ​NSA រយៈពេល​៣០​ឆ្នាំ បាន​និយាយ​រិះគន់​យ៉ាងចាស់ដៃ សកម្មភាព​លួចស្តាប់​របស់​ទីភ្នាក់ងារ​NSA អាមេរិក និង​​ថា NSA បាន​ធ្វើការ​សហការ​គ្នា​យ៉ាង​ស្អិតល្មួត​ជាមួយ​ទីភ្នាក់ងារ​ស៊ើបការណ៍​សម្ងាត់​អាល្លឺម៉ង់ BND។

អាល្លឺម៉ង់​អាច​អន់ចិត្ត និង​បោះបង់​ចោល​អាមេរិក​ក្នុង​សំណុំរឿង​អ៊ុយក្រែន និង​វិបត្តិ​នុយក្លែអ៊ែរ​អ៊ីរ៉ង់
ចាប់តាំងពី​យុវជន​Edward Snowden បាន​បង្ហាញ​ឯកសាររបស់​អាមេរិក ដែល​ថា ទីភ្នាក់ងារ​NSA បាន​លួចស្តាប់​ និង​ចូលមើល​ព័ត៌មាន​ផ្ទាល់ខ្លួន​របស់​ប្រជាជន​អាល្លឺម៉ង់ ទំនាក់ទំនង​អាល្លឺម៉ង់ និង​អាមេរិក​ ក៏​ចាប់​ផ្តើម​មាន​ភាព​ល្អក់កករ ប៉ុន្តែ មិន​ឈាន​ដល់​ថ្នាក់​ប្រឈម​មុខ​ដាក់គ្នាទេ។ ទូរស័ព្ទ​របស់លោកស្រី នាយក​រដ្ឋមន្រ្តី​អាល្លឺម៉ង់ ក៏​ត្រូវ​ទីភ្នាក់ងារ​អាមេរិក​លួច​ស្តាប់​ដែរ ប៉ុន្តែ លោកស្រី​អង់ហ្គែឡា ម៉ែរគែល​ ចង់​ជៀសវាង​វិបត្តិ​ការទូត​ជាមួយ​អាមេរិក។ យ៉ាងណាក៏ដោយ នៅក្នុង​ពេល​លោកស្រី​​ជួប​លោក​ប្រធានាធិបតី​អាមេរិក កាលពី​ខែ​ឧសភា​កន្លងទៅ នៅ​ទីក្រុង​វ៉ាស៊ីនតោន លោកស្រី​នៅតែ​ទាមទារ​សុំ​ឲ្យ​អាមេរិក​បកស្រាយ​បំភ្លឺ ថា​តើ​អាមេរិក​កំពុង​តែ​លួចស្តាប់​ទូរស័ព្ទ​របស់គាត់ និង​របស់​ប្រជាជន​អាល្លឺម៉ង់​ពិតមែន​ឬ​យ៉ាងណា? កាលណោះ លោកអូបាម៉ា​បាន​ឆ្លើយ​បញ្ជាក់ថា លោក​មិន​បាន​ដឹងថា គេ​បាន​លួច​ស្តាប់​ខ្សែ​ទូរស័ព្ទ​​របស់​លោកស្រី​នាយករដ្ឋមន្រ្តី​អាល្លឺម៉ង់។

លោកស្រី​អង់ហ្គែឡា ម៉ែរគែលអាច​យោគយល់ អាមេរិក ព្រោះថា អាមេរិក​ជា​​​សម្ព័ន្ធមិត្ត​របស់​អាល្លឺម៉ង់ និង​អឺរ៉ុប​ទាំងមូល។ ប៉ុន្តែ នៅក្នុង​ប្រទេស ប្រមុខដឹកនាំ​អាល្លឺម៉ង់ រង​ការដាក់​សម្ពាធ​ទាំងពី​គណបក្ស​ប្រឆាំង និង​ពី​ប្រជាជន​អាល្លឺម៉ង់។ ប្រជាជន​អាល្លឺម៉ង់ ដែល​ធ្លាប់​ស្គាល់​រសជាតិ​ ត្រូវ​ពួក​Stasi ​ស្តាប់​យកការណ៍អស់​ជា​ច្រើន​ឆ្នាំ ពេលនេះ ស្អប់ណាស់ រឿង​ស្តាប់​យកការណ៍ ដែល​ពួកគេ​ចាត់ទុក​ថា ជា​ការំលោភ​ទៅលើ​ជីវិត​ឯកជន។ ដោយសារ​តែ​មាន​ការទាមទារ​ពី​ប្រជាជន និង​ពី​គណបក្ស​ប្រឆាំង​អាល្លឺម៉ង់​ គណៈកម្មការ​សភា​បាន​បើក​ការស៊ើបអង្កេត​ទៅលើ​សកម្មភាព​ចារកិច្ច​របស់​NSA អាមេរិក​ទៅលើ​អាល្លឺម៉ង់។ កាលពី​ខែ​មុន​ទៀត រដ្ឋអាជ្ញា​អាល្លឺម៉ង់​ក៏បាន​បើកការស៊ើបអង្កេត​ទៅលើ​ការលួចស្តាប់​ទូរស័ព្ទ​របស់​នាយក​រដ្ឋមន្រ្តី​អាល្លឺម៉ង់ ពី​សំណាក់​NSA ដែរ។

ចំណាត់ការ​ទំាងនោះ ធ្វើឡើង គ្រាន់​តែ ដើម្បី​បង្ហាញ​ដល់​មតិ​សាធារណៈថា អាល្លឺម៉ង់ មិន​មែន​ ព្រងើយកន្តើយ មិន​ចាត់ការ ប្រឆាំង​នឹង​អាមេរិក​ទេ នៅក្នុង​រឿង​ចារកម្ម​របស់​​អាមេរិក​មក​លើ​អាល្លឺម៉ង់ ។ ប៉ុន្តែ មើលទៅ​ចំណាត់​ខាងលើ​មិន​អាច​ទៅ​ឆ្ងាយ បាន ព្រោះត្រូវដឹងថា ភ្នាក់ងារ​ស៊ើបការណ៍​សម្ងាត់​អាល្លឺម៉ង់ ក៏​ជា​ដៃគូ​ ធ្លាប់​ធ្វើការ​ជាមួយ​​ភ្នាក់ងារ​អាមេរិក តាំង​ពី​សម័យ​សង្រ្គាម​ត្រជាក់ម្ល៉េះ។ រឿងស្តាប់យកការណ៍​ពី​ប្រជាជន អាច​ជារឿង​សំខាន់ សម្រាប់​អាល្លឺម៉ង់ ប៉ុន្តែ សម្រាប់​​អាមេរិក វា​ជារឿង​តូចតាច ដែលអាល្លឺម៉ង់ក៏​មិន​ត្រូវ​ផ្តល់​សារៈសំខាន់ រហូត​ធ្វើ​ឲ្យ​ទំនាក់ទំនង​សម្ព័ន្ធមិត្តទាំងពីរ​ចុះ​ល្អក់​កករដែរ។

ក្នុង​នាម​ជា​មហាអំណាច​ពិភពលោក អាមេរិក​អាច​មើល​មិន​សូវ​ឃើញ​តម្លៃ​របស់​អាល្លឺម៉ង់ ដោយសារ​​អាល្លឺម៉ង់ បាន​បាត់បង់​អំណាច ចាប់តាំង​ពី​ចាញ់សង្រ្គាម លោក​លើក​ទាំងពីរ។ ប៉ុន្តែ អាមេរិកក៏​មិន​អាច​មើល​រំលង​សក្តានុពល​របស់អាល្លឺម៉ង់ ដែល​បច្ចុប្បន្ន​ជា​ប្រទេស​មាន​សេដ្ឋកិច្ច​នាំមុខ​គេ​នៅ​អឺរ៉ុប។ នៅក្នុង​បរិបទ​បច្ចុប្បន្ននេះទៀត អាល្លឺម៉ង់កំពុង​មាន​ដើរតួនាទី​យ៉ាងសំខាន់ ទាំងនៅក្នុង​រឿង​វិបត្តិ​នុយក្លេអ៊ែរ​អ៊ីរ៉ង់ ដែល​អាល្លឺម៉ង់​ជា​ភាគី​ចរចា​មួយដែរ និង​​រឿង​អ៊ុយក្រែន ដែលរហូតមកដល់​ពេលនេះ ប៊ែរឡាំង​ជា​អ្នកសម្របសម្រួល អាច​និយាយ​បញ្ចុះបញ្ចូល​ប្រធានាធិបតី​ពូទីន​​ឲ្យ​​មក​ចូលរួម​ដោះស្រាយ​វិបត្តិ​អ៊ុយក្រែន។ ដូច្នេះ បើសិន​ជា​អាមេរិក​នៅតែ​បន្ត​ធ្វើ​ឲ្យ​ប្រជាជន​អាល្លឺម៉ង់ខឹងសម្បារ ដោយសារ​តែ​នៅ​បន្ត​លួចស្តាប់​យកការណ៍​ពី​អាល្លឺម៉ង់ នោះ​វា​អាច​ដែរថា អាល្លឺម៉ង់ នឹង​មិន​អាច​អត់ធ្មត់​តទៅទៀត​ និងអាច​​ដើរ​ចេញ​ ទុក​ឲ្យ​​អាមេរិក​ដោះស្រាយ​បញ្ហា​នុយក្លេអ៊ែរ អ៊ីរ៉ង់ និងវិបត្តិ​អ៊ុយក្រែន​តែម្នាក់ឯង​ ក៏អាច​ថាបាន៕

 

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

មើលវគ្គផ្សេងទៀត
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ