អានតួអត្ថបទ
ព្រឹត្តិការណ៍អន្តរជាតិប្រចាំថ្ងៃ

ក្រុម​​​ហាម៉ាស​​បន្ទន់​​ជំហរ​​ជា​លើក​​ដំបូង​​ជាមួយ​​អ៊ីស្រាអែល​​ ដោយ​​ប្រកាស​កែប្រែ​​​កម្មវិធី​​នយោបាយ​​ថ្មី​

ចុះផ្សាយ​នៅ​ថ្ងៃ៖

ល្ងាច​ថ្ងៃ​ចន្ទ​១ឧសភា​ ​ម្សិលមិញ ក្រុម​ហាម៉ាស​ប៉ាឡេស្ទីន ដែល​អាមេរិក​ និង​អឺរ៉ុប​ចាត់ទុក​ថា ជា​ក្រុម​ភេរវជន​ បាន​ប្រកាសថា បាន​​​កែប្រែ​​កម្មវិធី​នយោបាយ​​​របស់​ខ្លួន។ កម្មវិធីនយោបាយ​ថ្មី​នេះ មាន​ខ្លឹមសារ​ ​ទទួលស្គាល់​រដ្ឋ​ប៉ាឡេស្ទីន​ស្ថិត​ក្នុង​ដែនកំណត់​​​​ព្រំដែន​ឆ្នាំ១៩៦៧ ជា​ខ្លឹមសារ​ដែល​ស្រប​តាម​ខ្លឹមសារ​នយោបាយ​ដែល​​​រដ្ឋអំណាច​ប៉ាឡេស្ទីន​ដាក់​ចរចា​ជាមួយ​អ៊ីស្រាអែល​កន្លងមក។

មេដឹកនាំ​​ចលនា​ហ្វាតា​បង្ហាញ​ការកែប្រែ​កម្មវិធី​នយោបាយ​ថ្មី​​របស់​ខ្លួន នៅ​ក្រុង​ដូហា ប្រទេស​កាតា ថ្ងៃ​១ឧសភា​២០១៧។
មេដឹកនាំ​​ចលនា​ហ្វាតា​បង្ហាញ​ការកែប្រែ​កម្មវិធី​នយោបាយ​ថ្មី​​របស់​ខ្លួន នៅ​ក្រុង​ដូហា ប្រទេស​កាតា ថ្ងៃ​១ឧសភា​២០១៧។ Reuters
ផ្សាយពាណិជ្ជកម្ម

ការ​ប្រកាស​កែប្រែ​​​កម្មវិធី​នយោបាយ​របស់​ក្រុម​ហាម៉ាស ធ្វើឡើង​តែ​២ថ្ងៃ​ប៉ុណ្ណោះ មុន​ប្រធានាធិបតី​​អាមេរិក​ដូណាល់ ត្រាំ ទទួល​ជួប​ប្រធាន​រដ្ឋអំណាច​ប៉ាឡេស្ទីន លោក​ម៉ាមូត អាបាស ​នៅ​សេតវិមាន​ ថ្ងៃពុធ​ស្អែក​នេះ។

ក្រុម​ហាម៉ាស​​​​កែប្រែ​​កម្មវិធី​នយោបាយ​ថ្មី​​ ជា​ការ​បន្ទន់​ជំហរ​​រក​អ៊ីស្រាអែល​
ខ្លឹមសារ​ថ្មី​នេះបំពេញ​បន្ថែម​ក្នុង​កម្មវិធី​នយោបាយ​ចំណាស់​ជិត​៣០ឆ្នាំ​របស់​ចលនា​ហាម៉ាស។ ក្នុង​ខ្លឹមសារ​បន្ថែម​​​ថ្មី ​ក្រុម​ហាម៉ាស​​​ទទួលស្គាល់​រដ្ឋ​ប៉ាឡេស្ទីន ដែល​​​​ស្ថិត​ក្នុង​ដែនកំណត់​ព្រំដែន​ឆ្នាំ១៩៦៧ និយាយ​ទៅ ជា​ព្រំដែន​ដែល​បានគូសឡើង មុន​អ៊ីស្រាអែល​ចូល​កាន់កាប់​ស៊ីសហ្ស៊កដានី ហ្កាហ្សា និង​ហ្សេរុយហ្សាឡិម​ខាងកើត។ ​ខ្លឹមសារ​កម្មវិធី​របស់​ក្រុមហាម៉ាស ដែល​ចុះផ្សាយ​ជា​សាធារណៈ ​​បាន​លើកឡើង​ពី​​រដ្ឋ​ប៉ាឡេស្ទីន​ដែល​ចេញ​ពី​ទន្លេ​ជួរដាំង Jourdain ទៅដល់​សមុទ្រ​មេឌី​ទែររ៉ាណេ។

ក្រុម​ហាម៉ាស​ប្រាប់ថា ដែនដី​រដ្ឋ​ប៉ាឡេស្ទីន​បែបនេះ ​ជា​រូបមន្ត​នៃ​ការ​មូលមតិ​ជាតិ។ ក្រុមហាម៉ាស​ចង់​មានន័យថា ខ្លឹមសារ​នយោបាយ​កែប្រែ​ថ្មី​នេះ ជារូបមន្ត​​ជួយ​ក្នុង​ការ​ផ្សះផ្សា​រវាង​ក្រុមខ្លួន និង​ក្រុម​ហ្វាតា​របស់​លោក​ម៉ាមូត​ អាបាស ដែល​ជា​ប្រធាន​រដ្ឋ​អំណាច​ប៉ាឡេស្ទីន​នោះឯង។ គេមើលឃើញ​ដែរ​ថា ខ្លឹមសារ​នយោបាយ​ដែល​កែប្រែ​ថ្មីនេះ ជា​ការ​បន្ទន់​ជំហរ​​របស់​ក្រុ​មហាម៉ាសទៅ​រក​អ៊ីស្រាអែល​។ សួរថា បន្ទន់​ជំហរ​ដូចម្តេច? ​​បន្ទន់​ជំហរ​ ដោយ​ធ្វើអោយ​នយោបាយ​ថ្មី​របស់​ហាម៉ាស ​ស្របតាម​នយោបាយ​ដែល​​​​រដ្ឋអំណាច​ប៉ាឡេស្ទីន ដាក់​​លើ​​តុ​ចរចា​ជាមួយ​អ៊ីស្រាអែល​។

ថ្ងៃពុធ​ស្អែក​ ប្រធាន​រដ្ឋ​អំណាច​ប៉ាឡេស្ទីន ម៉ាមូត អាបាស​ នឹង​ជួប​លោក​ដូណាល់ ត្រាំ នៅ​សេតវិមាន។ លោក​អាបាស​​ចង់​អោយ​លោក​ត្រាំ ជួយជំរុញ​​​​កិច្ចពិភាក្សា​សន្តិភាព​រវាង​​​ប៉ាឡេស្ទីន​និង​អ៊ីស្រាអែល​ ដែល​ជាប់គាំង​៣ឆ្នាំ​មកហើយ។ ដូច្នេះ បើ​ក្រុម​ហាម៉ាស​អាច​បន្ទន់​ជំហរ​កម្មវិធី​ខ្លួន​បន្តិច​ដែរ ស្របតា​មរដ្ឋអំណាច​ប៉ាឡេស្ទីន​ ​នោះ​អាមេរិកអាច​​​ពិចារណា​ឡើងវិញ ​ចំពោះ​បញ្ហា​ប៉ាឡេស្ទីន លោក​ត្រាំ​អាច​នឹង​ខិតខំ​​​ជួយប៉ាឡេស្ទីនពេញដៃពេញជើង​ ក្នុង​​​​កិច្ចពិភាក្សា​ជាមួយ​អ៊ីស្រាអែល​បាន។

សូមបញ្ជាក់ថា ក្រុ​មហាម៉ាស​កាន់កាប់​ហ្កាហ្សា​១០ឆ្នាំ​ហើយ។ ក្នុង​ខ្លឹមសារ​កម្មវិធី​នយោបាយ​ដែលហាម៉ាស​​កែប្រែ​ថ្មី ក្រុមហាម៉ាសនៅ​តែ​បញ្ជាក់​ថា ​មិន​ទទួលស្គាល់​រដ្ឋ​អ៊ីស្រាអែល ​ប៉ុន្តែ​​​សង្កត់​ធ្ងន់ថា ការ​ដែល​​ហាម៉ាស​​ប្រយុទ្ធ​ប្រឆាំង​អ៊ីស្រាអែល​នោះ មិនមែន​ជា​ការ​ប្រឆាំង​ជនជាតិ​ជ្វីហ្វ សាសនា​ជ្វីហ្វ​​​​​អ៊ីស្រាអែល​ទេ តែ​ជា​ការ​ប្រឆាំង​នយោបាយ​ឈ្លានពាន​​របស់​​​អ៊ីស្រាអែលទៅ​លើ​ប៉ាឡេស្ទីន។ អាច​ថា ក្រុ​មហាម៉ាស​ចង់ប្រាប់​ទៅ​​លោក​ដូណាល់ ត្រាំ ​​​ថា ក្រុ​មហាម៉ាសស្អប់​ខ្ពើម​តែ​នយោបាយ​ឈ្លានពាន​របស់​អ៊ីស្រាអែល​​ប៉ុណ្ណោះ ​មិនបាន​ស្អប់ខ្ពើម​ជនជាតិ​ជ្វីហ្វទេ។ ក្រុម​ហាម៉ាស​លើកឡើង​ថា ការ​កាប់សម្លាប់​ជនជាតិ​ជី្វហ្វ​ជា​រឿង​ប្រវត្តិសាស្ត្រ​​​នៅ​អឺរ៉ុប​រវាង​អឺរ៉ុប​និង​អ៊ីស្រាអែល មិនមែន​រវាង​អ៊ីស្រាអែល​និង​ប្រជាជន​អារ៉ាប់​ទេ។

អាមេរិ​ក និង​អឺរ៉ុប​ចាត់ទុក​ក្រុម​ហាម៉ាស ​​ជា​ក្រុម​ភេរវជន។ តាម​រយៈ​ការកែប្រែ​ខ្លឹមសារ​កម្មវិធី​ថ្មីនេះ ក្រុម​ចលនា​ហាម៉ាស​​ប្រហែលចង់​​អោយ​អាមេរិក​និង​អឺរ៉ុប​ពិចារណា​រឿងនេះ​ឡើងវិញ។ លោក​ខាលេត មេកស្ហា​អាល់ ​Khaled Meshaal ជា​ប្រធាន​ចលនា​​ហាម៉ាស​​ប្រាប់ថា ហាម៉ាស​សង្ឃឹមថាបណ្តា​ប្រទេស​អឺរ៉ុប​អាច​ប្តូរ​ជំហរ​ទាក់ទង​​ហាម៉ាស។ ​

ប្រតិកម្ម​របស់​ចលនា​ហ្វាតា និង​អ៊ីស្រាអែល
ក្រោយ​ក្រុម​ហាម៉ាស​ប្រកាស​ការកែប្រែ​កម្មវិធី​ថ្មីនេះ អ្នក​នាំពាក្យ​​​ចលនា​ហ្វាតា​ដែល​គ្រប់គ្រង​រដ្ឋ​អំណាច​ប៉ាឡេស្ទីន​បាន​បញ្ចេញ​​​ប្រតិកម្ម​ថា ទំរាំ​ក្រុម​ហាម៉ាស​ប្រកាន់​ជំហរ​ដូច​ក្រុម​ហ្វាតា គឺគេ​​ត្រូវ​រង់ចាំ​ដល់​​ទៅ​៣ទស្សវត្ស​​។ ចលនា​ហ្វាតា​ទាមទារ​​អោយ​ហាម៉ាស​ធ្វើការ​សូមទោស ចំពោះ​ការដែល​ហាម៉ាស​បាន​ចោទ​ថា ហ្វាតា​ធ្វើទង្វើ​ក្បត់​​៣០ឆ្នាំ​​មកនេះ។

ហាម៉ាស​គ្រប់គ្រង​ហ្កហ្សា​១០ឆ្នាំ​ហើយ។ ​កន្លងមក ក្រុម​ហាម៉ាស​ចោទ​រដ្ឋ​អំណាច​ប៉ាឡេស្ទីន​​ដែល​ដឹកនាំ​ដោ​យក្រុម​ហ្វាតា ថា​លែង​ចាប់អារម្មណ៍​ពី​ហ្កាហ្សា​ទៀត។ ហាម៉ាស​បានតែងតាំង​គណៈកម្មកាធិការ​រដ្ឋបាល​មួយដើម្បី​គ្រប់គ្រង​សកម្មភាព​​របស់​​ក្រសួងផ្សេងៗ​​នៅ​ហ្កាហ្សា។ រដ្ឋ​អំណាច​ប៉ាឡេស្ទីន​ខឹង​នឹង​ហាម៉ាស បាន​ប្រាប់​អ៊ីស្រាអែល​អោយ​លែង​ផ្តល់​អគ្គិសនី​ទៅ​ហ្កាហ្សា​ទៀត។ ​បើ​ហាម៉ាស​ចង់​ផ្សះផ្សា និង​មា​ន​វត្តមាន​​ក្នុង​ការ​ចរចា​អន្តរជាតិ ដោះស្រាយ​ជម្លោះ​អ៊ីស្រាអែល-​​​ប៉ាឡេស្ទីននឹង​​គេ​ដែរនោះ ហាម៉ាស​ ត្រូវ​តែ​​បន្ទន់​ជំហរ​ ​​សូមទោស​ចលនា​ហ្វាតា​ហើយ​មើលទៅ។ ​

ខាង​​​​​អ៊ីស្រាអែលពិបាក​នឹងជឿ​ក្រុម​ហាម៉ាស​ណាស់។ អ៊ីស្រាអែល​​​​ប្រតិកម្ម​ថា ក្រុម​ហាម៉ាស​កំពុង​សើចចំអកមនុស្ស​​គ្រប់គ្នា ព្រោះ​ក្រុម​ហាម៉ាសនៅតែ​​បន្ត​ធ្វើ​សកម្មភាពបាញ់​មីស៊ីល​​​ប្រឆាំង​អ៊ីស្រាអែល។   ​

តាមរយៈ​ការកែប្រែ​កម្មវិធី​នយោបាយ​ថ្មី​​ ក្រុម​ហាម៉ាស​កំពុង​ចង់​ខិត​ទៅរក​ប្រទេស​អារ៉ាប់​ក្នុង​តំបន់ ពិសេស​អេហ្ស៊ីប
គេ​មើលឃើញ​ថា ​ការ​បើក​ចំហរ​របស់​ក្រុម​ហាម៉ាស តាមរយៈ​ការ​​​កែប្រែ​​​កម្មវិធី​នយោបាយ ​​អោយ​ទូលាយ​ជាងមុន ​​​​ក្រុម​ហាម៉ាស​ចង់​​​​​ខិតទៅ​​រក​ប្រទេស​អារ៉ាប់​ក្នុង​តំបន់ ​​​​ដើម្បី​កុំអោយ​ក្រុមខ្លួន​នៅ​ឯកា​​ខ្លាំងពេក ក្នុង​ឆាកអន្តរជាតិ។ សព្វថ្ងៃ​ មានតែប្រទេស​​​កាតា និង​តួកគី​ទេ ដែល​នៅ​បន្ត​គាំទ្រ​ហាម៉ាស។ ហាម៉ាស​លែង​មា​នទំនាក់ទំនង​ជាមួយ​ស៊ីរី រឺ​ក៏​អ៊ីរ៉ង់​ទៀតហើយ។ និយាយពី​ទំនាក់ទំនង​ជាមួយ​អេហ្ស៊ីប​វិញ គឺ​​មិនល្អ​​​តែម្តង តាំងពី​ក្រុម​ភាតរអ៊ីស្លាម​បាត់បង់​អំណាច និង​ក្លាយជា​សត្រូវ​របស់​រដ្ឋាភិបាល​ថ្មី​នៅ​អេហ្ស៊ីប។

ក្រុមហាម៉ាស​មាន​ដើមកំណើត​មកពី​ចលនា​ភាតរ​អ៊ីស្លាម​។ ដើម្បី​ខិត​ទៅរក​អេហ្ស៊ីប ក្រុម​ហាម៉ាស​ត្រូវ​តែ​ដើរអោយ​ឆ្ងាយពី​ក្រុម​ភាតរអ៊ីស្លាម។ ​ក្នុង​ខ្លឹមសារកម្មវិធី​​នយោបាយ​កែប្រែ​ថ្មី ក្រុម​ហាម៉ាសបាន​បង្ហាញ​ជំហរ​ឃ្លាតឆ្ងាយ មិនពាក់ព័ន្ធ​​​​ក្រុម​ភាតរអ៊ីស្លាម​នៅ​អេហ្ស៊ីប។ ក្រុម​ហាម៉ាស​លើកឡើង​ថា ​​ហាម៉ាស​មិនជំទាស់​រាល់​អន្តរាគមន័៍​ក្នុង​កិច្ចការ​ផ្ទៃក្នុង​របស់​ប្រទេស​ផ្សេងទេ។ ​​​ក្រុមហាម៉ាស​​​​ចង់​ប្រាប់​អេហ្ស៊ីបដោយ​ប្រយោល​​​ថា ហាម៉ាស​មិនលូកដៃ​ក្នុង​កិច្ចការ​រដ្ឋាភិបាល​អេហ្ស៊ីប​ទេ អេហ្ស៊ីប​ចង់​ដាក់ទោស​ក្រុម​ភាតរអ៊ីស្លាម​យ៉ាង​ម៉េច​ក៏ដោយចុះ។

សូមបញ្ជាក់ថា ​អេហ្ស៊ីប​គាំទ្រ​ប៉ាឡេស្ទីន។ ​ដើម្បី​ប៉ាឡេស្ទីន ក្នុង​ប្រវត្តិសាស្ត្រ​ អេហ្ស៊ីប​និង​ប្រទេស​អារ៉ាប់​​ធ្លាប់​ធ្វើ​សង្គ្រាម​ច្រើនដងហើយ ​ប្រឆាំង​អ៊ីស្រាអែល។ ជាទូទៅ​ ​ប្រជាជន​ប៉ាឡេស្ទីន​​ត្រូវការ​អេហ្ស៊ីប​​ណាស់៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

មើលវគ្គផ្សេងទៀត
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ